ប្រជាពលរដ្ឋចំនួន ២៧គ្រួសារ នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៧ មីនា បានអំពាវនាវឲ្យក្រុមនិស្សិតស្ម័គ្រចិត្តជួយវាស់វែងដីធ្លីជូនពួកគាត់។ អ្នកភូមិចោទប្រកាន់ថា ដោយគាត់ក្រគ្មានលុយជូនអាជ្ញាធរភូមិ និងឃុំ ទើបគេបង្វែងដានក្រុមនិស្សិតមិនឲ្យវាស់វែងដីឲ្យគាត់។
ស្ត្រីអ្នកភូមិឈ្មោះ ម៉ូ ស្រ៊ី អាយុ ៥៨ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិសង្គមថ្មី ឃុំថ្មដា។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមីនា ថា ដីចំការរបស់គាត់ជាង ១ហិកតារនេះ គ្រួសារគាត់បានកាប់រានព្រៃដោយដៃ ហើយត្រូវមីនផ្ទុះរហូតប្ដីគាត់បានបាត់បង់ជីវិត ឯរូបគាត់ត្រូវរបួសពិការដោយសារដីនេះតាំងពីឆ្នាំ១៩៩៩។ តែឥឡូវអាជ្ញាធរភូមិ ឃុំ បែរជាមិនព្រមឲ្យនិស្សិតវាស់វែង និងផ្ដល់កម្មសិទ្ធិឲ្យគាត់ឡើយ។
លោកស្រី ម៉ូ ស្រ៊ី៖ «ប្ដីខ្ញុំស្លាប់ ៥ឆ្នាំហើយ ផ្ទុះមីនដោយសារដីនេះ។ ឥឡូវនិស្សិតមកវាស់ដី តែមេភូមិ មេឃុំ បែរជាមិនឲ្យវាស់។ គេមើលឃើញតែលុយ អ្នកក្រអត់លុយគេមិនឲ្យវាស់ទេ សូមសម្ដេចជួយពួកយើងខ្ញុំផង។ មានតែដីប៉ុណ្ណឹង បើគេមិនវាស់ឲ្យទៀត រស់នៅមានន័យអីទៀត ខ្ញុំឈឺចាប់ណាស់...»។
ស្ត្រីអ្នកភូមិឈ្មោះ វ៉ាន់ ស្រីមុំ និយាយថា គាត់បានមកកាន់កាប់ដីនេះតាំងពីឆ្នាំ២០០០។ គាត់ថា ប្ដីគាត់ជាកងទ័ពការពារព្រំដែន ឯគាត់មានដីតែបន្តិចបន្តួចគ្រាន់បង្កបង្កើនផលចិញ្ចឹមកូន បើគេមិនព្រមវាស់វែង និងផ្ដល់កម្មសិទ្ធិឲ្យគាត់ទេ គ្រួសារគាត់ពិតជាជួបលំបាកធ្ងន់ធ្ងរក្នុងជីវភាពប្រចាំថ្ងៃជាមិនខាន៖ «កន្លងទៅខ្ញុំធ្វើរនាំងការពារពួកថៃ រង់ចាំការអភិវឌ្ឍ។ ឥឡូវមានការអភិវឌ្ឍហើយ គេបែរជាមិនវាស់មិនវែងឲ្យខ្ញុំទេ ខ្ញុំឈឺចិត្តណាស់។ សូមជួយប្រជាជនពួកខ្ញុំផង អាជ្ញាធរគេមើលមិនឃើញទេ គេមើលឃើញតែអ្នកមានលុយទេ...»។
ស្ត្រីអ្នកភូមិម្នាក់ទៀត ឈ្មោះ ប៊ី លែន បានឲ្យដឹងថា អាជ្ញាធរភូមិ ឃុំ បានប្រាប់ថា ដីដែលពួកគាត់កំពុងរស់នៅនេះជាដីរបស់ក្រុមហ៊ុន អ៊ឹមឌីអេស (MDS Import Export) ដូច្នេះអាជ្ញាធរពុំអាចឲ្យក្រុមនិស្សិតវាស់វែងបានទេ។
យ៉ាងណាក៏ដោយ តំណាងក្រុមហ៊ុន អ៊ឹមឌីអេស ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បញ្ហាវាស់វែងដីធ្លីជូនប្រជាពលរដ្ឋក្នុងឃុំថ្មដា ពុំមានពាក់ព័ន្ធអ្វីជាមួយក្រុមហ៊ុនទេ។ លោកថា ក្រុមហ៊ុនទទួលបានសិទ្ធិសម្បទានពីរាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្ត ប្រសិនបើមានផលប៉ះពាល់ ឬយ៉ាងណានោះ គឺអាជ្ញាធរជាអ្នកមានភារកិច្ចដោះស្រាយ ពុំមែនជាភារកិច្ចរបស់ក្រុមហ៊ុននោះឡើយ។
ប្រភពពីអ្នកភូមិបានឲ្យដឹងថា ភាគច្រើនក្នុងចំណោមប្រជាពលរដ្ឋទាំង ២៧គ្រួសារនេះ ខ្លះបានស្លាប់ ខ្លះរងរបួស និងខ្លះទៀតពិការដោយការកាប់រានព្រៃនៅតំបន់នេះដើម្បីដាំដុះដោះស្រាយជីវភាព។
ប្រធានក្រុមនិស្សិតវាស់វែងដីធ្លីប្រចាំឃុំថ្មដា យុវនិស្សិត ដន សុផណ្ណា បានឲ្យដឹងថា ក្រុមនិស្សិតវាស់វែងតែដីធ្លីណាដែលស្របតាមគោលការណ៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រី និងមិនស្ថិតនៅក្រោមឥទ្ធិពលរបស់នរណានោះទេ។
ចំណែកមេឃុំថ្មដា លោក ព្រំ ង៉ុន ក៏បានបដិសេធការចោទប្រកាន់របស់ប្រជាពលរដ្ឋដែរ។ លោកមានប្រសាសន៍ថា អាជ្ញាធរពុំបានបង្វែងក្រុមនិស្សិតមិនឲ្យវាស់វែងដីឲ្យប្រជាពលរដ្ឋឡើយ។
យ៉ាងនេះក្ដី អនុប្រធានផ្នែកអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ថា តាមការអង្កេតបង្ហាញថា ប្រជាពលរដ្ឋបានកាន់កាប់ដីនេះជាង ១០ឆ្នាំមកហើយ ដូច្នេះអាជ្ញាធរគួរតែនាំក្រុមនិស្សិតឲ្យវាស់វែងដីនេះជូនប្រជាពលរដ្ឋតាមរូបមន្តស្បែកខ្លាដែលបានចែងក្នុងបទបញ្ជាលេខ ០១ ស្ដីពីវិធានការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងដីសម្បទាន ដីសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។