ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយសមត្ថកិច្ចជាច្រើនលើកច្រើនសា គឺម្ដងនៅខាងមុខទីស្ដីការគណៈរដ្ឋមន្ត្រី និងច្រើនដងទៀតនៅខាងមុខសាលារាជធានីភ្នំពេញ។
អំពើហិង្សាបានកើតឡើងរវាងក្រុមអ្នកតវ៉ា និងសមត្ថកិច្ចចម្រុះនៅពេលដែលក្រុមអ្នកតវ៉ា ដែលមានគ្នាប្រមាណ ១០០នាក់ បានស្រែកទាមទារនៅខាងមុខច្រកចូលវិមានសន្តិភាពនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងការបិទផ្លូវព្រះមុនីវង្ស ត្រង់ចំណុចខាងមុខសាលារាជធានីភ្នំពេញ។
អ្នកភូមិជាច្រើននាក់ដែលសុទ្ធសឹងតែជាស្ត្រី ត្រូវកម្លាំងសមត្ថកិច្ចដែលប្រដាប់ដោយខែល និងដំបងឆក់ បានវាយនិងទាត់ ប៉ុន្តែពុំមានអ្នករបួសធ្ងន់ឡើយ។ (សំឡេងប៉ះទង្គិច)
ក្រុមអ្នកតវ៉ាបានដើរចេញពីតំបន់បុរីកីឡា ក្នុងខណ្ឌ៧មករា ដោយមានកាន់បដា និងរូបថតដែលបង្ហាញពីការលំបាករបស់ពួកគេ ដែលកំពុងរស់នៅតាមសំយាប ក្រោមជណ្ដើរអាគារ និងតាមគំនរសំរាម។ ស្របគ្នានេះក៏មានអ្នកទូលមាន់ស្ងោរ ចេកទុំ ទៀន ធូប និងគ្រឿងសក្ការបូជា មួយចំនួនទៀត។
ទៅដល់ខាងមុខវិមានសន្តិភាព ពួកគេបានឈរស្រែកទាមទាររកអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែបានប៉ះទង្គិចនឹងសមត្ថកិច្ចមួយប្រាវ ទើបបន្តដំណើរទៅតវ៉ា ដោយបិទផ្លូវព្រះមុនីវង្ស នៅខាងមុខសាលារាជធានីភ្នំពេញ។ ក្នុងពេលសមត្ថកិច្ចព្យាយាមរុញច្រានពួកគាត់អោយចេញពីផ្លូវ ស្ត្រីជាច្រើននាក់បានដេកដួលនៅកណ្ដាលផ្លូវ ហើយពួកគេជាច្រើននាក់ត្រូវអាជ្ញាធរទាត់ធាក់និងវាយ។ (សំឡេងប៉ះទង្គិច)
តំណាងអ្នកបុរីកីឡា អ្នកស្រី ជុំ ង៉ាន់ មានប្រសាសន៍ថា ពួកគាត់មានបំណងសាកសួរអភិបាលក្រុងថ្មីចំពោះដំណោះស្រាយដែលបានសន្យាផ្ដល់អោយពួកគាត់ជុំវិញសំណើសាងសង់អោយគ្រប់ ១០អាគាររបស់ពួកគាត់ដែលបានដាក់ទៅសាលាក្រុងកាលពីសប្ដាហ៍មុន៖ «ឯកឧត្ដម ប៉ា សុជាតិវង្ស ថា ដោះស្រាយអោយពួកខ្ញុំក្នុងអាទិត្យហ្នឹង។ ហេតុដូច្នេះ ពួកខ្ញុំមិនបោះបង់ការសន្យាជាមួយពួកខ្ញុំឡើយ។ គាត់គឺសន្យាខ្យល់តែរហូតហ្នឹង។ តាំងពីចុងខែ៥ មកដល់ខែនេះ មិនទាន់ដោះស្រាយអីតិចទេ»។
ការបិទផ្លូវរបស់អ្នកភូមិបានរំសាយនៅពេលដែលមានករណីអំពើហិង្សាមួយកើតឡើងរវាងសមត្ថកិច្ច និងយុវជនម្នាក់ដែលចូលក្នុងហ្វូងអ្នកតវ៉ា ដោយពុំមែនជាក្រុមអ្នកតវ៉ាឡើយ បន្ទាប់មកបានរត់ចូលក្នុងរបងសាលារាជធានីភ្នំពេញ។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា សាលាក្រុងកំពុងដោះស្រាយជាដំណាក់កាលៗ។
លោកបានសំណូមពរដល់ពលរដ្ឋអោយជួយសហការ ជៀសវាងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ៖ «គោលការណ៍របស់រដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ គឺប្រគល់អោយពលរដ្ឋនូវទីតាំងណាដែលពួកគាត់រស់នៅទៅអោយពួកគាត់វិញ។ ប៉ុន្តែវាទាមទារពេលវេលាដើម្បីធ្វើនីតិវិធីសុរិយោដីផង ធ្វើប័ណ្ណកម្មសិទ្ធិផង»។
លោក ឌីម៉ង់ អោយដឹងដែរថា យុវជនដែលបានប្រើហិង្សាលើសមត្ថកិច្ចនោះ ត្រូវអនុញ្ញាតអោយទៅវិញ បន្ទាប់ពីបានសាកសួរ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរគួរពិចារណាពីការលំបាកដែលអ្នកបុរីកីឡា កំពុងជួបប្រទះ៖ «ត្រូវតែអនុវត្តកិច្ចសន្យារបស់ខ្លួនសង់អោយគ្រប់ ១០អាគារ ខ្ញុំជឿថា គ្មានបញ្ហាអីកើតឡើងទៀតទេ ហើយមិនអ៊ីចឹងទេ យើងធ្វើការគាបសង្កត់លើប្រជាពលរដ្ឋ ប្រជាពលរដ្ឋក៏កាន់តែរងទុក្ខទៅដែរ។ មានការប៉ះពាល់ទៅដល់មុខមាត់របស់សាលារាជធានី ក៏ដូចរដ្ឋាភិបាល ដោយគេចោទថា យើងមិនគោរពសិទ្ធិមនុស្ស យើងប្រើប្រាស់ហិង្សា ហើយអ្វីដែលខ្ញុំកត់សម្គាល់ព្រឹកមិញ គឺយើងអត់ដឹងបុរសម្នាក់ហ្នឹងជាអ្នកណាទេ ប៉ុន្តែនៅពេលគាត់បង្កបញ្ហាទាំងអាជ្ញាធរទាំងប្រជាពលរដ្ឋសម្រុកដេញបុរសនោះ ហើយផ្លូវក៏បើកដោយស្វ័យប្រវត្តិ»។
បើទោះជាមានការសន្យាពីអាជ្ញាធរថា នឹងដោះស្រាយ ក៏អ្នកបុរីកីឡានៅតែមិនអស់ចិត្តឡើយ ពួកគាត់ព្រមានថា នឹងនាំគ្នាចូលទៅរស់នៅក្នុងអាគារសង់ថ្មីរបស់ក្រុមហ៊ុនផានអ៊ីម៉ិច (Pham-imex) ក្នុងតំបន់ដែលពួកគាត់កំពុងរស់នៅប្រសិនបើពុំឃើញមានដំណោះស្រាយពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕