គម្លាត​ការ​កាន់កាប់​ដីធ្លី​រវាង​កសិករ​និង​អ្នកមាន​អំណាច​លុយ​កាក់

0:00 / 0:00

ស្ថាប័ន​ស្រាវជ្រាវ​ជាច្រើន​បាន​រក​ឃើញ​ថា​ចំនួន​អ្នកកាន់កាប់​ដីធ្លី​នៅ​តែ​មាន​គម្លាត​ខុសគ្នា​ខ្លាំង​បើ​ធៀប​នឹង​រយៈពេល​១០​ឆ្នាំមុន។ រយៈពេល​កន្លង​មក​នេះ​ជម្លោះ​ដីធ្លី​ដែល​កើត​ចេញ​ពី​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​តែ​មាន​កំណើន​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។ ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​ជនបទ​មាន​សិទ្ធិ​កាន់កាប់​ដី​ទំហំ​តូច​ស្រប​ពេល អ្នក​មាន​អំណាច​មួយ​ក្រុម​តូច​គ្រប់គ្រង​ដី បង្ក​បង្កើន​ផល​ស្ទើរតែ​ស្រុង​នៅ​ប្រទេស​កម្ពុជា។

ដីធ្លី​គឺជា​បញ្ហា​រសើប​ខ្លាំង​រវាង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដោយ​រាប់​តាំងពី​កសិករ​តូចតាច សង្គម​ស៊ីវិល ម្ចាស់​គម្រោង​វិនិយោគ​ក្នុងស្រុក និង​បរទេស និង​រដ្ឋាភិបាល​កម្ពុជា។ បញ្ហា​ដីធ្លី​នេះ​ក៏​អាច​ធ្វើ​អ្នកនយោបាយ​ធ្លាក់​សំឡេងឆ្នោត​ដែរ។ ការស្រាវជ្រាវ​ដោយ​ម្ចាស់​ជំនួយ​អភិវឌ្ឍ​អន្តរជាតិ​កាលពី​ឆ្នាំ​២០០៧ ក្នុង​នោះ​មាន​ធនាគារ​ពិភពលោក​ធ្លាប់​បាន​រក​ឃើញ​ថា ភាព​ខុស​គ្នា​នៃ​អ្នក​កាន់​កាប់​ដីធ្លី មាន​គម្លាត​ខុសគ្នា​ខ្លាំង រវាង​កសិករ និង​អ្នក​មាន​អំណាច​ជាពិសេស​អ្នក​មាន​យសស័ក្ដិ​នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល។

បច្ចុប្បន្ន​បើ​ធៀប​នឹង​ការស្រាវជ្រាវ​ពីមុន បញ្ហា​វិសមភាព​នៃ​កាន់កាប់​ដី​ធ្លី​នៅ​តែ​មាន​គម្លាត​ខ្លាំង​ដដែល បើ​ទោះ​រាជរដ្ឋាភិបាល​មានកម្ម​វិធី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ និង​ដី​សង្គមកិច្ច​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក៏​ដោយ។

របាយការណ៍​របស់​សមាគម​អាដហុក ស្ដីពី​ស្ថានភាព​ដីធ្លី​ប្រចាំ​ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា​គិត​ត្រឹម​ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ២​លាន ៦​សែន​ហិកតារ (២.៦៥៧.៤៧០) ដល់​ក្រុមហ៊ុន​ឯកជន។ ប៉ុន្តែ​ការ​ផ្ដល់​សម្បទាន​សេដ្ឋកិច្ច​បង្ក​ឲ្យ​ជម្លោះ​ដីធ្លី និង​ចាប់​ចង​ប្រជាពលរដ្ឋ​ដាក់​នៅ​ក្នុង​ពន្ធនាគារ​ជា​បន្តបន្ទាប់។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា​នៅ​ក្នុង​ឆ្នាំ​២០១៣ មាន​ករណី​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​ជាង ១​រយ​នាក់ និង​ជាប់​ពន្ធនាគារ​ជិត ២០​នាក់ ក្នុង​នោះ​ជម្លោះ​ដីធ្លី​ជិត ៣០​ករណី​មាន​ជាប់​ទាក់ទង​នឹង​សកម្មភាព​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​កន្លងមក។ ចាប់ពី​មាន​ជម្លោះ​ដែល​បង្ក​ឡើយ​ដោយ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច រាជរដ្ឋាភិបាល បាន​រឹប​អូស​ដី​ពី​ក្រុមហ៊ុន​ឯកជន​វិញ​បាន​ជាង ៣​សែន ៣​ម៉ឺន​ហិកតារ។

បញ្ហា​នេះ​អ្នក​តាមដាន​បញ្ហា​ដីធ្លី មួយ​ចំនួន​បាន​រក​ឃើញ​ថា ជម្លោះ​ដីធ្លី​បណ្ដាល​មក​ពី​ការ​អនុវត្តច្បាប់​នៅ​មាន​កម្រិត។ ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា​ស្ថានភាព​ជម្លោះ​ដីធ្លី​ពី​ការ​គម្រោង​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​តែ​មាន​កំណើន​ខ្លាំង​ដដែល បើ​ធៀប​នឹង​ការបោះឆ្នោត​អាណត្តិ​មុន«យើង​មិន​មែន​រិះគន់​ទៅ​ខាង​រដ្ឋាភិបាល យើង​ឃើញ​ជាក់ស្ដែង ​ការ​ផ្ដល់​ដី​សម្បទាន​ធ្វើ​ឲ្យ​វិនាស​ដី​ព្រៃ​​ជា​ពិសេស​គឺ​កាត់​ដី​ព្រៃ​មួយ​ចំនួន ទៅ​ឲ្យ​បុគ្គលិក​ មន្ត្រី​រាជការ ​ដើម្បី​ដូរ​យក​សន្លឹក​ឆ្នោត​តែ​ប៉ុណ្ណឹង​ គឺ​អ្វី​ដែល​ខ្ញុំ​សង្កេត​ការ​ឃើញ។ ចំណែក​ឯ​ប្រជាជន​ដែល​ក្រ គឺ​នៅ​តែ​ក្រ​ដដែល​ ល្ហេមល្ហាម​នៅ​តែ​ល្ហេមល្ហាម​ដដែល​ ជា​ពិសេស​គឺ​ឲ្យ​បាត់​បង់​ដី​ធ្លី ​បាត់​បង់​ព្រៃ​ឈើ ពី​មួយ​ថ្ងៃ​កាន់​តែ​សម្បើម ​ធំ​ជាង​មុន​ សឹង​តែ​គុណ​មួយ​រយ​ដង បើ​ធៀប​នឹង​រយៈ​ពេល​មុន​ពេល​បោះឆ្នោត»

ការ​រក​ឃើញ​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​និង​ការ​រក​ឃើញ​របស់​ស្ថាប័ន​ស្រាវជ្រាវ​សេដ្ឋកិច្ច​នានា​ដែរ។ របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៤ របស់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍ​កម្ពុជា ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា CDRI បាន​រក​ឃើញ​ថា​កម្ពុ​ជា​មាន​អត្រា អ​វិសមភាព​ដីធ្លី​ខ្ពស់​ជាងគេ​នៅ​ក្នុង​តំបន់ ហើយ​កសិករ​ជាច្រើន​ត្រូវ​រងគ្រោះ​ដោយសារ​អសន្តិសុខ​ក្នុង​ការ​កាន់កាប់​ដី។ បន្ថែម​លើ​នេះ​ឯកសារ​ជាច្រើន​ក៏​បាន​បញ្ជាក់​ស្រដៀង​គ្នា​នេះ​ដែរ​ថា ការ​បែង​ចែក​ដីធ្លី​ដោយ​ស្មើភាព​គ្នា និង​ការ​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី គឺជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​កំណើន​គ្រប់គ្នា។

សិទ្ធិ​កាន់កាប់​ដីធ្លី​នៅ​កម្ពុជា​គឺជា​ឧបសគ្គ​ដ៏​ធំ​បំផុត​ដែល​រារាំង​ដល់​កំណើន​ផលិតកម្ម​ស្រូវ និង​ជា​កត្តា​ចម្បង​នាំ​ឲ្យ​មាន​ភាព​ក្រីក្រ។ របាយការណ៍​របស់ CDRI ដដែល​គូស​បញ្ជាក់​ថា​នៅ​ក្នុង​វិស័យ​កសិកម្ម គេ​ឃើញ​មាន​ទំនាក់ទំនង​បញ្ច្រាស​រវាង​ទំហំ​ដី និង​ផលិតភាព​កសិកម្ម​មាន​ន័យថា កសិដ្ឋាន​តូច​ផ្ដល់​ទិន្នផល​ខ្ពស់​ជាង​កសិដ្ឋាន​ធំ។ ប៉ុន្តែ​នៅ​តំបន់​ដែល​មាន​អ​វិសមភាព​ដីធ្លី​ខ្ពស់ គ្រួសារ​ដែល​មាន​ដី​តូច ពុំ​អាច​ធ្វើ​កសិកម្ម​ដោយ​ទទួល​បាន​ផល​ខ្ពស់ ឬ​អាច​ចិញ្ចឹមជីវិត​បាន​នោះ​ទេ។

បច្ចុប្បន្ន​គ្រួសារ​នៅ​ជនបទ​៥៥% ជួបប្រទះ​កង្វះ​ដីធ្លី ក្នុងនោះ​១៥% គ្មាន​ដី​ទាល់តែសោះ និង​៤០% មាន​ដី​តិច​ជាង​មួយ​ហិកតារ។ ក្រៅពី​នេះ​អ្នក​ដែល​មាន​ដី​ចន្លោះ​ពី១ ទៅ ២​ហិកតារ​មាន​ប្រមាណ ២៥% និង​អ្នក​ដែល​មាន​ដី​ច្រើន ជាង​២​ហិកតារ​ឡើង​ទៅ​មាន​ប្រមាណ​២០%។

បន្ថែម​លើ​នេះ​សមាគម​អាដហុក​បាន​រក​ឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០ មកដល់​ឆ្នាំ​២០១៣ មាន​ប្រជាពលរដ្ឋ​ជិត ៨​សែន​នាក់ ឬ​ស្មើនឹង​៦% នៃ​ចំនួន​ប្រជាជន​សរុប​ត្រូវ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​ការ​ទន្ទ្រាន​ដីធ្លី​ពី​ឈ្មួញ និង​មន្ត្រី​មានអំណាច។

ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ រាជរដ្ឋាភិបាល​និង​ក្រសួង​ដែនដី​នគរោបនីយកម្ម និង​សំណង់ បាន​ចុះ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដើម្បី​កាត់បន្ថយ​ជម្លោះដីធ្លី ដោយ​ប្រើប្រាស់​យុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីស​ម្ដេច​តេជោ ដែល​ក្រុម​យុវជន​នេះ​ដឹកនាំ​ដោយ​កូនប្រុស​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប្រធាន​ក្រុម​យុវជន​វាស់វែង​ដី លោក ហ៊ុន មានិត បាន​បដិសេធ ធ្វើ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ ដោយ​លោក​បាន​ពន្យល់​យ៉ាង​ខ្លី​ថា​យុវជន​វាស់វែង​ដី​របស់​សម្ដេច​តេជោ នៅតែ​ចុះ​បន្ត​អនុវត្តន៍​សកម្មភាព​របស់​ខ្លួន​ជា​បន្តបន្ទាប់​ដដែល៖ «ធ្វើ​ការ​ជា​មួយ​គាត់​រាល់​ដង​តើ ! យុវជន ( វាស​វែង​ដី ) មិន​ទាន់​ចប់​ទេ វគ្គ​ទី​បី ​ចេញ​ទៅ​យូរ​ដែរ​ហើយ​បង

របាយការណ៍​របស់​ក្រសួង​ដែនដី នគរោបនីយកម្ម​និង​សំណង់ បាន​បង្ហាញ​ថា​គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៤ រដ្ឋាភិបាល​បាន​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣​លាន ៤​សែន​ក្បាលដី​នៅ​ទូទាំង​ប្រទេស។

ក្រៅ​ពី​នេះ​ផ្ទៃដី​ជាង​៣៤​ម៉ឺន​ហិកតារ បាន​កាត់​ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រង​ផល​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​មូលដ្ឋាន។

រដ្ឋាភិបាល​ជឿ​ជាក់​ថា ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ពិតជា​ចូលរួម​ចំណែក​កាត់បន្ថយ​ជម្លោះដីធ្លី និង​ការ​ទន្ទ្រាន​យក​ដី​ពី​អ្នក​អនុវត្តន៍​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​បាន​អះអាង​ផ្ទុយ​ពី​គ្នា​ដែល​រក​ឃើញ​ថា ប្រសិទ្ធភាព​នៃ​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នេះ​មាន​តិចតួច​ប៉ុណ្ណោះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំមើល សិទ្ធិមនុស្ស (Human Right Watch) កាលពី​ឆ្នាំ​២០១៣ បាន​បង្ហាញ​ថា​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​មាន​លក្ខណៈ​លំអៀង​ទៅ​គណបក្ស​ដែល​កាន់អំណាច ឬ​អ្នកមាន​ឥទ្ធិពល​លើ​ផ្នែក​សេដ្ឋកិច្ច ឬ​ការ​សូកប៉ាន់​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ប្លង់​កម្មសិទ្ធិ។ ស្ថាប័ន​នេះ​ដដែល​បាន​សម្ភាសន៍​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​មួយ​ចំនួន គេ​បាន​ឆ្លើយ​ថា​ប្រសិនបើ​យើង​មិនមែន​ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​មិន​មាន​លុយ​ផ្ដល់​ទៅ​មន្ត្រី​ដែល​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​នោះ​ទេ គឺ​មានការ​លំបាក​ណាស់​ក្នុង​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ ដីធ្លី​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។