លីកាដូ៖ ជម្លោះ​ដីធ្លី​ឆ្នាំ​២០១៤​កើន​ឡើង​៣​ដង​ធៀប​ឆ្នាំ​២០១៣

0:00 / 0:00

អង្គការ​លីកាដូ (Licadho) បង្ហាញ​ថា ជម្លោះ​ដីធ្លី​នៅ​ឆ្នាំ​២០១៤ មាន​អ្នក​រង​ផល​ប៉ះពាល់​ជាង ១០.៦០០​គ្រួសារ នៅ​ក្នុង ១៤​ខេត្ត ដែល​អង្គការ​នេះ​បាន​ស្រាវជ្រាវ។ ការ​ចេញ​របាយការណ៍​ជា​ថ្មី​នេះ បន្ទាប់​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ច្រានចោល​របាយការណ៍​នោះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​របាយការណ៍​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ដីធ្លី​កាល​ពី​ឆ្នាំ​មុន។

​អង្គការ​លីកាដូ ចេញ​សេចក្ដី​ថ្លែងការណ៍​ជាថ្មី​ស្ដីពី​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១៤ ហើយ​របាយការណ៍​នោះ​បញ្ជាក់​ថា ជម្លោះ​បាន​កើន​ឡើង ៣​ដង​នៃ​ចំនួន​គ្រួសារ បើ​ធៀប​នឹង​ឆ្នាំ​២០១៣។ សេចក្ដី​ថ្លែងការណ៍​ជា​ថ្មី​នេះ បាន​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

​លោក អំ សំអាត អ្នក​សម្របសម្រួល​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ ថ្លែង​ថា ឆ្នាំ​២០១៤ នាំ​មក​នូវ​រលក​ថ្មី​នៃ​ជម្លោះដីធ្លី​នៅ​កម្ពុជា ខណៈ​ស្ថាប័ន​ដោះស្រាយ​ដីធ្លី​មិន​បាន​ពន្លឿន​នីតិវិធី​ឲ្យ​ចប់​សព្វគ្រប់៖ «ហើយ​ឆ្នាំ​២០១៤​នេះ ក៏​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​បញ្ហា​ដីធ្លី​នោះ។ នេះ​ហើយ​បាន​យើង​ចេញ​របាយការណ៍​នេះ ក្នុង​គោល​បំណង​ដើម្បី​​ពញ្ញាក់ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ហ្នឹង ធ្វើ​ការ​ដោះស្រាយ»

​លោក អំ សំអាត បន្ត​ថា អង្គការ​នេះ​បាន​យក​តួលេខ​អ្នក​រង​ផល​ប៉ះពាល់​ដីធ្លី​នៅ ១៤​ខេត្ត ដែល​អង្គការ​នេះ​បាន​ធ្វើការ​ក្នុង​រឿង​ដីធ្លី គឺ​មាន​ពលរដ្ឋ​ជាង ១០.៦០០​គ្រួសារ ប៉ះពាល់​ដី​កំពុង​រស់​នៅ​ជាមួយ​នឹង​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​ដី​សម្បទាន​សេដ្ឋកិច្ច។

លោក​ថា បញ្ហា​ជម្លោះ​ដី​រវាង​ពលរដ្ឋ​រស់​នៅ​ផ្ទាល់ និង​ក្រុមហ៊ុន​ទទួល​បាន​ដី​វិនិយោគ គឺ​គ្រប់​ស្ថាប័ន​មិន​បាន​ពន្លឿន​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នោះ ទើប​តួលេខ​ឆ្នាំ​២០១៤ កើន​ពី​ជាង ៣​ពាន់​គ្រួសារ ទៅ​ជាង ១​ម៉ឺន​គ្រួសារ៖ «ដែល​កើន​ឡើង ៣​ដង បើ​ធៀប​នឹង​ឆ្នាំ​២០១៣ យើង​មាន​តែ ៣.៤៧៥​គ្រួសារ​តែប៉ុណ្ណោះ ដែល​បញ្ហា​នេះ​យើង​មើល​ឃើញ​ថា ជា​បញ្ហា​មួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទាក់ទង​នឹង​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី ដោយសារ​តែ​ឆ្នាំ​ចាស់ៗ អត់​ទាន់​បាន​ដោះស្រាយ​បាន​ចប់​ផង»

​ផ្ទុយ​ពី​របាយការណ៍​អង្គការ​លីកាដូ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សរ សុវណ្ណ ថ្លែង​ថា ជម្លោះ​ដី​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ថយ​នៅ​ឆ្នាំ​២០១៤។ លោក​អះអាង​នៅ​ក្នុង​វេទិកា​ថ្នាក់​ជាតិ​ស្ដីពី​ការ​គ្រប់គ្រង​ដីធ្លី​និង​ធនធាន​ធម្មជាតិ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៤ ថា គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ គឺ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង បែងចែក និង​ប្រើប្រាស់​ដី ធានា​សុវត្ថិភាព​នៃ​កម្មសិទ្ធិ​ដី លុប​បំបាត់​ភាព​អនាធិបតេយ្យ​ក្នុង​ការ​កាន់​កាប់​ដី​​ដោយ​ខុស​ច្បាប់ និង​ទប់ស្កាត់​ការ​ប្រមូល​ដី​ទុក​ដោយ​មិន​បាន​ប្រើប្រាស់​ជាដើម។

លោក សរ សុវណ្ណ៖ «ហើយ​ខាង​ក្រសួង​បាន​សរសេរ​លិខិត​ទៅ​អង្គការ​ទាំង​នោះ​ឲ្យ​គាត់​ប្រាប់​មក​ថា នៅ​កន្លែង​ណា​​ដើម្បី​យើង​ព្យាយាម​ដោះស្រាយ។ តាំង​ពី​ខែ​ឧសភា មក​ទល់​ពេល​នេះ គាត់​អត់​មាន​ឲ្យ​យើង​ទេ។ អ៊ីចឹង​ចម្រៀង​ដែល​គាត់​ច្រៀង គឺ​គាត់​ច្រៀង​តាំង​ពី ៧​សែន​គ្រួសារ រហូត​ដល់ ៧៧​ម៉ឺន​នាក់ ឥឡូវ​មក​​នៅ​សល់ ៣០​ម៉ឺន​នាក់។ អ៊ីចឹង​មិន​មែន​ថា យើង​មិន​ទទួល​ស្គាល់​នូវ​ការ​លំបាក នូវ​ការ​ប្រឈម​ទេ យើង​ទទួល​ស្គាល់ ប៉ុន្តែ​អ្វី​ដែល​យើង​បាន​ធ្វើ សុំ​ឲ្យ​ទទួល​ស្គាល់​ការពិត»

​លោក សរ សុវណ្ណ បន្ត​ថា មក​ទល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ គណៈកម្មការ​សុរិយោដី​មាន​បណ្ដឹង​ពាក់ព័ន្ធ​ជម្លោះដីធ្លី​ក្នុង​ប្រទេស​ចំនួន​ជាង ៦​ពាន់​ករណី ក្នុង​នោះ​បាន​ដោះស្រាយ​ចប់​ជិត ៣​ពាន់​ករណី និង​ច្រានចោល​ជាង ២​ពាន់​ករណី សុំ​ដក​ពាក្យ​បណ្ដឹង​ជាង ៦០០​ករណី ហើយ​នៅ​សល់​តែ​ជាង ៨០០​ករណី កំពុង​ដោះស្រាយ។

​របាយការណ៍​អង្គការ​លីកាដូ ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៥ នឹង​គ្មាន​អ្វី​ប្រសើរ​ឡើង​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ទេ។ ពលរដ្ឋ​កម្ពុជា កាន់តែ​ច្រើន​ឡើង​ត្រូវ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​ផ្ទះសម្បែង ហើយ​ការ​រុករាន​ដី​ព្រៃ​រវាង​ក្រុមហ៊ុន និង​ពលរដ្ឋ​ដើម្បី​ដណ្ដើម​កាន់​កាប់​ដី​នៅ​បន្ត​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។