ការតវ៉ារបស់ប្រជាពលរដ្ឋព្នងនៅភូមិចក់ចារ ឈានដល់អំពើហិង្សាហើយ។ ប្រជាពលរដ្ឋជាង ៧០នាក់បានបង្ខំរឹបអូសគ្រឿងចក្រក្រុមហ៊ុន ប៊ិញ ភឿក១ (Binh Phouek) ទុកជាចំណាប់ខ្មាំងខណៈក្រុមហ៊ុននៅតែបន្តឈូសឆាយព្រៃ។
មិនមាននរណាកម្នាក់រងរបួស ឬគ្រោះថ្នាក់ក្នុងការប៉ះទង្គិចគ្នារវាងពលរដ្ឋអ្នកតវ៉ានៅភូមិចក់ចារ និងសមត្ថកិច្ចប៉ូលិសប្រដាប់អាវុធមានគ្នា ៤នាក់ ក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុន ប៊ិញ ភឿក ១ នៅថ្ងៃទី១ ខែមករា។
អ្នកតវ៉ាឲ្យដឹងថា គ្រឿងចក្រឈូសដីមួយគ្រឿង និងរថយន្តមួយគ្រឿង ត្រូវបានអ្នកភូមិរឹបអូសជាចំណាប់ខ្មាំង បើទោះបីក្រុមប៉ូលិសព្យាយាមតបតជាមួយអ្នកតវ៉ាការពារមិនឲ្យអ្នកភូមិដណ្ដើមគ្រឿងចក្រយ៉ាងណាក្តី។
អ្នកតវ៉ាមួយរូបឈ្មោះ ប្រប់ ជីប រៀបរាប់ថា អ្នកភូមិអស់ការអត់ធ្មត់ដោយសារតែក្រុមហ៊ុននៅតែបញ្ជាគ្រឿងចក្រឈូសឆាយព្រៃយកដីដែលពលរដ្ឋតវ៉ា។ លោកកត់សំគាល់ថា សមត្ថកិច្ចប៉ូលិសស្រុកបានព្យាយាមតបតជាមួយពលរដ្ឋ ប៉ុន្តែមិនមានការប៉ះទង្គិចគ្នាអ្វីធំដុំឡើយ៖ «ពួកខ្ញុំឃាត់គ្រឿងចក្ររួចហើយបានសមត្ថកិច្ចមកដល់។ សមត្ថកិច្ចទាត់ប្រជាពលរដ្ឋ ប៉ុន្តែប្រជាពលរដ្ឋគេចទាន់»។
សេចក្ដីរាយការណ៍របស់អ្នកតវ៉ាឲ្យដឹងថា រហូតមកទល់នឹងម៉ោង ១២ថ្ងៃត្រង់ កងកម្លាំងរាជអាវុធហត្ថខេត្តចំនួន ៤នាក់ ដឹកនាំដោយលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា លោក សាក់ សារាក់ បានចុះទៅសម្របសម្រួលឲ្យក្រុមអ្នកតវ៉ាប្រគល់គ្រឿងចក្រឲ្យក្រុមហ៊ុនវិញ ប៉ុន្តែអ្នកតវ៉ាបានយល់ព្រមប្រគល់រថយន្ត ចំណែកគ្រឿងចក្រពួកអ្នកតវ៉ាមិនប្រគល់វិញទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ប៊ិញ ភឿក១ សុំការបញ្ជាក់ជុំវិញការរឹបអូសគ្រឿងចក្រនេះបានទេ នៅថ្ងៃទី១ ខែមករា។
ក្រសួងកសិកម្មកាលពីឆ្នាំ២០១០ បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាង ៥ពាន់ហិកតារទៅឲ្យក្រុមហ៊ុន ប៊ិញ ភឿក ១ នៅស្រុកកែវសីមា សម្រាប់វិនិយោគដំណាំកសិឧស្សាហកម្ម។ បន្ទាប់មកក្រុមហ៊ុនបានឈូសឆាយបង្កផលប៉ះពាល់ដីស្រែចម្ការវិលជុំអ្នកភូមិជាង ៣០០ហិកតារទើបអ្នកភូមិងើបតវ៉ា។
ទាក់ទិនការប្រើអំពើហិង្សានេះ អភិបាលស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ សំដែងការសោកស្ដាយចំពោះទង្វើពលរដ្ឋ ដែលលោកអះអាងថា ជាអំពើខុសច្បាប់។ លោកថ្លែងថា សមត្ថកិច្ចអស់លទ្ធភាពដោះស្រាយជាមួយពលរដ្ឋហើយ ដូច្នេះករណីនេះអាស្រ័យលើភាគីក្រុមហ៊ុននឹងធ្វើការសម្រេចចិត្តបែបណា៖ «មិនចង់ឲ្យប្រជាពលរដ្ឋគិតអ៊ីចឹងទេ យើងសម្របសម្រួលអស់លទ្ធភាពហើយ មានតែតុលាការទេដែលជាអ្នកកាត់។ បានផ្តល់ជាគោលការណ៍ហើយដោះស្រាយទំនាស់ជាមួយពលរដ្ឋហើយ។ មួយចំនួនតូចទេដែលគាត់មិនយល់ព្រម»។
របាយការណ៍អង្កេតរបស់មន្ត្រីសមាគមអាដហុក (Adhoc) ខេត្តរតនគិរី ឲ្យដឹងថា ជម្លោះរវាងពលរដ្ឋ និងក្រុមហ៊ុន ប៊ិញ ភឿក ១ អាជ្ញាធរខេត្តនិងស្រុកបានព្យាយាមដោះស្រាយ ៣លើកក្នុងនៅខែធ្នូ និង១លើកនៅដើមខែមករា នេះ ក៏ប៉ុន្តែមិនបានលទ្ធផល។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មានប្រសាសន៍បញ្ជាក់ថា ដំណោះស្រាយរបស់អាជ្ញាធរមិនបានផ្តល់យុត្តិធម៌ដល់ពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិចព្នងដែលរងគ្រោះបាត់បង់ដីធ្លី។ លោកអំពាវនាវឲ្យភាគីក្រុមហ៊ុន និងអាជ្ញាធរឲ្យអនុវត្តការណែនាំរូបមន្តស្បែកខ្លារបស់រាជរដ្ឋាភិបាល ពោលគឺកាត់ចេញដីមានផលប៉ះពាល់ជូនប្រជាពលរដ្ឋវិញ៖ «អ្វីដែលគេដោះស្រាយឲ្យហ្នឹង គឺគេប្រគល់ឲ្យគាត់ ៣៧៥ហិកតារ ប៉ុន្តែសុទ្ធតែដីក្រួសដីព្រិច»។
រហូតមកទល់នឹងរសៀលម៉ោង ៤ថ្ងៃដដែល ក្រុមអ្នកតវ៉ាអះអាងថា នឹងប្រគល់គ្រឿងចក្រឲ្យក្រុមហ៊ុនវិញ ប្រសិនក្រុមហ៊ុនសន្យាថា បញ្ឈប់ការឈូសឆាយដី។ អ្នកតវ៉ាសម្រេចដេកយាមគ្រឿងចក្រនៅកន្លែងតវ៉ារួមជាមួយសមត្ថកិច្ចប៉ូលិសរហូតមានដំណោះស្រាយសមស្រប។
ព័ត៌មានចុងក្រោយនៅម៉ោង ៥និង៣០នាទី រសៀលថ្ងៃដដែលនេះ ឲ្យដឹងថា ពលរដ្ឋ ៤០នាក់ ប្រមូលផ្តុំគ្នាដេកចាំគ្រឿងចក្រដែលរឹបអូសក្នុងនោះ មានប៉ូលិសមូលដ្ឋានពីរនាក់នៅការពារនៅតំបន់នោះដែរ។ ចំណែកក្រុមហ៊ុន និងអាជ្ញាធរមិនឃើញចុះមកដោះស្រាយអ្វីឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។