ស្របពេលដែលស្ត្រីទី១នៃសហរដ្ឋអាមេរិក អ្នកស្រី មីស្ហ៊ែល អូបាម៉ា (Michelle Obama) មកដល់កម្ពុជា កាលពីយប់ថ្ងៃសុក្រ ទី២០ មីនា នាខេត្តសៀមរាប នោះ ចំណែកនៅរាជធានីភ្នំពេញ ពលរដ្ឋដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដូចជានៅតំបន់បឹងកក់ បុរីកីឡា ជាដើម បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២១ ខែមីនា ដើម្បីអបអរសាទរដំណើរទស្សនកិច្ចរបស់ភរិយាលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) និងលើកបដាទាមទារឲ្យ អ្នកស្រី មីស្ហ៊ែល អូបាម៉ា ជួយអន្តរាគមន៍ដោះស្រាយវិបត្តិដីធ្លីដល់សហគមន៍ពួកគាត់ផង។
ពលរដ្ឋមកពីសហគមន៍បឹងកក់ និងបុរីកីឡា ប្រមាណ ៥០នាក់ ភាគច្រើនជាស្ត្រី និងកុមារ ស្រែកដង្ហោយហៅឈ្មោះ អ្នកស្រី មីស្ហ៊ែល អូបាម៉ា ឲ្យជួយអន្តរាគមន៍ករណីស្ត្រីសកម្មជនដីធ្លី ១១នាក់ និងព្រះសង្ឃ ៣អង្គ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។
អ្នកខ្លះកាន់រូបថតក្រុមគ្រួសារ អ្នកស្រី មីស្ហ៊ែល អូបាម៉ា អមដោយទង់ជាតិសហរដ្ឋអាមេរិក និងកម្ពុជា។ អ្នកខ្លះទៀតកាន់ផ្កាឈូក និងលើកបដាសរសេរថា ស្វាគមន៍ អ្នកស្រី មីស្ហ៊ែល អូបាម៉ា មកកាន់កម្ពុជា! សូមឲ្យដំណើរទស្សនកិច្ចអ្នកស្រីជួបតែជោគជ័យ។ ចំណែកក្មេងៗដែលខានជួបម្តាយរបស់ពួកគេ ដោយសារជាប់នៅក្នុងពន្ធនាគារអស់ជាច្រើនខែមកហើយនោះ និងមានក្រណាត់ខ្មៅចងជាប់នឹងក្បាលរំលេចជាអក្សរថា សូមឲ្យសកម្មជនដីធ្លីមានសេរីភាពឡើងវិញ ក៏ស្រែករកជំនួយពី អ្នកស្រី មីស៊្ហែល អូបាម៉ា ជួយម្តាយរបស់គេដែរ។
អ្នកស្រី ប៉ូវ សោភា ជាសកម្មជនដីធ្លីបឹងកក់ ក៏បានអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក គិតគូរពីបញ្ហារំលោភដីធ្លី និងសិទ្ធិមនុស្សនៅកម្ពុជា និងសុំឲ្យដោះលែងស្ត្រីសកម្មជនដីធ្លី ១១នាក់ ដែលកំពុងជាប់ពន្ធនាគារ។
អ្នកបឹងកក់ និងបុរីកីឡា សង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់ស្ត្រីទី១នៃសហរដ្ឋអាមេរិក ជាប្រទេសមហាអំណាចដែលប្រកាន់គោលការណ៍គោរពសិទ្ធិមនុស្ស និងលើកតម្កើងលទ្ធិប្រជាធិបតេយ្យក្នុងពិភពលោក នឹងជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងស្ត្រីសកម្មជនដីធ្លី និងព្រះសង្ឃឲ្យមានសេរីភាពឡើងវិញ៖ «ពួកយើងខ្ញុំដែលជាសហគមន៍ដីធ្លី សុំអន្តរាគមន៍ពីលោកស្រីពីរឿងចាប់ឃុំខ្លួនស្ត្រីសកម្មជនដីធ្លី»។
មន្ត្រីស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ថ្លែងថា មូលហេតុដែលពលរដ្ឋព្យាយាមរកអន្តរាគមន៍ពី អ្នកស្រី មីស៊្ហែល អូបាម៉ា ដោយសារតែពួកគាត់អស់ជំនឿលើប្រព័ន្ធតុលាការនៅកម្ពុជា៖ «គាត់មានសង្ឃឹមយ៉ាងខ្លាំងដូចអង្កាល់ លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ដែលមកកម្ពុជា ហើយត្រូវគេចាប់ស្ត្រី ១៣នាក់នៅបឹងកក់ ប៉ុន្តែក្រោយពីមានកិច្ចអន្តរាគមន៍ទៅ ក៏មានការដោះលែង»។
នេះជាលើកទី២ហើយដែលពួកគាត់តវ៉ាឲ្យដោះលែងសកម្មជនដីធ្លី ឈរប្រមូលផ្តុំគ្នាមុខស្ថានទូតអាមេរិក។ ពួកគាត់ឲ្យដឹងថា មន្ត្រីស្ថានទូតនឹងប្រាប់ពួកគាត់ឲ្យដឹងនៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយ ទាក់ទងនឹងលទ្ធផលនៃការដាក់ញត្តិជូន អ្នកស្រី មីស្ហ៊ែល អូបាម៉ា កាលពីថ្ងៃទី១៩ ខែមីនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។