ប្រជាពលរដ្ឋមានលំនៅឋានជាប់មាត់ទន្លេក្នុងខេត្តកណ្ដាល ព្រួយបារម្ភពីសុវត្ថិភាព ផ្ទះសម្បែងរបស់ខ្លួន ដោយសារសាឡង់បូមខ្សាច់របស់ក្រុមហ៊ុន ហេរ៉ូឃីង ច្រើនគ្រឿងបានធ្វើសកម្មភាពបូមខ្សាច់ទាំងយប់ថ្ងៃនៅក្នុងមូលដ្ឋាននេះ។ ក្រុមប្រជាពលរដ្ឋបានស្នើដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ឲ្យបញ្ចប់អាជ្ញាប័ណ្ណក្រុមហ៊ុនបូមខ្សាច់នេះ ឬសុំឲ្យឈប់ធ្វើសកម្មភាពនៅតំបន់នោះជាបន្ទាន់។
ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ខេត្តកណ្ដាល ព្រួយបារម្ភខ្លាចលំនៅឋាន និងដីកសិកម្មរបស់ខ្លួនជាប់ច្រាំងទន្លេបាក់ធ្លាក់ចូលទន្លេ ដោយសារសកម្មភាពសាឡង់បូមខ្សាច់បានធ្វើសកម្មភាពក្នុងមូលដ្ឋានទាំងយប់ថ្ងៃ។
លោក ហៀង សារុន តំណាងពលរដ្ឋម្នាក់នៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បានសំណូមពរដល់ប្រមុខរដ្ឋាភិបាល ឲ្យជួយទប់ស្កាត់សកម្មភាពសាឡង់បូមខ្សាច់ឈ្មោះ ហេរ៉ូឃីង បានធ្វើសកម្មភាពអនាធិបតេយ្យ បណ្ដាលឲ្យបាក់ច្រាំងទន្លេធ្ងន់ធ្ងររហូតមកដល់សព្វថ្ងៃនេះ៖ «ក្នុង១ថ្ងៃគ្រាន់តែតួក្បាលបូមវា ៤សាឡង់ ហើយសាឡង់ហ្នឹងក្នុងរយៈពេលវាបូម ២ម៉ោងពេញ១សាឡង់។ សរុបទាំងអស់ ១១សាឡង់សម្រាប់ដឹកជញ្ជូនខ្សាច់ គឺក្បាលបូម៤ និងសាឡង់សម្រាប់ដឹកចំនួន ១១»។
ចំណែកប្រជាពលរដ្ឋច្រើននាក់ទៀតនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ក៏បានលើកឡើងពីកង្វល់បាក់ច្រាំងទន្លេ នាំឲ្យប៉ះពាល់ដល់លំនៅឋានពួកគាត់ដែលសង់នៅតាមមាត់ទន្លេនេះដែរ។
ប្រជាពលរដ្ឋបានស្នើដល់ប្រមុខរដ្ឋាភិបាល ឲ្យពិចារណាលុបចោលអាជ្ញាប័ណ្ណពីក្រុមហ៊ុនបូមខ្សាច់ឈ្មោះ ហេរ៉ូឃីង ដែលធ្វើសកម្មភាពនៅមូលដ្ឋានស្រុកមុខកំពូល ដើម្បីទប់ស្កាត់បាក់ច្រាំងទន្លេប៉ះពាល់ដល់លំនៅឋានពលរដ្ឋនាថ្ងៃអនាគត៖ «ឈឺចាប់ណាស់បូមបាក់ដីអស់រលីង។ បើរាជរដ្ឋាភិបាលមិនជួយ តើអ្នកណាម្នាក់ទៅជួយពលរដ្ឋ។ អ៊ីចឹងហើយបានជាខំស្រែករករាជរដ្ឋាភិបាលឲ្យជួយមើលអ្នកបូមខ្សាច់ហ្នឹងផង។ ប្ដឹងទៅម្តងជាពីរដង អត់មានអ្នកណាមើលទេ? បាក់ខ្លាំងបាក់មែនទែន បាក់ទាល់តែឲ្យយើងមានអារម្មណ៍ភ័យព្រួយ។ ក្នុងរយៈពេល ឆ្នាំហ្នឹងប្រហែលជាបាក់ខ្លាំង បាក់ដល់ផ្ទះផងមើលទៅ»។
ជំទប់ទី១ឃុំព្រែកអញ្ចាញ លោក ជា សោមុនី ទទួលស្គាល់ថា ពិតជាមានសាឡង់បូមខ្សាច់ច្រើនគ្រឿងធ្វើសកម្មភាពបូមខ្សាច់ទាំងយប់ថ្ងៃក្នុងមូលដ្ឋានខ្លួនពិតមែន។ លោកបន្តថា ការព្រួយបារម្ភរបស់ពលរដ្ឋមាននៅលំនៅឋានតាមមាត់ទន្លេជារឿងត្រឹមត្រូវ ព្រោះការបូមខ្សាច់នោះនាំឲ្យបាក់ច្រាំងទន្លេធ្ងន់ធ្ងរ៖ «ការពិនិត្យជាក់ស្តែង គឺខ្ញុំបានចុះមកត្រួតពិនិត្យស្ទើររាល់យប់ការបូមខ្សាច់នេះ ឃើញថាបូមពិតមែន។ ហើយជួនកាលពេលថ្ងៃបូមឃ្លាតឆ្ងាយទៅកណ្ដាល និងពេលយប់លួចមកបូមនៅកៀនខាង។ ខ្ញុំទៅពិនិត្យមិនមែនមកតែម្នាក់ឯងទេ គឺមានពលរដ្ឋមកជាមួយរហូតមកដល់មានមេភូមិនៅក្នុងហ្នឹងមកជាមួយដែរ ប៉ុន្តែគាត់មិនដឹងធ្វើម៉េច»។
អភិបាលស្រុកមុខកំពូល លោក តាំង ម៉េងលៀន បានចុចផ្តាច់ទូរស័ព្ទមិនធ្វើអត្ថាធិប្បាយទេ លើករណីសាឡង់បូមខ្សាច់ កំពុងធ្វើសកម្មភាពនៅក្នុងមូលដ្ឋានស្រុកមុខកំពូល។
ប៉ុន្តែ លោក ខៀវ សុខណាត អភិបាលរងស្រុកខ្សាច់កណ្ដាល មានប្រសាសន៍ថា សកម្មភាពសាឡង់បូមខ្សាច់ដែលពលរដ្ឋព្រួយបារម្ភពីការបាក់ច្រាំងទន្លេ លោកបានជូនដំណឹងទៅអាជ្ញាធរខេត្ត ដើម្បីស្នើកិច្ចអន្តរាគមន៍រួចហើយ។ លោកបន្តថា ស្រុកខ្សាច់កណ្ដាល មិនបានអនុញ្ញាតឲ្យក្រុមហ៊ុនបូមខ្សាច់ធ្វើសកម្មភាពក្នុងមូលដ្ឋាននេះទេ ប៉ុន្តែលោកថា ចំពោះសកម្មភាពសាឡង់បូមខ្សាច់ដែលធ្វើសកម្មភាពបំពានចូលក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល រាល់ថ្ងៃ គឺអនុញ្ញាតដោយអាជ្ញាធរស្រុកមុខកំពូល៖ «អាហ្នឹងអាជ្ញាប័ណ្ណរបស់គេ គឺនៅខាងមុខកំពូលទេ។ គ្រាន់ថាជាប់ដែនខាងខ្ញុំទេ គឺជាប់ដែនខាងខ្សាច់កណ្ដាល។ សកម្មភាពនៃការបូមហ្នឹង គឺជាប់ដែនខ្សាច់កណ្ដាល យើង គ្រាន់តែថាទីតាំងៗនៅជាប់ដែនស្រុកមុខកំពូល។ ហើយអាជ្ញាប័ណ្ណរៀបចំទៅខាងក្រសួង គឺខាងស្រុកមុខកំពូល ទេ»។
ទាក់ទងបញ្ហានេះ លោក លឹម ហ៊តឡងឌី ប្រធានក្រុមហ៊ុនសាឡង់បូមខ្សាច់ហេរ៉ូឃីង បានឲ្យដឹងថា ក្រុមហ៊ុនលោកមានអាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្មបូមខ្សាច់នៅមូលដ្ឋានស្រុកមុខកំពូល ស្របច្បាប់រដ្ឋាភិបាល។ លោកបន្តថា សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនលោក គឺធ្វើនៅកណ្ដាលទន្លេ គឺមិនប៉ះពាល់ ឬធ្វើឲ្យបាក់ច្រាំងទន្លេ និងប៉ះពាល់ដល់លំនៅឋានពលរដ្ឋនោះទេ៖ «ខ្ញុំរាល់ថ្ងៃ គឺបូមទៅតាមក្រសួងបានកំណត់ឲ្យនៅកណ្ដាលទន្លេ។ ប៉ុន្តែប្រជាពលរដ្ឋគាត់ចេះតែភ័យព្រួយ ហើយសួររហូត។ គាត់ថាខ្ញុំទៅបូមក្បែរខាង តាមពិតខ្ញុំមិនដែលហ៊ានទៅបូមក្បែរខាងទេ។ បងឃើញស្រាប់ហើយ សាឡង់ខ្ញុំនៅកណ្ដាលទន្លេរហូត ខ្ញុំមិនដែលទៅខាងទេ ខ្ញុំមិនដែលធ្វើបាបប្រជាពលរដ្ឋទេ ព្រោះយើងរកស៊ី យើងមិនចង់ធ្វើបាបប្រជាពលរដ្ឋទេ។ ប្រជាពលរដ្ឋជួនកាលគាត់យកអារឿងហ្នឹងមកនិយាយអ៊ីចេះអ៊ីចុះរហូត។ ខ្ញុំធ្វើអីខ្ញុំគិតដែរ»។
ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពបូមខ្សាច់នៅមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ខេត្តកណ្ដាល បានធ្វើសកម្មភាពចាប់តាំងពីឆ្នាំ២០០៧ មកម្ល៉េះ ហើយបានធ្វើឲ្យបាក់ច្រាំងទន្លេ និងដីកសិកម្មរបស់ពលរដ្ឋជាច្រើនគ្រួសារចូលទៅក្នុងទន្លេ។ កង្វល់នេះ ពួកគាត់ធ្លាប់បានស្នើកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ឃុំ និងស្រុក ឲ្យជួយមានវិធានការទប់ស្កាត់ ប៉ុន្តែមិនមានអ្នកចេញមុខអន្តរាគមន៍ទេកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។