កាលពីចុងខែមេសា នៅទីស្នាក់ការសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) នៅខេត្តកំពង់ចាម ប្រជាសហគមន៍មកជួបប្រជុំគ្នា ដើម្បីស្វែងរកវិធីសាស្ត្រការពារដីព្រៃសហគមន៍នៅក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ។ ប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា ដីព្រៃសហគមន៍ត្រូវបានឈ្មួញនៅពីក្រោយបញ្ជាកាប់ទន្ទ្រានដាំដំណាំ ប៉ុន្តែប្រជាពលរដ្ឋមិនបានដឹងថា ជានរណានោះទេ។
ពួកគាត់បានលើកឡើងថា ប្រសិនបើអាជ្ញាធរមិនទប់ស្កាត់យកដីដែលត្រូវគេដាំដំណាំទាំងនោះមកដាក់ជាសម្បត្តិសមូហភាពនោះទេ វានឹងអាចធ្វើឱ្យធនធានធម្មជាតិនៅទីនោះខ្ទេចខ្ទីមិនខាន។
បញ្ហាដីព្រៃសហគមន៍នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តកំពង់ចាម នៅតែជាក្តីកង្វល់របស់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលធនធានធម្មជាតិ និងជាអ្នកដែលមានបំណងចង់ថែរក្សាព្រៃឈើ ដើម្បីគ្រាន់ទុកសម្រាប់ក្មេងជំនាន់ក្រោយ។ ការព្រួយបារម្ភនោះ កើតឡើងបន្ទាប់ពីមានឈ្មួញមិនស្គាល់អត្តសញ្ញាណ និងប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាទៅកាប់ព្រៃឈើនោះស្ទើរតែអស់ និងបានរានដីនៅតំបន់នោះ ដើម្បីដាំដំណាំផ្សេងៗ ចំណែកឯអាជ្ញាធរមិនមានវិធានការណាមួយទប់ស្កាត់ចំពោះជនប្រព្រឹត្តិរំលោភច្បាប់ទាំងនោះឡើយ។
ប្រជាសហគមន៍ម្នាក់មកពីឃុំត្រពាំងព្រីង ស្រុកតំបែរ អ្នកស្រី ហម ច្រិប មានប្រសាសន៍ថា ព្រៃសហគមន៍ គឺមានប្រមាណជាង ៥ពាន់ហិកតារ ហើយត្រូវបានវិនាសហិនហោចដោយជនមិនស្គាល់មុខចូលទន្ទ្រានកាន់កាប់ដោយលួចលាក់។ អ្នកស្រីបន្តថា នៅក្រោយពេលចូលឆ្នាំខ្មែររួចមក ខាងស្រុកបានកោះហៅប្រជាសហគមន៍ដែលមានជាង១០ នៅក្នុងឃុំមកធ្វើការពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយ។ ក្នុងដំណោះស្រាយ គឺមានពីរជម្រើស គឺទីមួយតម្រូវឱ្យមានបែងចែកផ្ទៃដីនោះទៅប្រជាពលរដ្ឋ និងទីពីរ គឺត្រូវប្រមូលដីទាំងអស់របស់សហគមន៍ ដែលជនមិនស្គាល់ និងប្រជាពលរដ្ឋបានកាន់កាប់ខ្លះនោះ មកដាក់ជាសម្បត្តិរួមវិញ។ អ្នកស្រីបញ្ជាក់ថា ទោះយ៉ាងណាក៏ដោយ ពួកគាត់ គឺទាមទារឱ្យបានដីទាំងនោះមកក្លាយជាសម្បត្តិសមូហភាព ដើម្បីជាប្រយោជន៍រួម ជាជាងបានទៅលើជនខិលខូច និងសុំឱ្យអាជ្ញាធរអនុវត្តតាមលក្ខន្តិកៈរបស់សហគមន៍៖ «ចា៎! សហគមន៍ខ្ញុំចង់ឱ្យអាជ្ញាធរចៅហ្វាយស្រុកហ្នឹងដោះស្រាយទៅលក្ខន្តិកៈរបស់សហគមន៍ ហើយលក្ខន្តិកៈរបស់សហគមន៍ គឺយើងដោះស្រាយទៅតាមច្បាប់ហ្នឹង»។
ប្រជាសហគមន៍ម្នាក់ទៀត លោក ឈិន យ៉ុង មានប្រសាសន៍រៀបរាប់ពីប្រវត្តិនៃការកកើតឡើងព្រៃសហគមន៍ត្រពាំងព្រីង ដែលបង្កើតឡើងនៅឆ្នាំ២០០៤ ដោយមានការទទួលស្គាល់ពីអាជ្ញាធរ និងខាងរដ្ឋាបាលព្រៃឈើដែលស្របទៅតាមផ្លូវច្បាប់ ដើម្បីឱ្យប្រជាពលរដ្ឋនៅទីនោះចូលរួមថែរក្សាដីព្រៃធ្វើជាសម្បត្តិរួម។ លោកបន្តថា កន្លងមកខាងប្រជាសហគមន៍បាននាំគ្នាដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែនៅតែមិនទាន់មានដំណោះស្រាយអ្វីឡើយ រីឯសកម្មភាពចូលរុករានដីដាំដំណាំនៅលើដីសហគមន៍នោះកាន់តែកើនឡើង។
លោក ឈិន យ៉ុង៖ «ឃើញថាថ្ងៃនេះមិនទាន់ឃើញការដោះស្រាយ ដូចនេះខ្ញុំនៅតែចង់ដាក់ពាក្យបន្តៗមករហូត ដើម្បីសំណូមពរដល់រាជរដ្ឋាភិបាលជួយដោះស្រាយទុកឈើ និងមនុស្សទុកជាមានគុណតម្លៃសារសំខាន់ណាស់។ មនុស្ស និងឈើ មិនអាចកាត់ថ្លៃបានចេញពីគ្នាបានទេ។ ឥឡូវហ្នឹងអស់ឈើ ហើយនៅសល់ដី តែដីគេដាំកៅស៊ូដាំម្រេច អ្នកដាំវាអត់ដឹងឈ្មោះទេនេះ។ អ៊ីចឹងបានថានៅក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងមាត្រាទី១០ ជនល្មើសកាប់រុករានឈូសឆាយហ្នឹង ត្រូវតែផ្ដន្ទាទោស ប៉ុន្តែនៅក្នុងច្បាប់នោះនៅមិនទាន់ឃើញនៅក្នុងលក្ខន្តិកៈ។ អ៊ីចឹងបានសំណូមពរឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរ ជួយអង្កេត និងរកមុខអ្នកកាប់ឱ្យឃើញ ដើម្បីធ្វើទៅតាមច្បាប់ និងលក្ខន្តិកៈ»។
លោកបន្ថែមទៀតថា ការកាន់កាប់ដីព្រៃសហគមន៍អស់រាប់ពាន់ហិកតារនេះ លោកយល់ថា អាចមានការបើកដៃណាមួយពីសំណាក់អាជ្ញាធរដែលពាក់ព័ន្ធមិនខាន ទើបមកដល់ពេលនេះមិនទាន់អាចរកមុខអ្នកទន្ទ្រានដីព្រៃខុសច្បាប់នោះដដែល។ លោកចង់ឱ្យរក្សាដីនោះ បើទោះបីជាព្រៃតំបន់នោះត្រូវបានគេកាប់អស់ទៅហើយក៏ដោយ ប៉ុន្តែលោកជឿជាក់ថា ប្រសិនបើកុំមានការកាន់កាប់ដីនោះតទៅទៀត ព្រៃតំបន់នោះនឹងដុះឡើងវិញមិនខាន ជាជាងការបែងចែកដីដែលនាំឱ្យឆាប់រលាយព្រៃឈើ និងធ្វើឱ្យក្មេងជំនាន់ក្រោយលែងស្គាល់អ្វីទៅហៅថាធម្មជាតិទៀតផង។ លោកបញ្ជាក់ថា មនុស្សមិនអាចរស់នៅដោយខ្វះធម្មជាតិបាននោះទេ ហើយប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ ក៏បានទាញផលប្រយោជន៍យ៉ាងច្រើនពីធម្មជាតិទាំងនោះនាពេលកន្លងទៅផងដែរ។
អភិបាលស្រុកតំបែរ លោក ឈិង ពិសិដ្ឋ មានប្រសាសន៍ថា ដីប្រមាណជាង ៥ពាន់ហិកតារ នៅក្នុងឃុំត្រពាំងព្រីង ត្រូវបានប្រជាពលរដ្ឋនៅជុំវិញនោះទៅវិញទេដែលបាននាំគ្នាទៅទន្ទ្រានដីព្រៃនោះ ដើម្បីដាំដំណាំគ្រាន់ចិញ្ចឹមគ្រួសារ។ ចំណែកឯអាជ្ញាធរបានចេញបង្ក្រាបជាច្រើនលើកមកហើយ ប៉ុន្តែពួកគាត់នៅតែនាំគ្នាទៅរុករានដោយលួចលាក់ ហើយអាជ្ញាធរក៏មិនបានពាក់ព័ន្ធនឹងរឿងដីនោះឡើយ។ លោកបញ្ជាក់ថា ប្រសិនបើអាជ្ញាធរអនុវត្តច្បាប់ចំពោះប្រជាពលរដ្ឋទាំងនោះឱ្យបានដាច់ខាតនោះ លោកគិតថា មិនអាចរកគុកដាក់ពួកគាត់បានអស់នោះទេ ហើយភាគច្រើនប្រជាពលរដ្ឋដែលជំទាស់ គឺជាប្រជាពលរដ្ឋដែលមិនបានចំណែកលើដីនោះ៖ «ទាល់តែសួរទៅរដ្ឋាភិបាល ហើយបើរដ្ឋាភិបាលថាអេហ! បើពិបាកចែកទៅឱ្យប្រជាជន ទៅអាហ្នឹងចែក ហើយមានស្អី។ ប៉ុន្តែប្រជាជននោះគាត់ខ្លះបានខ្លះមិនបានអាហ្នឹងវាកើតរឿងណា៎! នៅក្នុងសហគមន៍មួយបានប្រជាជនយើងបានកាប់ធ្វើផ្ទះធ្វើសម្បែង ប៉ុន្តែគ្រាន់តែមិនដឹងថាយ៉ាងម៉េច? ហើយឥឡូវហ្នឹង ខ្ញុំបានដាក់បញ្ហាទៅវិញដែរ ខ្ញុំថាវាចង់ក្លាយទៅជាបាយអស់ទៅហើយ ឥឡូវឱ្យខ្ញុំធ្វើយ៉ាងម៉េចទៀតប្រាប់មក?»។
លោកបន្ថែមទៀតថា ខាងលោកចង់បានមតិភាគច្រើនពីប្រជាពលរដ្ឋក្នុងការសម្រេចលើរឿងដីនោះ ថាតើគួររក្សាទុកជាព្រៃសហគមន៍ ឬមានការបែងចែក? យ៉ាងណាក៏ដោយ បញ្ហានេះលោកបានបញ្ជូនឯកសារមកថ្នាក់ខេត្ត ដើម្បីធ្វើសេចក្តីសម្រេចថាយ៉ាងណានោះរួចហើយដែរ។
មន្ត្រីសម្របសម្រួលនៃសមាគមន៍ការពារសិទ្ធិមនុស្សអាដហុក (adhoc) នៅខេត្តកំពង់ចាម លោក នាង សាវ៉ាត មានប្រសាសន៍ថា តាមរបាយការណ៍ដែលខាងលោកទទួលបាន និងការអង្កេតនោះបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ ក្នុងការថែរក្សាព្រៃសហគមន៍តំបន់នោះ ប៉ុន្តែកន្លងមក អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធនោះទេដែលមិនបានយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវនោះ។ លោកបន្តថា ប្រជាពលរដ្ឋដែលអាជ្ញាធរលើកឡើងថាបានកាន់កាប់ដីតំបន់នោះ លោកបញ្ជាក់ថា គ្រាន់តែជារូបភាពខាងក្រៅតែប៉ុណ្ណោះ ធាតុពិត គឺអ្នកមានអំណាច អ្នកមានប្រាក់ទៅវិញទេដែលនៅពីក្រោយរឿងដីនោះ។
លោក នាង សាវ៉ាត៖ «ខ្ញុំបានទៅតំបន់នេះញឹកញាប់ហើយ ហើយឥឡូវតំបន់នេះមានតែកៅស៊ូ និងដំឡូងរបស់អ្នកមានលុយអ្នកមានអំណាចនៅក្នុងហ្នឹង ហើយកន្លងមកមិនមែនប្រជាពលរដ្ឋមិនការពារទេ ប៉ុន្តែអត់មានអាជ្ញាធរជួយពួកគាត់។ អ៊ីចឹងហើយបានជាដីហ្នឹងធ្លាក់ទៅអ្នកមាន ហើយប្រជាពលរដ្ឋកាន់នោះ គឺតិចតួចបំផុតគ្រាន់តែជារូបភាពខាងក្រៅតែប៉ុណ្ណោះ ក្រៅពីហ្នឹង សុទ្ធតែជាអ្នកមានលុយច្រើនអ្នកមានអំណាចនៅក្នុងហ្នឹងឯង។ ហើយដីហ្នឹងវាបាត់បង់ដោយសារតែអាជ្ញាធរស្រុក និងសមត្ថកិច្ចព្រៃឈើដែលធ្វើឱ្យដីហ្នឹងបាត់បង់»។
លោកបន្ថែមទៀតថា ការបាត់បង់ដីព្រៃសហគមន៍ជាច្រើនពាន់ហិកតារនេះ អាជ្ញាធរដែលពាក់ព័ន្ធទាំងអស់ គឺជាអ្នកទទួលខុសត្រូវចំពោះវិនាសកម្មដីព្រៃសហគមន៍ ហើយអាជ្ញាធរគប្បីស្វែងរកជនឧក្រិដ្ឋទាំងនោះមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ លោកបញ្ជាក់ដែរថា ប្រសិនបើអាជ្ញាធរមានឆន្ទៈពិតប្រាកដ ក្នុងការថែរក្សាដីព្រៃសហគមន៍មែន គឺវានៅទាន់ពេលវេលា ដោយអាជ្ញាធរគប្បីយកច្បាប់មកអនុវត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។