ពលរដ្ឋ​នៅ​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​ដី​សម្បទាន​ចិន​យក​ថ្នាំ​គីមី​បាញ់​បំផ្លាញ​ស្រូវ

0:00 / 0:00

ប្រជាពលរដ្ឋ​ខ្លះ​ដែល​រស់នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ កំពុង​ទទួល​រង​ការ​ប៉ះពាល់​ដល់​ស្ថានភាព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​សេដ្ឋកិច្ច​ផង នៅ​ពេល​ដែល​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ខ្លះ កំពុង​បង្ក​ឱ្យ​មាន​ជម្លោះ​ដីធ្លី។ អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល កំពុង​ព្រួយ​បារម្ភ​លើ​បញ្ហា​ទាំង​នេះ នៅ​ស្រប​ពេល​ដែល​មាន​ព័ត៌មាន​ថា ក្រុមហ៊ុន​របស់​ចិន មួយ បាន​យក​ថ្នាំ​គីមី​ទៅ​បាញ់​បំផ្លាញ​ស្រូវ​របស់​ប្រជា​កសិករ។

កសិករ ១​គ្រួសារ នៅ​ភូមិ​ឆែប ឃុំ​ឆែប១ ស្រុក​ឆែប កំពុង​ត្រូវ​ការ​ជំនួយ​ពី​អាជ្ញាធរ​រដ្ឋាភិបាល ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន​ចិន ដែល​បាន​យក​ថ្នាំ​គីមី ទៅ​បាញ់​សម្លាប់​ស្រូវ​របស់​គាត់។

បុរស​វ័យ​ចំណាស់​ម្នាក់​ក្នុង​ចំណោម​កសិករ​ជាង ៤០​គ្រួសារ​ទៀត នៅ​ភូមិ​ឆែប គឺ​លោក សែម សុំ។ លោក​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៥ ខែ​កក្កដា ថា រូប​លោក និង​កសិករ​ជាង ៤០​គ្រួសារ​ទៀត កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ ហេង យូ ក្នុង​ពេល​ដែល​ក្រុមហ៊ុន​នេះ​ទៅ​ពង្រីក​ផ្ទៃដី ដើម្បី​ដាំ​អំពៅ។ បុរស​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន​ចិន នោះ​ធ្លាប់​បញ្ចុះ​បញ្ចូល​ប្រជាពលរដ្ឋ ឱ្យ​ដោះ​ដូរ​ដី​ស្រែ​ទាំង​ឡាយ​ណា ដែល​មាន​នៅ​ក្នុង​ប្លង់​របស់​គេ ក៏ប៉ុន្តែ​អ្នក​ភូមិ​ជាច្រើន មិន​សុខ​ចិត្ត​ដូរ​ទេ ដោយសារ​តែ​គេ​ឱ្យ​ដី​ស្រែ​ទំហំ​តូចៗ មិន​ស្មើ​នឹង​ដី​ពី​មុន។

លោក សែម សុំ អះអាង​ថា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា កន្លង​ទៅ ដោយសារ​តែ​អ្នក​ភូមិ​មិន​សុខ​ចិត្ត​ដូរ​ដី​ស្រែ​ចេញ​ពី​កន្លែង​ធ្លាប់​ធ្វើ គឺ​មនុស្ស​របស់​ក្រុមហ៊ុន​ចិន បាន​យក​ថ្នាំ​គីមី​ទៅ​បាញ់​សម្លាប់​ស្រូវ​របស់​គាត់​អស់​ចំនួន​១​ហិកតារ៖ «លេង​យក​ថ្នាំ​ទៅ​បាញ់​ងាប់​ស្រូវ​អស់​បណ្ដោយ ម្សិលមិញ​ងាប់​អស់​ហើយ។ ខ្ញុំ​ប្រាប់​អាជ្ញាធរ មេ​ភូមិ មេ​ឃុំ ប៉ុស្តិ៍​នគរបាល​ឃុំ​ស្រុក គេ​ថា​ដោះស្រាយ​ឱ្យ ហើយ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត គាត់​ថា​ចាំ​មើល ២-៣​ថ្ងៃ​ទៀត គាត់​នឹង​ជួប​ក្រុមហ៊ុន​ឱ្យ​ដោះស្រាយ​សំណង​វិញ គេ​ថា​អ៊ីចឹង ប៉ុន្តែ​ខ្ញុំ​មិន​អស់​ចិត្ត ពីព្រោះ​ដូច​ជា​ពន្យារ​ពេលៗ ឱ្យ​ខ្ញុំ​ទៅ​សង្ឃឹម​អី​ទៀត បើ​គេ​មិន​រក​ដំណោះស្រាយ​ឱ្យ»

ទោះ​យ៉ាង​ណា អាជ្ញាធរ​ស្រុក​ឆែប និយាយ​ផ្ទុយ​ពី​កសិករ​ដែល​អះអាង​ថា គេ​បាន​ប្រាប់​អាជ្ញាធរ​រួច​ហើយ​ជុំវិញ​ករណី​នោះ។

អភិបាល​ស្រុក​ឆែប លោក អ៊ុង វុឌ្ឍី មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​នៅ​ឡើយ​ទេ​ពាក់ព័ន្ធ​រឿង​នោះ។ លោក​អភិបាល​ស្រុក​សន្យា​ថា លោក​នឹង​ចុះ​ស្រាវជ្រាវ​នៅ​ពេល​ឆាប់ៗ៖ «យើង​កាន់​ខាង​ប្រជាពលរដ្ឋ​ហើយ យើង​មិន​ឱ្យ​គេ​ធ្វើ​អ៊ីចឹង​ទេ។ ប្រសិន​ជា​មាន​បាញ់​ថ្នាំ​អី​អ៊ីចឹង​មែន ប៉ុន្តែ​មិន​ដឹង​យ៉ាង​ម៉េច​ទេ ពីព្រោះ​ខ្ញុំ​ក្ដាប់​ព័ត៌មាន​អត់​ទាន់​បាន​ទេ»

ប្រជាពលរដ្ឋ​ជាង ៤០​គ្រួសារ ធ្លាប់​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន ហេង យូ ដែល​ព្យាយាម​យក​ដី​ស្រែ​របស់​ពួក​គេ ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​ម្ដង​មក​ហើយ ដោយ​គេ​ធ្លាប់​នាំ​គ្នា​ឡើង​ទៅ​តវ៉ា​នៅ​ឯ​ទីក្រុង​ភ្នំពេញ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ច័ន្ទ មាន​ប្រសាសន៍​ថា លោក​ទើប​តែ​បាន​ទទួល​ព័ត៌មាន​អំពី​រឿង​នេះ ក៏ប៉ុន្តែ​លោក​មិន​ទាន់​បាន​ទទួល​បណ្ដឹង​ពី​ម្ចាស់​ស្រែ​នៅ​ឡើយ​ទេ។

លោក ឡោ ច័ន្ទ បញ្ជាក់​ថា លោក​នឹង​ចុះ​ស៊ើប​អង្កេត​ករណី​នោះ​នៅ​ពេល​ដែល​ទទួល​បាន​បណ្ដឹង ហើយ​បើ​រក​ឃើញ​ថា ក្រុមហ៊ុន​បាន​យក​ថ្នាំ​គីមី​ទៅ​បាញ់​សម្លាប់​ស្រូវ​របស់​កសិករ​មែន គឺ​ជា​ការ​រំលោភ​សិទ្ធិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។