ពលរដ្ឋ​នៅ​ស្វាយរៀង​តវ៉ា​អាជ្ញាធរ​ជីក​ប្រឡាយ​ប៉ះពាល់​ដី​ស្រែ

0:00 / 0:00

អ្នក​ភូមិ​ប្រមាណ ២០០​នាក់ នៅ​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង តវ៉ា​ប្រឆាំង​នឹង​គម្រោង​ជីក​ប្រឡាយ​របស់​អាជ្ញាធរ​នៅ​ស្រុក​នេះ។ ការ​តវ៉ា​នេះ កើត​ឡើង​នៅ​ក្នុង​វេទិកា​សាធារណៈ​រៀប​ចំ​ដោយ​អាជ្ញាធរ​ស្រុក និង​ក្រសួង​ធនធាន​ទឹក នា​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា។

ប្រជាពលរដ្ឋ​អះអាង​ថា គម្រោង​សាងសង់​ប្រឡាយ​នេះ ពុំ​បាន​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ គឺ​បាន​ប៉ះពាល់​ដល់​ដី​ស្រែ​របស់​អ្នក​ភូមិ​នៅ​ក្នុង​តំបន់​នោះ​ជាច្រើន​ហិកតារ។ ប៉ុន្តែ អភិបាល​ស្រុក​បញ្ជាក់​ថា គម្រោង​សាងសង់​ប្រឡាយ​នេះ​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​ពុំ​ទាន់​សម្រេច​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

អ្នក​ភូមិ​បាន​ជំទាស់​មិន​ឲ្យ​អាជ្ញាធរ​សាងសង់​ប្រឡាយ​ថ្មី​នេះ​ជា​ដាច់​ខាត ដោយ​សំអាង​ថា គម្រោង​ជីក​ប្រឡាយ​នេះ​បាន​ប៉ះពាល់​ធ្វើ​អោយ​បាត់​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ រួម​មាន ភូមិ​ខួច ភូមិ​បន្លាស្អិត និង​ភូមិ​គោកកណ្ដាល នៃ​ឃុំ​ក្រោលគោ ជាដើម។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​ចូល​រួម​ក្នុង​វេទិកា​សាធារណៈ អ្នកស្រី សុន សុផល ថ្លែង​នៅ​ថ្ងៃ​ទី​១០ ឧសភា ថា អ្នកស្រី​មិន​ជំទាស់​ទេ​ពី​គោល​នយោបាយ​នៃ​ការ​អភិវឌ្ឍ​ជីក​ប្រឡាយ ប្រសិន​បើ​ពុំ​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ។ តែ​គម្រោង​សាងសង់​ប្រឡាយ​មួយ​ខ្សែ​របស់​អាជ្ញាធរ​នេះ បើ​សាងសង់​រួច ធ្វើ​ឲ្យ​អ្នក​ភូមិ​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ បាត់​បង់​ដី​ស្រែ​ជាច្រើន​ហិកតារ ក្នុង​នោះ​មាន​អ្នក​ភូមិ​ខ្លះ​បាត់​បង់​ដី​ស្រែ​ទាំង​ស្រុង​តែ​ម្ដង។ អ្នកស្រី សុន សុផល ស្នើ​ឲ្យ​អាជ្ញាធរ​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​ចាស់​ដែល​មាន​ស្រាប់​ពី​ជំនាន់ ប៉ុល ពត នោះ​ប្រជាពលរដ្ឋ​មិន​ជំទាស់​ឡើយ៖ «សំណូមពរ​សុំ​ឲ្យ​រដ្ឋាភិបាល​ចៀស​ពី​ផ្លូវ​ដី​ដែល​វាស់​កន្លង​មក​ចំនួន​ក្បាល​ដី ២០០​ម៉ែត្រ​ហ្នឹង ព្រោះ​អី​ប៉ះពាល់​ប្រជាពលរដ្ឋ។ បើ​ធ្វើ​ផ្លូវ​ធ្វើ​ប្រឡាយ​ក៏​អស់​ដី​ស្រែ​ខាន​ធ្វើ​ស្រែ បាន​ទឹក ហើយ​អត់​ដី​ធ្វើ អ៊ីចឹង​សំណូមពរ​ឲ្យ​ធ្វើ​តាម​ប្រឡាយ​ចាស់ ឬ​តាម​ព្រែក​ចាស់​ដែល​មាន​កន្លង​មក។ អ៊ីចឹង​បើ​រដ្ឋាភិបាល​គោល​បំណង​ធ្វើ​ឲ្យ​រាស្ត្រ​មាន​កំណើន គឺ​សំណូមពរ​តាម​សំណូមពរ​របស់​រាស្ត្រ គឺ​ត្រូវ​ធ្វើ​តាម​ប្រឡាយ មិន​ហាម​មិន​ឃាត់​មិន​ផ្ដាច់​ការ​ទេ។ តែ​បើ​ធ្វើ​តាម​ដី​ស្រែ​វាល​ដែល​វាស់​កន្លង​មក គឺ​សំណូមពរ​អត់​ឲ្យ​ធ្វើ ប៉ះពាល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ច្រើន​ណាស់!»

ស្រដៀង​គ្នា​នេះ​ដែរ ក្រុម​អ្នក​ភូមិ​ដែល​ចូល​រួម​ក្នុង​វេទិកា​សាធារណៈ បញ្ជាក់​ថា គម្រោង​សាងសង់​ប្រឡាយ​របស់​អាជ្ញាធរ​នេះ មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ។ អ្នក​ភូមិ​លើក​ឡើង​ថា បើ​សាងសង់​ប្រឡាយ​តាម​គម្រោង​ថ្មី​នេះ ប្រជាពលរដ្ឋ​ដែល​រស់​នៅ នឹង​ដាច់​ពោះ​ស្លាប់​ដោយសារ​គ្មាន​ដី​ធ្វើ​ស្រែ​ជា​ពុំ​ខាន ព្រោះ​អ្នក​ភូមិ​នៅ​តំបន់​នោះ រស់​នៅ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​របរ​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត៖ «ដី​មាន​តែ ៣០ ឥឡូវ​ស្រាប់​តែ​ត្រូវ​អស់ ហើយ​មាន​អី​នៅ​ទៀត។ ចា៎! អ្នក​មក​ទាំងអស់​គ្នា​សុទ្ធ​តែ​មាន​កង្វល់​ទាំងអស់​គ្នា គ្មាន​នរណា​ខុស​គ្នា​ទេ ចិត្ត​មាន​តែ​មួយ គឺ​មិន​ចង់​ឲ្យ​ជីក​តែ​ម្ដង។ ចុះ​បើ​ជីក​បាន​ប្រយោជន៍​លើ​យើង តើ​ឬ​យ៉ាង​ម៉េច? ប្រយោជន៍​អី បើ​មាន​តែ ៣០​អា​ចំ​កណ្ដាល​ប្រឡាយ​អស់​ហើយ បាន​ធ្វើ​វា​ទៀត។ ដី​ខ្ញុំ​មាន​១​ហិកតារ ដី​ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង បើ​ជីក​អស់ៗ​ហើយ ខ្ញុំ​មាន​ដី​ណា​ធ្វើ​ស្រែ​ទៀត។ មាន​យ៉ាង​ម៉េច ប៉ះពាល់​ដីៗ​មាន​តែ​បន្តិច បើ​យក​អស់​មាន​បាន​អី​ធ្វើ​ស្រែ​ទៀត​ដី​មាន​តែ​ប៉ុណ្ណឹង!»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​ស្វាយជ្រំ លោក សុខ គឹមចាន់ មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ពុំ​មាន​ចេតនា​សង់​ប្រឡាយ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​ថា គម្រោង​សាងសង់​ប្រឡាយ​នេះ គ្រាន់​តែ​ជា​ការ​សិក្សា ពុំ​ទាន់​យក​ជា​ផ្លូវ​ការ​ថា​នឹង​សាងសង់​នៅ​តំបន់​ណា​ពិត​ប្រាកដ​នៅ​ឡើយ​ទេ៖ «ហ្នឹង​គ្រាន់​តែ​គេ​មក​សិក្សា​ដំបូង វា​ទាល់​គេ​ហើយ​បាន​ដឹង។ ឥឡូវ​ខ្ញុំ​ប្រាប់​គាត់​ហើយ​តើ ថា​ឲ្យ​គាត់​ទៅ​ដេក​គិត​សិន​ទៅ។ ហើយ​បើ​គាត់​ថា​អត់​ចង់​បាន​ប្រឡាយ​ហ្នឹង​កាត់​ភូមិ​ស្រុក​គាត់​ទេ ឲ្យ​គាត់​ផ្ដិត​មេដៃ​ទៅ។ ខ្ញុំ​បាន​ប្រាប់​មេ​ភូមិ​ថា ឥឡូវ​ឲ្យ​សាកល្បង​មើល។ តែ​ឥឡូវ​គាត់​មក​បី​បួន​ភូមិ ប៉ុន្តែ​គាត់​អះអាង​ថា តំណាង​ភូមិ​មួយ​ភូមិ ឥឡូវ​ខ្ញុំ​ឲ្យ​មេ​ភូមិ​ផ្ដិត​មេដៃ​គ្រប់​គ្រួសារ ថា​តើ​ប៉ុន្មាន​នាក់​ដែល​ចង់​បាន​ប្រឡាយ ប៉ុន្មាន​នាក់​ដែល​អត់​ចង់​បាន យើង​ចង់​ដឹង​គិត​មើល​សិន យើង​ចាំ​ដល់​ពេល​គម្រោង​មក​ថា​ធ្លាក់​ចំ​កន្លែង​ណា អា​ហ្នឹង​បាន​យើង​គិត​ឡើង​វិញ​ម្ដង​ទៀត»

តែ​យ៉ាង​ណា អ្នក​ភូមិ​ឲ្យ​ដឹង​ថា អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ការ​សាងសង់​ប្រឡាយ​នេះ បាន​ចុះ​ទៅ​វាស់វែង​ប៉ះពាល់​ដី​របស់​ពួក​គាត់​រួច​ទៅ​ហើយ។ អ្នក​ភូមិ​បាន​សាកសួរ​នៅ​ពេល​ដែល​វាស់វែង​នោះ ដើម្បី​បញ្ជាក់​ជាច្រើន​លើក​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​ពុំ​បាន​ឆ្លើយ​តប​ជាមួយ​អ្នក​ភូមិ​ថា​យ៉ាង​ណា​នោះ​ទេ។

គម្រោង​សាងសង់​ប្រឡាយ​នៅ​ស្រុក​ស្វាយជ្រំ នេះ ជា​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោចស្រព​វ៉ៃកូ​ជំហាន​ទី​១ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា គម្រោង​នេះ​មាន ៣​ខេត្ត គឺ​ខេត្ត​កំពង់ចាម ព្រៃវែង និង​ខេត្ត​ស្វាយរៀង។ អភិបាល​ស្រុក​បញ្ជាក់​ថា ទំហំ​នៃ​ប្រឡាយ​ថ្មី​នេះ​ពុំ​ទាន់​បាន​បញ្ជាក់​ថា​យ៉ាង​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។