ពលរដ្ឋ​រស់​នៅ​លើ​ដី​ចំណី​ស្ទឹង​ខេត្ត​ពោធិ៍សាត់​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ

0:00 / 0:00

ប្រជាពលរដ្ឋ​រស់​នៅ​លើ​ដី​ចំណី​ស្ទឹង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ត្រង់​ចំណុច​ភូមិ​ក្បាលហុង និង​ភូមិ​ពោធិ៍កំបោរ នៃ​ឃុំ​វាល ស្រុក​កណ្ដៀង បារម្ភ​អាជ្ញាធរ​មិន​ផ្ដល់​សំណង​សមរម្យ និង​សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា ដើម្បី​បណ្ដេញ​ពួក​គាត់​ចេញ​ពី​លំនៅឋាន នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ខាង​មុខ​នេះ។ តំណាង និង​អ្នក​ភូមិ​អះអាង​ថា ពួក​គាត់​ស៊ូ​ស្លាប់​មិន​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ឡើយ ប្រសិន​បើ​អាជ្ញាធរ​ពុំ​មាន​ដំណោះស្រាយ​ជាក់​លាក់​ណា​មួយ​ជូន​អ្នក​ភូមិ មុន​នឹង​ធ្វើ​ការ​បណ្ដេញ​ចេញ​ទេ​នោះ។

គម្រោង​បណ្ដេញ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ចេញ​ពី​មាត់​ស្ទឹង​ពោធិ៍សាត់ ហាក់​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច បន្ទាប់​ពី​អ្នក​ភូមិ​នាំ​គ្នា​តវ៉ា និង​ប្ដឹង​ទាស់​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​ខេត្ត​ពោធិ៍សាត់ ទៅ​តុលាការ ដែល​តម្រូវ​ឲ្យ​ពួក​គាត់​រុះរើ​លំនៅឋាន​ចេញ​ដោយ​ពុំ​ទាន់​មាន​ការ​ផ្ដល់​សំណង​អ្វី​សោះ​នោះ។ ពលរដ្ឋ​ភាគ​ច្រើន​នៅ​តែ​ខ្វល់ខ្វាយ​ក្នុង​ចិត្ត ចំពោះ​ការ​បាត់​បង់​ផ្ទះ​សម្បែង និង​ខ្លាច​ទីតាំង​ថ្មី​ដែល​អាជ្ញាធរ​បង្ខំ​ឲ្យ​ទៅ​រស់​នៅ​នោះ​មាន​បញ្ហា។

តំណាង​ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ពោធិ៍កំបោរ លោក ជឹង សៀងឡេង មាន​ប្រសាសន៍​ថា គ្រួសារ​លោក និង​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ផ្សេង​ទៀត នឹង​មិន​រុះរើ​ផ្ទះ​សម្បែង​ចេញ​តាម​កាល​កំណត់​របស់​សាលា​ខេត្ត​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ខាង​មុខ​នេះ​ទេ ដោយសារ​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប ឬ​ដំណោះស្រាយ​ជាក់​លាក់​ណា​មួយ​ជូន​ពលរដ្ឋ​នៅ​ឡើយ។ ម្យ៉ាង រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គាត់​លំបាក​ក្នុង​ការ​រស់​នៅ​ហាល​វាល ឬ​ជ្រក​ក្រោម​ដើម​ឈើ ដោយ​រង់ចាំ​ដំណោះស្រាយ​នោះ៖ «ខ្ញុំ​សំណូមពរ​អភិបាល​ខេត្ត​ថ្មី​ដែល​គាត់​ទើប​តែ​ឡើង​ថ្មី ជួយ​រក​ដី​ត្រង់​ណា​មួយ​ដែល​ឲ្យ​ពួក​យើង​រស់​នៅ​ជិត​ក្រុង ហើយ​និង​ទី​២ បើ​សិន​ជា​ជំរុញ​ឲ្យ​ពួក​ខ្ញុំ​ទៅ​នៅ​ឆ្ងាយ​ដដែល សុំ​ឲ្យ​គាត់​រុះរើ​ទាំងអស់​គ្នា កាល​ណា​ដែល​គាត់​រុះរើ​ទាំងអស់​គ្នា ពួក​ខ្ញុំ​ក៏​នឹង​រុះរើ​ដែរ»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត អ្នកស្រី ឈុន គាង បង្ហាញ​ពី​ក្ដី​បារម្ភ​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ជម្នះ​ក្នុង​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ដោយ​គ្មាន​សំណង​សមរម្យ ឬ​បង្ខំ​ឲ្យ​ទៅ​រស់​នៅ​ទី​ជនបទ​ដាច់​ស្រយាល ដែល​គ្មាន​មុខ​របរ​រក​ស៊ី​អ្វី​ដូច​នៅ​ទីប្រជុំជន ដែល​ខ្លួន​កំពុង​រស់​នៅ​ទេ​នោះ អ្នក​ភូមិ​ភាគ​ច្រើន​ច្បាស់​ជា​ជួប​បញ្ហា​ផ្នែក​ជីវភាព​ធ្ងន់ធ្ងរ៖ «នៅ​ផ្សារ​ទៅ ខ្ញុំ​រស់​នៅ​ដូច​ថា​ធ្វើ​របស់​លក់​ដូរ​ទៅ​មួយ​ថ្ងៃ​រស់​បាន​មួយ​ថ្ងៃ​ទៅ វា​បាន​បន្តិច​គ្រាន់​ចាយ​វាយ ហើយ​ក៏​វា​មាន​ទឹក​មាន​ភ្លើង​អី​ត្រឹមត្រូវ។ ចុះ​បើ​កាល​ណា​ឲ្យ​ខ្ញុំ​ទៅ​រស់​នៅ​តាម​ជនបទ អត់​ចេះ​រស់​នៅ​ទេ វា​មិន​ដឹង​ធ្វើ​របស់​របរ​យក​ទៅ​លក់​ឲ្យ​នរណា​ផង ហើយ​ខ្ញុំ​ចាស់ ហើយ​ឲ្យ​ទៅ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​អី​កើត»

ពាក្យ​បណ្ដឹង​ចូល​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ របស់​ពលរដ្ឋ​ភូមិ​ក្បាលហុង និង​ភូមិ​ពោធិ៍កំបោរ សរុប​ចំនួន ២៦​គ្រួសារ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា បង្ហាញ​ថា ក្រុម​អ្នក​ភូមិ​ស្នើសុំ​ឲ្យ​តុលាការ​ចេញ​សាលក្រម​មោឃភាព ឬ​លុប​ចោល​នូវ​សេចក្ដី​ជូន​ដំណឹង​របស់ លោក ខូយ សុខា អតីត​អភិបាល​ខេត្ត​ពោធិ៍សាត់ ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​រុះរើ​លំនៅឋាន​ចេញ​ឲ្យ​អស់​នៅ​មុន​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤ និង​ទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត។ ក្នុង​ករណី​ដែល​មាន​ការ​រុះរើ ក្រុម​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​ចុះ​ត្រួត​ពិនិត្យ​ភូមិសាស្ត្រ និង​ចាត់​របៀប​ចាប់​ផ្ដើម​ពី​ចំណុច​ក្បាល​ស្ពាន​ថ្ម រហូត​មក​ដល់​ប៉ែក​ខាង​ក្រោម ហើយ​ការ​រុះរើ​មិន​ថា​ផ្ទះ​ឈើ ឬ​សំណង់​រឹង​របស់​អ្នក​មាន ឬ​អ្នក​ក្រ​នោះ​ទេ គឺ​ត្រូវ​តែ​មាន​ការ​អនុវត្ត​ស្មើ​គ្នា។ ជាង​នេះ​ទៀត ការ​រុះរើ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ​មាន​ការ​រៀប​ចំ​ភូមិសាស្ត្រ​ឲ្យ​បាន​រួច​រាល់​ជា​មុន​សិន។

ទោះ​ជា​យ៉ាង​ណា ការ​ទាមទារ​របស់​ពលរដ្ឋ​នេះ​ត្រូវ​បាន​ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក កុល កំពូល បដិសេធ​ដោយ​ចេញ​ដីកា​បង្គាប់​ឲ្យ​កែ​តម្រូវ​ពាក្យ​បណ្ដឹង ព្រោះ​សំអាង​ហេតុ​ថា ពាក្យ​បណ្ដឹង​របស់​ឈ្មោះ ជឹង សៀងឡេង ឈ្មោះ ចាន់ រតនា និង​ឈ្មោះ តែ សុគន្ធា ដែល​ជា​ដើម​បណ្ដឹង និង​ជា​តំណាង​ពលរដ្ឋ​ទាំង ២៦​គ្រួសារ​នោះ ធ្វើ​ឡើង​ដោយ​ពុំ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​បញ្ញត្តិ​មាត្រា​៧៥ នៃ​ក្រម​នីតិវិធី​រដ្ឋប្បវេណី។

ចំពោះ​បញ្ហា​នេះ តំណាង​ប្រជាពលរដ្ឋ​បញ្ជាក់​ថា នៅ​គ្រា​ដែល​ខ្លួន​មិន​ទាន់​បាន​កែ​តម្រូវ​លើ​ពាក្យ​បណ្ដឹង​នោះ​ផង ស្រាប់​តែ​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៤ តុលាការ​ផ្ទេរ​សមត្ថកិច្ច​ដោះស្រាយ​ក្នុង​រឿង​នេះ​ទៅ​ខាង​មន្ទីរ​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ វិញ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​លទ្ធផល​អ្វី​នៅ​ឡើយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​ទាំង ២៦​គ្រួសារ ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ទៅ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រម​ទាំង​ស្ថាប័ន​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ មួយ​ចំនួន​ទៀត។

អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី លោក ម៉ៅ ធនិន មិន​បញ្ជាក់​អំពី​ដំណោះស្រាយ​ក្នុង​រឿង​នេះ​យ៉ាង​ណា​នោះ​ទេ ហើយ​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ខាង​មុខ អាជ្ញាធរ​នឹង​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​ខេត្ត​ដែរ ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​លោក​ថ្លែង​យ៉ាង​ខ្លី​ថា មុន​នឹង​ធ្វើ​អ្វី​មួយ លោក​ដឹង​ពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ៖ «ការងារ​នេះ​បើ​ក្នុង​នាម​អាជ្ញាធរ​ខេត្ត ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត គឺ​ជា​ប្រជាពលរដ្ឋ​ខ្ញុំ ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច​ក៏​យើង​ខ្ញុំ​គិត​ពី​រឿង​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ដែរ។ អ៊ីចឹង​បាន​ហើយ​បង​ខ្ញុំ​ជាប់​រវល់​បន្តិច»

ទាក់ទង​បញ្ហា​នេះ មាន​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ខ្លះ​រិះគន់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​សុរិយោ​ដី ក្នុង​ការ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ទៅ​លើ​ដី​ក្បែរ​មាត់​ស្ទឹង​ពោធិ៍សាត់ ដោយ​អ្នក​ខ្លះ​ទទួល​បាន​ប្លង់ និង​អ្នក​ខ្លះ​អត់។ ការ​រិះគន់​នេះ ត្រូវ​បាន​ប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​ពោធិ៍សាត់ លោក ចេង ឡៃ ឆ្លើយ​តប​ថា អ្នក​ដែល​ទទួល​បាន​ប្លង់​កាន់​កាប់​ដី​នៅ​តាម​បណ្ដោយ​មាត់​ស្ទឹង​នោះ គឺ​ដោយសារ​តែ​ស្ថាន​ដី​លយ​ចេញ​ពី​ចំណី​ស្ទឹង ទើប​មាន​ការ​វាស់វែង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន ចង់​ឃើញ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើ​មុខ​គ្នា​រវាង​អ្នក​មាន​លុយ ឬ​មាន​អំណាច និង​ប្រជាពលរដ្ឋ​ក្រីក្រ។ លោក​បន្ត​ថា មុន​នឹង​ធ្វើ​ការ​អភិវឌ្ឍ ឬ​យក​ទីតាំង​ណា​មួយ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សាធារណៈ អាជ្ញាធរ​គប្បី​ប្រជុំ​រក​ដំណោះស្រាយ និង​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ៖ «រស់​នៅ​ហ្នឹង​មាន​ខ្លះ​តាំង​ពី​ឆ្នាំ​១៩៩៣ ខ្លះ​ឆ្នាំ​១៩៩៦-១៩៩៧ អី គាត់​មាន​ចុះ​ឈ្មោះ​ក្នុង​ភូមិ​ក្នុង​ឃុំ​ទាំង​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​មណ្ឌល​មួយៗ។ ដូច្នេះ ការ​តាំង​ទីលំនៅ​របស់​គាត់ បើ​យើង​វិភាគ​ទៅ​ឃើញ​ថា មិន​មែន​ជា​អ្នក​មក​នៅ​អនាធិបតេយ្យ​ទេ»

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​ខេត្ត​ពោធិ៍សាត់ ចុះ​ហត្ថលេខា​ដោយ​អតីត​អភិបាល​ខេត្ត លោក ខួយ សុខា នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៤ បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ និង​ធ្វើ​អាជីវកម្ម​លើ​ដី​ចំណី​ស្ទឹង​ត្រើយ​ខាង​លិច​ចាប់​ពី​ទំនប់​ក្បាលហុង ក្នុង​ភូមិ​ក្បាលហុង រហូត​ដល់​ផ្លូវ​ក្រវាត់​ក្រុង​នៃ​ភូមិ​ពោធិ៍កំបោរ ឃុំ​វាល ស្រុក​កណ្ដៀង ត្រូវ​រុះរើ​ផ្ទះ​សម្បែង និង​ផល​ដំណាំ​ផ្សេងៗ​ចេញ​ឲ្យ​អស់​នៅ​មុន​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤ ដោយ​រដ្ឋបាល​សាលា​ខេត្ត​មាន​ផែនការ​សាងសង់​ជើង​ទេរ​ច្រាំង​ស្ទឹង រៀប​ចំ​សួនច្បារ និង​ដាំ​បង្គោល​ភ្លើង​បំភ្លឺ​នៅ​ទី​សាធារណៈ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។