ពលរដ្ឋ​ខ្លះ​ប្រតិកម្ម​នឹង​ការ​ចាប់​ជន​សង្ស័យ​២​នាក់​ចោទ​រាន​យក​ដី​តំបន់​ឧទ្យានជាតិ​បូកគោ

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​ប្រតិកម្ម​ចំពោះ​សាលា​ដំបូង​ខេត្ត​កំពត ដែល​បាន​ចាប់​បុរស​វ័យ​ចំណាស់ ២​រូប​ឃុំ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៣។ បុរស​ទាំង​ពីរ​បាន​រង​ការ​សង្ស័យ​ថា បាន​ពាក់ព័ន្ធ​នឹង​ការ​រុក​រាន​យក​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ដែល​ជា​បទ​ឧក្រិដ្ឋ។

0:00 / 0:00

គ្រួសារ​របស់​ពលរដ្ឋ​ទាំង ២​រូប ដែល​ត្រូវ​បាន​មន្ត្រី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា ពាក់ព័ន្ធ​នឹង​ការ​រុក​រាន​យក​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ កំពុង​ព្រួយ​បារម្ភ​ពី​សុខ​ទុក្ខ និង​សុខភាព​របស់​ជន​សង្ស័យ​នៅ​ក្នុង​ពន្ធនាគារ។

ពលរដ្ឋ​ដែល​រង​ការ​ចោទ​ប្រកាន់​នោះ​មាន​ឈ្មោះ ស្វាយ ជន អាយុ ៦៨​ឆ្នាំ និង​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ប៊ុន ឡេវ ហៅ ចាន់ ធី អាយុ ៧២​ឆ្នាំ រស់​នៅ​ភូមិ​ព្រែកក្រែង ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ។

ភរិយា​របស់ លោក ប៊ុន ឡេវ គឺ​អ្នកស្រី ឈុន ផា ថ្លែង​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ថា ស្វាមី​របស់​អ្នកស្រី​ត្រូវ​មន្ត្រី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា និង​បញ្ជូន​សំណុំ​រឿង​ទៅ​សាលា​ដំបូង​ខេត្ត​កំពត ហើយ​សាលា​ដំបូង​ខេត្ត​ក៏​បាន​ឃុំ​ខ្លួន​ស្វាមី​គាត់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ភ្លាមៗ។ អ្នកស្រី​បន្ត​ថា នៅ​ពេល​អ្នកស្រី​ទៅ​ពន្ធនាគារ ដើម្បី​សុំ​ជួប​សួរ​សុខ​ទុក្ខ​ស្វាមី​គាត់ បែរ​ជា​មន្ត្រី​ពន្ធនាគារ​ហាម​មិន​ឲ្យ​អ្នកស្រី​ចូល​ជួប​នោះ​ទេ។

អ្នកស្រី ឈុន ផា៖ «បី​ថ្ងៃ​អាទិត្យ​ហ្នឹង លោក​មេ​ឃុំ​បាន​នាំ​ខ្ញុំ​ឲ្យ​ទៅ​ជួប​គាត់​ម្ដង។ ឥឡូវ​ខ្ញុំ​សុំ​ជួប​គាត់​យក​បាយ​យក​ទឹក​អី ខ្ញុំ​ចង់​ដឹង​គាត់​ឈឺ​ជា​អី សួរ​សុខ​ទុក្ខ​គាត់ គេ​ដល់​១​ខែ​អី​បាន​គេ​ឲ្យ​ជួប។ វា​អត់​មាន​ជាក់ស្ដែង​សោះ គ្រាន់​តែ​ស៊ី​ឈ្នួល​គេ​ហ្នឹង​១​កុង​៤​ម៉ឺន ៣​ថ្ងៃ​ទៅ ៣​ថ្ងៃ​កន្លះ ទើប​បាន​១​កុង​៤​ម៉ឺន​ហ្នឹង។ ខ្ញុំ​តាំង​ពី​ថ្ងៃ​ចាប់​គាត់​មក​ទល់​ឥឡូវ ខ្ញុំ​មិន​ទាន់​ហូប​បាយ​អស់ ១​ស្លាបព្រា​ទេ ហើយ​មាន​តែ​ពីរ​នាក់​តា​យាយ ហើយ​សុំ​គេ​ជួប​អត់​បាន»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត​កំពត លោក ខៃ សម្ផស្ស បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា។

មេធាវី​នៃ​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពត អ្នកស្រី ទ្រី ឈួន ដែល​ការពារ​ក្ដី​ឲ្យ​អ្នក​ភូមិ​ទាំង​ពីរ បាន​ថ្លែង​ថា អ្នកស្រី​នៅ​ពុំ​ទាន់​បាន​សិក្សា​លើ​សំណុំ​រឿង​នេះ​ឲ្យ​បាន​ស៊ី​ជម្រៅ​នៅ​ឡើយ ដោយ​រឿង​នេះ​ទើប​តែ​កើត​ឡើង​ថ្មីៗ​នេះ។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ព្រែកត្នោត លោក គង់ ប៊ុនរា មាន​ប្រសាសន៍​ថា លោក​កំពុង​ស្វែង​រក​អន្តរាគមន៍​ពី​មេធាវី ដើម្បី​ធានា​ពលរដ្ឋ​របស់​គាត់​ទាំង​ពីរ​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ៖ «ខ្ញុំ​កំពុង​ជួយ​អន្តរាគមន៍ ខ្ញុំ​ជឿ​ថា​រឿង​នេះ​ប្រហែល​ជា​អាច​ដោះ​បាន​ទេ។ ខ្ញុំ​បាន​ពឹងព​មេធាវី​ហើយ បើ​យោង​តាម​ការ​បំភ្លឺ​ហេតុផល យើង​ថា​ហេតុផល​នេះ​គ្រប់គ្រាន់ ព្រោះ​ថា​គាត់​គ្រាន់​តែ​អ្នក​ស៊ី​ឈ្នួល​គេ​ទេ»

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ប្រជាពលរដ្ឋ​ប្រមាណ ៦០​នាក់ បាន​ទៅ​ជួប​ជុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​កំពត ដើម្បី​ទាមទារ​អោយ​ដោះ​លែង​អ្នក​ភូមិ​ទាំង​ពីរ​រូប​នោះ ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។