ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានប្រជុំពិភាក្សាគ្នាជាថ្មីម្តងទៀត នៅរសៀលថ្ងៃទី៦ ឧសភា ដើម្បីត្រៀមរៀបចំវេទិកាសាធារណៈរួមគ្នា ដោះស្រាយការទាមទារជម្រកស្នាក់នៅរបស់ពលរដ្ឋដែលនៅសេសសល់ក្នុងសហគមន៍បុរីកីឡា។
នេះជាលើកទី២ហើយដែលក្រុមអង្គការសង្គមស៊ីវិល ១៥ស្ថាប័ន ត្រូវបានសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យចូលជួបពិភាក្សាគ្នារកដំណោះស្រាយ បញ្ចប់ជម្លោះនៅតំបន់បុរីកីឡា។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដែលដឹកនាំកិច្ចប្រជុំរយៈពេល ៣ម៉ោងនោះ បានសង្កត់ធ្ងន់ថា លោកនឹងរកដំណោះស្រាយជូនអ្នករស់នៅបុរីកីឡា ឲ្យចប់សព្វគ្រប់ តាមរយៈការបង្កើតឲ្យមានវេទិកាសាធារណៈមួយ ដើម្បីឲ្យខាងសហគមន៍បង្ហាញភស្តុតាងជាក់លាក់ បញ្ជាក់ថា ពួកគេពិតជាបានរស់នៅក្នុងតំបន់បុរីកីឡា ពិតប្រាកដ។ ប៉ុន្តែ វេទិកាសាធារណៈនោះ នៅមិនទាន់ប្រាកដថានឹងត្រូវធ្វើនៅពេលណានៅឡើយ។
ប្រធានអង្គការសមាគមធាងត្នោត លោក អ៊ី សារុំ ដែលចូលរួមប្រជុំជាមួយសាលារាជធានីភ្នំពេញ ឲ្យដឹងថា លោក ប៉ា សុជាតិវង្ស ហាក់មានឆន្ទៈដោះស្រាយជម្លោះនៅបុរីកីឡា ពិត តាមរយៈការដោះស្រាយពីរវិធី៖ «ទី១ អ្នកដែលជាបុរីកីឡា ពិតប្រាកដហ្នឹង គាត់នឹងឲ្យផ្ទះតាមការទាមទារកន្លងមក ដូចអ្នកដែលធ្លាប់បានកន្លងមកអ៊ីចឹង។ទី២ សម្រាប់អ្នកដែលជួលផ្ទះគេនៅ ហើយទាមទារដែរ គាត់នឹងរកដំណោះស្រាយឲ្យទីកន្លែងណាមួយក្នុងរាជធានីភ្នំពេញ ប៉ុន្តែមិនមែននៅក្នុងបុរីកីឡា ទេ»។
សព្វថ្ងៃ មានប្រជាពលរដ្ឋរស់នៅបុរីកីឡា ១៥៦គ្រួសារ ដែលនៅមិនទាន់ទទួលសំណង បន្តក្រាញរស់នៅលើគំនរសំរាមក្រោមកៅស៊ូតង់ក្តៅ និងក្រោមជណ្ដើរអគារនៅបុរីកីឡា ដើម្បីទាមទារឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សង់អគារស្នាក់នៅ ២បន្ថែមទៀតតាមកិច្ចសន្យា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។