ប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន ១៥គ្រួសារ រស់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ដង្ហោយរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី និងភរិយា ឲ្យជួយដោះស្រាយជម្លោះដីធ្លីរ៉ាំរ៉ៃដែលឈ្មួញមានទ្រព្យធនឃុបឃិតជាមួយមន្ត្រីក្រសួង ឬស្ថាប័នពាក់ព័ន្ធ ធ្វើប្លង់កម្មសិទ្ធិលើដីលំនៅឋានកំពុងរស់នៅ។ លើសពីនេះ ក្រុមប្រជាពលរដ្ឋឲ្យដឹងថា ឈ្មួញបានបន្តប្ដឹងពួកគាត់ទៅតុលាការ ហើយសាលាដំបូងព្រះសីហនុ កោះហៅពួកគាត់ឲ្យទៅបំភ្លឺនៅថ្ងៃទី៦ ខែមីនា ខាងមុខ។
មានស្បែកជ្រីវជ្រួញ ភ្នែកមើលមិនច្បាប់ និងមានដំណើរកោងខ្នងផងនោះ លោកយាយមានអាយុជាង ៨០ឆ្នាំ ឈ្មោះ ង៉ែត យី រស់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានយំរៀបរាប់ពីភាពអយុត្តិធម៌ដែលត្រូវលោក ង៉ាន់ វណ្ណា បានឃុបឃិតជាមួយមន្ត្រីក្រសួង និងមន្ទីរពាក់ព័ន្ធលួចធ្វើប្លង់ដីធ្លីរំលោភយកដីលំនៅឋានពួកគាត់កំពុងរស់នៅ៖ «គេធ្វើបាបគ្រប់បែបយ៉ាង អស់ពីបុគ្គលឈ្មោះ លឹម ហ៊ុយឡេង មកដល់អ្នកក្រោយនេះ គឺលោក ង៉ាន់ វណ្ណា បានឃុបឃិតលួចធ្វើប្លង់កម្មសិទ្ធិពីលើដីលំនៅឋានកំពុងរស់នៅដោយប្រជាពលរដ្ឋមិនដឹងខ្លួននោះទេ។ ឥឡូវតុលាការបានកោះហៅប្រជាពលរដ្ឋពួកគាត់ទៅបំភ្លឺនៅតុលាការនៅថ្ងៃទី៦ ខែមីនា។ ឥឡូវហ្នឹងវាទៅជាអ្នកមិនមែនជាម្ចាស់ដី បែរជាមកប្ដឹងយើងជាម្ចាស់ដីទៅវិញ»។
ក្នុងកាយវិការលើកដៃសំពះ និងឆ្លៀតជូតទឹកភ្នែកដែលហូរមិនដាច់ផង ស្ត្រីចំណាស់ដែលតែងនាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងធ្វើបុណ្យនៅវត្តជារៀងរាល់ថ្ងៃសីល បានអំពាវនាវដល់ប្រមុខដឹកនាំនិងភរិយា ឲ្យបញ្ជូនមន្ត្រីឯករាជ្យចុះស៊ើបអង្កេតលើករណីទំនាស់ដីធ្លីរវាងពលរដ្ឋនឹងលោក ង៉ាន់ វណ្ណា។ លោកយាយបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋរងគ្រោះដីធ្លីទាំង ១៥គ្រួសារ គឺមានពលរដ្ឋខ្លះបានមកតាំងទីលំនៅលើដីកំពុងមានទំនាស់នៅឆ្នាំ១៩៨៧ មកម្ល៉េះ។ លោកយាយ ង៉ែត យី បានរៀបរាប់ទាំងសំឡេងអួលដើមកប្រាប់វិទ្យុអាស៊ីសេរីថា មុននឹងគាត់លាកចាកពីលោកនេះទៅ រូបគាត់ចង់ឃើញយុត្តិធម៌ និងទទួលបានសិទ្ធិរស់នៅស្របច្បាប់នៅលើដីកំពុងសង់លំនៅឋានដោយគ្មានការរំលោភបំពាន ឬបំភិតបំភ័យ។
លោកយាយបញ្ជាក់ថា រូបគាត់គ្មានជំនឿទៅលើប្រព័ន្ធតុលាការ ថាអាចជួយរកយុត្តិធម៌លើករណីទំនាស់ដីធ្លីរ៉ាំរ៉ៃរបស់ពលរដ្ឋពួកគាត់ទាំង ១៥គ្រួសាររស់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ដែលមានផ្ទៃដីសរុបមិនដល់មួយហិកតារនេះទេ។ ប៉ុន្តែលោកយាយមានក្តីរំពឹងទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ជួយអន្តរាគមន៍ និងផ្ដល់យុត្តិធម៌ជូនពួកគាត់៖ «សូមឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវជួយដល់ពួកគាត់ទាំង ១៥គ្រួសារផង គឺការរស់នៅត្រូវរងទុក្ខវេទនាខ្លាំងណាស់អស់រយៈពេលជាង ១០ឆ្នាំមកហើយ ដែលត្រូវគេរំលោភបំពានដីធ្លីសង់លំនៅឋានជាបន្តបន្ទាប់។ កើតទុក្ខជាយូរឆ្នាំមកហើយ ហើយទៅសុំសីលក៏អារម្មណ៍មិនល្អដែរ។ ឥឡូវនេះខកខានមិនបានទៅធ្វើបុណ្យទានអស់ហើយ ហើយខ្លាចភាគីមានជម្លោះប្រើប្រព័ន្ធតុលាការ ឬកម្លាំងប្រដាប់អាវុធមកគំរាមកំហែងចាប់ដាក់គុកច្រវាក់ជាដើម»។
លោកយាយ ង៉ែត យី ឲ្យដឹងថា នៅថ្ងៃទី៦ ខែមីនា ខាងមុខ តុលាការសាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាកោះហៅប្រជាពលរដ្ឋពួកគាត់ចំនួន ១២គ្រួសារ ក្នុងចំណោម ១៥គ្រួសារឲ្យចូលខ្លួនទៅបំភ្លឺនៅតុលាការទៅតាមពាក្យបណ្ដឹងរបស់លោក ង៉ាន់ វណ្ណា ដែលប្ដឹងប្រជាពលរដ្ឋឲ្យរុះរើលំនៅឋានចេញពីលើដីកំពុងរស់នៅដោយសំអាងមានប្លង់កម្មសិទ្ធិស្របច្បាប់។ លោកយាយបន្តថា ពេលនេះប្រជាពលរដ្ឋពួកគាត់ ពិសេសរូបគាត់មិនហ៊ានទៅបង្ហាញខ្លួននៅចំពោះមុខតុលាការតាមដីកាកោះនោះទេ ព្រោះខ្លាចការចាប់ចង និងគ្មានជំនឿទៅលើប្រព័ន្ធតុលាការទេ។ ជាងនេះ ប្រជាពលរដ្ឋពួកគាត់ក៏គ្មានមេធាវីដើម្បីការពារក្តីដែរ ព្រោះមិនមានលទ្ធភាពជួលមេធាវី។
បន្ថែមលើនេះ លោកស្រី ប៉ាក់ ស៊ីណា តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លី ១៥គ្រួសារ នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ចោទថា ក្រុមអ្នកដែលឃុបឃិតធ្វើប្លង់រំលោភយកដីលំនៅឋានពួកគាត់ទាំង ១៥គ្រួសារ គឺផ្ដើមដោយមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីមន្ទីរពាក់ព័ន្ធមួយចំនួនក្នុងខេត្តព្រះសីហនុ។
លោកស្រីបន្តថា ក្នុងចំណោមពលរដ្ឋទាំង ១៥គ្រួសារ ដែលមករស់នៅក្បែរតំបន់អាងចម្រោះទឹកស្អាតនាខេត្តព្រះសីហនុ គឺមានពលរដ្ឋខ្លះបានមកតាំងទីលំនៅលើដីនេះ តាំងពីឆ្នាំ១៩៨៧ មកម្ល៉េះ ហើយអាជ្ញាធរមូលដ្ឋានដឹងឮ និងទទួលស្គាល់ជាបន្តបន្ទាប់ រហូតដល់មានសកម្មភាពចុះវាស់វែងដីធ្លី ត្រៀមផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់ថែមទៀតកន្លងមក។ ប៉ុន្តែនៅពេលតម្លៃដីធ្លីកើនខ្ពស់ និងមានការប្តឹងទាស់ពីឈ្មួញមានទ្រព្យធន ហើយជាប់សែស្រឡាយមន្ត្រីមានអំណាច ទំនាស់ដីធ្លីនេះក៏បានកើតមានជាបន្តបន្ទាប់ ដោយឈ្មួញបានប្រើគ្រប់រូបភាព ដើម្បីរំលោភយកដីធ្លីពួកគាត់រហូតមកដល់ពេលនេះ។
តំណាងពលរដ្ឋរូបនេះឲ្យដឹងថា ទីតាំងដីរបស់លោក ង៉ាន់ វណ្ណា គឺមានព្រំនៅជាប់ខាងក្រោយផ្ទៃដីធ្លីរបស់ប្រជាពលរដ្ឋពួកគាត់ទាំង ១៥គ្រួសារ ដែលមានព្រំ ឬទីតាំងជាប់ថ្នល់ក្រាលកៅស៊ូ។ ប៉ុន្តែចំណែកដីលោក ង៉ាន់ វណ្ណា មិនជាប់ថ្នល់កៅស៊ូទេ។
ផ្ដើមពីបញ្ហានេះ ប្រជាពលរដ្ឋមានទំនាស់ដីធ្លីទាំង ១៥គ្រួសារ នាខេត្តព្រះសីហនុ បានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងពីការធ្វើកំណែទម្រង់ស៊ីជម្រៅនៅក្នុងរដ្ឋាភិបាលអាណត្តិទី៥ ស្នើឲ្យជួយបញ្ឈប់រាល់សកម្មភាពឃុបឃិតរំលោភយកដីពួកគាត់តទៅទៀត។
ជាងនេះ ក៏បានស្នើឲ្យប្រមុខដឹកនាំរដ្ឋាភិបាលជួយបញ្ជូនមន្ត្រីចុះស៊ើបអង្កេតលើករណីមន្ត្រីក្រសួង ឬស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ ឃុបឃិតចេញប្លង់កម្មសិទ្ធិជូនបុគ្គលឈ្មោះ ង៉ាន់ វណ្ណា ដែលគ្មានវត្តមានក្នុងមូលដ្ឋានខេត្តព្រះសីហនុ រំលោភដីលំនៅឋានពលរដ្ឋពួកគាត់ចំនួន ១៥គ្រួសារដោយអនុគ្រោះ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងលោក ង៉ាន់ វណ្ណា ដែលពលរដ្ឋចោទថា បានធ្វើប្លង់កម្មសិទ្ធិដីធ្លីរំលោភយកដីលំនៅឋានចំនួន ១៥គ្រួសារ និងបានដាក់ពាក្យប្ដឹងពលរដ្ឋទៅតុលាការឲ្យរុះរើលំនៅឋានចេញពីដីមានកម្មសិទ្ធិស្របច្បាប់របស់គាត់ទេ នៅថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ។
បញ្ហានេះ លោក ហ៊ុន ភី ប្រធានមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យដឹងថា ពិតជាបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬកម្មសិទ្ធិដីធ្លីជូនលោក ង៉ាន់ វណ្ណា មានទីតាំងនៅភូមិ៥ សង្កាត់៤ ខេត្តព្រះសីហនុ មានផ្ទៃដីសរុបជាង ៦ម៉ឺន ៤ពាន់ម៉ែត្រការ៉េ កាលពីខែសីហា ឆ្នាំ២០១៤ ពិតមែន។ ប៉ុន្តែលោកថា ការចេញប័ណ្ណនេះ គឺមន្ទីរអនុវត្តទៅតាមសេចក្ដីសម្រេចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្គាប់បញ្ជាមកតែប៉ុណ្ណោះ៖ «ការងារនេះបើចង់ដឹងច្បាប់ទាល់តែជួបទំនាក់ទំនងជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីទើបច្បាស់ ព្រោះករណីចេញប្លង់កម្មសិទ្ធិដីធ្លីរបស់មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ គឺអនុវត្តទៅតាមសេចក្ដីសម្រេចរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម ថ្នាក់ជាតិជាអ្នកដាក់ឲ្យអនុវត្ត ឬបង្គាប់បញ្ជាមកតែប៉ុណ្ណោះ»។
លោកត្អូញត្អែរថា ការចេញកម្មសិទ្ធិដីធ្លីជូនលោក ង៉ាន់ វណ្ណា នេះ កំហុសឆ្គងបានធ្លាក់មកលើពួកគាត់អ្នកអនុវត្ត។ យ៉ាងណាលោក ហ៊ុន ភី ទម្លាក់ការទទួលខុសត្រូវនៃការបង្គាប់បញ្ជាឲ្យចេញប័ណ្ណកម្មសិទ្ធិជាន់លើដីរបស់ប្រជាពលរដ្ឋទាំង ១៥គ្រួសារ ទៅអោយថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្មថ្នាក់ជាតិ។
ការឆ្លើយបញ្ហាដាក់គ្នារបស់លោក ហ៊ុន ភី ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ត្រូវមន្ត្រីសង្គមស៊ីវិលធ្វើការពាក់ព័ន្ធដីធ្លី នាខេត្តជាប់មាត់សមុទ្រមួយនេះ មានមន្ទិលថា អាចមានភាពមិនប្រក្រតី ឬអំពើពុករលួយកើតមានក្នុងសកម្មភាពចេញប័ណ្ណកម្មសិទ្ធិដីធ្លីរំលោភយកដីលំនៅឋានរបស់ប្រជាពលរដ្ឋទាំង ១៥គ្រួសារ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ លោក ឃុន សាវឿន មានប្រសាសន៍ថា អង្គការនេះកំពុងជួយប្រឹក្សាផ្លូវច្បាប់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ១៥គ្រួសារ ក្រោយពេលទទួលបានពាក្យបណ្ដឹងពីពួកគេ។
លោករិះគន់ថា សង្គមកម្ពុជាបច្ចុប្បន្ន ដ៏រាបណាមានសកម្មភាពឃុបឃិតជាលក្ខណៈប្រព័ន្ធរវាងមន្ត្រីតាមក្រសួង ឬស្ថាប័នមួយចំនួនដូចរាល់ថ្ងៃនេះ គឺទំនាស់ធ្លីនឹងបន្តកើតមាន និងមិនអាចដោះស្រាយបានទេ។ ជាងនេះ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីដែលបានបង្កើតឡើងក៏មិនអាចដោះស្រាយបញ្ចប់ជម្លោះដីធ្លីដែលបានកើតមានស្ទើរទូទាំងប្រទេស ដើម្បីផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋបានទេ។
លោក ឃុន សាវឿន ដែលបានចុះពិនិត្យផ្ទាល់ដល់ទីតាំងលំនៅឋានរបស់ប្រជាពលរដ្ឋទាំង ១៥គ្រួសារ នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ពេលថ្មីៗនេះ បានចាត់ទុកការចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ក្រសួង ឬមន្ទីរពាក់ព័ន្ធខេត្តព្រះសីហនុ ជូនបុគ្គលឈ្មោះ លោក ង៉ាន់ វណ្ណា ជាន់លើដីលំនៅឋានប្រជាពលរដ្ឋទាំង ១៥គ្រួសារ ថាមានភាពមិនប្រក្រតី និងអាចមានបញ្ហាពុករលួយរវាងឈ្មួញ និងមន្ត្រីនៅតាមក្រសួង ឬស្ថាប័នពាក់ព័ន្ធមួយចំនួននាខេត្តព្រះសីហនុ។
លោក ឃុន សាវឿន៖ «ទាក់ទងទំនាស់ដីធ្លីនៅក្នុងភូមិ៥ សង្កាត់៤ ខេត្តព្រះសីហនុហ្នឹង គឺគេបានធ្វើប្លង់ជាន់ពីលើដីលំនៅឋានរបស់ពលរដ្ឋចំនួន ១៥គ្រួសារ ហើយពលរដ្ឋទាំង ១៥គ្រួសារនោះ ក៏បានដាក់ពាក្យសុំធ្វើប្លង់រួចហើយ ប៉ុន្តែមន្ទីរពាក់ព័ន្ធមិនធ្វើប្លង់ជូនពួកគាត់ទេ។ ប៉ុន្តែបែរជាចេញប្លង់ឲ្យភាគីម្ខាងទៀត ឬអ្នកដទៃទៅវិញ។ សំណួរសួរថា តើប្លង់នៅលើដីតែមួយ ហេតុអ្វីបានជាអ្នកធ្លាប់រស់នៅ ឬកំពុងរស់នៅលើដីតាំងពីយូរមកហើយស្នើសុំធ្វើប្លង់មិនបាន? ចុះហេតុអីបានជាស្ថាប័នពាក់ព័ន្ធចេញប្លង់ជូនអ្នកដទៃនៅលើចំណុចដីកំពុងតែមានវិវាទនេះ? ដូច្នេះចំណុចហ្នឹងជាភាពមិនប្រក្រតីមួយ»។
លោកថា បញ្ហាឃុបឃិតចេញប័ណ្ណកម្មសិទ្ធិមិនប្រក្រតី ផ្តើមដោយមន្ត្រីនៃរៀបចំដែនដីនគរូបនីយកម្ម និងស្ថាប័នពាក់ព័ន្ធខ្លះ នាខេត្តព្រះសីហនុ គឺមិនមែនជារឿងថ្មីទេ។ បញ្ហានេះ ធ្លាប់កើតមានជាហូរហែនៅខេត្តជាប់មាត់សមុទ្រមួយនេះ ហើយភាគច្រើនឈ្មួញដី ឬមន្ត្រីមានអំណាចតែងប្រើប្រព័ន្ធតុលាការដើម្បីគំរាមកំហែង និងចាប់ប្រជាពលរដ្ឋម្ចាស់ដីក្រីក្រដាក់គុកច្រវាក់ជាបន្តបន្ទាប់។
ទាក់ទិនបញ្ហានេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ លោកបានចុះហត្ថលេខាឯកភាពតាមសំណើសុំគោលការណ៍លុបក្បាលដីលេខ ២៣១៩ ចោល និងកែតម្រូវក្បាលដីលេខ ២៤០២ ឲ្យជាប់ផ្លូវឡើងវិញ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង និងខេត្តព្រះសីហនុ តាមសំណើរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម ខេត្តព្រះសីហនុ ទៅតាមការសម្រេចរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម។
សេចក្ដីសម្រេចនេះ ប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំង ១៥គ្រួសារ បានចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ជាថ្មីទៀត ព្រោះបានរំលោភដីលំនៅឋានពួកគាត់កំពុងរស់នៅដើម្បីផ្គាប់ចិត្តតាមមហិច្ឆតារបស់បុគ្គលឈ្មោះ ង៉ាន់ វណ្ណា។
ជាងនេះ ក្រុមប្រជាពលរដ្ឋក៏បានអះអាងថា កង្វល់នៃការចេញប័ណ្ណកម្មសិទ្ធិរំលោភយកដីលំនៅឋាន ផ្ដើមដោយក្រសួងរៀបចំដែនដី និងមន្ទីរពាក់ព័ន្ធមួយចំនួននាខេត្តព្រះសីហនុ ពួកគាត់ធ្លាប់បានដាក់ពាក្យបណ្ដឹងជូនស្ថាប័នកំពូលៗ នៃរាជរដ្ឋាភិបាល មានរដ្ឋសភា និងអង្គភាពប្រឆាំងអំពើពុករលួយជាដើម ដើម្បីស្នើជួយរកដំណោះស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានយុត្តិធម៌ទេ។
ទាក់ទិនបញ្ហានេះដែរ លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ ឬហៅថា គណៈកម្មការទី១០ នៃរដ្ឋសភា ធ្លាប់បានលើកឡើងនៅក្នុងជំនួបជាមួយលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីដឹកនាំនៅតាមមន្ទីរពាក់ព័ន្ធខេត្តនេះ កាលពីថ្ងៃទី២៧ ខែមករា ដោយស្នើឲ្យដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋទាំង ១៥គ្រួសារ រស់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ដោយយុត្តិធម៌។
បញ្ហានេះដែរ លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ឬហៅថា គណៈកម្មការទី១រដ្ឋសភា បានឲ្យដឹងដែរថា នៅខែមីនា ឆ្នាំ២០១៥ លោកមានគម្រោងដឹកនាំប្រតិភូចុះពិនិត្យ និងស៊ើបអង្កេតលើជម្លោះដីធ្លីនៅតាមសហគមន៍នានា ក្នុងខេត្តព្រះសីហនុ ដែលកើតមានរ៉ាំរ៉ៃ និងឈានដល់អញ្ជើញអ្នកជាប់ពាក់ព័ន្ធបង្កើតឲ្យមានការរំលោភដីធ្លីមកបំភ្លឺ និងឈានដល់ចាត់វិធានការតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។