ប្រជាពលរដ្ឋ ២៣គ្រួសារ ក្នុងសហគមន៍ស្ដារជីវភាពឡើងវិញ នៅស្រុកពាមរ ខេត្តព្រៃវែង រិះគន់អាជ្ញាធរសុរិយោដីស្រុកនេះថា ផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ឲ្យប្រជាពលរដ្ឋយឺតយ៉ាវ ៨ឆ្នាំមកហើយ។ ពួកគាត់បញ្ជាក់ថា ដោយសារតែពុំមានប្លង់ដីកាន់កាប់នេះ ធ្វើឲ្យពួកគាត់ជួបការលំបាកជាខ្លាំង គឺមិនអាចរស់នៅលើដីកម្មសិទ្ធិរបស់ខ្លួនដោយស្របច្បាប់ និងពុំមានសេចក្ដីសុខឡើយ។
ប្រជាពលរដ្ឋក្នុងសហគមន៍អំពាវនាវសុំឲ្យអាជ្ញាធរសុរិយោដី និងមន្ត្រីពាក់ព័ន្ធបញ្ហានេះ ធ្វើយ៉ាងណាពន្លឿនផ្ដល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ឲ្យពួកគាត់ដែលរស់នៅក្នុងសហគមន៍ទាំង ២៣គ្រួសារឲ្យបានឆាប់ ព្រោះអ្នកភូមិក្នុងសហគមន៍ទាំងនោះ ភាគច្រើនជាស្ត្រីមេម៉ាយ បើពុំមានប័ណ្ណកម្មសិទ្ធិកាន់កាប់ទេ ពួកគាត់ពិបាកក្នុងការទៅរស់នៅលើដីនោះ។
ប្រជាពលរដ្ឋនិយាយថា ដីនៅតំបន់នោះមានមនុស្សជាច្រើនបានសម្រុកទៅរស់នៅយ៉ាងអនាធិបតេយ្យ ហើយបានគំរាមកំហែងមកលើពួកគាត់ជាស្ត្រីភេទជាបន្តបន្ទាប់មកហើយ។ ពួកគាត់មានការភ័យខ្លាចអ្នកដែលទៅរស់នៅសាងសង់លំនៅឋានអនាធិបតេយ្យទាំងនោះធ្វើបាបមកលើខ្លួនបន្តទៀត។ អ្នកភូមិបញ្ជាក់ថា បានប្ដឹងអាជ្ញាធរឲ្យជួយដោះស្រាយឲ្យពួកគាត់ជាច្រើនលើករួចមកហើយ ប៉ុន្តែពុំមានអាជ្ញាធរណាអើពើពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់ក្នុងសហគមន៍ឡើយ។
ប្រធានសហគមន៍ស្ដារជីវភាពឡើងវិញ អ្នកស្រី ស៊ិន ឈិន មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ដែលពុំទាន់ទទួលប្លង់ដីសព្វថ្ងៃជួបការលំបាកយ៉ាងខ្លាំង ដោយសារមានទំនាស់ដណ្ដើមដីគ្នាកើតឡើងជាបន្តបន្ទាប់។

អ្នកស្រី ស៊ិន ឈិន បញ្ជាក់ថា ដីដែលមានទំនាស់ជាដីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ដែលរដ្ឋាភិបាលផ្ដល់សំណងឲ្យប្រជាពលរដ្ឋចំនួន ៤៨គ្រួសារដែលរស់នៅតាមដងផ្លូវជាតិលេខ១ រងផលប៉ះពាល់ធ្វើផ្លូវពីបាវិត អ្នកលឿង កាលពីឆ្នាំ២០០០ កន្លងទៅ។ កាលណោះរដ្ឋាភិបាលផ្ដល់សំណងជាដីឡូត៍លំនៅឋានដល់ប្រជាពលរដ្ឋដែលប៉ះពាល់លើផ្ទៃដីទំហំទទឹង ៧ម៉ែត្រ និងបណ្ដោយ ១៣ម៉ែត្រ ក្នុងមួយគ្រួសារ ព្រមទាំងមានប្លង់កាន់កាប់ដីដោយស្របច្បាប់ឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ស្តារជីវភាពឡើងវិញ។
អ្នកស្រីបន្ថែមថា ដីដែលរដ្ឋាភិបាលផ្ដល់សំណងនោះមានទីតាំងស្ថិតនៅក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរ ខេត្តព្រៃវែង។ ប៉ុន្តែរហូតមកទល់ពេលនេះ អាជ្ញាធរទើបតែផ្ដល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីស្របច្បាប់ឲ្យប្រជាពលរដ្ឋក្នុងសហគមន៍បានជាង ២០គ្រួសារប៉ុណ្ណោះទេ។ ចំណែកឯប្រជាពលរដ្ឋប្រមាណ ២៣គ្រួសារផ្សេងទៀត ពុំទទួលបានប្លង់ដីស្របច្បាប់នៅឡើយ។
អ្នកស្រី ស៊ិន ឈិន បញ្ជាក់បន្ថែមថា អ្នកភូមិដែលពុំមានប្លង់កម្មសិទ្ធិស្របច្បាប់ទាំងនោះតែងតែរងការគំរាមកំហែងរំលោភបំពានមកលើពួកគាត់ជាស្ត្រីមេម៉ាយជាបន្តបន្ទាប់ ដោយពុំមានអាជ្ញាធរណាជួយដោះស្រាយឡើយ៖ «ខាងសុរិយោដីស្រុកពាមរហ្នឹងលោកក៏តែងតែប្រាប់មកថា ហ្នឹងធ្វើប្លង់ជូនអ្នកមីងក្នុងពេលនេះ ពេលនោះតែរហូតមកដល់ពេលនេះដីដែលនាងខ្ញុំបានទទួលអស់រយៈកាលតាំងពី២០០៦ រហូតដល់២០១៤ ក៏នៅតែមិនទាន់បានទទួលប្លង់កម្មសិទ្ធិនៅឡើយ។ ដូច្នេះនាងខ្ញុំសុំសំណូមពរទៅអាជ្ញាធរដែនដី និងសំណូមពរទៅក្រសួងដែនដីហ្នឹង សូមមេត្តាជួយដោះស្រាយពីបញ្ហាប្លង់ឲ្យពួកយើងខ្ញុំផង ដើម្បីទី១ ឲ្យពួកយើងខ្ញុំទាំងអស់មានសុវត្ថិភាពបញ្ហាដីធ្លី ហើយបញ្ហាទី២ ឲ្យប្រជាពលរដ្ឋរស់នៅទីនោះ គឺមានសេចក្ដីសុខ កុំឲ្យមានបញ្ហាឈ្លោះទាស់ទែងគ្នាពីរឿងដីធ្លី មិនបានប្រកបរបររកស៊ីអីបានប៉ុន្មានទេ រវល់តែឈ្លោះគ្នាតែរឿងដី»។
អ្នកភូមិក្នុងសហគមន៍ស្តារជីវភាពឡើងវិញ អ្នក ញ៉ែម ថារី រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ថ្លែងក្នុងទឹកមុខស្រពោនថា ក្រោយពីរដ្ឋាភិបាលសង់ផ្លូវជាតិលេខ១មក ដីរបស់អ្នកស្រីប៉ះពាល់ពេលធ្វើផ្លូវអស់ទៅហើយ។ អ្នកស្រីថា តាំងពីពេលនោះមកពុំមានដីសម្រាប់សង់លំនៅឋានរបស់ខ្លួនដោយស្របច្បាប់ទេ ព្រោះដីដែលផ្ដល់សំណងរបស់រដ្ឋាភិបាលឲ្យប្រជាពលរដ្ឋមួយគ្រួសារមួយឡូនោះ អាជ្ញាធរពុំបានផ្ដល់ប្លង់ដីឲ្យនៅឡើយទេ។
អ្នកស្រី ញ៉ែម ថារី បន្ថែមថា ដោយសារតែពុំមានប្លង់ដីកាន់កាប់ស្របច្បាប់ជានិច្ចកាលតែងតែជួបការលំបាក មានការគំរាមកំហែងពីសំណាក់អ្នកជិតខាងដែលមានខ្សែរយៈបក្សពួកមកលើរូបអ្នកស្រីជាបន្តបន្ទាប់ ហើយទៅប្ដឹងអាជ្ញាធរឲ្យជួយដោះស្រាយក៏ពុំមាននរណារកខុសត្រូវឲ្យដែរ។
ចំណែកឯអ្នកក្នុងសហគមន៍ម្នាក់ទៀត អ្នកស្រី មាឃ សុភាស់ ថ្លែងបញ្ជាក់ថា អ្នកស្រីក៏ត្រូវបានគេគំរាមកំហែងធ្វើបាបជាច្រើនលើករួចមកហើយ ដោយសារតែពុំមានប្លង់ដីកាន់កាប់នេះ ហើយពេលខ្លះ គេគំរាមសម្លាប់អ្នកស្រីទៀតផង ហើយបញ្ហានេះ ធ្វើឲ្យអ្នកភូមិក្នុងសហគមន៍ជាច្រើនមានការព្រួយបារម្ភពីសុវត្ថិភាពជាខ្លាំងដោយសារតែមានទំនាស់រឿងកាន់កាប់ដីដែលពុំមានប័ណ្ណកម្មសិទ្ធិស្របច្បាប់នោះ។
អ្នកស្រី មាឃ សុភាស់ អំពាវនាវអាជ្ញាធរសុរិយោដីចេញប័ណ្ណកម្មសិទ្ធិដីធ្លី ស្របច្បាប់ដល់ប្រជាពលរដ្ឋឲ្យបានឆាប់ ដើម្បីជៀសវាងកុំឲ្យទំនាស់កើតឡើងបន្តទៀត។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានសុរិយោដីស្រុកពាមរ លោក ឯម ប៊ុនថន មានប្រសាសន៍បញ្ជាក់ថា ការផ្ដល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីស្របច្បាប់ដល់ប្រជាពលរដ្ឋយឺតយ៉ាវ ដោយសារពួកគាត់មួយចំនួនមិនបានផ្ដល់ឯកសារគ្រប់គ្រាន់ដើម្បីសម្រួលធ្វើប្លង់ដីឲ្យបានត្រឹមត្រូវ។ ហើយបញ្ហានេះលោកថា នឹងដោះស្រាយផ្ដល់ប្លង់ដីឲ្យពួកគាត់ដែលនៅសេសសល់ក្នុងពេលឆាប់ៗខាងមុខ។
តែយ៉ាងណាអ្នកភូមិឲ្យដឹងថា ពួកគាត់បានព្យាយាមទាក់ទងទៅសុរិយោដី និងអាជ្ញាធរឃុំ ដើម្បីឲ្យជួយដោះស្រាយធ្វើប្លង់ដីឲ្យពួកគាត់ជាច្រើនលើកមកហើយ ប៉ុន្តែអាជ្ញាធរទាំងនោះហាក់ធ្វើព្រងើយបានអូស បន្លាយពេលវេលាជាបន្តបន្ទាប់រហូតមកទល់សព្វថ្ងៃនេះក៏នៅតែពុំទទួលបានប្លង់ដីជាកម្មសិទ្ធិស្របច្បាប់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។