សង្គមស៊ីវិលក្នុងស្រុកបានសាទរចំពោះសេចក្ដីសម្រេចរបស់ក្រុមហ៊ុនវៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) ក្នុងការផ្អាកគម្រោងតូចៗរបស់ខ្លួនដើម្បីឈូសឆាយដីស្រែចម្ការវិលជុំ និងដីព្រៃសហគមន៍របស់ពលរដ្ឋក្នុងខេត្តរតនគិរី ចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០១៤។
ប្រធានអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ថា ក្រៅតែពីការបញ្ឈប់ការឈូសឆាយដីធ្លីរបស់ពលរដ្ឋ លោកក៏បានទាមទារឲ្យក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បញ្ឈប់ការដាំដុះកៅស៊ូផងដែរ ដោយសារដីនោះកំពុងមានទំនាស់។
លោក អៀង វុទ្ធី «យើងគិតថា វាជាសញ្ញាល្អដែលខាងក្រុមហ៊ុន HAGL គាត់សុខចិត្តបញ្ឈប់ការឈូសឆាយពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។ ដោយសារសម្របសម្រួលខាង CAO គឺយើងចង់ឃើញភាគីទាំងអស់ហ្នឹងចូលរួមនៅក្នុងការដោះស្រាយបញ្ហាហ្នឹង។ អ៊ីចឹងបើគាត់នៅតែបន្តការឈូសឆាយទៀត បានន័យថា ការសម្របសម្រួលហ្នឹងវាអត់ទៅមុខ ហើយយើងស្នើឲ្យមានទីមួយ គឺបញ្ឈប់ការឈូសឆាយ ទីពីរសុំឲ្យបញ្ឈប់ការដាំដុះទៀត។ ដោយដីដែលឈូសឆាយរួចហើយហ្នឹង យើងក៏សុំឲ្យបញ្ឈប់ដែរ ដោយសារដីនោះកំពុងមានការទាមទារពីប្រជាពលរដ្ឋ ពីព្រោះថា ដីនោះជាដីរបស់ពួកគាត់»។
វិទ្យុអាស៊ីសេរី មិនអាចសុំសេចក្ដីអត្ថាធិប្បាយពីក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បានទេ កាលពីថ្ងៃអង្គារ ទី៦ ឧសភា ដោយទូរស័ព្ទរោទ៍គ្មានអ្នកទទួល។
កាលពីថ្ងៃទី២៨ ខែមេសា ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បានចេញសេចក្ដីប្រកាសសម្រេចឲ្យគម្រោងតូចៗរបស់ខ្លួន រួមមានគម្រោង ហេង ប្រាឌើ (Heng Brother) គម្រោង ស៊ី.អា.ឌី (CRD) និងគម្រោង ហ័ង អាញ អូរយ៉ាដាវ (Hoang Anh Oyadav) ផ្អាកការឈូសឆាយដីធ្លីរបស់ពលរដ្ឋខេត្តរតនគិរី។
ការសម្រេចផ្អាកឈូសឆាយរបស់ក្រុមហ៊ុនវៀតណាម ហ័ង អាញ យ៉ាឡាយ ធ្វើឡើងក្រោយពីមានការសម្របសម្រួលដោះស្រាយជម្លោះដោយក្រុមសង្គមស៊ីវិលក្នុងស្រុក តំណាងក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ និងតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលជាសាខារបស់ធនាគារពិភពលោក។
អង្គការសមធម៌កម្ពុជា រាយការណ៍ថា គម្រោងរបស់ក្រុមហ៊ុនវៀតណាម មួយនេះ បានបំផ្លាញអនុផលព្រៃឈើរបស់សហគមន៍ជនជាតិដើមភាគតិច ផ្នូរកប់សពដូនតា និងដីលំនៅឋានរបស់ពលរដ្ឋ។
លោក អៀង វុទ្ធី មានប្រសាសន៍ថា គម្រោងដាំកៅស៊ូរបស់ក្រុមហ៊ុននេះ បានធ្វើប៉ះទង្គិចដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋប្រមាណ ២ពាន់គ្រួសារ ហើយថា អ្វីដែលពលរដ្ឋទាមទារចង់បានមកវិញ គឺដីព្រៃរបស់ពួកគេ៖ «សំខាន់គឺយកដីរបស់គាត់មកវិញ ហើយលុយគាត់អត់សូវគិតប៉ុន្មានទេ។ សំណងទីមួយ គឺដី ហើយនិងការខាតបង់ចំណូលរបស់គាត់ ដែលកាប់បំផ្លាញរបស់គាត់អស់ហ្នឹង អាហ្នឹងវាជាប្រភពចំណូល ហើយគាត់ទាមទារសំណងទាំងអស់ហ្នឹងដែរ»។
ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន ៤ម៉ឺន ៧ពាន់ហិកតារ ក្នុងស្រុកអណ្ដូងមាស និងស្រុកអូរជុំ ខេត្តរតនគិរី។
ក្រុមហ៊ុននេះមានគម្រោងតូចៗចំនួនបួនផ្សេងទៀត រួមមានក្រុមហ៊ុន ហេង ប្រាឌើ ក្រុមហ៊ុន ហ័ង អាញ អូរយ៉ាដាវ ក្រុមហ៊ុន ស៊ី.អា.ឌី និងក្រុមហ៊ុន ហ័ង អាញ អណ្ដូងមាស។
ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ជាក្រុមហ៊ុនដាំកៅស៊ូដ៏ធំបំផុតរបស់វៀតណាម គ្រប់គ្រងលើផ្ទៃដីប្រមាណ ៥% នៃផ្ទៃដីខេត្តរតនគិរី ទាំងមូលក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះមិនត្រឹមតែបានគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះទេ តែក៏បានគ្រប់គ្រងដីសម្បទានដ៏ធំក្នុងប្រទេសឡាវ ថែមទៀត។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ អង្គការឃ្លាំមើលពិភពលោក បានបញ្ចេញរបាយការណ៍មួយមានចំណងជើងថា រ៉ាប់ប៊ឺ បារ៉ិនស៍ (Rubber Barons) ទម្លាយឲ្យពិភពលោកដឹងអំពីសកម្មភាពបំពានច្បាប់ជាតិ បំផ្លាញធនធានធម្មជាតិ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងប្រទេសឡាវ ដោយក្រុមហ៊ុនដំណាំកៅស៊ូវៀតណាមធំៗពីរ គឺក្រុមហ៊ុនឯកជន ហ័ង អាញ យ៉ាឡាយ និងក្រុមហ៊ុនរដ្ឋវៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group)។
អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan MacInnes) មន្ត្រីអង្គការឃ្លាំមើលពិភពលោក (Global Witness) ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា ក្រុមហ៊ុនរបស់វៀតណាម ទាំងពីរនេះកំពុងធ្វើពលរដ្ឋខ្មែររាប់សែននាក់ជួបវិបត្តិចំណូលចិញ្ចឹមជីវិតពីការទាញយកអនុផលព្រៃឈើ។
ក្រុមហ៊ុនដាំកៅស៊ូរបស់វៀតណាម ទាំងពីរនេះបានទទួលប្រាក់កម្ចីពីធនាគារអន្តរជាតិ និងភាគហ៊ុនអន្តរជាតិជាច្រើន រួមមានធនាគារវៀតណាម ឈ្មោះ ដ្រាហ្គ័ន ខេបភីថល (Dragon Capital) ធនាគាររបស់អាល្លឺម៉ង់ ឈ្មោះ ដាត្ឆ ប៊ែង (Dutch Bank) ធនាគារនៃប្រទេសស្វីស ឈ្មោះ ស្វិស ប៊ែង (Swiss Bank) និងសាជីវកម្មហិរញ្ញវត្ថុរបស់ធនាគារពិភពលោកដើម្បីវិនិយោគកាប់ព្រៃយកដីដាំកៅស៊ូ ហើយនាំចេញទៅលក់នៅប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។