ការជួបប្រជុំគ្នារវាងក្រុមការងារផ្សព្វផ្សាយគោលនយោបាយដោះស្រាយសំណងផលប៉ះពាល់ប្រជាពលរដ្ឋទាក់ទងគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៃអាជ្ញាធរខេត្តស្ទឹងត្រែង ជាមួយប្រជាពលរដ្ឋមិនបានជោគជ័យទេ។ ប្រជាពលរដ្ឋភាគច្រើនដែលមានផលប៉ះពាល់ដោយសារការធ្វើទំនប់វារីអគ្គិសនីនោះ បានបដិសេធមិនទទួលយកគម្រោងសំណងដែលក្រុមហ៊ុនប្រុងផ្ដល់ឲ្យនោះទេ។
ក្រុមការងារនៃអាជ្ញាធរខេត្តស្ទឹងត្រែង រួមជាមួយតំណាងក្រុមហ៊ុន និងមន្ត្រីអាជ្ញាធរមូលដ្ឋានបានចំណាយពេលពេញមួយព្រឹកថ្ងៃទី១៤ ខែកក្កដា នៅសាលាបុណ្យវត្តស្រែគរ ដើម្បីពន្យល់អ្នកភូមិជិត ១០០នាក់ រស់នៅភូមិស្រែគរ១ និងស្រែគរ២ ពីគោលនយោបាយផ្ដល់សំណង។ ក៏ប៉ុន្តែអ្នកភូមិមួយចំនួនបានដើរចេញពីអង្គប្រជុំ មួយចំនួនទៀតឡើងសូរដេញដោលពីតម្លៃនៃសំណង និងអ្នកភូមិមួយចំនួនទៀតបានបដិសេធមិនទទួលយកគោលនយោបាយសំណងនោះឡើយ។
អ្នកភូមិ៖ «យ៉ាងណាមិនឲ្យលិចភូមិខ្ញុំព្រោះខ្ញុំមិនទៅណាទាំងអស់ សុខចិត្តប្ដូរស្លាប់រស់នៅដីស្រែគរ ភូមិស្រែគរ ជាមួយឆ្អឹងដូនតាខ្ញុំដែលកប់នៅទីនេះ។ ខ្ញុំមិនទទួលយកសំណងអ្វីទាំងអស់ ខ្ញុំមិនផ្ដិតមេដៃ ហើយខ្ញុំមិនចុះកិច្ចសន្យាទទួលយកអ្វីទាំងអស់»។
ទោះជាយ៉ាងនេះក្ដី ប្រការដែលគួរឲ្យចាប់អារម្មណ៍គឺមានប្រជាពលរដ្ឋប្រមាណ ៧នាក់ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ ៨០នាក់ បានលើកដៃទទួលយកគោលនយោបាយដោះស្រាយបន្ទាប់ពីមន្ត្រីក្រុមការងារសុំឲ្យប្រជាពលរដ្ឋអនុម័តដោយលើកដៃ។

ប្រធានក្រុមការងារនិងជាអភិបាលរងខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ ថ្លែងថា អ្វីដែលប្រជាពលរដ្ឋលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយលោកនឹងពាំនាំសំណូមពរនេះជូនមន្ត្រីគណៈកម្មការដោះស្រាយថ្នាក់ខេត្តចាត់វិធានការបន្តទៀត។
លោកអំពាវនាវសុំឲ្យប្រជាពលរដ្ឋមានជំនឿលើអាជ្ញាធរនិងមន្ត្រីស្ថាប័នជំនាញដែលបានចូលរួមអនុវត្តគោលនយោបាយសំណងជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់លើសុខទុក្ខនិងផលប្រយោជន៍ប្រជាពលរដ្ឋជាសំខាន់៖ «គឺមានអ្នកជំនាញគេសិក្សាវាយតម្លៃច្បាស់លាស់ណាស់។ គេធ្វើគឺមានយន្តការ គេមានការបែងចែកច្បាស់លាស់ណាស់ មិនមែនដូចបងប្អូនចេះតែលើកឡើងថា មិនគិតគូរពីជីវភាព ព្រោះទៅនៅកន្លែងថ្មីឲ្យរស់យ៉ាងម៉េច ដូច្នេះខ្ញុំសុំថា បងប្អូនពុកម៉ែសូមជឿជាក់លើរដ្ឋអំណាច»។
របាយការណ៍ពិសេសស្ដីពីសំណងនិងនយោបាយកែតម្រូវនៃគម្រោងសាងទំនប់វារីអគ្គិសនីសេសានក្រោម២ ឆ្នាំ២០១១ បង្ហាញថា ភូមិចំនួន៧ ក្នុងឃុំចំនួន៤ រងផលប៉ះពាល់។ ក្នុងនោះប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង ៥០០ផ្ទះនេះ មិនទាន់រាប់បញ្ចូលផ្ទះប្រជាពលរដ្ឋ ៤៨ផ្ទះទៀតនៅភូមិក្របីជ្រំនិងភូមិខ្សាច់ថ្មីដែលអាចនឹងរកផលប៉ះពាល់ដូចគ្នា។
តំណាងក្រុមហ៊ុនសាងសង់ទំនប់ លោក កោ វ៉ាន់អ៊ីវ រៀបរាប់ថា គោលនយោបាយផ្ដល់សំណងរបស់ក្រុមហ៊ុនគឺធានាថា មានលក្ខណៈប្រហាក់ប្រហែល ឬល្អជាងទីតាំងបច្ចុប្បន្ន។ លោកបន្តថា ក្រៅពីសំណងលំនៅឋានដីស្រែចម្ការផលដំណាំប្រជាពលរដ្ឋ ក្រុមហ៊ុនរ៉ាប់រងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ផ្គត់ផ្គង់អគ្គិសនីអណ្ដូងទឹក សាលារៀនវត្តអារាម មណ្ឌលសុខភាព ផ្ដល់ការងារធ្វើដល់ប្រជាពលរដ្ឋ រួមទាំងឧបត្ថម្ភរបបអង្ករ ថ្លៃពលកម្ម ថ្លៃដឹកជញ្ជូន ខណៈពេលធ្វើការជម្លៀសអ្នកភូមិទៅទីតាំងថ្មីជាដើម។
ទំនប់វារីអគ្គិសនីសេសានក្រោមពីរ គ្រោងចំណាយថវិកាសាងសង់ប្រមាណជាង ៨ពាន់លានដុល្លារអាមេរិក ប៉ុន្តែការចំណាយនេះអាចកើនឡើងដល់ទៅជិត ១ពាន់លានដុល្លារអាមេរិក។ ប្រសិនដំណើរការសាងសង់នោះបានសម្រេចដូចការគ្រោងទុក គម្រោងនេះនឹងបញ្ចប់នៅឆ្នាំ២០១៧។
មន្ត្រីសម្របសម្រួលអង្គការទន្លេបី លោក មាច មៀន ថ្លែងថា នេះជាសញ្ញាណបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋភាគច្រើនមិនទាន់ឯកភាពទៅនឹងដំណោះស្រាយផលប៉ះពាល់អ្នកភូមិនៅឡើយ។
លោកមានមតិថា អាជ្ញាធរពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនគួរពិនិត្យឡើងវិញពីផលប៉ះពាល់ប្រជាពលរដ្ឋធៀបទៅនឹងផលប្រយោជន៍បានមកពីការអភិវឌ្ឍវិស័យថាមពលអគ្គិសនីនេះ៖ «គាត់ជាម្ចាស់ទ្រព្យជាម្ចាស់កម្មសិទ្ធិនៃទ្រព្យសម្បត្តិ និងភូមិឋានរបស់គាត់។ អាជ្ញាធរត្រូវចំណាយពេលព្យាយាមធ្វើការជាមួយគាត់បន្ថែមទៀត ហើយមិនអាចលើកថា ពេលវេលាខ្លីដាក់គាត់បានទេ»។
កាលពីខែមិថុនា នៅក្នុងវេទិកាប្រជុំផ្សព្វផ្សាយស្ដីពីសំណងផលប៉ះពាល់របស់អាជ្ញាធរខេត្តស្ទឹងត្រែង ក្នុងវត្តក្បាលរមាស ក៏ត្រូវអ្នកភូមិភាគច្រើនបានធ្វើពហិការដើរចេញដោយសារតែគោលនយោបាយផ្ដល់សំណងរបស់អាជ្ញាធរមិនបានបំពេញបន្ថែមចំណុចទាមទាររបស់ប្រជាពលរដ្ឋ។ ចំណែកប្រជាពលរដ្ឋខ្លះទៀតមិនយល់ព្រមបោះបង់ភូមិកំណើតទៅតាំងទីលំនៅថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។