អភិបាល​ខណ្ឌ​ជ្រោយចង្វារ​សន្យា​រក​ដំណោះស្រាយ​បញ្ហា​ដី​លើ​គម្រោង​ទីក្រុង​រណប

0:00 / 0:00

អភិបាល​ខណ្ឌ​ជ្រោយចង្វារ សន្យា​ដោះស្រាយ​ជម្លោះ​ដី​រវាង​ប្រជាពលរដ្ឋ​មក​ពី ៣​សង្កាត់ ក្នុង​ខណ្ឌ​ជ្រោយចង្វារ និង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​លោក​ឧកញ៉ា ពុង ខៀវសែ ដែល​ជា​ម្ចាស់​គម្រោង​ក្រុង​រណប​នៅ​តំបន់​នោះ​ឲ្យ​ចប់​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ។ ប៉ុន្តែ​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​រឿង​នេះ​ហាក់​មិន​ទាន់​ជឿជាក់​លើ​លទ្ធភាព​នេះ​នៅ​ឡើយ ព្រោះ​បញ្ហា​ការ​កំណត់​តម្លៃ​សំណង​ផល​ប៉ះពាល់​នៅ​ខុស​គ្នា​ឆ្ងាយ​នៅ​ឡើយ។

អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បង្ហាញ​ទិសដៅ​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​នៅ​ក្នុង​ខណ្ឌ​នេះ និង​យុទ្ធសាស្ត្រ​ដោះស្រាយ​ជម្លោះ​ផល​ប៉ះពាល់​រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​គម្រោង។

អភិបាលខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​លោក​ឈ​នៅ​ខាង​ប្រជាពលរដ្ឋ ហើយ​ឲ្យ​ពលរដ្ឋ​ភាគ​ច្រើន​ចំណេញ​ពី​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​នោះ។ យុទ្ធសាស្ត្រ​នោះ​គឺ​ផ្ដល់​ឱកាស​ឲ្យ​ភាគី​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​ជួប​ចរចា​គ្នា​ដើម្បី​រក​ដំណោះស្រាយ​រួម​ដោយ​ឈ​លើ​ផលប្រយោជន៍​រួម និង​ដោយ​សន្តិវិធី។

​លោក ឃ្លាំង ហួត ក៏​បាន​សន្យា​ដែរ​ថា ក្នុង​ដោះស្រាយ​នេះ​គឺ​ឈ​លើ​គោលការណ៍​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ដោយ​គ្មាន​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ទៅ​ឆ្ងាយ​ក្រៅ​សហគមន៍​នេះ​ឡើយ៖ «គ្មាន​ការ​រើ​ចេញ​ពី​តំបន់​នេះ​ដាច់​ខាត! បើ​ថា​ឥឡូវ​បង​ប្អូន​នៅ​ត្រង់​នេះ ក្រុមហ៊ុន​ថា​ទើស​ចំ​ប្លង់​អភិវឌ្ឍន៍ ដូច្នេះ​សុំ​ប្ដូរ​ចេញ ប៉ុន្តែ​នៅ​ក្នុង​សង្កាត់​តែ​មួយ​នៅ​ក្នុង​ខណ្ឌ​តែមួយ​ដដែល»

ការ​សន្យា​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​តំណាង​ពលរដ្ឋ​នៅ​សាលា​ខណ្ឌ​ជ្រោយចង្វារ ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ក្រោយ​ពលរដ្ឋ​ប្រមាណ​ជិត ១០០​នាក់​មក​ពី ៣​សង្កាត់ គឺ​សង្កាត់​ជ្រោយចង្វារ សង្កាត់​ព្រែកលៀប និង​សង្កាត់​ព្រែកតាសេក បាន​នាំ​គ្នា​តវ៉ា​នឹង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ដែល​លើក​ស្លាក​គំនូរ​ប្លង់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ដោយ​ប៉ះចំ​ដី​របស់​ពលរដ្ឋ​ទាំង​នោះ​និង​មិន​ទាន់​បាន​បញ្ចប់​ដំណោះស្រាយ​ផល​ប៉ះពាល់។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អភិបាល​ខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត ក៏​បាន​ចេញ​មុខ​សម្របសម្រួល និង​បង្ហាញ​គោលការណ៍​ដោះស្រាយ ព្រម​ទាំង​ទិសដៅ​អភិវឌ្ឍ​មូលដ្ឋាន​នោះ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ស្ងប់​ចិត្ត។ ក្នុង​នោះ​មាន​គោលការណ៍​កាត់​ដី​ភូមិ​ចាស់​ចេញ​ពី​គម្រោង ដោយ​គិត​ពី​អ័ក្ស​ផ្លូវ ១០០​ម៉ែត្រ ហើយ​ផុត​ពី ១០០​ម៉ែត្រ​នោះ គ្រោង​នឹង​សង់​ផ្លូវ​មួយ​ខ្សែ ដែល​មាន​ទទឹង ២០ ទៅ ២៥​ម៉ែត្រ សង់​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ភ្លើង​អគ្គិសនី។

ប៉ុន្តែ​ដី​ដែល​ចំ​លើ​ផ្លូវ​នោះ លោក​មិន​ទាន់​កំណត់​ថា នឹង​ត្រូវ​ផ្តល់​សំណង​ក្នុង​កម្រិត​ណា​នោះ​ទេ ដោយ​រង់ចាំ​អ្នក​ជំនាញ​សិក្សា​បង្ហាញ​ពី​ទំហំ​នៃ​ផល​ប៉ះពាល់​នោះ​ចប់​សិន។ ពលរដ្ឋ​ក៏​យល់​ព្រម​ផ្អាក​តវ៉ា​បណ្ដោះអាសន្ន និង​រង់ចាំ​មើល​ការ​សន្យា​នោះ​ទៅ​មុខ​ទៀត។

​តំណាង​ពលរដ្ឋ​មួយ​រូប លោក ជា សុផាត ដែល​រួម​កិច្ចប្រជុំ​នោះ​មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​កិច្ចប្រជុំ និង​មធ្យោបាយ​ដោះស្រាយ​ដែល​លើក​ឡើង​ឡើង​ដោយ​អភិបាលខណ្ឌ​នោះ លោក​នឹង​យក​ទៅ​ពិភាក្សា​ជាមួយ​សមាជិក​សហគមន៍​ឲ្យ​ពិចារណា​បន្ថែម​ទៀត និង​ត្រៀម​ចូល​រួម​ពិភាក្សា​ផ្ទាល់​ជាមួយ​តំណាង​ក្រុមហ៊ុន​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ៖ «ចំណុច​ដែល​គ្រោង​លើក​យក​ទៅ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​នោះ ទី​មួយ​ចំពោះ​ដី​ស្រែ​ចំការ​ពួក​ខ្ញុំ សុំ​ឲ្យ​តម្លៃ​សមរម្យ ដោយ​គិត​តាម​ទីផ្សារ​សេរី និង​តម្លៃ​តាម​លក្ខណៈ​បង់​ពន្ធ។ តម្លៃ​បង់​ពន្ធ​នោះ​មាន​១០០ ២០០ ទៅ ៥០០​ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​រដ្ឋ​បាន​កំណត់​ឲ្យ​បង់​ពន្ធ​កាល​ពី​នៅ​ក្នុង​ខណ្ឌ​ឬស្សីកែវ អ៊ីចឹង​យើង​ខ្ញុំ​នឹង​ជជែក​គ្នា​កំណត់​តម្លៃ​មួយ​សមស្រប​មិន​ហួស​ហេតុ ដែល​អាច​ឲ្យ​ភាគី​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា»

​ចំណែក​មន្ត្រី​សិទ្ធិ​លំនៅឋាន លោក ណន អូនី ដែល​ឃ្លាំមើល​រឿង​នេះ​មាន​ទស្សនៈ​ថា បើសិនជា​អាជ្ញាធរ និង​ក្រុមហ៊ុន​មិន​មាន​ឆន្ទៈ​ដោះស្រាយ​ដោយ​តម្លាភាព​លើ​ការ​កំណត់​តម្លៃ​ដី​ឲ្យ​ស្រប​ទៅ​តាម​ទីផ្សារ​សេរី ឬ​តាម​តម្លៃ​មួយ​ដែល​រដ្ឋ​កំណត់​ឲ្យ​បង់ពន្ធ​ចំពោះ​ដី​នៅ​តំបន់​នោះ​ទេ នោះ​ការ​ដោះស្រាយ​ពិត​ជា​មិន​អាច​លឿន​ដូច​ការសន្យា​របស់​អភិបាល​ខណ្ឌ​នោះ​ទេ។ ប៉ុន្តែ​បើ​អាជ្ញាធរ និង​ក្រុមហ៊ុន​មាន​ឆន្ទៈ​ដោះស្រាយ​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​នោះ ការ​ដោះស្រាយ​ពិត​ជា​លឿន ហើយ​អាច​លឿន​ជាង​ការ​កំណត់​របស់​អភិបាលខណ្ឌ​នោះ​ទៅ​ទៀត៖ «បើ​ប្រៀបធៀប​តម្លៃ​ដែល​រដ្ឋ​ដាក់​បង់​ពន្ធ និង​តម្លៃ​ដែល​ក្រុមហ៊ុន​កំណត់ គឺ​ខុស​គ្នា​ឆ្ងាយ​ពេក អា​ហ្នឹង​មិន​ទាន់​ប្រៀបធៀប​នឹង​ទីផ្សារ​សេរី​នោះ​ទេ។ ដូច្នេះ​បញ្ហា​តម្លៃ​ជា​ឧបសគ្គ​មួយ​ធំ​បំផុត​ក្នុង​ការ​បញ្ចប់​ទំនាស់​រវាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី»

ទោះ​យ៉ាង​ណា អភិបាល​ខណ្ឌ​បញ្ជាក់​ថា មិន​អាច​កំណត់​តម្លៃ​ដី​នៅ​តំបន់​នោះ​ទៅ​តាម​ទីផ្សារ​សេរី​បាន​ទេ ប៉ុន្តែ​លោក​គិត​ថា ភាគី​ពាក់ព័ន្ធ​នឹង​កំណត់​តម្លៃ​ក្នុង​ចន្លោះ​ណា​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។

កន្លងមក​ក្រុមហ៊ុន​បាន​ដាក់​តម្លៃ​សំណង​ចុង​ក្រោយ​ជា​ចំហ គឺ ១៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ឬ​អាច​ផ្តល់ ១០​ភាគរយ​ទៅ​ម្ចាស់​ដី​ក្រោយ​បូម​ខ្សាច់​ចាក់​ពេញ​ហើយ ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​បដិសេធ។ ក្រៅ​ពី​នេះ ក្រុមហ៊ុន​ក៏​មាន​ការ​ចរចា​តម្លៃ​សម្ងាត់​នៅ​តាម​កន្លែង​ខ្លះៗ រហូត​មាន​ការ​ព្រមព្រៀង​គ្នា​តែ​ពួកគេ​មិន​ព្រម​បញ្ចេញ​ឲ្យ​ដឹង​ទេ។

​តំបន់​អភិវឌ្ឍន៍​នោះ​មាន​ទំហំ​ប្រមាណ​ជិត ៤០០​ហិកតារ ចំណែក​អ្នក​រង​ផល​ប៉ះពាល់​អាជ្ញាធរ​មិន​ទាន់​ដឹង​ថា មាន​ចំនួន​សរុប​ប៉ុន្មាន​ច្បាស់លាស់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។