ពលរដ្ឋ​ខ្លះ​នៅ​ព្រះវិហារ​និង​សៀមរាប​បារម្ភ​ខ្លាច​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​លំនៅឋាន

បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​អ្នក​មាន​អំណាច បាន​កើត​ឡើង​វិញ​នៅ​ឯ​ខេត្ត​សៀមរាប ឯ​ការ​ប្រកាស​ត្រៀម​បណ្ដេញ​ប្រជាពលរដ្ឋ​ឱ្យ​ចេញ​ពី​លំនៅ កំពុង​មាន​នៅ​ឯ​ខេត្ត​ព្រះវិហារ។ សកម្មភាព​ទាំង​នោះ គឺ​ជា​បញ្ហា​ដែល​នៅ​សេសសល់​ពី​រដ្ឋាភិបាល​អាណត្តិ​ទី​៤ ដោយ​មិន​ទាន់​ដោះស្រាយ។

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​បណ្ដេញ​ចេញ ឬ​ក៏​ចាប់​ខ្លួន ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​ទាំង​នេះ ហើយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ប្រញាប់ប្រញាល់​ដោះស្រាយ ប្រសិន​បើ​រដ្ឋាភិបាល​ថ្មី​នេះ​មាន​ឆន្ទៈ​កំណែ​ទម្រង់​បញ្ហា​ដីធ្លី​ពិត​ប្រាកដ។

ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ១០០​គ្រួសារ កំពុង​រស់​នៅ​អម​សង​ខាង​ដង​ផ្លូវ​ជាតិ​លេខ​៦២ នា​ភូមិ​ចុង​ចម្ការ​កៅស៊ូ និង​ភូមិ​អូរពោធិ៍ ឃុំ​រមណី ស្រុក​រវៀង ខេត្ត​ព្រះវិហារ កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​អាជ្ញាធរ​ប្រើ​កម្លាំង​បណ្ដេញ​ពួក​គេ​ចេញ​ពី​លំនៅឋាន​ដែល​រស់​នៅ​ជាច្រើន​ឆ្នាំ​មក​ហើយ។

ការ​ព្រួយ​បារម្ភ​នេះ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​រវៀង បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​កាល​ពី​ពេល​ថ្មីៗ ដោយ​ដាក់​កំហិត​ឱ្យ​ពួក​គេ​រុះរើ​លំនៅឋាន​ចេញ​ក្នុង​រយៈពេល ១៥​ថ្ងៃ។

អ្នក​ភូមិ​ជាច្រើន​នាក់​កំពុង​ស្វែង​រក​អន្តរាគមន៍​ផ្លូវ​ច្បាប់ ដើម្បី​ការពារ ពីព្រោះ​តែ​ពួក​គេ​មិន​ចង់​ចាក​ចេញ​ពី​កន្លែង​ដែល​ធ្លាប់​រស់​នៅ​ទេ។

ស្ត្រី​អ្នក​ភូមិ​អូរពោធិ៍ ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជាច្រើន​ទៀត គឺ​អ្នកស្រី មាស គឹមយឿន។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា រូប​គាត់ និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ទី​ជម្រក និង​គ្មាន​កន្លែង​ថ្មី​រស់​នៅ។ ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា ២-៣​ថ្ងៃ​ជាប់​គ្នា​មក​នេះ កម្លាំង​សមត្ថកិច្ច​បាន​លើក​គ្នា​មក​តំបន់​គាត់​រស់​នៅ ព្រម​ទាំង​មាន​គ្រឿងចក្រ​មួយ​ចំនួន ត្រូវ​គេ​ដឹក​ជញ្ជូន​មក​បម្រុង​ឈូស​ឆាយ​ដី។

អ្នកស្រី មាស គឹមយឿន៖ «ម្សិលម្ង៉ៃ ម្សិល​មិញ គ្រឿងចក្រ​ក្រុមហ៊ុន​មក​ឈូស​ឆាយ តែ​ថ្ងៃ​នេះ​អត់​ឃើញ​មក​ទេ ប្រជាពលរដ្ឋ​អត់​ឱ្យ​ឈូស។ ប្រជាពលរដ្ឋ​ទាំងអស់​ហ្នឹង គេ​នាំ​គ្នា​តវ៉ា អត់​ឱ្យ​ដេញ អត់​ឱ្យ​រុះរើ សូម្បី​គ្រឿងចក្រ​មក​ឈូស ក៏​គេ​អត់​ឱ្យ​ឈូស​ដែរ ម្សិលមិញ។ បើ​មិន​តវ៉ា អត់​មាន​កន្លែង​នៅ ដូច្នេះ​ពួក​ខ្ញុំ​ចេះ​តែ​តវ៉ា​ទៅ បាន​នៅ​ក៏​បាន បើ​មិន​បាន​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច។ ព្រួយ​ចេះ​តែ​ព្រួយ​ហើយ ព្រោះ​អី​ម្សិលមិញ​ម្សិលម្ង៉ៃ មាន​មន្ត្រី​បរិស្ថាន មាន​កម្លាំង​សហគមន៍​ព្រៃ​ឈើ ប៉ូលិស និង​មេធាវី​មក​ទៀត ប៉ុន្តែ​មិន​ដឹង​មេធាវី​ខាង​ណា?»

ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា គាត់​បាន​ចូល​ទៅ​សង់​លំនៅ​លើ​ដី​បច្ចុប្បន្ន​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​រវៀង លោក ឯ សារូ ដើម្បី​សុំ​ការ​បំភ្លឺ ជុំវិញ​ករណី​ដែល​ប្រជាពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​គ្រោង​នឹង​បណ្ដេញ​ពួក​គេ​ឱ្យ​ចាក​ចេញ​ពី​លំនៅឋាន​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​លោក​មិន​ទទួល​ទូរស័ព្ទ។

ចំណែក​ជំទប់​ទី​១ ឃុំ​រមណី លោក សូ សៀ បាន​បដិសេធ​មិន​អធិប្បាយ​បញ្ហា​នេះ​ទេ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់​ប្រជុំ។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា កន្លង​ទៅ អាជ្ញាធរ​ស្រុក​រវៀង បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ។ ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ បញ្ជាក់​ថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុង​ចូល​ទៅ​កាប់​រាន​យក​ដី​ព្រៃ​សហគមន៍ ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន បើ​ទោះ​បី​ជា​សមត្ថកិច្ច​តែង​ហាម​ឃាត់​ក៏ដោយ។ ដោយសារ​បញ្ហា​នេះ អាជ្ញាធរ​បាន​ជូន​ដំណឹង​ទៅ​ប្រជាពលរដ្ឋ​ឱ្យ​បញ្ឈប់​សកម្មភាព​កាប់​រាន​ព្រៃ​ជា​បន្ទាន់ ព្រម​ឱ្យ​អ្នក​ដែល​ទៅ​សង់​លំនៅ​អម​សង​ខាង​ផ្លូវ​ជាតិ​លេខ​៦២ ដែល​នៅ​ទល់​មុខ​ក្រុមហ៊ុន ទ្រី ភាព រហូត​ដល់​ចំណុច​ការដ្ឋាន​ចិន កិន​ថ្ម​នៃ​ភូមិ​ចុង​ចម្ការ​កៅស៊ូ និង​ភូមិ​អូរពោធិ៍ ត្រូវ​រុះរើ​លំនៅឋាន​ជា​បន្ទាន់ ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា។

អង្គការ​សិទ្ធិ​មនុស្ស ដែល​កំពុង​ឃ្លាំ​មើល​ការ​អនុវត្ត​ច្បាប់ បាន​ចាត់​ទុក​សេចក្តី​ជូន​ដំណឹង​របស់​អភិបាល​ស្រុក​រវៀង នោះ​ថា គឺ​ជា​ការ​ផ្ទុយ​នឹង​បទ​បញ្ជា​លេខ​០០១ ប.ប របស់​រដ្ឋាភិបាល​កាល​ពី​អាណត្តិ​ទី​៤។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ច័ន្ទ បាន​មាន​ប្រសាសន៍​ថា តាម​ច្បាប់​អភិបាល​ស្រុក​រវៀង ដែល​ចេញ​សេចក្តី​ជូន​ដំណឹង គឺ​គ្រាន់​តែ​ជា​ការ​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ទេ មិន​មាន​សិទ្ធិ​បង្ខំ​ប្រជាពលរដ្ឋ​ឱ្យ​រុះរើ និង​ចាក​ចេញ​ពី​លំនៅឋាន​ដូច្នេះ​ឡើយ៖ «ការ​ដែល​ចេញ​សេចក្តី​ជូន​ដំណឹង​លេខ​៣៩០ ស.ជ.ណ គឺ​វា​ខុស​នឹង​បទ​បញ្ជា​លេខ​០០១ ប.ប របស់​រាជ​រដ្ឋាភិបាល​ត្រង់​ចំណុច​ទី​២ គឺ​ថា ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ត្រូវ​តែ​គោរព​តាម​កិច្ច​សន្យា ហើយ​ជា​ពិសេស គឺ​ត្រូវ​អនុវត្ត​តាម​គោល​នយោបាយ​រូបមន្ត​ស្បែក​ខ្លា សំដៅ​ប៉ះ​ដី​អ្នក​ណា​ត្រូវ​តែ​ចៀរ​ចេញ»

ចំណែក​នៅ​ឯ​ខេត្ត​សៀមរាប វិញ ក្រុម​ប្រជាពលរដ្ឋ​ចំនួន ៤៧​គ្រួសារ ក្នុង​ភូមិ​រំចេក ឃុំ​រំចេក ស្រុក​បន្ទាយស្រី បាន​កើត​មាន​ទំនាស់​ដី​ទំហំ​ជាង ១៤៨​ហិកតារ ជាមួយ​ក្រុមហ៊ុន លី អ៊ុំអេង និង​ក្រុមហ៊ុន លី អ៊ុំឆាយ រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែ​តុលា ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​គ្នា​ទៅ​សាលា​ស្រុក​បន្ទាយស្រី ដើម្បី​ទាមទារ​ឱ្យ​អភិបាល​ស្រុក​ជួយ​ដោះស្រាយ ពីព្រោះ​តែ​ពួក​គេ​ខ្លះ​គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ​ជា​យូរ​មក​ហើយ។

តំណាង​ប្រជាពលរដ្ឋ​ភូមិ​រំចេក គឺ​អ្នកស្រី ទេស ជឿន បាន​មាន​ប្រសាសន៍​ថា កាល​ពី​ព្រឹក​មិញ អាជ្ញាធរ​ឃុំ​រំចេក បាន​កោះ​ហៅ​ប្រជាពលរដ្ឋ​ឱ្យ​ចូល​ទៅ​ដោះស្រាយ​នៅ​សាលា​ឃុំ ដើម្បី​សុំ​ពិនិត្យ​មើល​ឯកសារ​នានា ក៏ប៉ុន្តែ​ពេល​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​សាលា​ឃុំ មិន​មាន​ឃើញ​តំណាង​ក្រុមហ៊ុន លី អ៊ុំអេង ចូល​ទៅ​ដោះស្រាយ​ទេ៖ «ពី​ដើម​មិញ ខ្ញុំ​អាស្រ័យ​ផល​នៅ​លើ​ដី​នេះ​ឯង ដាំ​ថ្នាំ​ទៅ ធ្វើ​ចម្ការ ស្រូវ​ទៅ។ ដល់​ពេល​ទី​ចុង​បញ្ចប់ អ្នក​នៅ​ភូមិ​នេះ គេ​ហៅ​ម៉ូយ លី អ៊ុំអេង មក​ទិញ។ ដល់​មក​ទិញ គេ​អត់​មាន​យក​តែ​ដី​អ្នក​លក់​ទេ គឺ​គេ​យក​ទាំង​ដី អ្នក​អត់​លក់​ទៀត។ គេ​គំរាម​អត់​ឱ្យ​យើង​ធ្វើ​អ្វី គេ​ដាំ​កូន​អាកាស្យា ពេញ ហើយ​កាប់​កូន​អាកាស្យា លក់​ទៀត។ យើង​ប្ដឹង​គេ ៣​តំណ ហើយ​អត់​មាន​អ្នក​ណា​ដោះស្រាយ​ឱ្យ​យើង»

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ចាត់​ទុក​ថា បញ្ហា​ទំនាស់​ដីធ្លី​ដែល​អូស​បន្លាយ​ជាច្រើន​ឆ្នាំ តាំង​ពី​រដ្ឋាភិបាល​អាណត្តិ​មុនៗ រហូត​មក​ដល់​ពេល​នេះ នៅ​តែ​ជា​កង្វល់​នៅ​ឡើយ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​លីកាដូ លោក អំ សំអាត បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​រដ្ឋាភិបាល​អាណត្តិ​ទី​៤ មក គឺ​មាន​ករណី​ជម្លោះ​ដីធ្លី​ជាង ៤០០​ករណី នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន ១៤ មិន​ទាន់​មាន​ការ​ដោះស្រាយ​នៅ​ឡើយ។

លោក អំ សំអាត បាន​បញ្ជាក់​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៥ ដែល​ទើប​តែ​ឡើង​កាន់​អំណាច​ថ្មីៗ​នេះ បាន​ប្ដេជ្ញា​ថា​នឹង​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​ជាច្រើន ហើយ​ក្នុង​នោះ ក៏​មាន​កំណែ​ទម្រង់​ដីធ្លី​ដែរ។ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ឱ្យ​បាន​ចប់​សព្វគ្រប់ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​ថា តើ​រដ្ឋាភិបាល​ថ្មី​នេះ​បាន​ធ្វើ​កំណែ​ទម្រង់​រឿង​ដីធ្លី​មែន​ឬ​ក៏​អត់?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។