ប្រជាពលរដ្ឋសហគមន៍ភូមិស្រែឈូក ស្រុកលំផាត់ ខេត្តរតនគិរី អំពាវនាវឲ្យអាជ្ញាពាក់ព័ន្ធ ទប់ស្កាត់សកម្មភាពប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ឈូសឆាយយកដីសហគមន៍ជាកម្មសិទ្ធិឯកជន។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសមាជិកសហគមន៍ខ្លះបានជួលគ្រឿងចក្រមកឈូសឆាយដីត្រៀមបម្រុងសហគមន៍។
គ្រឿងចក្រឈូសដីប្រភេទប៊ុលឌួហ្សែ (Bulldozer) ពីរគ្រឿង ត្រូវបានមន្ត្រីដែនជម្រកសត្វព្រៃចាប់ពីប្រជាពលរដ្ឋរស់នៅភូមិស្រែឈូក ខណៈព្យាយាមឈូសឆាយដីសហគមន៍យកជាកម្មសិទ្ធិ ក៏ប៉ុន្តែប៉ុន្មានម៉ោងបន្ទាប់ពីការរឹបអូសនេះ ប្រជាពលរដ្ឋមួយក្រុមបាននាំគ្នាទៅតវ៉ាយកគ្រឿងចក្រនោះពីមន្ត្រីដែនជម្រកសត្វព្រៃវិញ។
ប្រធានសហគមន៍ភូមិស្រែឈូក លោក ដាំ លាន មានប្រសាសន៍បញ្ជាក់ថា អំពើរំលោភបំពាននេះកើតឡើងកាលពីថ្ងៃទី៣ ខែឧសភា។ ក្រុមប្រជាពលរដ្ឋដែលប្រព្រឹត្តអំពើខុសច្បាប់នេះ គឺជាក្រុមសាច់ញាតិអ្នកភូមិមួយគ្រួសារនៅតំបន់នោះ មានបំណងឈូសឆាយដីត្រៀមបម្រុងរបស់សហគមន៍ យកជាកម្មសិទ្ធិផ្ទាល់ខ្លួន។ លោកបន្តថា ការប្រើអំពើរំលោភបំពានទៅលើក្រុមសមត្ថកិច្ច គឺជារឿងផ្ទាល់ខ្លួនរបស់បុគ្គលសាច់ញាតិអ្នកភូមិមួយគ្រួសារនោះតែប៉ុណ្ណោះ៖ «គេអត់ជម្រាបខ្ញុំផង ខ្ញុំប្រធានសហគមន៍ មេភូមិក៏គេអត់ប្រាប់ គេនាំចូលមកមេឃុំក៏គេអត់ប្រាប់ គេអាង។ មិនគាំទ្រទេបង ព្រោះគេអត់ប្រាប់យើង ដីក្នុង១.៤០០ហិកតារ គាត់ទៅឈូសឆាយអាជាយណា»។
សហគមន៍ភូមិស្រែឈូក និងសហគមន៍ភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ បានធ្វើការតវ៉ាច្រើនលើក ប្រឆាំងការឈូសឆាយហ៊ុមព័ទ្ធយកដីសម្បទានពីក្រុមហ៊ុនសម្បទាននៅតំបន់នោះ តាំងពីឆ្នាំ២០១២ ហើយរហូតឆ្នាំ២០១៤ ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ បានសម្រេចកាត់ចេញដី ១.៤០០ហិកតារ ប្រគល់ជូនប្រជាពលរដ្ឋទុកជាដីត្រៀមបម្រុងសហគមន៍ ដើម្បីបញ្ចប់ការតវ៉ា។
ប្រធានភូមិស្រែឈូក លោក ម៉ៃ ចៃ ឲ្យដឹងថា ដីត្រៀមបម្រុងសហគមន៍នេះ គឺជាដីកម្មសិទ្ធិរបស់រដ្ឋ ក៏ប៉ុន្តែសហគមន៍ គឺជាអ្នកអភិរក្សប្រើប្រាស់ជាលក្ខណៈសមូហភាព។ លោកបន្តថា ប្រជាពលរដ្ឋដែលឈូសឆាយយកដីនេះមិនបានជូនដំណឹង ឬសុំការអនុញ្ញាតពីអាជ្ញាធរភូមិឃុំនោះទេ។
ឆ្លើយតបបញ្ហានេះ ប្រជាពលរដ្ឋពាក់ព័ន្ធឈូសឆាយដី លោក ចាន់ សាវី អះអាងថា ដីដែលលោកជួលគ្រឿងចក្រឈូសឆាយ គឺជាដីនៅជាប់នឹងក្បាលស្រែរបស់លោកធ្លាប់កាន់កាប់មុនក្រុមហ៊ុនហ៊ុមព័ទ្ធយក។ លោកបន្តថា អ្នកភូមិមួយចំនួនបានផ្ដិតមេដៃគាំទ្របញ្ហានេះ ក៏ប៉ុន្តែលោកបានយល់ព្រមបញ្ឈប់ការឈូសឆាយហើយ បន្ទាប់ពីអាជ្ញាធរស្រុកបានធ្វើការណែនាំ៖ «ឈូសដីចម្ការខ្ញុំផ្ទាល់ ដីជិតស្រែខ្ញុំ។ យី! គេផ្ដិតមេដៃឲ្យប្អូន ៨០ជាង។ វាអស់ហើយរឿងហ្នឹង គេដោះស្រាយអស់ហើយ»។
ទាក់ទិនករណីនេះដែរ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) ខេត្តរតនគិរី លោក ឆាយ ធី ចាត់ទុកសកម្មភាពឈូសឆាយដីត្រៀមបម្រុងសហគមន៍ និងការបំពានទៅលើក្រុមសមត្ថកិច្ចពីសំណាក់ប្រជាពលរដ្ឋអ្នកឈូសឆាយដី គឺជាការខុសច្បាប់។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាអភិរក្សដីត្រៀមបម្រុងសម្រាប់កូនចៅជំនាន់ក្រោយ៖ «ការកាន់កាប់ដីដោយមិនមានការអនុញ្ញាតពីសហគមន៍ដោយសមូហភាពហ្នឹង សហគមន៍អាចប្ដឹងជំទាស់តវ៉ាបាន ហើយអាជ្ញាធរក៏គេអាចចោទប្រកាន់ថា យើងជាអ្នកឈូសឆាយកាន់កាប់ដីរបស់រដ្ឋខុសច្បាប់ក៏ថាបាន»។
ទោះជាយ៉ាងនេះក្តី អភិបាលស្រុកលំផាត់ស្តីទី លោក នូ ថេរ ថ្លែងថា នេះជាការយល់ច្រឡំរបស់ប្រជាពលរដ្ឋអ្នកឈូសឆាយដី។ ហេតុនេះ អាជ្ញាធរស្រុកបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ចប់មិនឲ្យមានករណីរំលោភបំពាននេះតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។