ប្រជាពលរដ្ឋមកពីភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងស្វែងរកអន្តរាគមន៍ពីសំណាក់អង្គការលីការដូ (Licadho) ខេត្តកំពង់ស្ពឺ ក្នុងសំណុំរឿងទំនាស់ដីធ្លី។ ពលរដ្ឋសង្ស័យថា ក្រុមយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី អាចឃុបឃិតគ្នាជាមួយមន្ត្រីយោធាដើម្បីវាស់ដីនេះ។
តំណាងពលរដ្ឋ អ្នកស្រី យូ រ៉ន នៅថ្ងៃទី៤ ឧសភា មានប្រសាសន៍ថា ពួកគាត់ត្រូវបានមន្ត្រីយោធាឈ្មោះ ទូច សុខៈ ប្ដឹងឡើងតុលាការតាំងពីឆ្នាំ២០១០ ពីបទរំលោភបំពានដីឯកជន ប៉ុន្តែតុលាការខេត្តកាត់ក្តីមិនដាច់ស្រេចឡើយ ដោយជំរុញឲ្យដោះស្រាយត្រឹមថ្នាក់អាជ្ញាធរមូលដ្ឋានវិញ។ អ្នកស្រីបន្តថា សមត្ថកិច្ចមូលដ្ឋានបានណែនាំឲ្យក្រុមពលរដ្ឋកាត់ដីធ្លីម្នាក់ៗពាក់កណ្ដាលឲ្យទៅមន្ត្រីយោធានោះ ប៉ុន្តែពលរដ្ឋមិនព្រម ព្រោះសម្អាងលើឯកសារកាន់កាប់ស្របច្បាប់។
អ្នកស្រីបញ្ជាក់ថា កាលពីថ្ងៃទី២៥ មេសា លោក ទូច សុខៈ បាននាំក្រុមយុវជនស្ម័គ្រចិត្តទៅវាស់ដីលើទីតាំងទំនាស់ ហើយគំរាមចាប់ពលរដ្ឋដាក់គុកទៀតផង៖ «ទូច សុខៈ ហ្នឹងជិះឡាន ២-៣ ហៅយុវជនស្ម័គ្រចិត្តមកវាស់។ ប្រជាជនទៅ ហើយប្រាប់ថា ប្រជាជនរស់នៅដាំដំណាំហើយ ម៉េចមិនវាស់ឥឡូវបងអត់ឲ្យវាស់ទេដីនេះ ព្រោះឡើងតុលាការហើយ។ ប្រធានយុវជនហៅខ្ញុំចរចា គេបានថាឲ្យខ្ញុំការ៉ូងការ៉ាងហ្នឹង ហៅសមត្ថកិច្ចដាក់ខ្នោះឥឡូវហើយ»។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីសុរិយោដី លោក ជ័យ ពិចិត្រ មានប្រសាសន៍ថា ក្រុមយុវជនស្ម័គ្រចិត្ត និងមន្ត្រីជំនាញវាស់ដីជូនពលរដ្ឋដោយមិនមានរើសអើងទេ។ លោកបន្តថា ក្រុមវាស់ដីបានវាស់ជូនពលរដ្ឋនៅភូមិថ្មីនោះជាច្រើនគ្រួសារមកហើយ សូម្បីតែដីរបស់អ្នកស្រី យូ រ៉ន ក៏ក្រុមការងារធ្លាប់វាស់ដីឲ្យបានមួយចំនួនដែរ។ លោកបញ្ជាក់ថា អ្នកស្រី យូ រ៉ន បាន រារាំងក្រុមវាស់ដីជាច្រើនកន្លែង តែមិនបានបញ្ជាក់មូលហេតុឲ្យច្បាស់លាស់ទេ៖ «ដីគេវាស់អីចឹងក្រឡឹងជុំវិញហ្នឹង គេផ្ដាំឲ្យគាត់ទៅ គាត់អត់ទៅ ហើយគាត់ជំទាស់តែពាក្យសម្ដី អត់មានឯកសារអីសោះ»។
ទោះយ៉ាងណាក្តី ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្តកំពង់ស្ពឺ លោក អ៊ុង សាមិត្ត មានប្រសាសន៍ថា បញ្ហាទំនាស់ដីធ្លីនៅទីនោះ កើតឡើងជាយូរមកហើយ ប៉ុន្តែអាជ្ញាធរហាក់មិនដោះស្រាយសោះ។ លោកបន្តថា ក្រុមអាជ្ញាធរគួរណាស់តែដោះស្រាយបញ្ចប់រឿង ដើម្បីពលរដ្ឋមានលំនឹងក្នុងជីវភាព ហើយមិនគួរណាលំអៀងទៅអ្នកមានលុយមានអំណាចឡើយ៖ «បើសិនជាការវាស់វែងហ្នឹងរួចរាល់អស់ ពលរដ្ឋធ្វើការទៅអស់កង្វល់ អីចឹងជីវភាពគាត់ផ្លាស់ប្ដូរហើយ ឥឡូវគាត់អត់ហ៊ានទៅណាទេ ខ្លាចគេវាស់ដីបាត់ខ្លាចគេយកបាន»។
ពាក្យបណ្ដឹងដែលប្ដឹងចូលអង្គការលីកាដូ បញ្ជាក់ថា ពលរដ្ឋទាំង ៤៨គ្រួសារ ស្នើឲ្យអាជ្ញាធរវាស់ដីឲ្យពួកគាត់ និងមិនត្រូវកាត់ដីឲ្យមន្ត្រីយោធានោះឡើយ។ តាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្គាប់ឲ្យយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លីចែកពលរដ្ឋណាដែលចូលកាន់កាប់ដីធ្លី មុនថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២។ ហើយដីដែលមានទំនាស់ជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដីព្រៃតំបន់អភិរក្ស ឧទ្យានជាតិ ត្រូវកាត់ឲ្យពលរដ្ឋទាំងអស់។ ទោះយ៉ាងណា បញ្ហាទំនាស់ដីធ្លីនៅទូទាំងប្រទេសនៅមិនទាន់បញ្ចប់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។