ពលរដ្ឋ​ជិត​២​ពាន់​គ្រួសារ​នៅ​បាត់ដំបង​ខ្វះ​ដី​ធ្វើ​កសិកម្ម

ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង បាន​នាំគ្នា​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។ ការ​ចាក​ចោល​ស្រុក​នេះ ដោយសារ​តែ​ពួក​គាត់​ពុំ​មាន​ដី​ស្រែ​ចម្ការ​បង្កបង្កើន​ផល។ ទន្ទឹម​គ្នា​នេះ ពួក​គាត់​បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ដី​កសិកម្ម​ជូន​ពួក​គាត់​ឲ្យ​បាន​ដូច​ការ​សន្យា។

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ​ចំនួន ៦​នាក់ កំពុង​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋាភិបាល​ឲ្យ​ជួយ​រក​ដី​កសិកម្ម​ជូន​ប្រជាពលរដ្ឋ​ជាង ១.៧០០​គ្រួសារ នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង។ ការ​ទទួល​បាន​ដី​បង្កបង្កើន​ផល នឹង​អាច​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ។

អ្នក​ភូមិ​ឈ្មោះ យ៉ាន យេន ថ្លែង​នៅ​ថ្ងៃ​ទី១៦ មីនា ថា កាល​ពី​ថ្ងៃ​ទី១៤ ខែ​មីនា ពួក​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​បាន​ដាក់​ពាក្យ​បណ្ដឹង រួម​និង​ឯកសារ​ពាក់ព័ន្ធ​ជាច្រើន​ទៀត ទាក់​ទិន​ការ​ខ្វះ​ដី​បង្កបង្កើន​ផល​របស់​ប្រជាពលរដ្ឋ​ចំនួន ៧​ភូមិ នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង។ លោកស្រី​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ក្រុម​អ្នក​ភូមិ​ទទួល​បាន​តែ​លំនៅឋាន ប៉ុន្តែ​ដី​កសិកម្ម អាជ្ញាធរ​មូលដ្ឋាន​ពុំ​ទាន់​បាន​បែង​ចែក​ឲ្យ​អ្នក​ភូមិ​នោះ​ទេ។

លោកស្រី យ៉ាន យេន៖ «ដី​មួយ​រ៉ៃ​រស់​នៅ អ្នក​ខ្លះ​ខក​ចិត្ត​មិន​បាន​ដី ខ្លះ​ចេញ​ទៅ​រក​ស៊ី​នៅ​ថៃ ទៅ ខ្លះ​គេ​នៅ​រ៉ាំរ៉ៃ​មិន​ដឹង​មាន​មុខ​របរ​អី ហើយ​ខ្ញុំ​មក​ក្រសួង​មហាផ្ទៃ ដើម្បី​ឲ្យ​គាត់​ជួយ​ដោះស្រាយ​រឿង​ដី​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដី​បង្កបង្កើន​ផល​ដូច​ប្រជាជន​ដទៃ ព្រោះ​សព្វថ្ងៃ​នេះ ប្រជាជន​កំពុង​តែ​អត់ ព្រោះ​ខែ​ជិត​ធ្វើ​ស្រែ​ហើយ»

បឹង​ប្រាំ ជា​ឃុំ​ទើប​បង្កើត​ថ្មី​នៅ​ក្នុង​អាណត្តិ​បោះឆ្នោត​ឃុំ​សង្កាត់ កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ។ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​រៀបចំ​ដី​ទំហំ​ជិត ៤​ពាន់​ហិកតារ នៅ​ឃុំ​បឹង​ប្រាំ ដើម្បី​បែង​ចែក​ជូន​អតីត​គ្រួសារ​យុទ្ធជន និង​ប្រជាពលរដ្ឋ​ដែល​ពុំ​មាន​ដីធ្លី​បង្កបង្កើន​ផល។ ប៉ុន្តែ​គម្រោង​នេះ​បាន​ជាប់​គាំង​រហូត​មក​ដល់​សព្វថ្ងៃ ដោយសារ​ដី​នៅ​ឃុំ​បឹង​ប្រាំ នោះ​មាន​ជម្លោះ​រ៉ាំរ៉ៃ​ដោះស្រាយ​មិន​ចេះ​ចប់។

ប្រជាពលរដ្ឋ​ឈ្មោះ សាន់ ប៊ុនគ្រី បញ្ជាក់​ថា ប្រជាពលរដ្ឋ​ចំនួន ៧​ភូមិ ក្នុង​ឃុំ​បឹង​ប្រាំ បច្ចុប្បន្ន​ទទួល​បាន​ដី​លំនៅឋាន ប៉ុន្តែ​ពុំ​មាន​ដី​កសិកម្ម​ទេ។ បញ្ហា​នេះ បង្ខំ​ឲ្យ​ពួក​គាត់​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។ លោក​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ដី​ជូន​ក្រុម​អ្នក​ភូមិ៖ «អន្តរាគមន៍​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​បាន​ដី​សម្រាប់​អាស្រ័យ​ផល​មួយ​គ្រួសារ​បាន​ពីរ​ហិកតារ។ ការ​ដោះស្រាយ សូម្បី​តែ​អាជ្ញាធរ​ស្រុក​ខេត្ត ដោះស្រាយ​មិន​ចេញ​ដែរ ព្រោះ​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​នៅ​តែ​រញ៉េរញ៉ៃ អត់​ទៅ​មុខ​ទៅ​ក្រោយ​រួច»

កាល​ពី​ឆ្នាំ​២០០៥ ក្រុម​អ្នក​ភូមិ​នាំ​គ្នា​ចូល​ទៅ​រស់​នៅ​តំបន់​បឹង​ប្រាំ ដោយ​បាន​កាប់​ឆ្ការ​ព្រៃ​បង្កបង្កើន​ផល​បាន​ធំ​តូច​បាន​លទ្ធភាព ប៉ុន្តែ​ជម្លោះ​ដីធ្លី​នៅ​តំបន់​នោះ ក៏​បាន​កើត​មាន​ជា​ហូរហែ​រហូត​មាន​ការ​កាប់​ចាក់ និង​ចាប់​ខ្លួន​អ្នក​ភូមិ​ដាក់​គុក​ថែម​ទៀត។ ក្រុម​អ្នក​ភូមិ​អះអាង​ថា ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ទាំង​៧ ក្នុង​ឃុំ​បឹង​ប្រាំ បាន​បង់​លុយ​ទៅ​ឲ្យ​ក្រុម​អាជ្ញាធរ​ភូមិ​ក្នុង​មួយ​គ្រួសារ ២​លាន ៥​សែន ទៅ ៣​លាន​រៀល ដើម្បី​ជា​ថ្នូរ​ទទួល​បាន​ដី​ស្រែ​ទំហំ ៥​ហិកតារ៖ «មេ​ភូមិ​គេ​យក​ខ្លះ​ទៅ ២​លាន​កន្លះ ខ្លះ​បី​លាន​រៀល ហើយ​ដី​នោះ​គេ​ថា​ចែក​ឲ្យ ៥​ហិកតារ។ ដី​ភូមិ​១​រ៉ៃ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ បាន​ដី​តែ​១​រ៉ៃ ហើយ​ដី​កសិកម្ម​វា​មិន​ទាន់​បាន ៧​ភូមិ​បង់​ដូច​តែ​គ្នា»

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​លោក ឈា នី មេ​ឃុំ​បឹង​ប្រាំ ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ។

ក្រុម​អ្នក​ភូមិ​បញ្ជាក់​ថា ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បាន​សន្យា​រក​ដី​ចែក​ជូន​អ្នក​ភូមិ ប៉ុន្តែ​ការ​ពិត​រក​ដី​ចែក​ជូន​ប្រជាពលរដ្ឋ​ពុំ​បាន​រហូត​មក​ដល់​សព្វថ្ងៃ។ កន្លង​ទៅ​នេះ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ធ្លាប់​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពន្លឿន​ការ​ដោះស្រាយ​ដី​កសិកម្ម​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ឆាប់ ដើម្បី​ជួយ​ដល់​ភាព​ខ្វះ​ខាត​របស់​អ្នក​ភូមិ និង​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។ បញ្ហា​ដោះស្រាយ​មិន​ចេញ ដោយសារ​ដី​នៅ​តំបន់​នោះ​មាន​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ​ដីធ្លី​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។