ការ​តស៊ូ​របស់​យុវតី​ម្នាក់​ក្នុង​ការ​ជួយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ

យុវតី​ម្នាក់​ដែល​ធ្វើ​ការងារ​ផ្នែក​លើក​ស្ទួយ​សិទ្ធិ​លំនៅឋាន អះអាង​ថា នាង​នៅ​តែ​តស៊ូ​បំពេញ​ការងារ​ជា​អ្នក​ការពារ​សិទ្ធិ​លំនៅឋាន ជូន​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ការ​រំលោភ​បំពាន ឬ​បណ្ដេញ​ចេញ​ពី​លំនៅឋាន បើ​ទោះ​ជា​ប្រឈម​នឹង​គ្រោះ​ថ្នាក់​យ៉ាង​ណា​ក៏ដោយ។

0:00 / 0:00

ការ​អះអាង​នេះ​ស្រប​ពេល​ដែល​អ្នក​ធ្វើ​ការងារ​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស ការពារ​សិទ្ធិ​លំនៅឋាន សហជីព អ្នក​សារព័ត៌មាន​នៅ​កម្ពុជា មួយ​ចំនួន​តែង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ផ្សេងៗ ដូច​ជា​ការ​ប្ដឹង​ឡើង​តុលាការ ការ​រត់​ចោល​ស្រុក ការ​គំរាមកំហែង ការ​ធ្វើ​ឃាត ឬ​ជាប់​គុក​ជាដើម។

ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​លើ​ពិភពលោក បាន​ដឹង​នូវ​រឿងរ៉ាវ​រំលោភ​បំពាន​ដីធ្លី ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ដូច​ជា​ស្ថានភាព​ពលរដ្ឋ​បឹងកក់ បុរីកីឡា សហគមន៍​បឹង​ឈូក តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា មាន​កាសែត វិទ្យុ ទូរទស្សន៍ គេហទំព័រ ទាំង​ជាតិ និង​អន្តរជាតិ។ ប៉ុន្តែ ប្រិយមិត្ត​អ្នក​ស្តាប់ អាន និង​ទស្សនា មិន​បាន​ដឹង​ថា តើ​ហេតុ​អ្វី​បាន​ជា​ក្រុម​អ្នក​យក​ព័ត៌មាន​តាម​ទាន់​ព្រឹត្តិការណ៍​ឈូស​ឆាយ​ផ្ទះ​សម្បែង ឬ​ករណី​រំលោភ​បំពាន​ដីធ្លី​នោះ​ទេ?

តាម​ការ​ពិត អ្នក​សារព័ត៌មាន​តាម​ទាន់​ហេតុការណ៍​ទាំង​នេះ ដោយ​សារ​ក្រុម​សហគមន៍​ទាំង​នោះ​មាន​សង្គម​ស៊ីវិល​ចុះ​ជាប់​ធ្វើ​ការ​ជាមួយ និង​ទាក់​ទង​ទៅ​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​នានា។ ក្នុង​ចំណោម​សង្គម​ស៊ីវិល​ចុះ​ជួយ​អន្តរាគមន៍​តាម​ដាន អង្កេត​ការណ៍​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស ទំនាស់​ដីធ្លី ក៏​មាន​អង្គការ​មួយ​ឈ្មោះ ក្រុម​ការ​ងារ​ពិសេស​ការពារ​សិទ្ធិ​លំនៅឋាន ចុះ​ធ្វើ​ការងារ​ទាំង​នេះ​ដែរ។ អង្គការ​នេះ​មាន​មន្ត្រី​ព័ត៌មាន​ម្នាក់​ឈ្មោះ កញ្ញា ឡុង គីមហៀង ទទួល​បន្ទុក​ជា​អ្នក​តាម​ដាន ផ្សព្វផ្សាយ និង​ទាក់​ទង​ទៅ​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដើម្បី​ចុះ​យក​ព័ត៌មាន​មក​ធ្វើ​ការ​ផ្សព្វផ្សាយ។

សម្បុរ​ស្រអែម ពាក់​វ៉ែនតា មាឌ​មាំ ស្ថិត​ក្នុង​វ័យ ២៧​ឆ្នាំ កញ្ញា ឡុង គីមហៀង ត្រូវ​បាន​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ​មួយ​ចំនួន និង​អ្នក​សារព័ត៌មាន​ស្គាល់​យ៉ាង​ច្បាស់​ថា គ្រប់​ទី​កន្លែង​ដែល​មាន​ការ​តវ៉ា​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី​នៅ​ភ្នំពេញ តែង​មាន កញ្ញា គីមហៀង ជានិច្ច។

កញ្ញា​ឲ្យ​ដឹង​ថា នាង​ធ្វើ​ការ​សព្វថ្ងៃ​ជា​អ្នក​សម្របសម្រួល​បណ្ដាញ​សហគមន៍​មាន​បញ្ហា​ដីធ្លី និង​ទាក់​ទង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​សកម្មភាព​ផ្សេងៗ​របស់​ប្រជា​សហគមន៍ ព្រម​ទាំង​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ​ស្ដីពី​សិទ្ធិ​លំនៅឋាន ទៅ​កាន់​មហា​ជន​ជុំវិញ​ពិភពលោក។ កញ្ញា​បន្ត​ថា សកម្មភាព​ក្រុម​គោលដៅ ឬ​សហគមន៍​មាន​បញ្ហា​ដីធ្លី​ជោគជ័យ​ទៅ​បាន អាស្រ័យ​លើ​សារព័ត៌មាន​ដែល​ឯករាជ្យ ដូច​នេះ​ការងារ​សំខាន់​បំផុត គឺ​ទាក់​ទង​នឹង​បណ្ដាញ​សារព័ត៌មាន​ទាំង​នោះ។

កញ្ញា គីមហៀង បញ្ជាក់​ថា កាល​ជា​និស្សិត នាង​តែង​យល់​ថា នៅ​កម្ពុជា មាន​ច្បាប់​សម្រាប់​គ្រប់គ្រង​ប្រទេស ហើយ​មិន​អាច​មាន​នរណា​បំពាន​ច្បាប់​បាន​ទេ ដល់​ពេល​ចុះ​ធ្វើ​ការងារ​នៅ​សហគមន៍ ទើប​ការ​ពិត​ត្រូវ​បាន​លាត​ត្រដាង​ទាំង​ស្រុង ឲ្យ​នាង​ដឹង​ច្បាស់​តែ​ម្តង៖ «គាត់​មិន​ចាំបាច់​រៀបរាប់​វែង​ឆ្ងាយ​អី​ទេ។ ខ្ញុំ​ឃើញ​ផ្ទាល់​ភ្នែក​តែ​ម្តង ប៉ូលិស អាជ្ញាធរ​កាន់​កាំភ្លើង​ដើរ​ពេញ​ភូមិ។ ខ្ញុំ​អ្នក​ឃ្លាំ​មើល​មាន​កាមេរ៉ា មាន​កាត​អី​ត្រឹមត្រូវ មន្ត្រី​អស់​ហ្នឹង​គាត់​សម្ដែង​ឫក​ថា​មិន​មាន​នរណា​ម្នាក់​ដល់​គាត់ អីចឹង​កាល​នៅ​សាលា ខ្ញុំ​រៀន គឺ​និយាយ​ច្បាស់​ណាស់​ច្បាប់​អី​ហ្នឹង​នោះ ពេល​ដែល​ខ្ញុំ​ចុះ​ទៅ​ថត​ហ្នឹង គេ​សម្លុត​ខ្ញុំ​ភ័យ​ផង ខ្ញុំ​ឆ្ងល់​ផង»

កញ្ញា ឡុង គីមហៀង បញ្ជាក់​ថា ព្រោះ​តែ​ការ​ធ្វើ​ការងារ​នេះ នាង​ធ្លាប់​ត្រូវ​បាន​ទទួល​ការ​គំរាម​កំហែង ការ​ប្រមាថ​មើល​ងាយ​ពី​សំណាក់​អាជ្ញាធរ​មួយ​ចំនួន និង​ជន​មិន​ស្គាល់​មុខ ការ​ឆក់​យក​កាមេរ៉ា​ជាដើម។ ប៉ុន្តែ ផល​ដែល​ទទួល​បាន​វិញ នាង​បាន​ទទួល​ការ​គាំទ្រ​ជាច្រើន​ពី​សំណាក់​ក្រុម​គ្រួសារ មិត្តភក្ដិ ប្រជា​សហគមន៍​មាន​បញ្ហា​ដីធ្លី និង​ចំណេះ​ដឹង​ថ្មីៗ​បន្ថែម​ទៀត​ពី​បញ្ហា​សង្គម។

ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​វិញ ពួក​គាត់​ស្គាល់ កញ្ញា ឡុង គីមហៀង យ៉ាង​ច្បាស់​ប្រៀប​ដូច​ធម្មជាតិ​ពេល​ថ្ងៃ។ តំណាង​អ្នក​ភូមិ​បឹងកក់ អ្នកស្រី ទេព វន្នី ថ្លែង​ថា គីមហៀង បាន​ជួយ​សម្របសម្រួល​ជាច្រើន ទាំង​ផ្នែក​ស្មារតី កម្លាំង​កាយ និង​កម្លាំង​ចិត្ត។ អ្នកស្រី​បន្ត​ថា នាង​បាន​ផ្តល់​ដំបូន្មាន​ផ្នែក​ច្បាប់ លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ ជាពិសេស គីមហៀង ជា​សាក្សី​ម្នាក់​ដែល​ហ៊ាន​ឡើង​ទៅ​តុលាការ​សាលា​ឧទ្ធរណ៍ ដើម្បី​បំភ្លឺ​ថា ស្ត្រី​បឹងកក់ ទាំង ១៣​នាក់ មិន​បាន​ធ្វើ​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ទៀត​ផង។ អ្នកស្រី ទេព វន្នី បញ្ជាក់​ថា កញ្ញា គីមហៀង ជា​យុវតី​វ័យ​ក្មេង​ម្នាក់​ដែល​ខុស​ពី​យុវតី​ដទៃ ត្រង់​ភាព​ក្លាហាន​តស៊ូ និង​ស្នេហា​យុត្តិធម៌​សង្គម។

អ្នកស្រី ទេព វន្នី៖ «ជា​ញឹកញាប់​តែ​ម្តង នៅ​ពេល​ជួប​បញ្ហា​ការ​បណ្ដេញ​ចេញ​ដោយ​ បង្ខំ ឃើញ គីមហៀង គាត់​ចុះ​មក​សហគមន៍ ឬ​ទៅ​តាម​កន្លែង​ពួក​ខ្ញុំ​ធ្វើ​សកម្មភាព​តស៊ូ​មតិ​ផ្សេងៗ។ កម្រ​មាន គាត់​អត់​ខ្លាច​ទេ គាត់​ហ៊ាន ដូច​ថា​សកម្មភាព​ក្តៅៗ ដូច​ជា​ការ​បង្ក្រាប ​ពី​សំណាក់​អាជ្ញាធរ​ទៅ​លើ​ស្ត្រី​បឹងកក់ ដែល​តវ៉ា អីចឹង​គាត់​ព្យាយាម​ថត​យក​រូបភាព​ហ្នឹង​តែ​ម្តង​ទុក​ជា​ភស្តុតាង»

អ្នកស្រី ទេព វន្នី បញ្ជាក់​ថា ក្រៅ​ពី​បំពេញ​តួនាទី កញ្ញា គីមហៀង ពិត​ជា​មាន​ឆន្ទៈ​ចង់​ជួយ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​តាម​សហគមន៍​នានា​ប្រាកដ​មែន។

ទោះ​ជា​យ៉ាង​ណា​ក្តី ប្អូន​ប្រុស កញ្ញា គីមហៀង គឺ​យុវជន ឡុង គីមហឿន ឲ្យ​ដឹង​ថា បង​ស្រី​របស់​ខ្លួន​ជា​ចំណែក​សំខាន់​បំផុត​របស់​គ្រួសារ ដោយ​សារ​តែ​នាង​បាន​ទទួល​ផ្គត់ផ្គង់​ប្អូនៗ​ដែល​មក​រៀន​នៅ​ភ្នំពេញ​ជំនួស​ឪពុក​ម្តាយ។ គីមហឿន បន្ត​ថា គាត់​មាន​មោទនភាព​នឹង​បង​ស្រី​ដែល​ខិតខំ​ធ្វើ​ការងារ​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ចំណាយ​ពេល​វេលា​ក្នុង​នាម​ជា​យុវតី​ម្នាក់​ធ្វើ​ការងារ​ដើម្បី​សង្គម។ តែ​យុវជន​រូប​នេះ​ក៏​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​របស់​បង​ស្រី​ខ្លួន​ដែរ។

យុវជន ឡុង គីមហឿន៖ «ខ្ញុំ​នៅ​តែ​មាន​ការ​បារម្ភ ពេល​ខ្លះ​គាត់​ធ្វើ​ការ​រាង​យប់​អីចឹង នៅ​ចាំ​អីចឹង តេ​សួរ​គាត់ ពេល​ខ្លះ​គាត់​បិទ​ទូរស័ព្ទ​ទៀត នាំ​គ្នា​ភ័យ​ណាស់ រង់ចាំ​គាត់​រហូត​ដល់​គាត់​មក​អីចឹង ពេល​គាត់​មក​នាំ​គ្នា​ចូល​គេ​អីចឹង​ទៅ ខ្ញុំ​យល់​ថា ជា​ការ​ប្រឈម​តែ​ជា​ការងារ​របស់​យើង​ត្រូវ​ធ្វើ​ឲ្យ​បាន»

យ៉ាង​ណា​ក៏​ដោយ កញ្ញា ឡុង គីមហៀង នៅ​តែ​ប្រកាន់​ជំហរ​បំពេញ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ បើ​ទោះ​ជា​មាន​បញ្ហា​ប្រឈម​ជាច្រើន​ក៏​ដោយ៖ «សហគមន៍​ហ្នឹង​ត្រូវ​បាន​អាជ្ញាធរ​ប្រើ​ហិង្សា រុញ​ច្រាន ខ្ញុំ​ត្រូវ​បាន​គេ​ចាប់​កាមេរ៉ា ហើយ​លុប​រូប​អស់​រលីង គេ​រុញ​ត្រូវ​ខែល​ដែល​មុត​ស្រួច។ បញ្ហា​មួយ​ទៀត​ហ្នឹង មិន​មែន​តែ​ខ្ញុំ​ទេ គឺ​ប្រឈម​ចោទ​ប្រកាន់​ពី​តុលាការ​គ្រប់​ពេល​ទាំង​អស់ នេះ​ជា​រឿង​គួរ​ឲ្យ​បារម្ភ។ បញ្ហា​មួយ​ទៀត​ហ្នឹង គឺ​ការ​ប្រមាថ​មើល​ងាយ សុវត្ថិភាព​ផ្ទាល់​ខ្លួន»

រំលឹក​ដល់​ត្រង់​នេះ គីមហៀង បន្ត​ថា នាង​ភ័យ​ខ្លាច​បារម្ភ​ពី​សុវត្ថិភាព ប៉ុន្តែ​នាង​បែរ​ជា​សប្បាយ​ចិត្ត​វិញ នៅ​ពេល​ដែល​ទៅ​ស្រុក​កំណើត​ម្តងៗ ដោយ​សារ​តែ​បាន​ទទួល​ការ​ស្រឡាញ់​ចូល​ចិត្ត​ពី​អ្នក​ភូមិ និង​ក្រុម​គ្រួសារ​ញាតិ​មិត្ត។ គីមហៀង បង្ហើប​ថា អ្នក​ភូមិ​រាប់​រក ដោយ​សារ​នាង​ជា​មនុស្ស​ស្រី​តែ​ម្នាក់​គត់​នៅ​ក្នុង​ភូមិ ដែល​អាច​រៀន​បាន​ខ្ពស់​ចប់​ថ្នាក់​មហាវិទ្យាល័យ។ កញ្ញា គីមហៀង បន្ត​ថា នាង​មាន​បំណង​ចង់​ឲ្យ​គ្រួសារ​នាង​ជៀស​ឆ្ងាយ​ពី​អំពើ​ពុក​រលួយ ហើយ​ក៏​ចង់​ឲ្យ​ពលរដ្ឋ និង​យុវជន​កម្ពុជា ចូល​រួម​លើក​តម្កើង​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែរ។

កញ្ញា ឡុង គីមហៀង៖ «សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ត្រូវ​តែ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន ដើម្បី​ការពារ​ដីធ្លី​ផ្ទះ​សម្បែង​របស់​ខ្លួន សុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​មាន​បញ្ហា ចូល​រួម​គាំទ្រ​អ្នក​ដែល​បញ្ហា សុំ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ឲ្យ​បាន​ធ្វើ​យ៉ាង​ណា​ឲ្យ​រាជ​រដ្ឋាភិបាល​អនុវត្ត​ឲ្យ​បាន ដើម្បី​ធ្វើ​យ៉ាង​ណា​បង្ហាញ​ថា រដ្ឋាភិបាល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស»

កញ្ញា ឡុង គីមហៀង ជា​កូន​ស្រី​ច្បង​ក្នុង​ចំណោម​បង​ប្អូន​ប្រុស​ស្រី ៧​នាក់ ដែល​មាន​ឪពុក​ម្តាយ​ជា​អាជីវករ​នៅ​ខេត្ត​បន្ទាយមានជ័យ។ កាល​ពី​កុមារ​ភាព ត្រូវ​រៀន​ថ្នាក់​ទី១ រហូត​ដល់​៣​ឆ្នាំ និង​ថ្នាក់​ទី៨ ពីរ​ឆ្នាំ ដោយ​សារ​តែ​ការ​ផ្លាស់​ប្ដូរ​ទីលំនៅ​របស់​ឪពុក​ម្តាយ តាំង​ពី​ជំរុំ​សាយធូ ទៅ​ខេត្ត​កំពង់ចាម រហូត​ត្រឡប់​ទៅ​ខេត្ត​បន្ទាយមានជ័យ ជា​ទីលំនៅ​បច្ចុប្បន្ន​វិញ។

កញ្ញា គីមហៀង ធ្លាប់​មាន​បទ​ពិសោធន៍​ការងារ​ជា​ជាង​កាត់​ដេរ​ខោ​អាវ គ្រូ​បង្រៀន​ភាសា​អង់គ្លេស មន្ត្រី​បណ្ដុះ​បណ្ដាល​សហជីព មន្ត្រី​ផ្តល់​ព័ត៌មាន​តាម​សកលវិទ្យាល័យ បុគ្គលិក​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ។ កញ្ញា​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ នៅ​សកលវិទ្យាល័យ​មួយ​នៅ​ភ្នំពេញ ហើយ​នាង​កំពុង​បន្ត​ការ​សិក្សា​បរិញ្ញាបត្រ​ផ្នែក​ភាសា​អង់គ្លេស ឆ្នាំ​ទី៤។

នៅ​ថ្ងៃ​អនាគត កញ្ញា គីមហៀង មាន​បំណង​ធ្វើ​ជា​អ្នក​នយោបាយ​ស្ត្រី​មួយ​រូប ដើម្បី​ចូល​រួម​ដោះស្រាយ​បញ្ហា​សង្គម។ ប៉ុន្តែ នាង​មិន​បញ្ជាក់​ថា​នឹង​ចូល​រួម​គណបក្ស​នយោបាយ​ណា​មួយ​នៅ​ឡើយ។ គីមហៀង យល់​ឃើញ​ថា មាន​តែ​លទ្ធិប្រជាធិបតេយ្យ​ទេ​ទើប​នាំ​ឲ្យ​កម្ពុជា មាន​សេចក្តី​សុខ និង​រីក​ចម្រើន។ ដូចនេះ​យុវជន​ទាំង​អស់​ត្រូវ​ចូល​រួម​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស គោរព​ច្បាប់ ទើប​កម្ពុជា រីក​ចម្រើន​ជា​យូរ​អង្វែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។