តំណាងអ្នកភូមិតំបន់បឹងកក់ អ្នកស្រី ទេព វន្នី និងមន្ត្រីអង្គការសង្គមស៊ីវិល បានបញ្ចប់យុទ្ធនាការស្វែងរកដំណោះស្រាយជម្លោះដីធ្លីនៅតំបន់បឹងកក់ នៅសហរដ្ឋអាមេរិក នៅដើមសប្ដាហ៍នេះ។
ក្នុងយុទ្ធនាការនោះ សកម្មជនដីធ្លីទាំងនោះបានជួបមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក និងមន្ត្រីធនាគារពិភពលោក ស្នើសុំអន្តរាគមន៍ដោះស្រាយជម្លោះដី និងដោះលែងសកម្មជនដីធ្លីពីពន្ធនាគារ។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន សកម្មជនដីធ្លី និងតំណាងអ្នកភូមិបឹងកក់ អ្នកស្រី ទេព វន្នី ស្នើសុំឲ្យធនាគារពិភពលោកធ្វើអន្តរាគមន៍បញ្ចប់ជម្លោះដីធ្លីនៅតំបន់បឹងកក់ និងដោះលែងសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា។
សំណើនេះ ធ្វើឡើងក្នុងជំនួបមួយកាលពីថ្ងៃច័ន្ទ រវាងសកម្មជនដីធ្លី និងមន្ត្រីអង្កេត និងគណៈភិបាលធនាគារ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
លោក សៀ ភារម្យ មានប្រសាសន៍ថា បច្ចុប្បន្ន ពលរដ្ឋតំបន់បឹងកក់ ប្រមាណជាង ៦០គ្រួសារ នៅមិនទាន់ទទួលបានប្លង់ដីនៅឡើយ បើទោះបីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្តល់ដីជាង ១២ហិកតារ ឲ្យពលរដ្ឋតំបន់បឹងកក់ ក៏ដោយ៖ «ហើយនឹងជួយរកដំណោះស្រាយឲ្យអ្នកជាង ៦០គ្រួសារ និងជួយវាស់ព្រំប្រទល់ដីឲ្យច្បាស់លាស់ ដើម្បីបញ្ចប់ជម្លោះរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន»។
កាលពីសប្ដាហ៍មុន ឧបការីស្តីទីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក ចូសេហ្វ យន់ (Joseph Yun) ក៏បានសន្យានឹងពិភាក្សានឹងរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយជម្លោះដីធ្លី និងការដោះលែងអ្នកស្រី យ៉ោម បុប្ផា។
ក្នុងជំនួបជាមួយមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក រួមមានលោក សៀ ភារម្យ អ្នកស្រី ទេព វន្នី និងប្រធានអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី បានសុំសហរដ្ឋអាមេរិក ជំរុញឲ្យរដ្ឋាភិបាលឲ្យដោះស្រាយបញ្ហានៅសេសសល់។
កាលពីសប្ដាហ៍មុន អ្នកស្រី ទេព វន្នី ទទួលបានពានរង្វាន់កិត្តិយស "ភាពជាមេដឹកនាំពិភពលោក" របស់អង្គការវ៉ាយថល វ៉យស៍ (Vital Voices)។ ក្នុងពិធីនោះ អ្នកស្រី ទេព វន្នី ស្លៀកពាក់ប្រពៃណីខ្មែរ បានចាប់ដៃនឹងអនុប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បាយឌិន (Joe Biden) និងអតីតរដ្ឋមន្ត្រីក្រសួងការបរទេស អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton)។ អង្គការវ៉ាយថល វ៉យស៍ ជ្រើសរើសអ្នកស្រីសម្រាប់ពានរង្វាន់ ដោយសារតែភាពក្លាហានប្រកបដោយថាមពល ការដឹកនាំតវ៉ាប្រឆាំងនឹងក្រុមហ៊ុន និងរដ្ឋាភិបាល ទាមទារសិទ្ធិមានលំនៅឋានសមរម្យ ដោយមិនសុខចិត្តឲ្យការរំលោភបំពានអាចធ្វើទៅបានដោយគ្មានការទទួលខុសត្រូវ។
កាលពីខែមីនា អ្នកស្រីក៏ទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស ឈ្មោះថា "មេអំបៅមាស" នៅប្រទេសហុឡង់ដ៍ ក្រោយពេលខ្សែភាពយន្តឯកសារស្ដីពីការបង្ខំបណ្ដេញចេញនៅតំបន់បឹងកក់ ឈ្មោះថា "សូម្បីតែបក្សីក៏ត្រូវការសំបុក" ត្រូវបានចាក់បញ្ចាំងនៅមហោស្រពភាពយន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។