សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជន និងមន្ត្រីគណបក្សសង្រ្គោះជាតិ ១១នាក់ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចន្លោះពី ៧ឆ្នាំ ទៅ ២០ឆ្នាំ ពីបទចោទដឹកនាំធ្វើកុប្បកម្មនាំឲ្យមានអំពើហិង្សានៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ។
សកម្មជនទាំង ១១នាក់នោះ មាន លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធិ លោក អាន បឋម និងមួយចំនួនទៀត។
តុលាការបានប្រកាសឲ្យសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ បន្ទាប់ពីប្រកាសសាលក្រមនៅរសៀលថ្ងៃទី២១ កក្កដា នេះ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស។
កាលពីព្រឹកនេះ មេធាវីការពារក្ដីជនជាប់ចោទសកម្មជនបក្សសង្គ្រោះជាតិ ១០នាក់ ក្នុងចំណោម ១១នាក់ ធ្វើពហិការមិនចូលរួមសវនាការនាសាលាដំបូងរាជធានីភ្នំពេញ។
ក្រុមមេធាវីអះអាងថា ពួកគេមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមក្នុងសវនាការ ហើយការដែលចូលរួមក្នុងសវនាការរាល់ថ្ងៃជាប់ៗគ្នា អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ ដូច្នេះវាអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរក្ដីទាំងមូល។
សូមស្ដាប់លោក ម៉ម មុនីរតន៍ រាយការណ៍ព័ត៌មានពិស្ដារ៖
លីកាដូ ថ្កោលទោសសេចក្ដីសម្រេចរបស់តុលាការផ្ដន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិ ១១នាក់
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ (Licadho) នៅថ្ងៃទី២១ កក្កដា នេះ ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសសេចក្ដីសម្រេចរបស់តុលាការ។ ក្នុងសេចក្ដីថ្លែងការណ៍នេះ អង្គការលីកាដូ អំពាវនាវកុំឲ្យមានការយកប្រព័ន្ធតុលាការធ្វើជាឧបករណ៍នយោបាយ និងឲ្យតុលាការទម្លាក់ការចោទប្រកាន់សកម្មជនគណបក្សសង្រ្គោះជាតិ ទាំង ១១នាក់នោះវិញ ដោយសារមានភាពមិនប្រក្រតីជុំវិញដំណើរការកាត់ក្ដី និងអង្គហេតុនៃសំណុំរឿងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។