សវនាការ​ផ្អាក​ដោយសារ​លោក វន់ ពៅ មាន​បញ្ហា​សុខភាព​និង​បន្ត​នៅ​ថ្ងៃ​ស្អែក

0:00 / 0:00

សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រកាស​លើក​ពេល​សវនាការ​លើ​សំណុំ​រឿង​របស់​ជន​ជាប់​ចោទ​ឈ្មោះ វន់ ពៅ ទៅ​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ឧសភា បន្ត​ទៀត។ សវនាការ​នៅ​ថ្ងៃ​ពុធ ទី​២១ នេះ បាន​ផ្អាក​ត្រឹម​ម៉ោង​ប្រមាណ ៣​រសៀល បន្ទាប់​ពី​មាន​សំណូមពរ​របស់ លោក វន់ ពៅ ដែល​មិន​អាច​ឈរ​ឆ្លើយ​សំណួរ​ក្នុង​សវនាការ​បាន។ ចៅក្រម​តុលាការ​បាន​ទទួល​យក​សំណូមពរ​របស់​ជន​សង្ស័យ ក្រោយ​បើក​សវនាការ​បាន​មួយ​រយៈពេល​ខ្លី។

សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លើ​សំណុំ​រឿង​ជន​សង្ស័យ​ឈ្មោះ វន់ ពៅ និង​មនុស្ស ២២​នាក់​ទៀត លើ​សំណុំ​រឿង​បង្ក​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង និង​រោងចក្រ យ៉ាក ជីន នា​ថ្ងៃ​ពុធ ទី​២១ ខែ​ឧសភា តុលាការ​បាន​ចែក​សាល​សវនាការ​ជា​ពីរ​បន្ទប់​ដាច់​ដោយ​ឡែក​ពី​គ្នា គឺ​បន្ទប់ ឬ​សាល​សវនាការ​ទី​១ ជា​សវនាការ​ទៅ​លើ​ជន​ជាប់​ចោទ ១០​នាក់ លើ​សំណុំ​រឿង​នៅ​រោងចក្រ យ៉ាក ជីន និង​សាល​សវនាការ​ទី​២ គឺ​ជា​សវនាការ ដើម្បី​សាកសួរ​សាក្សី​របស់​ដើម​បណ្ដឹង។

សវនាការ​នៅ​ក្នុង​បន្ទប់​សវនាការ​ទី​១ ព្រឹក​នេះ តុលាការ​បាន​ចោទ​សួរ​លើ​ជន​ជាប់​ចោទ​តែ​ម្នាក់​ទេ គឺ​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប៉ុន្តែ​ចៅក្រម​បាន​ប្រកាស​ផ្អាក​សវនាការ​មុន​ម៉ោង​កំណត់ ដោយសារ លោក វន់ ពៅ មាន​អាការៈ​ងងឹត​មុខ និង​ស្ពឹក​ស្រពន់ មិន​អាច​ឈរ​ឆ្លើយ​សំណួរ​ក្នុង​សវនាការ​នោះ​បាន។

លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ដែល​ចូល​ស្តាប់​ក្នុង​សវនាការ បាន​ឲ្យ​ដឹង​ថា សវនាការ​នៅ​ពេល​ព្រឹក​នេះ មាន​ការ​ចោទ​សួរ​តឹងតែង​រវាង​ចៅក្រម ព្រះរាជ​អាជ្ញា​ជាមួយ លោក វន់ ពៅ និង​មេធាវី​ការពារ​ជន​ជាប់​ចោទ។ ជាង​នេះ តុលាការ​បាន​លើក​យក​រូបភាព​ឯកសារ​ជា​រូបភាព​វីដេអូ​ដែល លោក វន់ ពៅ ចូល​រួម​ទាមទារ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ នៅ​ពី​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៣ ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នៅ​រោងចក្រ យ៉ាក ជីន មក​ចាក់​បញ្ចាំង​ក្នុង​សវនាការ។

លោក អំ សំអាត៖ «នៅ​ក្នុង​រូបភាព​នោះ ចៅក្រម​ហាក់​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ទៅ​លើ​សម្ដី​របស់ លោក វន់ ពៅ ដែល​រូបភាព​ទាំងអស់​នេះ​ហាក់​បី​ដូច​ជា​មិន​ទាក់ទង​គ្នា​ទៅ​នឹង​រោងចក្រ យ៉ាក ជីន ទេ គឺ​វា​អត់​ទាក់ទង​គ្នា​ទាល់​តែ​សោះ។ ប៉ុន្តែ យើង​នៅ​តែ​ឆ្ងល់​ថា មិន​ដឹង​ជា​គោល​បំណង​អ្វី បាន​ជា​តុលាការ​ប្រើប្រាស់​រូប​វីដេអូ​នេះ​យក​មក​ចាក់​បញ្ចាំង​នៅ​ពេល​នេះ ហើយ​ចៅក្រម​ក៏​បាន​បញ្ជាក់​ថា រូបភាព​នេះ​មិន​ទាក់ទង​នឹង​រោងចក្រ យ៉ាក ជីន ដែរ។ ត្រង់​ចំណុច​នេះ យើង​នៅ​តែ​ឆ្ងល់»

លោក អំ សំអាត បាន​លើក​ជា​ចម្ងល់​ទៅ​លើ​អង្គ​សវនាការ​នោះ ពីព្រោះ​ចៅក្រម​ហាក់​បាន​ដើរ​តួនាទី ឬ​ផ្ដើម​សំណួរ​ជំនួស​ឲ្យ​ព្រះរាជ​អាជ្ញា ច្រើន​ជាង​តួនាទី​ជា​ចៅក្រម។ លោក អំ សំអាត មើល​ឃើញ​ថា សវនាការ​លើ​សំណុំ​រឿង​នៅ​រោងចក្រ យ៉ាក ជីន ដែល​មាន​ជន​សង្ស័យ​ចំនួន ១០​នាក់ តុលាការ​ហាក់​មិន​បង្ហាញ​ពី​អព្យាក្រឹត្យ​របស់​ខ្លួន​ទេ​នៅ​ក្នុង​អង្គ​សវនាការ។

លោក អំ សំអាត៖ «ហើយ​អ្វី​ដែល​ឃើញ​ភាព​ខុស​គ្នា​នៅ​ពេល​ដែល លោក វន់ ពៅ ក៏​ដូច​ជា​ជន​ជាប់​ចោទ​ផ្សេង​ទៀត និង​មេធាវី និយាយ​ដល់​រោងចក្រ យ៉ាក ជីន ហើយ​និយាយ​ដល់​ការ​ប្រើប្រាស់​កង​កម្លាំង​យោធា​៩១១ ដែល​ប្រើប្រាស់​អំពើ​ហិង្សា​ដល់​ពួក​គាត់ ត្រូវ​បាន​ចៅក្រម ត្រូវ​បាន​ព្រះរាជ​អាជ្ញា​ជំទាស់​ថា វា​ខុស​ពី​អង្គ​ហេតុ ខុស​ពី​សំណួរ​ដែល​សួរ។ នេះ​ជា​ចម្ងល់​របស់​យើង មិន​ដឹង​ថា​មាន​បញ្ហា​អ្វី។ ហើយ​មួយ​ទៀត ដែល​យើង​គួរ​តែ​ឆ្ងល់​ដែរ​នៅ​ព្រឹក​នេះ​ដែរ យើង​ហាក់​បី​ដូច​ជា​ឃើញ​ថា ចៅក្រម​គាត់​ដើរ​តួនាទី​ជា​ព្រះរាជ​អាជ្ញា​ច្រើន​ជាង​ចៅក្រម ដោយ​ការ​តាំង​សំណួរ​របស់​គាត់​ហាក់​ដូច​ជា​សំណួរ​របស់​ព្រះរាជ​អាជ្ញា»

ទោះ​យ៉ាង​ណា សវនាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ឧសភា តុលាការ​សាលា​ដំបូង​បាន​អនុញ្ញាត​ឲ្យ​គ្រួសារ​ជន​ជាប់​ចោទ មន្ត្រី​សង្គម​ស៊ីវិល អ្នក​កាសែត និង​មន្ត្រី​ស្ថានទូត​មួយ​ចំនួន ចូល​ស្តាប់​សវនាការ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​យក​ម៉ាស៊ីន​ថតរូប ឬ​ទូរស័ព្ទ​ចូល​ក្នុង​បន្ទប់​សវនាការ​នោះ​ទេ។ មុន​ចៅក្រម​ផ្អាក​សវនាការ លោក វន់ ពៅ ក៏​បាន​ស្នើ​លោក​ចៅក្រម​សម្រាក​ចំនួន ២​ដង នៅ​ពេល​ព្រឹក​ម្តង និង​ពេល​ល្ងាច​មួយ​ដង មុន​នឹង​សុំ​ចៅក្រម​ប្រកាស​ផ្អាក និង​លើក​ពេល​សវនាការ។

នៅ​ក្នុង​បន្ទប់​សវនាការ លោក វន់ ពៅ បាន​ច្រាន​ចោល​ការ​ចាក់​រូបភាព​វីដេអូ​ឯកសារ​របស់​តុលាការ ជុំវិញ​សកម្មភាព​របស់​លោក​ជួយ​ទាមទារ​ប្រាក់​ខែ​គោល​កម្មករ នៅ​ពី​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៣ ដោយ​ភ្ជាប់​ទៅ​នឹង​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤ នៅ​មុខ​រោងចក្រ យ៉ាក ជីន។

រីឯ​កូន​ប្រុស​តូចៗ​របស់ លោក វន់ ពៅ ដែល​មាន​អាយុ​មិន​ដល់ ១០​ឆ្នាំ​ផង​នោះ ក៏​បាន​ទទូច​ដល់​តុលាការ​ឲ្យ​ដោះ​លែង​ឪពុក​បាន​នៅ​ក្រៅ​ពន្ធនាគារ ដើម្បី​ទទួល​ព្យាបាល​ជំងឺ៖ «សូម​ឲ្យ​តុលាការ​ដោះ​លែង​ប៉ា​របស់​ខ្ញុំ​បាន​ទៅ​ពិនិត្យ​ជំងឺ​នៅ​ក្រៅ​ឃុំ។ គាត់​គ្មាន​កំហុស​ទេ គឺ​គ្រាន់​តែ​ចូលរួម​ជួយ​តាម​ទារ​ប្រាក់​ខែ​កម្មករ​ចំនួន ១៦០​ដុល្លារ​ក្នុង​១​ខែ​ទេ។ ដោះ​លែង​ប៉ា​ខ្ញុំ​ទៅ ប៉ា​ខ្ញុំ​មាន​ជំងឺ ដោះ​លែង​ទៅ។ ប៉ា​ខ្ញុំ​អត់​មាន​កំហុស​អី​ទេ សូម​ឲ្យ​តុលាការ​ដោះ​លែង​ប៉ា​ខ្ញុំ​ទៅ»

លោក វន់ ពៅ រួម​ជាមួយ​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​ដីធ្លី និង​កម្មករ​រោងចក្រ​ចំនួន ២២​នាក់​ទៀត ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា និង​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ឯកជន នៅ​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​កម្លាំង​ចម្រុះ​រដ្ឋាភិបាល បង្ក្រាប​បាតុកម្ម​កម្មករ​រោងចក្រ​កាត់​ដេរ​នៅ​តាម​ផ្លូវ​វ៉េងស្រេង និង​រោងចក្រ យ៉ាក ជីន កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ ហេតុការណ៍​នោះ សមត្ថកិច្ច​បាន​បាញ់​សម្លាប់​កម្មករ​ប្រមាណ ៥​នាក់ និង​រង​របួស​ជាង ៤០​នាក់ ព្រម​ទាំង​ចាប់​ខ្លួន​ចំនួន ២៣​នាក់។ អំពើ​ហិង្សា​នេះ មន្ត្រី​សង្គម​ស៊ីវិល​ថ្លែង​ថា ជន​ដៃ​ដល់​ដែល​ជា​អ្នក​បង្ក​ហិង្សា​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស បែរ​ជា​តុលាការ​មិន​បាន​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស ប៉ុន្តែ​ទៅ​ចាប់​ខ្លួន​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។