សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនសកម្មជនរណសិរ្សរំដោះជាតិខ្មែរ ក្រោយពេលសកម្មជនរូបនេះបានចែកចាយសៀវភៅមួយចំនួន ដែលបានចងក្រងពីប្រវត្តិនៃការប្រើប្រាស់អំពើហិង្សារបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការចាប់ខ្លួននេះ បន្ទាប់ពីតុលាការរាជធានីភ្នំពេញកាលពីខែមេសា ឆ្នាំ២០១៤ បានកាត់ទោសសមាជិករណសិរ្សនេះចំនួន ១៣នាក់ ឲ្យជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ៩ឆ្នាំ ពីបទរួមគំនិតក្បត់ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។
ប្រធានរណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី ចាត់ទុកការចាប់ឃាត់ខ្លួនសកម្មជនរណសិរ្ស លោក ហេន ចាន់ថា ជាករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ប៉ូលិសខេត្តកំពង់ស្ពឺ បានឃាត់ខ្លួន លោក ហេន ចាន់ថា កាលពីថ្ងៃទី១១ ខែឧសភា ពេលលោកធ្វើដំណើរពីប្រទេសថៃ ទៅចែកចាយសៀវភៅដែលមានចំណងរឿងថា "ឫសគល់ថ្ងៃ ៧មករា" ជាសៀវភៅចងក្រងប្រវត្តិសាស្ត្រនៃការប្រើប្រាស់ហិង្សារបស់សមត្ថកិច្ចរដ្ឋាភិបាល ការទន្ទ្រានយកដីធ្លីពលរដ្ឋ និងការរំលោភបំពានផ្សេងៗទៀត ក្រោមការដឹកនាំរបស់រដ្ឋាភិបាល លោក ហ៊ុន សែន។
លោក សម សេរី បច្ចុប្បន្នរស់នៅប្រទេសដាណឺម៉ាក ត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំ ពីបទរួមគំនិតក្បត់ ចូលរួមក្នុងចលនារណសិរ្សរំដោះជាតិខ្មែរ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកធ្លាប់បដិសេធការចោទប្រកាន់របស់តុលាការ ដោយអះអាងថា រណសិរ្សរបស់លោកធ្វើការតស៊ូមតិដោយអហិង្សា ដើម្បីផ្លាស់ប្ដូរការដឹកនាំនៅកម្ពុជា។ លោក សម សេរី អះអាងថា សកម្មជនរបស់លោកមិនបានប្រព្រឹត្តបទល្មើសអ្វីមួយធ្ងន់ធ្ងរឡើយ ដោយគ្រាន់តែចែកចាយសៀវភៅជាស្នាដៃនិពន្ធផ្ទាល់របស់លោកតែប៉ុណ្ណោះ។
លោក សម សេរី៖ «អ្វីដែលយើងជាការចែកចាយសៀវភៅ ខិត្តប័ណ្ណ ជាការផ្តល់ព័ត៌មានដល់ប្រជាជនបានដឹង ហេតុអ្វីបានគេតាមធ្វើបាបសមាជិករណសិរ្ស។ សំណូមពរឲ្យអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ យកចិត្តទុកដាក់ការពារសិទ្ធិរបស់ពលរដ្ឋខ្មែរ និងការពារសិទ្ធិសមាជិករណសិរ្សកំពុងបំពេញបេសកកម្មរកសិទ្ធិសេរីភាព និងសន្តិភាពឲ្យខ្មែរ»។
សាលក្រមតុលាការភ្នំពេញ ចេញកាលពីខែមេសា ក៏បានកាត់ទោសមនុស្ស ១២នាក់ផ្សេងទៀត ពីបទរួមគំនិតផ្ដួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានស្នើឲ្យតុលាការទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងជនជាប់ចោទទាំង ១៣នាក់។ អង្គការនេះកត់សម្គាល់ថា អាជ្ញាធរកម្ពុជា មិនបានបង្ហាញភស្តុតាងគួរឲ្យជឿជាក់បានចំពោះការចោទប្រកាន់នេះឡើយ ហើយថា ការចោទប្រកាន់អំពីការផ្ដួលរំលំរដ្ឋាភិបាល លោក ហ៊ុន សែន ជាការចោទប្រកាន់នយោបាយ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ចាន់ថារិទ្ធិ កាលពីថ្ងៃទី១៣ ឧសភា បញ្ជាក់ថា លោកមិនទាន់ទទួលបានព័ត៌មានពីប៉ូលិសខេត្ត ជុំវិញការចាប់ខ្លួននេះនៅឡើយទេ ប៉ុន្តែលោកបដិសេធថា សមត្ថកិច្ចមិនបានរំលោភសិទ្ធិមនុស្សក្នុងការចាប់ខ្លួនមនុស្ស៖ «ចង់បញ្ជាក់ថា នគរបាលធ្វើអ្វីក៏ដោយ យោងទៅតាមច្បាប់។ ថាបើសិនជាពលរដ្ឋមិនធ្វើអ្វីខុសច្បាប់ នគរបាលមិនទៅចាប់ទេ នគរបាលមានតែការពារ។ នគរបាលប្រតិបត្តិច្បាប់»។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ បានបើកសវនាការជំនុំជម្រះលើរឿងក្តីជនជាប់ចោទទាំង ១៣នាក់ ក្នុងនោះជនជាប់ចោទ ៧នាក់ បានបង្ហាញខ្លួននៅចំពោះមុខតុលាការ ចំណែកជនជាប់ចោទ ៦នាក់ផ្សេងទៀត ត្រូវបានតុលាការកាត់ទោសកំបាំងមុខ។
តុលាការបានបង្ហាញឯកសារផ្សេងៗដែលគេប្រមូលបាន និងបោះពុម្ពចេញពីកុំព្យូទ័រ និងបានអានចម្លើយសារភាពដែលជនជាប់ចោទបានឆ្លើយសារភាព កាលពីខែមីនា និងខែមេសា ឆ្នាំ២០១៣។ ប៉ុន្តែ ជនជាប់ចោទបានច្រានចោលចំពោះការចោទប្រកាន់ទាំងនោះ ហើយក៏បានច្រានចោលចម្លើយសារភាព។ ពួកគេអះអាងថា ចម្លើយសារភាពទាំងនោះធ្វើឡើងបន្ទាប់ពីពួកគេត្រូវបានបំភិតបំភ័យ គំរាមកំហែង និងពេលខ្លះត្រូវនគរបាលធ្វើទារុណកម្ម ដើម្បីបានចម្លើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។