សាលាឧទ្ធរណ៍ កោះហៅលោក កឹម សុខា ឲ្យចូលរួមសវនាការនៅសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ករណីដែលលោកបដិសេធមិនចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ។
មេធាវីម្នាក់ក្នុងចំណោមក្រុមមេធាវីការពារឲ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺលោក សំ សុគង់ មានប្រសាសន៍ថា សវនាការនោះបន្ទាប់ពីក្រុមមេធាវីបានដាក់បណ្ដឹងមួយទៅសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៧ ខែមិថុនា។ ក្រុមមេធាវីការពារ បានស្នើមោឃភាពនីតិវិធីរបស់សមត្ថកិច្ច និងរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោក សំ សុគង់ ឲ្យដឹងទៀតថា មកដល់ពេលនេះ ក្រុមមេធាវីកំពុងសិក្សាផ្នែកច្បាប់ និងរង់ចាំការសម្រេចរបស់លោក កឹម សុខា ដែរ ថាតើនឹងចូលខ្លួន ឬមិនចូលខ្លួន៖ « នៅសាលាឧទ្ធរណ៍ ភាសាច្បាប់គេថាជាសំណុំរឿងមុនអង្គសេចក្ដី ពាក់ព័ន្ធនឹងបណ្ដឹងរបស់ក្រុមមេធាវីការពារទៅសភាស៊ើបសួរនៃសាលាឧទ្ធរណ៍។ សាលាឧទ្ធរណ៍ នឹងសម្រេចតែពីរទេ គឺយល់ព្រមមោឃភាពនីតិវិធីតាមការស្នើសុំ ឬមួយក៏សាលាឧទ្ធរណ៍ហ្នឹងច្រានចោល »។
ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់លោក កឹម សុខា ថាបានប្រព្រឹត្តបទល្មើសជាក់ស្ដែង បន្ទាប់ពីលោកបានបដិសេធមិនចូលខ្លួនទៅបំភ្លឺចំនួន ២លើកក្នុងសំណុំរឿងសញ្ចារកម្ម ពាក់ព័ន្ធនឹងនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
ករណីចោទប្រកាន់ពីបទល្មើសជាក់ស្ដែងនេះ លោក កឹម សុខា បានសម្រេចទៅស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ អស់រយៈពេលជាងមួយខែមកហើយ។ ម្យ៉ាងទៀត ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានសម្រេចមិនចូលប្រជុំសភា ដោយទាមទារឲ្យគណបក្សកាន់អំណាច ទម្លាក់ចោលការចោទប្រកាន់នានា ចំពោះសកម្មជន និងមន្ត្រីបក្សនេះ ដោយរួមទាំងសំណុំរឿងលោក កឹម សុខា និងអ្នកពាក់ព័ន្ធផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។