មន្ត្រី​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​សៀមរាប​ដោះលែង​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​ម្នាក់

0:00 / 0:00

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប បាន​ចោទ​ប្រកាន់​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ដែល​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​ម្នាក់ បញ្ជូន​ទៅ​ឲ្យ​តុលាការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ថា​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ច្រើន​ជាង​រូបភាព​នៃ​ការ​អនុវត្ត​ច្បាប់​ការពារ​ធនធាន​ធម្មជាតិ។

ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ដោយសារ​តែ​អាជ្ញាធរ​ចោទ​ប្រកាន់​សកម្មជន​គណបក្ស​នយោបាយ​រូប​នោះ ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប អំពាវនាវ​ឲ្យ​តុលាការ​ខេត្ត​នេះ​ដោះលែង​សកម្មជន​គណបក្ស​របស់​ខ្លួន​ម្នាក់ ដែល​រស់នៅ​ឃុំ​តាសោម នៃ​ស្រុក​អង្គរជុំ ឲ្យ​មាន​សេរីភាព​វិញ។

ការ​អំពាវនាវ បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល ៤​ថ្ងៃ​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់ បញ្ជូន​ទៅ​ឲ្យ​តុលាការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​សៀមរាប។

អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប គឺ​លោក សុខ គឹមសេង។ លោក​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​មករា ថា កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​បេក្ខជន​ត្រៀម​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ឈ្មោះ ថុន ធឿត អាយុ​ជាង ៥០​ឆ្នាំ នៅ​ឃុំ​តាសោម នៃ​ស្រុក​អង្គរជុំ។

លោក សុខ គឹមសេង ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​នេះ​ដោយសារ​តែ​គាត់​បូម​ខ្សាច់​លក់​នៅ​ក្នុង​ដី​កម្មសិទ្ធិ​របស់​គាត់ ប៉ុន្តែ​អាជ្ញាធរ​បែរ​ជា​ចោទ​ប្រកាន់​ទៅ​លើ​ការ​ប្រកប​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់។ លោក​យល់​ថា តាម​ការ​ពិនិត្យ​ទៅ​លើ​ការ​ចាប់​ខ្លួន​សកម្មជន​នេះ គឺ​ជា​អំពើ​គំរាម​កំហែង​ផ្នែក​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ ពីព្រោះ​តែ​នៅ​តំបន់​អង្គរជុំ​មិន​មែន​អ្នក​បូម​ខ្សាច់​លក់​មាន​តែ​សកម្មជន​គណបក្ស​ប្រឆាំង​តែ​ម្នាក់​ឯង​នោះ​ឡើយ៖ « គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ ជា​ហេតុផល​នយោបាយ ដែល​គណបក្ស​កាន់​អំណាច​បាន​ធ្វើ​មក​លើ​គណបក្ស​ប្រឆាំង »

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដដែល ចោទ​ប្រកាន់​ថា សមត្ថកិច្ច​រដ្ឋាភិបាល​ដែល​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច ហាក់​ដូចជា​រៀបចំ​ផែនការ​ជា​ប្រព័ន្ធ ដើម្បី​ចាប់​ខ្លួន​សកម្មជន​របស់​គណបក្ស​ប្រឆាំង​រូប​នោះ ពីព្រោះ​តែ​តុលាការ​បាន​ចេញ​ដីកា​អញ្ជើញ​សាមី​ខ្លួន​ឲ្យ​ទៅ​ដោះស្រាយ​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦ ប៉ុន្តែ​នៅ​ពេល​ដែល​ប៉ូលិស​យក​ដីកា​ទៅ​ឲ្យ​សាមី​ខ្លួន បែរ​ជា​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ដែល​ហួស​អំឡុង​ពេល​នៃ​ការ​ណាត់​ជួប​ទៅ​ហើយ។

អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប លោក សុខ គឹមសេង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth
អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប លោក សុខ គឹមសេង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth (RFA/Hang Savyouth)

កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​មករា ក្រុម​គ្រួសារ​របស់​សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ បាន​មក​ដល់​ការិយាល័យ​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ដើម្បី​ពឹងពាក់​ឲ្យ​ជួយ​រក​វិធី​ដោះស្រាយ។

កូនប្រសា​ប្រុស​របស់​សកម្មជន​រូប​នោះ លោក ទូច វុទ្ធី មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល ព្រម​ទាំង​ព្រះរាជអាជ្ញា​រង​របស់​តុលាការ​ខេត្ត​សៀមរាប ធ្លាប់​ចុះ​ទៅ​ដល់​ការដ្ឋាន​បូម​ខ្សាច់​របស់​ឪពុក​គាត់​នៅ​ឃុំ​គោកដូង ហើយ​ក៏​ឃាត់​គ្រឿងចក្រ​យក​ទៅ​រក្សា​ទុក។ លុះ​ដល់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ក៏​មាន​ដីកា​កោះ​ហៅ​របស់​តុលាការ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ក៏ប៉ុន្តែ​ដីកា​នោះ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​ប្រគល់​ឲ្យ​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ទៅ​ហើយ។

លោក ទូច វុទ្ធី មិន​យល់​ពី​នីតិវិធី​ច្បាប់​ជុំវិញ​ករណី​នោះ​ទេ ប៉ុន្តែ​លោក​ទទូច​ឲ្យ​តុលាការ​ដោះលែង​ឪពុក​របស់​លោក​ឲ្យ​មាន​សេរីភាព​វិញ៖ « ខ្ញុំ​ចង់​សូម​ឲ្យ​តុលាការ​ដោះលែង​ឪពុក​ក្មេង​របស់​ខ្ញុំ​មក​វិញ ពីព្រោះ​គាត់​មាន​ជំងឺ ឧស្សាហ៍​ឈឺ​ក្បាល។ ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​គាត់​មាន​បញ្ហា​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ពេល​ដែល​អត់​មាន​កូន​ចៅ​នៅ​ក្បែរ​ខ្លួន »

ក្រុម​គ្រួសារ​របស់​សកម្មជន​បាន​សង្ស័យ​ថា ដើម​បណ្ដឹង​ដែល​ប្ដឹង​ចោទ​ប្រកាន់​ឪពុក​របស់​គាត់​ពី​បទ​បូម​ខ្សាច់​លក់​គ្មាន​ច្បាប់​នោះ អាច​ជា​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​សៀមរាប។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​សៀមរាប លោក មាស ជូរ៉ានី ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​មករា ដោយសារ​តែ​ទូរស័ព្ទ​របស់​លោក​បាន​បិទ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល មាន​គម្រោង​នឹង​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នេះ​នៅ​សប្ដាហ៍​ខាង​មុខ។

អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប លោក ចៅ ល័ក្ខវណ្ណា មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​ក៏ដូចជា​អង្គការ​ជា​ដៃគូ នៅ​មិន​ទាន់​ចាត់​ទុក​ការ​ចាប់​ខ្លួន​បេក្ខជន​ត្រៀម​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​នោះ ថា​ជា​ករណី​អ្វី​នៅ​ឡើយ​ទេ គឺ​ត្រូវ​រង់ចាំ​ការ​ចុះ​ស៊ើប​អង្កេត​ជា​មុន​សិន៖ « ឥឡូវ​នេះ​ខ្ញុំ​ទើប​តែ​បាន​សាកសួរ​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​របស់​គាត់​ជា​បឋម ហើយ​យើង​នឹង​សាកសួរ​បន្ថែម​ទៅ​ទៀត ព្រម​ជាមួយ​នឹង​ការ​ស្វែងរក​ភស្តុតាង​បន្ថែម »

ចំណែក​អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ច័ន្ទ ចំរើន មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា បើ​តាម​លោក​ដឹង នៅ​ចំណុច​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​នោះ ក៏​មាន​មនុស្ស​ជាច្រើន​ប្រកប​របរ​បូម​ខ្សាច់​លក់​ដូច​គ្នា​ដែរ ដូច្នេះ​ករណី​នេះ បើ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ជាទូទៅ គឺ​វា​មិន​ជា​អ្វី​ទេ ប៉ុន្តែ​ប្រសិន​បើ​អនុវត្ត​ច្បាប់​ដោយ​ស្តង់ដារ​ពីរ​ខុស​គ្នា គឺ​វា​អាច​ជា​ការ​គាប​សង្កត់​ខាង​នយោបាយ​ដែរ៖ « ពិនិត្យ​មើល​ទៅ​តាម​អង្គ​ហេតុ​ហ្នឹង យើង​ឃើញ​ថា នៅ​ឆ្នាំ​២០១៧ នេះ លោក ថុន ធឿត គាត់​បាន​ជាប់​ជា​បេក្ខជន​ត្រៀម​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ - សង្កាត់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដូច្នេះ​អង្គការ​សិទ្ធិ​មនុស្ស​កំពុង​សិក្សា​ករណី​នេះ ថា​តើ​ការ​ចាប់​ខ្លួន​វា​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខុស​ច្បាប់​សុទ្ធសាធ ឬ​ក៏​មាន​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ

គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប អះអាង​ថា ក្នុង​រយៈពេល​ជាង​មួយ​ខែ​មក​នេះ មាន​ការ​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​របស់​រដ្ឋាភិបាល​មក​លើ​សកម្មជន​នៃ​គណបក្ស​ប្រឆាំង​ចំនួន ២​ករណី​ហើយ។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦ ប្រធាន​យុវជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ក្រុង​សៀមរាប ឈ្មោះ សៀក ចំណាប់ ក៏​ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប កោះ​ហៅ​ទៅ​សាកសួរ​ជុំវិញ​បទ​បរិហារ​កេរ្តិ៍ បន្ទាប់​ពី​គាត់​បាន​បង្ហោះ​រូប​ស្ត្រី​ម្នាក់​ឈ្មោះ ភាព តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​អះអាង​ថា គឺ​ជា​ជនជាតិ​វៀតណាម ដែល​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​នគរធំ ហើយ​ត្រូវ​ម្ចាស់​រូប​នោះ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ពី​បទ​បរិហារ​កេរ្តិ៍​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។