ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក ស្កត់ បឺសប៊ី (Scott Busby) ទទូចទៅរដ្ឋាភិបាលកម្ពុជា ពន្យារពេលក្នុងការបញ្ជូន និងពិនិត្យឡើងវិញនូវសេចក្ដីព្រាងច្បាប់ ស្ដីពីសមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលនឹងបញ្ជូនទៅកាន់រដ្ឋសភាដើម្បីអនុម័ត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម អង្គការមិនមែនរដ្ឋាភិបាលនេះ នឹងបញ្ជូនទៅសភាក្នុងពេលឆាប់ៗខាងមុខ។ លោក ហ៊ុន សែន បន្តថា ការពិគ្រោះយោបល់ជុំវិញសេចក្ដីព្រាងច្បាប់នេះច្រើនពេកហើយ និងគ្មានអ្វីថ្មីនោះទេ។
សេចក្តីព្រាងច្បាប់ស្ដីពីសមាគម អង្គការមិនមែនរដ្ឋាភិបាល សេចក្តីព្រាងច្បាប់ស្ដីពីសហជីព និងសេចក្តីព្រាងច្បាប់ស្ដីពីទូរគមនាគមន៍ និងអ៊ីនធឺណិត ដែលកំពុងពិចារណាដោយរដ្ឋាភិបាលកម្ពុជា គឺជាផ្ទាំងស៊ីបរបស់ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ស្កត់ បឺសប៊ី ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា។
ថ្លែងក្នុងសន្និសីទកាសែតនៅស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២ មិថុនា ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ស្កត់ បឺសប៊ី លើកឡើងថា កម្ពុជា អាចបង្កើតច្បាប់ស្ដីពីសមាគម អង្គការមិនមែនរដ្ឋាភិបាលបាន ប៉ុន្តែត្រូវតែបើកវេទិកាសាធារណៈផ្តល់ឱកាសដល់មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីអាចលើកឡើងនូវមាត្រាមួយចំនួននៃច្បាប់នេះ ដែលមន្ត្រីសង្គមស៊ីវិលអះអាងថា មានលក្ខណៈរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ៖ «អង្គការសង្គមស៊ីវិល បានលើកកម្ពស់មុខមាត់ប្រទេសកម្ពុជា ក្នុងសកលលោក កសាងមូលដ្ឋានរឹងមាំសម្រាប់សេដ្ឋកិច្ច ហើយគាំទ្រការអភិវឌ្ឍដោយសន្តិភាព និងតាមលទ្ធិប្រជាធិបតេយ្យដែលជាប្រយោជន៍សម្រាប់ប្រជាជនទាំងអស់។ អង្គការសង្គមស៊ីវិល ជំរុញឲ្យមានអភិបាលកិច្ចល្អ មានប្រសិទ្ធភាព និងមានតម្លាភាពដែលសុទ្ធតែជាធាតុផ្សំយ៉ាងសំខាន់នៃសង្គមមួយដែលរឹងមាំល្អ។ ខ្ញុំមានកង្វល់មួយចំនួនទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្ដីពីអង្គការសង្គមស៊ីវិល (NGO) ហើយមិនប្រាកដថាច្បាប់នេះល្អសម្រាប់កម្ពុជា នោះទេ»។
លោកបន្តថា បើច្បាប់ស្ដីពីសមាគមអង្គការមិនមែនរដ្ឋាភិបាលនេះ ពិតជាផ្តល់ប្រយោជន៍ និងបង្កើនភាពងាយស្រួលដល់អង្គការសង្គមស៊ីវិលមែននោះ រដ្ឋាភិបាលមិនគួរខ្លាចពាក្យថា វេទិកាពិភាក្សាជាសាធារណៈនោះទេ។ លោកបន្តថា សហរដ្ឋអាមេរិកគាំទ្រនូវច្បាប់ទាំងឡាយណាដែលពិតជាបម្រើប្រយោជន៍ និងបង្កើតភាពងាយស្រួលជូនប្រជាជន។ ក្នុងកិច្ចសហប្រតិបត្តិការដ៏យូរមកហើយនោះ សហរដ្ឋអាមេរិក មិនដែលបដិសេធយន្តការដែលនាំឲ្យប្រទេសកម្ពុជា រីកចម្រើននោះទេ។
ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិ៤១ នៅខេត្តកំពង់ស្ពឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ច្បាប់ស្ដីពីសមាគមអង្គការមិនមែនរដ្ឋាភិបាល នឹងជួយសម្រួលការងារ និងការពារដល់អង្គការស៊ីវិលក្នុងស្រុក និងប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបោកបញ្ឆោតនៃអង្គការ និងស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួន៖ «ប្រទេសដទៃមានច្បាប់ ហេតុអ្វីប្រទេសកម្ពុជា គេទំនាស់នឹងច្បាប់។ ប៉ុន្តែគ្រាន់តែឃើញសកម្មភាពបែបនេះ វាកាន់តែបង្ហាញពីភាពចាំបាច់នៃការធ្វើច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល និងសមាគម ព្រោះអង្គការមិនមែនរដ្ឋាភិបាលរាប់រយ យកលុយទៅឲ្យប្រជាជនខ្ចី ឥឡូវមានអង្គការក្រៅរដ្ឋាភិបាលទៀត ទៅខ្ចីលុយពីប្រជាជនវិញ ហើយបើថ្ងៃក្រោយមានភេរវកម្មកើតឡើងដោយអង្គការណាមួយ តើនរណាទទួលខុសត្រូវ?»។
លោកបន្តថា កុំយកវប្បធម៌សន្ទនាមកដោះស្រាយរឿងអង្គការសង្គមស៊ីវិល។ ការពិភាក្សាគ្នាជុំវិញសេចក្តីព្រាងច្បាប់ស្ដីពីសមាគមអង្គការមិនមែនរដ្ឋាភិបាលនេះច្រើនណាស់ពេកហើយ និងគ្មានអ្វីគួរយកមកដាក់លើតុដើម្បីជជែកគ្នាតទៀតនោះទេ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព លើកឡើងថា បើសិនច្បាប់ស្ដីពីសមាគមអង្គការមិនមែនរដ្ឋាភិបាលដូចមាត់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មែននោះ ចុះហេតុអីប្រញាប់បញ្ជូនទៅកាន់សភាម្ល៉េះ។ អ្នកស្រីបន្តថា ការបង្កើតច្បាប់នេះ គឺដើម្បីរឹតត្បិតចំពោះអង្គការតស៊ូមតិដែលធ្វើការផ្នែកសិទ្ធិមនុស្សនៅកម្ពុជា៖ «វាមិនគួរធ្វើឡើយក្នុងភាពសម្ងាត់ ហើយមិនគួរធ្វើឡើងក្នុងភាពប្រញាប់ប្រញាល់ និងមិនមានការពិគ្រោះយោបល់នោះទេ»។
អ្នកស្រីនិយាយថា រដ្ឋាភិបាលកម្ពុជា ត្រូវតែពិចារណានូវសំណើរបស់ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ស្កត់ បឺសប៊ី ជុំវិញការពន្យារពេលក្នុងការបញ្ជូន និងពិនិត្យឡើងវិញនូវសេចក្តីព្រាងច្បាប់ស្ដីពីសមាគមអង្គការមិនមែនរដ្ឋាភិបាលទៅកាន់សភា និងត្រូវបង្កើតវេទិកាសាធារណៈមុននឹងចេញច្បាប់នេះ។
មន្ត្រីអង្គការសង្គមស៊ីវិលសង្កត់ធ្ងន់ថា ដើម្បីឲ្យសេចក្តីព្រាងច្បាប់ស្ដីពីសមាគមអង្គការមិនមែនរដ្ឋាភិបាលមានតម្លាភាពមែននោះ រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវតែបង្កើតវេទិកាសាធារណៈដោយមានការចូលរួមពីប្រជាជន អង្គការសង្គមស៊ីវិល និងសហជីព។ បើពុំនោះទេ ការចេញច្បាប់នេះ គឺដើម្បីរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងបង្កើនឥទ្ធិពលគណបក្សឈ្នះឆ្នោតតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។