ប្រសិនបើតុលាការរកឃើញថា លោក កឹម សុខា មានកំហុសនោះ លោកនឹងត្រូវផ្ដន្ទាទោសដោយពិន័យជាប្រាក់ប្រមាណ ២.៥០០ដុល្លារ។
ដើមបណ្ដឹងម្នាក់ក្នុងចំណោមបួននាក់ លោក ជុំ ម៉ី មានប្រសាសន៍ថា លោកប្ដឹងលោក កឹម សុខា ទាមទារជំងឺចិត្ត ១ពាន់ដុល្លារ ដើម្បីរៀបចំពិធីសាសនារំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៅគុកទួលស្លែង ដើម្បីរំងាប់ព្រលឹងរបស់គេ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា បណ្ដឹងនេះរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងគំរាមកំហែងដល់គណបក្សលោកនៅមុនការបោះឆ្នោតសកល នៅចុងខែកក្កដា ខាងមុខ។ លោក យឹម សុវណ្ណ បញ្ជាក់ថា គណបក្សលោកពុំចាប់អារម្មណ៍ចំពោះបញ្ហានេះទេ។
កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន លោក ជុំ ម៉ី បានដឹកនាំបាតុករប្រមាណជា ១ម៉ឺននាក់ ទាមទារឲ្យលោក កឹម សុខា សុំទោសជនរងគ្រោះក្នុងរបបខ្មែរក្រហម។ ប៉ុន្តែ លោក កឹម សុខា នៅតែបដិសេធថា លោកមិនបាននិយាយដូច្នោះឡើយ។ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ មិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យលោក ជុំ ម៉ី និងជនរងគ្រោះក្នុងរបបខ្មែរក្រហម ផ្អាកធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា ដើម្បីរក្សាស្ថានការណ៍ក្នុងពេលឃោសនា និងការបោះឆ្នោតសភានីតិកាលទី៥ មានដំណើរការល្អ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។