បទ​សម្ភាសន៍​ស្ដីពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សន្យា​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ

0:00 / 0:00

0:00 / 0:00

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា បង្កើត​គណៈកម្មាធិការ​ឯករាជ្យ​មួយ ដើម្បី​ស៊ើប​អង្កេត​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​កម្មករ​រោងចក្រ ដែល​លោក​ហៅ​ថា មិន​មាន​ភាព​ចាំបាច់ មិន​ស្រប​ច្បាប់ និង​មិន​មាន​ភាព​សមាមាត្រ។

ទន្ទឹម​គ្នា​នឹង​នោះ លោក​បាន​លើក​សរសើរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​មាន​ការ​ប្ដេជ្ញា​ចិត្ត​ពិត​ប្រាកដ​មួយ ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា នា​ពេល​ខ្លី​ខាង​មុខ​នេះ។ ទោះ​ជា​យ៉ាង​ណា លោក​ថា លោក​រង់ចាំ​មើល​សកម្មភាព​ជាក់ស្តែង​សិន។

សូម​អញ្ជើញ​ស្តាប់​បេសកជន​អង្គការ​សហប្រជាជាតិ រូប​នេះ ដែល​បាន​មក​បំពេញ​បេសកកម្ម​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ មករា បកស្រាយ​ពី​បញ្ហា​នេះ តាម​ការ​សាកសួរ​របស់ លោក ជី វិតា៖

លោក ជី វិតា៖ ជម្រាប​សួរ! លោក​សាស្ត្រាចារ្យ សុរិយា ស៊ូប៊ែឌី! រីករាយ​ណាស់​ដែល​បាន​ជួប​លោក​សាស្ត្រាចារ្យ​ម្តង​ទៀត​នៅ​ទីក្រុង​ភ្នំពេញ។ ហើយ​អរគុណ​ណាស់​សម្រាប់​បទសម្ភាសន៍​នេះ។

លោក សុរិយា ស៊ូប៊ែឌី៖ អរគុណ! ដែល​លោក​មក​ជួប​ខ្ញុំ​នៅ​រសៀល​នេះ។ ខ្ញុំ​រីករាយ​នឹង​ជជែក​ជាមួយ​លោក ដោយសារ​ខ្ញុំ​វាយ​តម្លៃ​ខ្ពស់​ដល់​ការ​បម្រើ និង​ការ​វិភាគទាន​ដែល​លោក​កំពុង​ធ្វើ​សម្រាប់​ពលរដ្ឋ​កម្ពុជា។

លោក ជី វិតា៖ សំណួរ​ទី​មួយ​របស់​ខ្ញុំ ខ្ញុំ​ចង់​ដឹង​ថា ជាទូទៅ តើ​លោក​វាយ​តម្លៃ​យ៉ាង​ណា​ដែរ​ចំពោះ​បេសកកម្ម​មក​កម្ពុជា លើក​នេះ?

លោក សុរិយា ស៊ូប៊ែឌី៖ វា​ជា​បេសកកម្ម​មួយ​ដ៏​ល្អ ដែល​ខ្ញុំ​អាច​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​មាន​រយៈពេល​ជិត ៣​ម៉ោង​កន្លះ។ កិច្ច​ប្រជុំ​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ស្ថាបនា ស្និទ្ធស្នាល​រាក់ទាក់ ហើយ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ភាព​វិជ្ជមាន​ច្រើន​ណាស់ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​បាន​សម្រេច​គោលដៅ​ការងារ​ជាច្រើន ដែល​មាន​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ មុន​ពេល​មក​ដល់​ប្រទេស​កម្ពុជា។

លោក ជី វិតា៖ លោក​បាន​ប្រាប់​អ្នក​កាសែត​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​លោក ព្រម​ទាំង​ទទួល​សំណើ​របស់​លោក​ជាង​ពេល​មុនៗ។ តើ​លោក​អាច​ប្រាប់​បាន​ទេ​ថា កង្វល់​របស់​លោក​មាន​អ្វី​ខ្លះ ហើយ​គាត់​ឆ្លើយ​តប​យ៉ាង​ម៉េច?

លោក សុរិយា ស៊ូប៊ែឌី៖ ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ​ជា​ចម្បង គឺ​លើ​ការ​បង្ក្រាប​ក្រុម​បាតុករ ដែល​បណ្ដាល​ឱ្យ​ស្លាប់ ៥​នាក់ មាន​បាត់​ខ្លួន ហើយ​និង​ចាប់​ឃុំ​ខ្លួន ២៣​នាក់​នៅ​មណ្ឌល​អប់រំ​កែប្រែ ម៣ ដែល​ឆ្ងាយ​ពី​ភ្នំពេញ​មែន​ទែន។ ការ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ជាប់​ឃុំ និង​សភាព​រស់នៅ​ក្នុង​ទី​ឃុំឃាំង​នោះ គឺ​ជា​ការ​ព្រួយ​បារម្ភ​ចំពោះ​មុខ​របស់​ខ្ញុំ។ ក៏ប៉ុន្តែ ខ្ញុំ​ក៏​ព្រួយ​ដែរ​លើ​ដំណើរ​ការ​យឺត​ក្នុង​ការ​កែ​ទម្រង់​តុលាការ ការ​បោះ​ឆ្នោត និង​ការ​កែ​ទម្រង់​សភា។ ចម្លើយ​ដែល​ខ្ញុំ​ទទួល​មក​វិញ គឺ​នាយក​រដ្ឋមន្ត្រី​លោក​បញ្ជាក់​ច្បាស់​ណាស់​ក្នុង​ការ​កែ​ទម្រង់​ទាំង​នេះ ហើយ​លោក​ប្រាប់​ខ្ញុំ​ថា លោក​ចង់​ធ្វើ​ការ​កែ​ទម្រង់​ទូលំទូលាយ​លើ​ប្រព័ន្ធ​តុលាការ និង​ការ​បោះ​ឆ្នោត។ របាយការណ៍​ដែល​ខ្ញុំ​ធ្វើ​កាល​ពី​លើក​មុន ស្ដី​អំពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត ខ្ញុំ​ក៏​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​មួយ​ចំនួន​ដែរ។ ប្រសិន​បើ​អនុសាសន៍​ទាំង​នេះ ត្រូវ​បាន​យក​ទៅ​អនុវត្ត​នៅ​មុន​ពេល​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ ម្ល៉េះ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​នឹង​បាន​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ​លើក​នេះ លោក​នាយក​រដ្ឋមន្ត្រី មើល​ទៅ​ដូច​ជា​យល់​ព្រម​ជាមួយ​ខ្ញុំ ថា​អនុសាសន៍​ទាំង​នោះ​នឹង​ជា​មូលដ្ឋាន​នៃ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ទូលំទូលាយ​របស់​លោក។ ដូច្នេះ ខ្ញុំ​មាន​អារម្មណ៍​ថា លើក​នេះ​នឹង​មាន​ការ​កែ​ទម្រង់​រដ្ឋ និង​ការ​បោះ​ឆ្នោត​យ៉ាង​ពិត​ប្រាកដ។

លោក ជី វិតា៖ ស្តាប់​ទៅ​ដូច​ជា​លោក​មាន​ការ​ជឿ​ជាក់​លើ​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​សន្យា។

លោក សុរិយា ស៊ូប៊ែឌី៖ ខ្ញុំ​ជឿ​លើ​សកម្មភាព​ជាក់ស្ដែង! ខ្ញុំ​មិន​ទាន់​មាន​សកម្មភាព​អ្វី​ទេ​នៅ​ពេល​នេះ។ ខ្ញុំ​នឹង​រង់ចាំ​មើល​សកម្មភាព​ជាក់ស្ដែង និង​លទ្ធផល​ជាក់ស្ដែង​សិន ទើប​ខ្ញុំ​ជឿ​អ្វី​គេ​និយាយ​ប្រាប់​ខ្ញុំ​នោះ។

លោក ជី វិតា៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អស់​រយៈ​កាល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ បាន​សន្យា​ច្រើន​ណាស់​ជាមួយ​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​លោក​បំពេញ​តាម​ការ​សន្យា​ទាំង​នោះ​បាន​តិចតួច​ប៉ុណ្ណោះ។ ជា​ត្រួសៗ ការ​សន្យា​ដែល​លោក​មិន​អាច​ធ្វើ​បាន​នោះ​រួម​មាន ការ​ការពារ​ព្រៃ​ឈើ ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើ​អោយ​សង្គម​មាន​តម្លាភាព និង​ការ​បំបាត់​អំពើ​និទ្ទណ្ឌភាព ជាដើម។ ឧទាហរណ៍ មក​ដល់​ពេល​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មិន​ទាន់​ហ៊ាន​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​តុលាការ​កាត់​អោយ​ជាប់​ពន្ធនាគារ​ពី​បទ​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​រោងចក្រ ៣​នាក់​ផង និង​ការ​បាញ់​សម្លាប់​បាតុករ​ថ្មីៗ​នេះ គឺ​ក្រោយ​ពេល​ដែល​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន បាន​សន្យា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ឈប់​ប្រើ​ហិង្សា​បង្ក្រាប​ទៅ​លើ​បាតុករ។ អ៊ីចឹង​អ្វី​ទៅ​ដែល​ធ្វើ​អោយ​លោក​ជឿជាក់​ថា ការ​សន្យា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ គឺ​ចេញ​ពី​ដួង​ចិត្ត​ស្មោះ​ត្រង់​របស់​គាត់ ក្នុង​ការ​ប្ដេជ្ញា​ធ្វើ​កំណែ​ទម្រង់​ពិត​ប្រាកដ​មួយ?

លោក សុរិយា ស៊ូប៊ែឌី៖ បាទ! ក្នុង​ពេល​ដែល​ខ្ញុំ​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​លើក​នេះ ខ្ញុំ​ចាប់​អារម្មណ៍​ថា គាត់​ពិត​ជា​ប្រាកដ​ប្រជា​មែន​ទែន ក្នុង​ការ​កែ​ទម្រង់។ លោក​នាយក​រដ្ឋមន្ត្រី​បង្ហាញ​ទាំង​កាយ​វិការ ទាំង​ពាក្យ​សម្ដី ទាំង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ចាប់​អារម្មណ៍​កែ​ទម្រង់​មែន​ទែន។ លោក​នាយក​រដ្ឋមន្ត្រី​ហាក់​ដូច​ជា​ដឹង​ពី​តម្រូវ​ការ​កែ​ទម្រង់ ហើយ​និង​វិស័យ​ណា​មួយ​ដែល​ត្រូវ​កែ។ លោក​ហាក់​ដូច​ជា​បាន​យល់​ដឹង​ពី​បញ្ហា។ ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ទទួល​បាន​ការ​ធានា​ថា លើក​នេះ​លោក​នាយក​រដ្ឋមន្ត្រី​មាន​ភាព​ប្រាកដ​ប្រជា ទៅ​លើ​អ្វី​ដែល​លោក​លើក​ឡើង​អម្បាញ់មិញ​នេះ។

លោក ជី វិតា៖ ទាក់ទង​នឹង​ការ​ជំរុញ​អោយ​ធ្វើ​ច្បាប់។ បន្ទាប់​ពី​មាន​សម្ពាធ​គាប​សង្កត់​ដល់​រដ្ឋាភិបាល​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​អស់​រយៈ​ការ​ជាង​១​ទសវត្សរ៍​មក នៅ​ឆ្នាំ​២០១០ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​មួយ ដែល​អ្នក​ច្បាប់​និយាយ​ថា មិន​មាន​ធ្មុង​សម្រាប់​បំបាត់​អំពើ​ពុក​រលួយ​ធំៗ។

ច្បាប់​មិន​ល្អ ដែល​គ្រាន់​បង្កើត​សម្រាប់​ការពារ​ប្រយោជន៍​អ្នក​មាន​អំណាច ហើយ​មិន​បម្រើ​ប្រយោជន៍​មនុស្ស​ទូទៅ ប្រហែល​ជា​មិន​អាច​ជួយ​ដោះស្រាយ​វិបត្តិ​សង្គម​ទេ។

ដូច្នេះ នៅ​ពេល​ខ្ញុំ​ឮ​លោក​និយាយ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​ថា​នឹង​ធ្វើ​ច្បាប់​ចំនួន​បី សម្រាប់​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នៃ​តុលាការ​តាម​អនុសាសន៍​របស់​លោក​នោះ តើ​លោក​មាន​បាន​គិត​ដល់​បញ្ហា​នេះ​ទេ?

លោក សុរិយា ស៊ូប៊ែឌី៖ តាម​ពិត​ទៅ ខ្ញុំ​យល់​ស្រប​តាម​លោក។ ខ្ញុំ​មិន​បាន​ចូលរួម​ក្នុង​ការ​តាក់តែង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ទេ។ ប៉ុន្តែ ការ​កំណែ​ទម្រង់​ណា​ក៏ដោយ​សម្រាប់​តុលាការ​ក្តី រដ្ឋសភា​ក្តី និង​នីតិវិធី​ការ​បោះ​ឆ្នោត​ក្ដី ត្រូវ​ផ្អែក​លើ​អនុសាសន៍​របស់​ខ្ញុំ។ អ្វី​ដែល​លោក​លើក​ឡើង​នេះ ក៏​មាន​នៅ​ក្នុង​ចិត្ត​ខ្ញុំ​ដែរ គឺ​ខ្ញុំ​បាន​គិត​អំពី​បញ្ហា​ទាំង​នោះ។ កំណែ​ទម្រង់​អាច​នាំ​អោយ​មាន​ការ​រីក​ទៅ​មុខ ប៉ុន្តែ​ក៏​កំណែ​ទម្រង់​ក៏​នាំ​អោយ​សង្គម​ជាតិ​ដើរ​ថយ​ក្រោយ​វិញ​ដែរ។ ខ្ញុំ​យល់​ច្បាស់​ណាស់​ពី​រឿង​ហ្នឹង។

ឧទាហរណ៍​ដូច​នៅ​ប្រទេស​ចិន នៅ​សម័យ​កាល​ការ​ធ្វើ​បដិវត្តន៍​វប្បធម៌ ការ​កែ​ទម្រង់​ពេល​នោះ គឺ​ជា​ការ​កែ​ទម្រង់​ថយ​ក្រោយ។ ដូច្នេះ ខ្ញុំ​ដឹង​ពី​បញ្ហា​ហ្នឹង។ ត្រង់​ហ្នឹង​ហើយ​ដែល​ខ្ញុំ​បាន​សរសេរ​យ៉ាង​ពិស្ដារ ថា​អ្វី​ខ្លះ​ដែល​គួរ​ធ្វើ។ ប្រសិន​បើ​អនុសាសន៍​ទាំង​មូល​ត្រូវ​បាន​យក​ទៅ​អនុវត្ត ខ្ញុំ​ជឿ​ជាក់​ថា ការ​កែ​ទម្រង់​នេះ ប្រទេស​នឹង​រីក​ចម្រើន។

លោក ជី វិតា៖ ខ្ញុំ​ដឹង​ថា លោក​បាន​ស្នើ​អោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះ​លែង​ជន​ជាប់​ឃុំ​ទាំង ២៣​នាក់។ ហើយ លោក ហ៊ុន សែន បាន​ឆ្លើយ​តប​មក​លោក​វិញ​ថា នោះ​ជា​កិច្ចការ​របស់​តុលាការ គាត់​មិន​ហ៊ាន​លូក​ដៃ​ទេ។ តើ​លោក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ចម្លើយ​បែប​នោះ?

លោក សុរិយា ស៊ូប៊ែឌី៖ បាទ! តាម​ពិត​ទៅ នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា រឿង​ដែល​ពាក់ព័ន្ធ​នឹង​តុលាការ គឺ​ទៅ​ត្រូវ​តុលាការ។ ប៉ុន្តែ ទន្ទឹម​គ្នា​នេះ​ដែរ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង ២៣​នាក់​នោះ មាន​មនុស្ស​ភាគ​ច្រើន​គ្មាន​តួនាទី​ចូលរួម​ក្នុង​សកម្មភាព​ហិង្សា​ទេ។ គ្មាន​ភស្តុតាង​ថា ដាក់​បន្ទុក​លើ​ពួក​គេ​ទេ។ ប្រសិន​បើ​គ្មាន​ភស្តុតាង​ប្រឆាំង​ពួក​គេ​ទេ ព្រះរាជ​អាជ្ញា ត្រូវ​ស្នើ​ទៅ​តុលាការ​អោយ​ទម្លាក់​ការ​ចោទ​ប្រកាន់ ព្រោះ​តែ​គ្មាន​ភស្តុតាង។ នៅ​ប្រទេស​ណា​ក៏ដោយ វា​ជា​សិទ្ធិ​អំណាច​នៃ​ផ្នែក​នីតិប្រតិបត្តិ ដែល​ត្រូវ​តែ​ស្នើសុំ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​ចោល​ករណី​នេះ លើក​លែង​តែ​មាន​បទល្មើស​ធ្ងន់ធ្ងរ ដូច​ជា ឃាតកម្ម រំលោភ​សេពសន្ថវៈ ឬ​ក្បត់​ជាតិ។ ក្រៅ​ពី​បទល្មើស​ទាំង​នេះ ហើយ​គ្មាន​ភស្តុតាង​ទេ តុលាការ​ត្រូវ​តែ​ទម្លាក់​ចោល​ករណី​នេះ។ ដូច្នេះ អ្វី​ដែល​ខ្ញុំ​ស្នើសុំ គឺ​រដ្ឋាភិបាល​អាច​ធ្វើ​ការ​ជាមួយ​ព្រះរាជ​អាជ្ញា ពិចារណា​រក​លទ្ធភាព​ដោះ​លែង​ពួក​គេ​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់ ឬ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។ មាន​ម្នាក់​ក្នុង​ចំណោម ២៣​នាក់​នោះ គឺ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ ដូច្នេះ ក្នុង​ករណី​បែប​នេះ រដ្ឋាភិបាល​ត្រូវ​មាន​ការ​សន្ដោស​ប្រណី ពីព្រោះ​ទោះ​ជា​យ៉ាង​ណា យើង​ទាំងអស់​សុទ្ធ​តែ​ជា​មនុស្ស​ដូច​គ្នា។ ហើយ​ក្នុង​ចំណោម ២៣​នាក់​នោះ មាន​ម្នាក់​ជា​អនីតិជន ជា​កុមារ​អាយុ​ក្រោម ១៨​ឆ្នាំ។ គេ​មិន​ត្រូវ​ឃុំ​គាត់​ជាមួយ​ពន្ធនាគារ​មនុស្ស​ចាស់​ទេ ត្រូវ​ដាក់​នៅ​កន្លែង​សមរម្យ។ ម្យ៉ាង​ទៀត កន្លែង​ឃុំឃាំង​នោះ​ឆ្ងាយ​ពី​ភ្នំពេញ។ ប្រសិន​បើ​ខ្ញុំ​ចង់​ទៅ​ជួប​ពួក​គេ ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ ពីព្រោះ​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ ៤​ម៉ោង។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ថា តើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​នឹង​ផ្ទេរ​ពួក​គេ​ពី​មន្ទីរ​ឃុំឃាំង ម៣ មក​មន្ទីរ​ឃុំឃាំង​ក្បែរ​ភ្នំពេញ​ឬ​ទេ ដើម្បី​ឱ្យ​ក្រុម​គ្រួសារ គ្រូពេទ្យ និង​មេធាវី​របស់​ពួក​គេ អាច​មាន​លទ្ធភាព​ចូល។

បទសម្ភាសន៍​ភាគ​បញ្ចប់ ដែល លោក សុរិយា ស៊ូប៊ែឌី មាន​ប្រសាសន៍​លើ​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​របស់​កម្មករ​ពិត​ជា​សមហេតុសមផល

លោក ជី វិតា៖ ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​កម្មករ​ចុង​ក្រោយ​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ ត្រូវ​គេ​ឃើញ​ប្រើ​កម្លាំង​ច្រើន​ហួស។ ប្រើ​កង​រាជ​អាវុធហត្ថ និង​ទាហាន បាញ់​គ្រាប់​ពិត​លើ​កម្មករ​ដែល​ដើម​ដំបូង​ឡើយ ប្រើ​សន្តិវិធី​ក្នុង​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ បណ្ដាល​អោយ​ស្លាប់ របួស និង​ចាប់​ខ្លួន។ នៅ​ពេល​ចាប់​ខ្លួន កង​ទាហាន និង​រាជ​អាវុធហត្ថ ប្រើ​ដំបង និង​ដែក​បំពង់​ទីប​វាយ​ដំ​ទៅ​លើ​កម្មករ។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ពី​ការិយាល័យ​របស់​លោក​មនុស្ស​ដទៃ រួម​ទាំង​ខ្ញុំ​ផង​បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​កម្មករ​មួយ​ចំនួន ដែល​ត្រូវ​អាជ្ញាធរ​ចង​ដៃ​ទៅ​ក្រោយ អោយ​ដេក​ផ្កាប់​មុខ។ មុខ​មាត់​ហើម​ស្ពុល​ជោគជាំ​ដោយ​ឈាម។ តើ​អំពើ​នេះ​អាច​ចាត់​ចូល​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ឬ​ទេ?

លោក សុរិយា ស៊ូប៊ែឌី៖ ការ​ប្រើ​កម្លាំង​ហួសហេតុ​នេះ ខ្ញុំ​បាន​ស្នើសុំ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី បើក​ការ​ស៊ើប​អង្កេត​ទូលំទូលាយ​មួយ ហើយ​នាំ​ខ្លួន​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​បញ្ហា​នេះ​ឡើង​តុលាការ ដើម្បី​ពិនិត្យ​មើល​ថា តើ​មាន​ការ​មិន​គោរព​បទបញ្ជា ឬ​អ្នក​ណា​ចេញ​បទបញ្ជា​ផ្អែក​លើ​មូលដ្ឋាន​អ្វី ថា​តើ​ពិត​ជា​មាន​ភាព​ចាំបាច់​ពិត​ប្រាកដ​មែន​ឬ​ទេ ក្នុង​ការ​ប្រើ​កម្លាំង​ច្រើន​ហួស​បែប​នោះ? ដូច្នេះ យើង​ត្រូវ​តែ​ទៅ​ឱ្យ​ដល់​មូលដ្ឋាន​នៃ​ការ​ពិត​នោះ​សិន មុន​នឹង​ខ្ញុំ​បញ្ចេញ​មតិ​របស់​ខ្ញុំ។ ចំពោះ​អ្នក​ដែល​បាត់​បង់​ជីវិត​ទៅ​នោះ ត្រូវ​តែ​មាន​អ្នក​ទទួល​ខុស​ត្រូវ។ ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់ ទុក​ចិត្ត​បាន និង​ឯករាជ្យ​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២ ទី​៣ និង​ទី​៤ មករា។

លោក ជី វិតា៖ តើ​លោក​នាយក​រដ្ឋមន្ត្រី​យល់​ព្រម​នឹង​លោក​ទេ?

លោក សុរិយា ស៊ូប៊ែឌី៖ ខ្ញុំ​បាន​បញ្ជាក់​ជូន​លោក​ច្បាស់​ហើយ​ថា នៅ​ក្នុង​ច្បាប់​អន្តរជាតិ ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក​អាច​ប្រើ​កម្លាំង​បាន នៅ​ពេល​ណា​បំពេញ​តាម​លក្ខខណ្ឌ ៣​យ៉ាង​បាន។ ទី​១ គឺ​ភាព​ចាំបាច់​បំផុត។ តើ​ពិត​ជា​មាន​ភាព​ចាំបាច់​បំផុត​ត្រូវ​ប្រើ​អាវុធ​ឬ​ទេ? ទី​២ គឺ​ភាព​ស្រប​ច្បាប់។ តើ​ច្បាប់​អនុញ្ញាត​ឱ្យ​ប្រើ​អាវុធ​អ៊ីចឹង​ទេ? និង​ទី​៣ គឺ​សមាមាត្រ​ភាព។ តើ​ការ​ប្រើ​កម្លាំង​នោះ​មាន​សមាមាត្រ​ទៅ​នឹង​ការ​គំរាម​កំហែង​ដែល​មាន​ទេ? ប្រសិន​បើ​មាន​ការ​គំរាម​កំហែង​លើ​អាយុ​ជីវិត ឬ​ទ្រព្យ​សម្បត្តិ​របស់​ជន​ស៊ីវិល​ណា​ម្នាក់ ហើយ​រដ្ឋាភិបាល​ត្រូវ​ការពារ​អាយុ​ជីវិត ឬ​ទ្រព្យ​សម្បត្តិ​របស់​ជន​ស៊ីវិល​នោះ នោះ​ការ​ប្រើ​កម្លាំង​ហ្នឹង​ត្រូវ​តែ​មាន​សមាមាត្រ ឬ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ការ​គំរាម​កំហែង​នោះ។ លក្ខខណ្ឌ​ទាំង​នេះ គឺ​ជា​តេស្ដ​បី​យ៉ាង ហើយ​ខ្ញុំ​គិត​ថា តេស្ដ​ទាំង​៣​នេះ មិន​ត្រូវ​បាន​បំពេញ​ទេ។ ត្រង់​ហ្នឹង​ហើយ បាន​ជា​ខ្ញុំ​ជម្រាប​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ថា រាល់​ការ​ចាត់​វិធានការ ឬ​សកម្មភាព​របស់​រដ្ឋាភិបាល តើ​បាន​ពិនិត្យ​ពិចារណា​មើល ថា​តើ​ជាប់​តេស្ដ ៣​យ៉ាង​នេះ​ទេ?

លោក ជី វិតា៖ លោក​បាន​យល់​ស្រប​ប្រាក់​ខែ​ដែល​អាច​រស់​បាន​របស់​កម្មករ គឺ ១៦០​ដុល្លារ​អាមេរិក។ តើ​លោក​មាន​វិធានការ​ណា​ទេ ដែល​អាច​ជួយ​អោយ​កម្មករ​ទទួល​បាន​ប្រាក់​ខែ ១៦០​ដុល្លារ​នោះ?

លោក សុរិយា ស៊ូប៊ែឌី៖ ខ្ញុំ​បាន​ជម្រាប​លោក​នាយក​រដ្ឋមន្ត្រី​ថា តាម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ថ្លៃ​ចំណាយ​លើ​ការ​រស់នៅ​នៅ​ក្នុង​ប្រទេស​នេះ ការ​ទាមទារ​ប្រាក់​ខែ ១៦០​ដុល្លារ​របស់​កម្មករ គឺ​ជា​ការ​ទាមទារ​ដែល​សម​ហេតុ​សម​ផល។ ជា​ដំបូង គឺ​ត្រូវ​មាន​យន្តការ​កំណត់​ប្រាក់​ខែ​អប្បបរមា ហើយ​ប្រសិន​បើ​មាន​យន្តការ​នេះ​ហើយ យើង​ត្រូវ​តែ​ពង្រឹង​យន្តការ​នេះ ដើម្បី​ឱ្យ​យន្តការ​នេះ​ដំណើរ​ការ​ការងារ។ ប្រសិន​បើ​យន្តការ​នេះ​មិន​ដំណើរ​ការ​ទេ អ៊ីចឹង​ត្រូវ​តែ​បង្កើត​ឱ្យ​មាន​យន្តការ​ថ្មី ដោយ​ការ​ពិគ្រោះ​យោបល់​ជាមួយ​សហជីព សមាគម​កម្មករ អ្នក​ផ្គត់ផ្គង់ អ្នក​ទិញ។ គឺ​ត្រូវ​តែ​មាន​ការ​ជជែក​ដេញដោល​គ្នា និង​វិភាគ​ទៅ​លើ​ស្ថានភាព​របស់​ប្រទេស ហើយ​តួលេខ​ត្រូវ​តែ​មាន​ការ​ព្រមព្រៀង​គ្នា​ចំហ។ ប៉ុន្តែ ១៦០​ដុល្លារ​ក្នុង​មួយ​ខែ ខ្ញុំ​គិត​ថា ជា​ការ​ទាមទារ​សម​ហេតុផល​ពី​ខាង​កម្មករ ពីព្រោះ​ការ​ចំណាយ​ខ្ញុំ​ដឹង​ពេល​ខ្ញុំ​មក​កម្ពុជា។ ជួន​កាល​ពេល​ខ្ញុំ​ទៅ​ចេញ​ទៅ​តាម​ខេត្ត ខ្ញុំ​ដឹង​ថា ការ​ចំណាយ​លើ​ជីវភាព​រស់នៅ​មាន​ការ​កើន​ឡើង។ កម្មករ​គួរ​តែ​ទទួល​បាន​ប្រាក់​ខែ​សមរម្យ ដោយសារ​តែ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច គួរ​តែ​មាន​ការ​ចែក​រំលែក​ស្មើ​គ្នាៗ។ អ្វី​ដែល​ប្រទេស​សម្រេច​បាន គួរ​តែ​បាន​ទៅ​ដល់​មូលដ្ឋាន​របស់​សង្គម។ គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​នៅ​ក្នុង​ប្រទេស​នេះ។ ប្រសិន​បើ​ប្រទេស​បាន​ល្អ ពលរដ្ឋ​គ្រប់​គ្នា​ក៏​គួរ​តែ​បាន​ល្អ​ដែរ រាប់​ទាំង​កម្មករ​ផង។ នេះ​ហើយ​ដែល​គួរ​តែ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា អំពី​ប្រាក់​ខែ​សមរម្យ​នោះ។

លោក ជី វិតា៖ ដោយសារ​លោក​យល់​អំពី​បញ្ហា​កម្ពុជា ច្បាស់ និង​លោក​ផ្ទាល់​មក​កម្ពុជា ញឹកញាប់ តើ​លោក​ឬ​ការិយាល័យ​របស់​លោក មាន​តួនាទី​អ្វី​ទេ​ក្នុង​ការ​ជជែក ឬ​ប្រាប់​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់​ធំៗ​នៅ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដូច​ជា ក្រុមហ៊ុន Nike Gape and Puma អំពី​ជីវភាព និង​បញ្ហា​ប្រឈម​របស់​កម្មករ​កម្ពុជា?

លោក សុរិយា ស៊ូប៊ែឌី៖ ជា​ការ​ពិត ខ្ញុំ​បាន​ជួប​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​បញ្ជា​ទិញ។ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ហើយ គឺ​អ្នក​បញ្ជា​ទិញ។ គេ​យល់​ស្រប​តាម​ខ្ញុំ ចំពោះ​ថា ខាង​ឧស្សាហកម្ម ខាង​រោងចក្រ ពិត​ជា​អាច​បង្កើន​ប្រាក់​ខែ​ដល់​កម្មករ​អោយ​ល្អ​ប្រសើរ​ជាង​នេះ។ ខ្ញុំ​បាន​ជួប​ប្រជុំ​ជាមួយ​ពួក​គេ ជជែក​ពី​រឿង​នេះ​តែ​ម្តង។ ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា មាន​ដំណើរ​ការ​ល្អ ខ្ញុំ​រីករាយ។ ប៉ុន្តែ​ជា​ថ្មី​ម្ដង​ទៀត កម្មករ​ធ្វើ​ការ​យ៉ាប់យ៉ឺន​ណាស់។ ដូច្នេះ​សូម​មេត្តា​គិតគូរ​ដល់​ពួក​គេ ផ្តល់​រង្វាន់​ដំឡើង​ប្រាក់​ខែ​ជា​ថ្នូរ​នឹង​ការងារ​ជា​ពី​ការងារ​ដ៏​នឿយ​ហត់​របស់​ពួក​គេ​នោះ។

លោក ជី វិតា៖ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ទទូច​អោយ​ប្រទេស​ម្ចាស់​ជំនួយ​ម៉ឺងម៉ាត់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ទី​១ ត្រូវ​វែក​មុខ​អ្នក​ណា​ជា​អ្នក​ចេញ​បញ្ជា​អោយ​បាញ់​សម្លាប់​កម្មករ និង​ចាប់​អោយ​ទទួល​ខុស​ត្រូវ។ ទី​២ គឺ​អោយ​ម្ចាស់​ជំនួយ​ទាមទារ​អោយ​រដ្ឋាភិបាល​ឈប់​ប្រើ​កម្លាំង​យោធា​បង្ក្រាប​លើ​បាតុករ​ត​ទៅ​ទៀត ពីព្រោះ​កង​ទាហាន​មិន​បាន​ហ្វឹកហ្វឺន​អំពី​វិធី​គ្រប់គ្រង​បាតុករ​ជា​ជន​ស៊ីវិល​ឡើយ។ តើ​លោក​យល់​យ៉ាង​ណា​ដែរ?

លោក សុរិយា ស៊ូប៊ែឌី៖ បាទ! ទស្សនៈ​របស់​ខ្ញុំ​ស្រដៀង​គ្នា​ទេ។ វា​គួរ​តែ​ជា​ការ​ឆ្លើយ​តប​របស់​នគរបាល​ទេ មិន​មែន​ទាហាន​ទេ ចំពោះ​បញ្ហា​ស៊ីវិល ដែល​បង្ក​ឡើង​ដោយ​បាតុករ វា​គួរ​តែ​នគរបាល​ទេ គឺ​មិន​មែន​ទាហាន​ទេ ដែល​ឆ្លើយ​តប​នោះ។

លោក ជី វិតា៖ អំពី​បញ្ហា​សិទ្ធិ​មនុស្ស លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​សន្យា​ជាមួយ​លោក​សាស្ត្រាចារ្យ​ថា នឹង​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ថ្នាក់​ជាតិ​ដែល​ឯករាជ្យ​ពិត​ប្រាកដ​មួយ។ តើ​នោះ​ជា​ការ​សន្យា​ស្មោះ​ត្រង់​ទេ?

លោក សុរិយា ស៊ូប៊ែឌី៖ ពិត​ណាស់! ខ្ញុំ​ចង់​បាន​អោយ​ប្រាកដ​ថា អ្នក​ដែល​គេ​រំលោភ​សិទ្ធិ អ្នក​ដែល​ចង់​ដាក់​ពាក្យ​បណ្ដឹង គេ​អាច​ទៅ​រក​យន្តការ​សមស្រប​ដែល​គេ​អាច​ទទួល​បាន​ការ​ដោះស្រាយ​យ៉ាង​មាន​ប្រសិទ្ធភាព។ នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​នេះ​មិន​មាន​ស្ថាប័ន​ជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ដែល​ឯករាជ្យ​ទេ។ មិន​ថា​តែ​រឿង​សិទ្ធិ​ស្មើ​គ្នា ការ​ការពារ​សិទ្ធិ​មនុស្ស ការ​ប្ដឹង​ផ្ដល់​មន្ត្រី​រាជការ ឬ​ភ្នាក់ងារ​រដ្ឋាភិបាល​ណា​មួយ​ទេ គឺ​ត្រូវ​តែ​មាន​ស្ថាប័ន​សិទ្ធិ​មនុស្ស​ឯករាជ្យ​មួយ។ នៅ​ប្រទេស​នានា​លើ​ពិភពលោក សូម្បី​តែ​នៅ​អាស៊ី ប្រទេស​ជាច្រើន​គេ​មាន​យន្តការ​របស់​គេ គេ​មាន​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​គួរ​ឱ្យ​ទុក​ចិត្ត។ ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា មិន​មាន​មួយ​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​ទស្សនកិច្ច​របស់​ខ្ញុំ​លើក​នេះ ខ្ញុំ​ផ្ដោត​លើ​ការ​រីក​ចម្រើន និង​ក្ដី​សង្ឃឹម​ក្នុង​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ឯករាជ្យ​ពិត​ប្រាកដ​មួយ។ ខ្ញុំ​រីករាយ​ណាស់​ដែល​លោក​នាយក​រដ្ឋមន្ត្រី​យល់​ព្រម​ជាមួយ​ខ្ញុំ ហើយ​ខ្ញុំ​រង់ចាំ​មើល។

លោក ជី វិតា៖ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ថ្នាក់​ជាតិ​មួយ​នេះ នឹង​មិន​ឆក់​យក​អំណាច​របស់​តុលាការ​ទេ មែន​ទេ?

លោក សុរិយា ស៊ូប៊ែឌី៖ ពិត​ណាស់ៗ វា​ជា​ស្ថាប័ន​មួយ​ដែល​បង្កើត​ឡើង ដើម្បី​ដោះស្រាយ​កង្វល់ និង​ការ​ប្ដឹង​តវ៉ា​របស់​ពលរដ្ឋ​ក្នុង​សង្គម។ ស្ថាប័ន​នេះ​សម្រាប់​ស៊ើប​អង្កេត និង​ចោទ​ប្រកាន់ ហើយ​បញ្ជូន​ទៅ​តុលាការ។ ស្ថាប័ន​នេះ មិន​មែន​បង្កើត​ឡើង​សម្រាប់​បន្ទាប​តម្លៃ ឬ​យក​អំណាច​របស់​តុលាការ​ទេ។ តាម​ពិត គឺ​បង្កើត​ឡើង​ដើម្បី​ពង្រឹង​អំណាច​តុលាការ។

លោក ជី វិតា៖ លោក​មាន​អ្វី​បន្ថែម​ទេ?

លោក សុរិយា ស៊ូប៊ែឌី៖ បាទ! អរគុណ​ចំពោះ​ឱកាស​នេះ។ ខ្ញុំ​សុំ​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា ឱ្យ​អនុវត្ត​សិទ្ធិ​ក្នុង​លក្ខណៈ​សន្តិភាព។ និយាយ​ពី​សិទ្ធិ គឺ​យើង​ត្រូវ​តែ​ប្រយុទ្ធ ដើម្បី​ទទួល​បាន​សិទ្ធិ​នោះ។ ក៏ប៉ុន្តែ ស្រប​ពេល​ដែល​យើង​អនុវត្ត​សិទ្ធិ​របស់​យើង សូម​គិត​ពី​សិទ្ធិ​របស់​អ្នក​ដទៃ​ផង។ សូម​កុំ​ធ្វើ​អ្វី​ដែល​ប៉ះពាល់​សិទ្ធិ​អ្នក​ដទៃ​ឱ្យ​សោះ។ ប្រសិន​បើ​លោក​អ្នក​ធ្វើ​អ្វី​ប៉ះពាល់​សិទ្ធិ​អ្នក​ដទៃ រដ្ឋាភិបាល​នឹង​មាន​លេស​ហ្នឹង និង​លេស​ដទៃ​ទៀត ដើម្បី​ដាក់​កំហិត​លើ​សិទ្ធិ​របស់​លោក​អ្នក។ នេះ​ជា​សំណូមពរ​ដែល​ខ្ញុំ​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​ជា​ប្រទេស​ដ៏​ល្អ​អស្ចារ្យ​ពោរពេញ​ទៅ​ដោយ​មរតក​សាសនា​អារ្យធម៌​រុងរឿង។ ពលរដ្ឋ​កម្ពុជា ត្រូវ​សម្លឹង​ទៅ​អនាគត​ភ្លឺស្វាង​មួយ ហើយ​ខ្ញុំ​នឹង​ខិតខំ​ឱ្យ​អស់​លទ្ធភាព ដើម្បី​ឱ្យ​មាន​អនាគត​ភ្លឺស្វាង​នេះ។ ហេតុផល​នេះ​ហើយ ដែល​ខ្ញុំ​មមាញឹក​ពេញ​មួយ​សប្ដាហ៍ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នក​ការទូត តំណាង​អង្គការ​សង្គម​ស៊ីវិល ជន​រងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ចូរ​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​អនាគត​ដ៏​ល្អ​សម្រាប់​កម្ពុជា។

លោក ជី វិតា៖ អរគុណ​លោក​សាស្ត្រាចារ្យ!

លោក សុរិយា ស៊ូប៊ែឌី៖ អរគុណ​លោក​ច្រើនណាស់ ចំពោះ​កិច្ច​សម្ភាសន៍​ជាមួយ​លោក។ សូម​ជូនពរ​ចំពោះ​ការងារ​របស់​លោក។ អរគុណៗ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។