មន្ត្រីសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលការបោះឆ្នោត ព្រមានថា សេចក្ដីព្រាងច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទើបបានព្រមព្រៀងគ្នានោះ អាចនឹងត្រូវប្រើប្រាស់ដើម្បីគាបសង្កត់ដល់ការបញ្ចេញសារនយោបាយក្នុងអំឡុងពេលបោះឆ្នោត ដែលធានាដោយរដ្ឋធម្មនុញ្ញ។
លើសពីនេះទៀត សេចក្តីព្រាងច្បាប់ថ្មីដែលអ្នកច្បាប់យល់ថា នឹងផ្តល់ផលប្រយោជន៍នយោបាយច្រើនដល់គណបក្សកាន់អំណាចទាំងខុសច្បាប់នោះ ក៏អាចធ្វើឲ្យ គ.ជ.ប ដែលត្រូវប្រកាន់ជំហរឯករាជ្យឋិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាល។
ទាក់ទងនឹងការដាក់ទណ្ឌកម្មរហូតដល់ទោសព្រហ្មទណ្ឌ ចំពោះតំណាងអង្គការក្រៅរដ្ឋាភិបាលណាដែលនិយាយប្រមាថដល់អ្នកនយោបាយក្នុងអំឡុងពេលបោះឆ្នោតនោះ លោក ប្រ៊ែដ អាដាម (Brad Adams) នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និយាយថា នេះជាការដើរថយក្រោយមួយទៀត ហើយក្រុមសិទ្ធិមនុស្សនឹងថ្កោលទោសចំពោះគណបក្សទាំងពីរ៖ «ប្រសិនបើគណបក្សសង្គ្រោះជាតិ យល់ព្រមតាមការទាមទាររបស់គណបក្សប្រជាជនកម្ពុជា ដាក់ទោសព្រហ្មទណ្ឌដល់អង្គការក្រៅរដ្ឋាភិបាលមែននោះ អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ និងអង្គការសិទ្ធិមនុស្សដទៃទៀត នឹងចាប់ផ្តើមមានសំណួរថា តើគណបក្សប្រឆាំងមួយនេះពិតជាមានគោលការណ៍ការពារសិទ្ធិមនុស្សមែនឬទេ ហើយសហគមន៍សិទ្ធិមនុស្សគួរតែជឿជាក់លើគណបក្សនេះទៀតដែរឬទេ នៅថ្ងៃអនាគត? ខ្ញុំយល់ថា គណបក្សសង្គ្រោះជាតិ មិនគួរសម្របសម្រួលយល់ព្រមបង្កើតបញ្ញត្តិថ្មីបែបនេះទៅក្នុងច្បាប់ឡើយ។ រយៈពេលម្ភៃឆ្នាំមកនេះ យើងបានតស៊ូមតិយ៉ាងស្វិតស្វាញប្រឆាំងទប់ស្កាត់ការប៉ុនប៉ងរបស់គណបក្សប្រជាជនកម្ពុជា ម្តងហើយម្តងទៀត មិនឲ្យធ្វើច្បាប់ដាក់ទោសព្រហ្មទណ្ឌ ឬទោសជាប់ពន្ធនាគារដល់អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការងារបញ្ចេញយោបល់ពាក់ព័ន្ធនឹងរឿងនយោបាយ»។
លោក ប្រ៊ែដ អាដាម បញ្ជាក់ថា នៅក្នុងអំឡុងពេលបោះឆ្នោត គឺជាពេលវេលាដ៏សំខាន់បំផុតជាងពេលណាៗទាំងអស់ សម្រាប់ការបញ្ចេញសារនយោបាយ៖ «ការរឹតត្បិតសេរីភាពក្នុងការបញ្ចេញសារក្នុងពេលបោះឆ្នោត គឺជាការរឹតត្បិតដ៏អាក្រក់បំផុត។ ការនិយាយស្តីបញ្ចេញសារនយោបាយឲ្យបានច្រើនអតិបរិមា ក្នុងអំឡុងពេលបោះឆ្នោត គឺមានសារសំខាន់បំផុតសម្រាប់គ្រប់ភាគីទាំងអស់ នេះហើយជាគោលការណ៍មូលដ្ឋានស្នូលនៃការបោះឆ្នោត។ ការរឹតត្បិតមិនឲ្យសម្ដែងសារនយោបាយក្នុងពេលដ៏សំខាន់នេះ ជាការខុសឆ្គងខ្លាំងណាស់។ អ្វីដែលខ្ញុំព្រួយបារម្ភនោះ គឺថា ដោយសារតែគណបក្សនយោបាយមួយគ្រប់គ្រងប៉ូលិស និងតុលាការ គណបក្សនោះអាចប្រើប្រាស់ស្ថាប័នទាំងនេះតាមអំពើចិត្ត គាបសង្កត់គេឯងដើម្បីទាញយកអត្ថប្រយោជន៍នយោបាយឲ្យខ្លួនឯង។ តំណាងអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាមនុស្សដទៃទៀតដែរ ប្រសិនបើពួកគេនិយាយញុះញង់អំពើហិង្សា គឺត្រូវមានទោសព្រហ្មទណ្ឌ។ ប៉ុន្តែបើពួកគេបញ្ចេញមតិ ទោះជាមតិនោះអវិជ្ជមានចំពោះបុគ្គលណាម្នាក់ក៏ដោយ ក៏វាជាសិទ្ធិរបស់ពួកគេក្នុងការបញ្ចេញមតិ ហើយច្បាប់ត្រូវតែការពារពួកគេ។ សូមយល់ឲ្យច្បាស់ត្រង់ចំណុចនេះ។ មានអង្គការក្រៅរដ្ឋាភិបាលជាច្រើនធ្វើការពាក់ព័ន្ធនឹងច្បាប់បោះឆ្នោត។ ពួកគេឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ហើយអាចនិយាយខ្លាំងៗត្រង់ចំៗទៅលើការអនុវត្តភារកិច្ច និងអំពើប្រព្រឹត្តរបស់មន្ត្រីរដ្ឋាភិបាល មន្ត្រីយោធា ឬមន្ត្រីប៉ូលិស ហើយការនិយាយទាំងនោះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ។ វាមិនអាចទទួលយកបានទេ នៅពេលគណបក្សមួយសម្របសម្រួលគ្នាផ្នែកនយោបាយ ដើម្បីរឹតត្បិតសេរីភាពក្នុងការបញ្ចេញសាររបស់ពលរដ្ឋក្នុងអំឡុងពេលបោះឆ្នោតនោះ»។
ក្រុមការងារគណបក្សទាំងពីរបានបញ្ចូលបញ្ញត្តិថ្មីមួយដែលនាំឲ្យមានទោសព្រហ្មទណ្ឌជាប់ពន្ធនាគារនោះ មានខ្លឹមសារថា អ្នកដែលបញ្ចេញសារជេរប្រមាថឥស្សរជននយោបាយ អាចត្រូវពិន័យជាប្រាក់ពី ១០លានរៀលទៅ ៣០លានរៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។ ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិ ដែលសុខចិត្តយល់ព្រមទទួលយកបញ្ញត្តិនេះ បានទាមទារបន្ថែមពាក្យមួយឃ្លាថា មិនមានទោសជេរប្រមាថទេ ប្រសិនបើវាជាការបញ្ចេញមតិ។
លោក ប្រ៊ែដ អាដាម (Brad Adams) ដែលជាអ្នកច្បាប់ផងនោះបញ្ជាក់ថា បើទោះជាមានបន្ថែមឃ្លាការពារបែបនោះក្តី វានៅតែមិនគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការបកស្រាយច្បាប់តាមអំពើចិត្តនោះឡើយ ដោយសារតែតុលាការមិនឯករាជ្យ។ លោកថា វាជាគ្រោះថ្នាក់ខ្លាំងណាស់នៅពេលសរសេរច្បាប់បញ្ចូលពាក្យពេចន៍គ្មាននិយមន័យច្បាស់លាស់ ពីព្រោះវាអាចត្រូវតុលាការក្រោមឥទ្ធិពលបក្សនយោបាយបកស្រាយតាមអំពើចិត្ត៖ «ពាក្យថាជេរប្រមាថ មិនអាចកំណត់និយមន័យបានទេនៅក្នុងច្បាប់។ វាមិនមែនពាក្យច្បាប់ទេ។ ចំពោះមនុស្សម្នាក់ គាត់អាចយល់ឃើញថា សម្ដីនិយាយចេញមកណាមួយនោះ គឺជាការរិះគន់ ប៉ុន្តែសម្រាប់មនុស្សម្នាក់ គាត់អាចយល់ឃើញថា វាជាការជេរប្រមាថ។ ការនិយាយសម្ដែងចេញណាមួយ ត្រូវអ្នកខ្លះមើលឃើញថា គឺជាការវិភាគនយោបាយ តែអ្នកខ្លះមើលឃើញថាជាការជេរប្រមាថ។ នៅពេលគណបក្សប្រជាជនកម្ពុជា ចោទប្រកាន់នរណាម្នាក់ ហើយបញ្ជូនទៅតុលាការ តុលាការនឹងធ្វើតាមបញ្ជារបស់គណបក្សកាន់អំណាចមួយនេះ។ ដូច្នេះ វាជាយុទ្ធសាស្ត្រប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ ដើម្បីបំបិទសិទ្ធិសេរីភាពក្នុងពេលបោះឆ្នោត។ ពេលវេលាសម្រាប់ការបញ្ចេញមតិគ្មានពេលណាសំខាន់ចាំបាច់ជាងអំឡុងពេលបោះឆ្នោតនោះទេ នេះហើយជាគោលបំណងគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ ក្នុងអំឡុងពេលបោះឆ្នោត គណបក្ស និងបេក្ខជនឈរឈ្មោះដាក់បង្ហាញគំនិតនយោបាយរបស់ខ្លួន។ ពេលខ្លះ គំនិត ឬសារនយោបាយរបស់ពួកគេ អាចត្រូវបានរិះគន់ខ្លាំងៗ នេះហើយជារឿងធម្មតារបស់ការធ្វើនយោបាយ»។
ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសឆ្នាំ២០១៣ គណបក្សនយោបាយជាប់ឆ្នោតទាំងពីរ បានស្រុះស្រួលគ្នាធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធការបោះឆ្នោត ដើម្បីធ្វើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្លាយជាស្ថាប័នឯករាជ្យ ដែលបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរទូទៅ។ ប៉ុន្តែ លោក គល់ បញ្ញា មន្ត្រីឃ្លាំមើលការបោះឆ្នោត សម្ដែងការខកចិត្ត ដោយសារច្បាប់ថ្មីទំនងជាដាក់អគ្គលេខាធិការដ្ឋាន គ.ជ.ប ឲ្យឋិតក្រោមចំណុះរដ្ឋាភិបាលទៅវិញ៖ «សំឡេង»។
ឆ្លើយតបទៅនឹងសំណួររបស់វិទ្យុអាស៊ីសេរី ប្រធានក្រុមការងារចរចាវិសោធនកម្មច្បាប់បោះឆ្នោតនៃគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន មានប្រសាសន៍ថា មិនអាចធ្វើច្បាប់ឲ្យល្អឥតខ្ចោះបាននោះទេ៖ «សំឡេង»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយរូបបានប្រាប់វិទ្យុអាស៊ីសេរី ថា លោកមិនពេញចិត្តចំពោះសេចក្តីព្រាងច្បាប់បោះឆ្នោត ដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នានេះឡើយ។ ទោះជាយ៉ាងណា ខណៈការចរចាច្បាប់បោះឆ្នោតនេះកំពុងប្រព្រឹត្តទៅ សកម្មជនគណបក្សសង្គ្រោះជាតិ មួយចំនួន កំពុងឋិតនៅក្នុងពន្ធនាគារ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងរួមគ្នាដឹកនាំសិក្ខាសាលាសាធារណៈមួយស្ដីពីសេចក្តីព្រាងច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មីនេះ នៅថ្ងៃច័ន្ទ ទី៩ ខែមីនា ឆ្នាំ២០១៥ នេះ នៅឯវិមានរដ្ឋសភា ដែលសិក្ខាសាលានោះត្រូវសង្គមស៊ីវិលមើលឃើញថា សម្រាប់បង្គ្រប់កិច្ចតែប៉ុណ្ណោះ។
លោក គល់ បញ្ញា ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) និងជាតំណាងឲ្យសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ព្រមទាំងក្រុមសង្គមស៊ីវិលផ្សេងទៀត ទទូចឲ្យគណបក្សទាំងពីរពិចារណានូវចំណុចអវិជ្ជមានទាំងឡាយដែលសង្គមស៊ីវិលបានលើកឡើង។ បើមិនដូច្នេះទេ សេចក្តីព្រាងច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលអាចក្លាយជាច្បាប់នាពេលឆាប់ៗខាងមុខនេះ នឹងមិនអាចធានាឲ្យកម្ពុជា មានការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ និងអាចជឿទុកចិត្តបាននៅពេលខាងមុខនោះទេ ហើយជាផលវិបាកនោះ កម្ពុជា នឹងនៅតែជួបប្រទះភាពចម្រូងចម្រាសក្រោយការបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។