គណៈមេធាវីសហរដ្ឋអាមេរិក ទទួលបន្ទុកសិទ្ធិមនុស្ស (ABA Center for Human Rights) ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ត្រួតពិនិត្យច្បាប់ឡើងវិញជុំវិញករណីលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាឱ្យបាននូវការប្ដេជ្ញាចិត្តអនុវត្តច្បាប់ស្របតាមកាតព្វកិច្ចអន្តរជាតិ។
របាយកាណ៍អង្កេតមួយជុំវិញករណីលោក នី ចរិយា របស់គណៈមេធាវីសហរដ្ឋអាមេរិក ទទួលបន្ទុកសិទ្ធិមនុស្ស ដែលចេញផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្រោយការអង្កេតសវនាការលោក នី ចរិយា កាលពីថ្ងៃទី២២ ខែកញ្ញា ផ្សាយថា តុលាការក្រុងភ្នំពេញ បានបរាជ័យក្នុងធានានូវសិទ្ធិជំនុំជម្រះដោយស្មើភាពគ្នាចំពោះលោក នី ចរិយា ត្បិតភាគីដើមបណ្តឹងសុទ្ធតែអវត្តមាននៅក្នុងអង្គសវនាការ។ លើសពីនេះ តុលាការក៏បានបដិសេធចោលនូវការព្យាយាមពន្យល់ និងដោះបន្ទុករបស់លោក នី ចរិយា ផងដែរ។
គណៈមេធាវីសហរដ្ឋអាមេរិក ទទួលបន្ទុកសិទ្ធិមនុស្សនឹងតាមដានករណីនេះជាបន្តទៀត ព្រមទាំងស្នើឱ្យកម្ពុជា លុបចោលបទបរិហារកេរ្តិ៍ចេញពីក្រមព្រហ្មទណ្ឌដែលមានខ្លឹមសារផ្ទុយនឹងនិយាមអន្តរជាតិ។
កាលពីថ្ងៃទី២២ ខែកញ្ញា លោក នី ចរិយា ដែលជាអតីតប្រធានការិយាល័យស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ត្រូវបានចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ ៦ខែ និងពិន័យជាប្រាក់ចំនួន ៦លានរៀល ក្រោមបទចោទបរិហារកេរ្តិ៍ បរិហារបង្កាច់កេរ្តិ៍ និងពីបទប្រើប្រាស់ឥទ្ធិពលដាក់សម្ពាធលើតុលាការខេត្តសៀមរាប។
ក្រៅពីបណ្ដឹងបរិហារកេរ្តិ៍នេះ លោក នី ចរិយា ក៏កំពុងជាប់បណ្ដឹងមួយទៀតដែរ គឺបណ្ដឹងទាក់ទងនឹងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដោយលោកត្រូវបានតុលាការក្រុងភ្នំពេញ ចោទពីបទសមគំនិតសូកប៉ាន់សាក្សី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។