ករណីគប់គ្រាប់បែកនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង ៥នាក់រងរបួសស្រាលកាលពីថ្ងៃទី២៣ ខែឧសភា នោះ ខាងសមត្ថកិច្ចចាប់ជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនដល់ដៃតុលាការហើយ នៅល្ងាចថ្ងៃទី២៥ ខែឧសភា។
ហេតុការណ៍គប់គ្រាប់បែកនេះត្រូវបានសមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ជនល្មើសឈ្មោះ ខូវ ឃីម មានទំនាស់ពាក្យសម្ដីជាមួយអ្នករាំលេងក្នុងពិធីជប់លៀងអបអរសាទរទិញធុងបាសថ្មី នៅភូមិតានៃ នៃឃុំជៀប។
អធិការនគរបាលស្រុកទឹកផុស លោក ខែម វិបុល មានប្រសាសន៍ថា ជនល្មើសរស់នៅភូមិឃុំកើតហេតុ បានប្រើគ្រាប់បែកប្រភេទក្រឡាទៀបដែលខ្លួនទៅមើលគោរើសបានជាយូរមកហើយនោះគប់ចូលក្នុងវង់ដែលមនុស្សជាច្រើនកំពុងរាំលេងនៅម៉ោងប្រមាណជា ៩ និង ៤០នាទីយប់ ថ្ងៃទី២៣ ខែឧសភា។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកំពង់ឆ្នាំង លោក គឹម ហុងសាន ដែលកាន់សំណុំរឿងនេះដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេនៅថ្ងៃទី២៥ ខែឧសភា ដោយទូរស័ព្ទចូលហើយ អ្នកទទួលប្រាប់ថាច្រឡំលេខ។
ក្រោយពីហេតុការណ៍ភ្លាមៗមានអ្នករងរបួសចំនួន ៦នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ប៉ុន្តែមានជនរងគ្រោះម្នាក់ឈ្មោះ ភោគ ខាត់ បានស្លាប់ ដោយត្រូវរបួសក្បែរផ្ចិតធ្ងន់ធ្ងរមិនអាចសង្គ្រោះបាន។ បច្ចុប្បន្នអ្នករងរបួសទាំង ៥នាក់ មានអាការធូរស្បើយ និងបានចេញទៅផ្ទះវិញអស់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។