រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក ឡុង វិសាលោ បានមានប្រសាសន៍នៅថ្ងៃទី២៩ ខែមីនា ថា គណៈប្រតិភូកម្ពុជា មួយក្រុមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង គ្រោងចាកចេញទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅប្រទេសហុឡង់ដ៍ (Netherland) នៅពីរសប្ដាហ៍ខាងមុខនេះ។
តុលាការយុត្តិធម៌អន្តរជាតិ គ្រោងបើកសវនាការនៅពាក់កណ្ដាលខែមេសា ខាងមុខនេះ ដើម្បីបកស្រាយសាលក្រមសំណុំរឿងប្រាសាទព្រះវិហារ ឆ្នាំ១៩៦២។ តុលាការនេះបានតម្រូវឲ្យភាគីកម្ពុជា និងថៃ ធ្វើបទបង្ហាញដោយផ្ទាល់មាត់នៅក្នុងសវនាការនោះ។
លោក ឡុង វិសាលោ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅឯក្រសួងការបរទេសថា ភាគីកម្ពុជា មានភាពជឿជាក់យ៉ាងខ្លាំង ក្នុងការយកជ័យជំនះនៅតុលាការនោះ៖ «ម្យ៉ាងយើងមានមូលដ្ឋានរបស់យើងរឹងមាំរួចទៅហើយ ទី២ទៀង យើងខិតខំធ្វើការខ្លាំងណាស់ដើម្បីយកមូលដ្ឋានទាំងអស់នោះ ធ្វើជាទឡ្ហីករណ៍ដើម្បីតស៊ូប្រយុទ្ធក្នុងពេលសវនាការផ្ទាល់មាត់ហ្នឹង»។
សមាសភាពនៃប្រតិភូកម្ពុជា មានដូចជា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ជាប្រធាន ប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ លោក វ៉ា គឹមហុង ជាអនុប្រធាន រដ្ឋលេខាធិការក្រសួងការបរទេស លោក ឡុង វិសាលោ អនុប្រធាន និងសមាជិកមួយចំនួនទៀត ក្នុងនោះមានអ្នកច្បាប់ អ្នកជំនាញព្រំដែនសរុបជិត ១០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។