មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយការវិភាគរបស់ខ្លួនទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការសមាគម ដែលសេចក្ដីព្រាងចុងក្រោយអនុម័តដោយគណៈរដ្ឋមន្ត្រី។ ការវិភាគនោះរកឃើញថា នៅមានចំណុចបារម្ភជាច្រើន ដែលអង្គការសិទ្ធិមនុស្សមួយនេះចាត់ទុកថា ជាការរឹតត្បិតដល់សិទ្ធិសេរីភាពខាងសមាគម និងសិទ្ធិចូលរួមក្នុងជីវភាពសាធារណៈ ដែលផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ។
ការលើកឡើងរបស់អង្គការសិទ្ធិមនុស្សនេះ ស្របពេលដែលសេចក្ដីព្រាងច្បាប់អង្គការសមាគម ត្រូវមន្ត្រីអះអាងថាត្រូវបញ្ជូនចេញពីស្ដីការគណៈរដ្ឋមន្ត្រីទៅកាន់រដ្ឋសភា។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញថា សេចក្ដីព្រាងច្បាប់ចុងក្រោយដែលចេញពីគណៈរដ្ឋមន្ត្រី ឬសេចក្ដីព្រាងលើកទី៥ នៃច្បាប់ស្ដីពីអង្គការសមាគម មានចំណុចធំៗចំនួន៥ ដែលនៅចោទជាបញ្ហា ហើយអង្គការនេះបន្តទាមទារឲ្យមានការពិភាក្សាកែលំអ។
នៅក្នុងអត្ថបទវិភាគរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា បានបញ្ជាក់ថា ចំណុចទាំង៥ នោះបង្ហាញថា សេចក្ដីព្រាងច្បាប់អង្គការសមាគម បានប្រគល់អំណាចយ៉ាងច្រើនដល់រដ្ឋាភិបាល ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការរបស់អង្គការសង្គមស៊ីវិល បើទោះបីជាបានលុបចោលការដាក់កំហិតលើថវិកាចំណាយរដ្ឋបាលក៏ដោយ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ចុងក្រោយដែលអង្គការអ្នកស្រីវិភាគនេះ គឺទទួលបានដោយក្រៅផ្លូវការ ឬហៅថា ជាការបែកធ្លាយដែលពុំមែនជាការផ្ដល់ឲ្យជាផ្លូវការរបស់រដ្ឋាភិបាលឡើយ។ អ្នកស្រីថា ជាលទ្ធផល សេចក្ដីព្រាងច្បាប់នេះមានស្ថានភាពអាក្រក់ជាងសេចក្ដីព្រាងច្បាប់ក្នុងដំណាក់កាលដំបូងៗ៖ «បង្ហាញពីចេតនាច្បាស់ក្នុងការគ្រប់គ្រង និងរឹតបន្តឹងលើសេរីភាពរបស់អង្គការសង្គមស៊ីវិល ក្នុងការប្រតិបត្តិការងារក្នុងប្រទេសកម្ពុជា យើងនេះ។ យើងនៅតែទទូចឲ្យមានការពិគ្រោះយោបល់ ដែលឲ្យបានពេញលេញ និងមានអត្ថន័យ ដែលអាចឲ្យយើងឈរលើមូលដ្ឋានមួយ ដែលមានច្បាប់មួយដែលសម្រួលដល់អង្គការសង្គមស៊ីវិល ក្នុងការប្រតិបត្តិការ មិនមែនជាការរឹតបន្តឹងសេរីភាព និងការប្រតិបត្តិរបស់អង្គការសមាគមនោះទេ»។
ចំណុចទាំង៥ ដែលអង្គការនេះព្រួយបារម្ភនោះរួមមាន ការមិនចែងពីអង្គការសហគមន៍មូលដ្ឋាន ដែលអាចឲ្យមានការបកស្រាយប៉ះពាល់ដល់ដំណើរការពួកគេ។ សមាគម និងអង្គការ តម្រូវឲ្យចុះបញ្ជីដែលលែងជាជម្រើស ដែលនឹងធ្វើឲ្យប៉ះពាល់ដល់អង្គការសមាគម ដែលត្រូវគេបដិសេធមិនឲ្យចុះបញ្ជី ចំណែកអង្គការអន្តរជាតិ ក៏តម្រូវឲ្យចុះបញ្ជីតាមនីតិវិធីសាំញ៉ាំ។ ការបង្ហាញបញ្ញត្តិមិនច្បាស់លាស់ពីឯករាជភាពរបស់អង្គការសមាគមពីគណបក្សនយោបាយ និងការផ្ដល់អំណាចឲ្យក្រសួងមហាផ្ទៃ លុបឈ្មោះអង្គការសមាគមពីបញ្ជី ដែលជាចំណុចគួរឲ្យព្រួយបារម្ភជាងគេ។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបញ្ជាក់តាមទំព័រហ្វេសប៊ុក (Facebook) របស់លោកថា សេចក្ដីព្រាងច្បាប់នេះបានផុតពីដៃគណៈរដ្ឋមន្ត្រីហើយ គឺបានបញ្ជូនទៅរដ្ឋសភារួចហើយ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចរកប្រភពណាដែលអាចបញ្ជាក់បានថា តើរដ្ឋសភានឹងចាត់ឲ្យមានកិច្ចពិភាក្សាសេចក្ដីព្រាងច្បាប់នេះនៅឡើយទេ នៅថ្ងៃទី១៦ ខែមិថុនា។
យ៉ាងណា អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន ធ្លាប់បញ្ជាក់ថា ច្បាប់ដែលរដ្ឋាភិបាលកំពុងបង្កើតនៅពេលនេះ គឺដើម្បីគាំពារអង្គការសមាគមទៅវិញទេ៖ «បានសេចក្តីព្រាងច្បាប់មកយើងផ្ទៀងជាមួយសេចក្តីព្រាងច្បាប់ថ្មី តើបើប្រៀបធៀបជាមួយច្បាប់អាមេរិក វាយ៉ាងម៉េច? ជាមួយឥណ្ឌា ដែលជាប្រទេសប្រជាធិបតេយ្យនៅអាស៊ី យ៉ាងម៉េច? សិង្ហបុរី ថាម៉េច? ថៃ ថាម៉េច? គេនឹងធ្វើការប្រៀបធៀបច្បាប់របស់យើងមិនខុសគេទេ បើខុសគេ យើងមិនមែនមនុស្សជាតិទេ»។
សេចក្ដីព្រាងច្បាប់ស្ដីពីអង្គការសមាគម ដែលក្រុមអង្គការមិនមែនរដ្ឋាភិបាលទទួលបានមិនផ្លូវការនោះ មាន ៩ជំពូក និង ៣៩មាត្រា បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានសម្រេចលុបចេញមាត្រាចំនួន២ ទាក់ទងនឹងថវិកាអង្គការសមាគម។ ក្រុមអង្គការមិនមែនរដ្ឋាភិបាល មានក្ដីរំពឹងចុងក្រោយថា រដ្ឋសភានឹងបើកឲ្យមានការពិភាក្សាទទួលយោបល់ និងក្ដីបារម្ភរបស់ពួកគេដែលមិនមែនគ្រាន់តែជាការជួបជុំ ដើម្បីធ្វើបទបង្ហាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។