មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានបញ្ចេញរបាយការណ៍វិភាគផ្លូវច្បាប់មួយដែលបង្ហាញថា តុលាការខេត្តកោះកុង គ្មានភស្តុតាងដែលស៊ីសង្វាក់ក្នុងការចោទប្រកាន់ទៅលើសកម្មជន ៣រូបនៃអង្គការមាតាធម្មជាតិ ដែលកំពុងជាប់ឃុំតាំងពីឆ្នាំ២០១៥ នោះឡើយ និងស្ថាបនិកនៃអង្គការនេះ។ នៅការវិភាគដែលបានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្នើទៅតុលាការ ឲ្យទម្លាក់បទចោទទៅលើសកម្មជនទាំងនោះ និងដោះលែងអោយមានសេរីភាព។
អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ឈុន លី បញ្ជាក់បន្ថែមលើការវិភាគនេះថា ការវិភាគនេះមិនមែនជាការជ្រៀតជ្រែកលើកិច្ចការតុលាការទេ។ ប៉ុន្តែជាការសិក្សាស្រាវជ្រាវទាំងអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តរបស់សកម្មជននៃអង្គការមាតាធម្មជាតិ ហើយបានរកឃើញការចោទរបស់តុលាការមិនត្រឹមត្រូវ។
អ្នកស្រីរំពឹងថា តុលាការ និងអ្នកពាក់ព័ន្ធ នឹងពិចារណាឡើងវិញលើការសម្រេចរបស់ខ្លួន បន្ទាប់ពីបានឃើញការវិភាគនេះ៖ «ចំពោះយើងនេះមិនមែនជាការជ្រៀតជ្រែកលើកិច្ចការតុលាការទេ សំខាន់រឿងនេះជាបញ្ហាសិទ្ធិមនុស្ស ចង់និយាយថា ការចោទប្រកាន់នេះមិនសមស្របទេ ដូច្នេះទើបយើងវិភាគឲ្យដឹងថា រឿងហ្នឹងហើយនិងបទចោទនោះយ៉ាងម៉េច?»។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំប្រតិកម្មតបពីតុលាការខេត្តកោះកុង និងមន្ត្រីក្រសួងយុត្តិធម៌ បាននៅឡើយទេ នៅថ្ងៃទី២១ ខែមិថុនា។
សកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិទាំង ៣នាក់ រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណាង។ ពួកគេត្រូវបានតុលាការខេត្តកោះកុង សម្រេចឃុំខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ ពីបទគំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយតាមមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ។
ចំណែកស្ថាបនិកនៃអង្គការនេះ គឺលោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ដែលត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន បណ្ដេញចេញមិនឲ្យនៅប្រទេសកម្ពុជា ត្រូវតុលាការចោទប្រកាន់ថា ជាអ្នកផ្សំគំនិតទាក់ទងការប្រព្រឹត្តរបស់ក្រុមយុវជន។
សង្គមស៊ីវិលលើកឡើងថា សកម្មជនទាំង ៤រូប ត្រូវចោទប្រកាន់ ព្រោះបុព្វហេតុការពារបរិស្ថានដោយអ្នកទាំងនោះតែងចេញមុខប្រឆាំងសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនមួយចំនួនក្នុងខេត្តកោះកុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។