លោក ប៉ា ងួនទៀង ចូល​បំភ្លឺ​នៅ​តុលាការ​ជុំវិញ​សំណុំ​រឿង​លោក កឹម សុខា

0:00 / 0:00

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា តាម​ការ​កោះហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​ដែល​ត្រូវ​បាន​គេ​ចោទ​រវាង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

ចៅក្រម​ស៊ើបសួរ​លោក ធាម ចន្ទពិសិដ្ឋ បាន​សាកសួរ​លោក ប៉ា ងួនទៀង ប្រហែល​កន្លះ​ម៉ោង។ ចៅក្រម​សួរ​ថា តើ​លោក ប៉ា ងួនទៀង មាន​បាន​រៀបចំ​ឲ្យ​លោក នី ចរិយា ជួប​ជាមួយ​លោក កឹម សុខា ឬ​ទេ? ហើយ​មាន​បាន​ទូរស័ព្ទ​ទាក់ទង​ជាមួយ​អ្នកស្រី ទ្រី ឈូន មេធាវី​របស់​អ្នកនាង​ស្រីមុំ​ដែរ ឬ​ទេ?

​លោក ប៉ា ងួនទៀង ក៏​ជា​ថ្នាក់ដឹកនាំ​គ្រប់គ្រង​ស្ថាប័ន​ព័ត៌មាន វី.អូ.ឌី (VOD)។ ចៅក្រម​បាន​សួរ​លោក​ថា តើ វី.អូ.ឌី មាន​បំណង​ហៅ​អ្នកនាង ស្រីមុំ មក​ធ្វើ​ជា​វាគ្មិន​ឬ​ទេ?

ទោះបីជា​យ៉ាង​ណា​លោក ប៉ា ងួនទៀង ឆ្លើយ​តប​ថា លោក​ចាំ​មិន​ច្បាស់​ទេ​ថា លោក​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ណា​ខ្លះ ជជែក​រឿង​អ្វី​ខ្លះ ពីព្រោះ​ពេល​វេលា​កន្លង​ផុត​ទៅ​យូរ ហើយ​លោក​មាន​ការងារ​ច្រើន​ត្រូវ​ធ្វើ៖ «ខ្ញុំ​មិន​ច្បាស់​ដែរ ថា​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ណា​ខ្លះ រឿង​អី​ខ្លះ និយាយ​ម៉េច​ខ្លះ ខ្ញុំ​មិន​ដឹង។ ខ្ញុំ​ចាំ​ថា ខ្ញុំ​មិន​ដែល​ជជែក​រឿង​អី​ទេ»

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា តុលាការ​កោះ​ហៅ​រូប​លោក​ធ្វើ​ជា​សាក្សី ដោយសារ​មាន​ចម្លើយ​របស់​អ្នក​ពាក់ព័ន្ធ​មុន ដែល​បាន​ឆ្លើយ​ពាក់ព័ន្ធ​នឹង​រូប​លោក ក៏ប៉ុន្តែ​លោក ប៉ា ងួនទៀង មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​អ្នក​ដែល​ឆ្លើយ​ពាក់ព័ន្ធ​នឹង​រូប​លោក​នោះ​ទេ៖ «បើ​តុលាការ​មាន​ភស្តុតាង​ត្រឹមត្រូវ​ច្បាស់លាស់ ហ្នឹង​ខ្ញុំ​ទទួល»

​តុលាការ​កោះ​ហៅ​លោក ប៉ា ងួនទៀង គឺ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម មិន​ទាន់​ដល់​ដំណាក់កាល​ស៊ើប​អង្កេត​នៅ​ឡើយ។ លោក ប៉ា ងួនទៀង បាន​ចេញ​ពី​តុលាការ​នៅ​ពេល​ថ្ងៃត្រង់។

នៅ​ខាង​ក្រៅ​សវនាការ បុគ្គលិក​របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ឯករាជ្យ​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់ បាន​ឃ្លាំមើល​ដំណើរ​ការ​សាកសួរ​របស់​តុលាការ​ករណី​លោក ប៉ា ងួនទៀន។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ថ្លែង​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (telegram) ឲ្យ​ដឹង​ថា ការ​សាកសួរ​លោក ប៉ា ងួនទៀង ក្នុង​នាម​ជា​សាក្សី ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​ការ​ស៊ើបសួរ ហើយ​ចៅក្រម​ស៊ើបសួរ​សម្រេច​ស៊ើបសួរ​បន្ត។

ប្រធាន​ផ្នែក​ឃ្លាំមើល​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​នៅ​មុខ​តុលាការ​ថា បើ​តាម​នីតិវិធី ការ​សាកសួរ​របស់​តុលាការ​ជា​ការ​ត្រឹមត្រូវ ក៏ប៉ុន្តែ​បើ​មើល​រូបភាព​ពី​មួយ​ជ្រុង​ទៀត វា​ជា​ការ​គំរាមកំហែង និង​បំភិតបំភ័យ​ដល់​លោក ប៉ា ងួនទៀង និង​អ្នក​ដទៃ​ទៀត​ដែរ៖ «លោក ប៉ា ងួនទៀង សកម្ម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ហើយ​ក៏​សកម្ម​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​សព​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់»

​ក្នុង​សំណុំរឿង​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី អ្នក​ពាក់ព័ន្ធ​ក្នុង​ប្រព័ន្ធ​តុលាការ​មាន ១៦​នាក់ រាប់​បញ្ចូល​ទាំង​លោក ប៉ា ងួនទៀង ដោយ​មាន​អ្នក​ត្រូវ​គេ​ឃុំ​ខ្លួន ៦​នាក់ អ្នក​ត្រូវ​គេ​ចោទ​ប្រកាន់ ៣​នាក់ អ្នក​គេ​ហៅ​ធ្វើ​ជា​សាក្សី ៤​នាក់ និង​អ្នក​ធ្វើជា​ដើមបណ្ដឹង ៣​នាក់។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ត្រូវ​បាន​នគរបាល​​ច្រាន​ចេញ​មិន​ឲ្យ​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦។
នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ត្រូវ​បាន​នគរបាល​​ច្រាន​ចេញ​មិន​ឲ្យ​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦។ (RFA/San Sel)

លោក ប៉ា ងួនទៀង មាន​ប្រសាសន៍​ថា គេ​គួរ​ព្យាយាម​រក​ដំណោះស្រាយ​បញ្ចប់​សំណុំរឿង មិនមែន​ពង្រីក​រឿង​នោះ​ទេ ដើម្បី​ធានា​ដល់​សេចក្ដី​សុខ​របស់​សង្គម៖ «ចំពោះ​ខ្ញុំ អ្នក​ដឹកនាំ​ល្អ គេ​ព្យាយាម​រក​ដំណោះស្រាយ​បញ្ចប់​រឿង​ជា​ជាង​ពង្រីក​រឿង ព្រោះ​យើង​ជា​អ្នកដឹកនាំ ត្រូវ​ទទួល​ខុស​ត្រូវ​ពី​ភាព​ស្ងប់ស្ងាត់​ក្នុង​សង្គម អំពី​សេចក្ដី​របស់​ប្រជារាស្ត្រ ពី​ភាព​សុខសាន្ត​ផ្នែក​រាងកាយ ផ្នែក​អារម្មណ៍​របស់​ប្រជារាស្ត្រ។ កាល​ណា​យើង​ពង្រីក​រឿង ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ភ័យខ្លាច។ នេះ​មិន​មែន​ជា​ជម្រើស​ល្អ​ទេ»

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ធាម ច័ន្ធពិសិដ្ឋ បាន​ចេញ​ដីកា​កោះហៅ​លោក ប៉ា ងួនទៀង កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឲ្យ​ចូល​ធ្វើ​ជា​សាក្សី​ជុំវិញ​ដំណើរ​រឿង​សូកប៉ាន់​សាក្សី​តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ។

លោក ប៉ា ងួនទៀង ត្រូវ​នគរបាល​តុលាការ​ច្រាន​ចេញ​ពេល​ផ្ដល់​បទសម្ភាសន៍

លោក ប៉ា ងួនទៀង បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​នៅ​ខាង​មុខ​រោង​យាម​សន្តិសុខ​ខាង​តុលាការ មុន​ពេល​លោក​ផ្ដល់​សក្ខីកម្ម តែ​ត្រូវ​បាន​មន្ត្រី​នគរបាល​ប្រចាំ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ម្នាក់ ចាប់​ទាញ​ និង​រុញ​ច្រាន​ចេញ​ឲ្យ​ប្ដូរ​ទីតាំង​ផ្ដល់​សម្ភាសន៍។ លោក ប៉ា ងួនទៀង ហៅ​ទង្វើ​នេះ​ថា ជា​ការ​មិន​អនុវត្ត​តាម​វិជ្ជាជីវៈ និង​គ្មាន​សីលធម៌៖ «ខ្ញុំ​ថា​អត់​សីលធម៌។ យើង​ខ្មែរ​ដូច​គ្នា យើង​និយាយ​គ្នា​បាន មិន​ដល់​ថ្នាក់​ច្រាន។ នីតិវិធី​នៃ​ការ​ដោះស្រាយ មិន​មែន​ទាល់តែ​ហិង្សា​បាន​យើង​ដោះស្រាយ​ចេញ​ទេ»

យ៉ាង​នេះ​ក្តី លោក លី សុផាណា បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក ប៉ាង ងួនទៀង ដោយ​អះអាង​ថា វា​មិនមែន​ជា​ការពិត។ លោក​ថា មន្ត្រី​របស់​តុលាការ​បាន​ជួយ​សម្របសម្រួល​ និង​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​បរិវេណ​តុលាការ​សម្រាប់​ការ​ផ្ដល់​បទសម្ភាសន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។