សាលាឧទ្ធរណ៍បានចោទប្រកាន់លោក ឈូក បណ្ឌិត ថាប្រើប្រាស់កាំភ្លើងបាញ់កម្មការិនីរោងចក្រ ៣នាក់ឲ្យរបួសដោយអចេតនា ហើយបានបញ្ជូនសំណុំរឿងនេះទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីជំនុំជម្រះម្ដងទៀត។
ប្រធានតុលាការខេត្តស្វាយរៀង លោក ពេជ្រ ឈឿត នៅថ្ងៃទី៨ ខែមេសា មានប្រសាសន៍ថា សាលាដំបូងខេត្តស្វាយរៀង បានប្រជុំជ្រើសរើសពេលវេលា និងជ្រើសរើសចៅក្រមដើម្បីទទួលបន្ទុករឿងនេះរួចហើយ ប៉ុន្តែមិនទាន់កំណត់ថ្ងៃណាច្បាស់ទេ។ លោកបន្តថា តុលាការនឹងចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃខាងមុខ ដើម្បីជម្រាបដល់សាធារណជនឲ្យបានជ្រាប និងចូលរួមតាមដានសវនាការជាសាធារណៈនោះ។ ប៉ុន្តែលោកមិនទាន់ប្រាប់ថា ចៅក្រមរូបណានឹងកាន់សំណុំរឿងនោះទេ។
លោក ពេជ្រ ឈឿត៖ «ចៅក្រមគេនឹងរៀបចំកម្មវិធីដាក់ជម្រះហើយ ព្រោះចាត់ទៅលោកចៅក្រមបាន និងកំពុងពិនិត្យនៅស្វាយរៀង ហ្នឹងឯង តិចទៀតលោកដឹងហើយ ទាបបំផុតមួយខែ ឬ ២០ថ្ងៃទៀត»។
កាលពីថ្ងៃទី៤ ខែមីនា សាលាឧទ្ធរណ៍បានប្រកាសសាលដីកាអសាធារណៈ ចោទប្រកាន់លោក ឈូក បណ្ឌិត ជាអភិបាលក្រុងបាវិត ពីបទបង្ករបួសស្នាមដោយអចេតនាតាមក្រមព្រហ្មទណ្ឌមាត្រា ២៣៦ ហើយបញ្ជូនសំណុំរឿងនេះ និងជនត្រូវចោទ ឈូក បណ្ឌិត ទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីជំនុំជម្រះតាមផ្លូវច្បាប់។ មាត្រា ២៣៦ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ គឺត្រូវមានទោសជាប់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។