ទោះបីជាយ៉ាងនេះក្ដី ក្រុមអង្គការសិទ្ធិមនុស្ស និងក្រុមសហជីពគ្មានជំនឿទៅលើសាលាដំបូងខេត្តស្វាយរៀង ថានឹងផ្ដន្ទាទោសលោក ឈូក បណ្ឌិត ដែលជាជនសង្ស័យបាញ់កម្មករនោះទេ ពីព្រោះដោយយល់ឃើញថា តុលាការនេះធ្លាប់បានទម្លាក់ចោលការចោទប្រកាន់លោក ឈូក បណ្ឌិត ម្ដងរួចមកហើយនោះ។
អង្គការសិទ្ធិមនុស្ស និងក្រុមសហជីព បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយទាមទារឲ្យសាលាឧទ្ធរណ៍ពិចារណាឡើងវិញ និងបង្វែរសំណុំរឿងលោក ឈូក បណ្ឌិត ឲ្យមកសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកបើកសវនាការជំនុំជម្រះក្ដីនេះវិញ។
ក្រុមអង្គការសង្គមស៊ីវិល បានចេញសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃទី១៧ មីនា នេះ រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សហភាពសជីពកម្ពុជា និងសហភាពការងារកម្ពុជា។
លោក អាត់ ធន់ ជាប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ថា លោក ឈូក បណ្ឌិត ជាជនសង្ស័យតែម្នាក់គត់ក្នុងការបាញ់រះទៅលើក្រុមកម្មករ ធ្វើឲ្យកម្មការិនីបីនាក់រងរបួសធ្ងន់ ដែលមានទាំងសាក្សីច្បាស់លាស់បានឃើញ ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រីក៏ធ្លាប់បានចង្អុលបង្ហាញ តែសាលាដំបូងបានត្រឹមតែចោទប្រកាន់ពីការបង្ករបួសស្នាមដោយអចេតនា រហូតដល់លើកការចោទប្រកាន់លោក ឈូក បណ្ឌិត ទៅទៀត។
ហើយសាលាឧទ្ធរណ៍បានបញ្ជូនសំណុំរឿងនេះឲ្យសាលាដំបូងខេត្តស្វាយរៀង ជំនុំជម្រះរឿងក្ដីឡើងវិញ ដូច្នេះលោកព្រួយបារម្ភចំពោះបញ្ហានេះ។
ទាក់ទងនឹងបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានសាលាឧទ្ធរណ៍ ដើម្បីសុំធ្វើអត្ថាធិប្បាយអំពីករណីស្នើសុំនេះបាននៅឡើយទេ នៅថ្ងៃទី១៧ មីនា។
កាលពីថ្ងៃទី៤ មីនា សាលាឧទ្ធរណ៍បានប្រកាសសាលដីកាអសាធារណៈ ចោទប្រកាន់លោក ឈូក បណ្ឌិត ជាអភិបាលក្រុងបាវិត ពីបទបង្ករបួសស្នាមដោយអចេតនាតាមក្រមព្រហ្មទណ្ឌមាត្រា២៣៦ ហើយបញ្ជូនសំណុំរឿងនេះ និងជនត្រូវចោទ ឈូក បណ្ឌិត ទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីជំនុំជម្រះតាមផ្លូវច្បាប់។
ការផ្ដន្ទាទោសតាមមាត្រា២៣៦ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ គឺត្រូវមានទោសជាប់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល។
ក៏ប៉ុន្តែ នៅខណៈដែលសាលាដំបូងខេត្តស្វាយរៀង មិនទាន់មានគម្រោងបើកសវនាការជំនុំជម្រះលើសំណុំរឿងនេះ ក្រុមសហជីព និងអង្គការសិទ្ធិមនុស្សសុំឲ្យសាលាឧទ្ធរណ៍បង្វែរសំណុំរឿងនេះមកសាលាដំបូងរាជធានីភ្នំពេញ ជំនុំជម្រះវិញ ដោយហេតុថា តុលាការខេត្តស្វាយរៀង ធ្លាប់បានបង្ហាញឲ្យឃើញរួចហើយថា តុលាការនេះពុំមានឆន្ទៈកាត់ទោសបុគ្គលមានអំណាច និងមានទំនាក់ទំនងស្អិតល្មួតជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនោះទេ។
សេចក្ដីថ្លែងការណ៍រួមបានសរសេរថា សំណុំរឿងលោក ឈូក បណ្ឌិត នេះ ជារឿយៗបានរក្សាទុក ដែលជានិមិត្តរូបនៃនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជា។ ដោយឡែក តួនាទីសំខាន់ពីរយ៉ាងរបស់តុលាការ គឺទី១ គោរពនីតិរដ្ឋ រក្សានូវភាពឯករាជ្យភាពរបស់ខ្លួនពីស្ថាប័ននីតិប្រតិបត្តិ និងប្រឆាំងការជ្រៀតជ្រែកផ្នែកនយោបាយ និងអំពើពុករលួយ។ ទី២ គឺធានានូវសិទ្ធិទទួលបានយុត្តិធម៌របស់ជនរងគ្រោះ និងសងជំងឺចិត្តដល់ជនរងគ្រោះ ដោយនាំឧក្រិដ្ឋជនយកមកផ្ដន្ទាទោស និងដើម្បីការពារមិនឲ្យកើតមានឡើងនូវឧក្រិដ្ឋកម្ម។ ហើយករណីនេះ ជារឿងពិសេសមួយសម្រាប់តុលាការកម្ពុជា ក្នុងការស្ដារឡើងវិញនូវភាពជឿជាក់ខ្លះ និងបង្ហាញថា ខ្លួនជាស្ថាប័នមួយស្វែងរកយុត្តិធម៌ពិតប្រាកដជូនប្រជាពលរដ្ឋ។
បន្ថែមពីលើនេះទៀត លោក អាត់ ធន់ បានអះអាងថា ក្រុមសហជីពរបស់លោកនឹងដាក់លិខិតទៅក្រសួងយុត្តិធម៌ និងសាលាឧទ្ធរណ៍បន្ថែមទៀត ដើម្បីសុំឲ្យបង្វែរសំណុំរឿងលោក ឈូក បណ្ឌិត ឲ្យមកសាលាដំបូងរាជធានីភ្នំពេញ ជំនុំជម្រះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។