សង្គមស៊ីវិល បន្តសម្ដែងក្តីបារម្ភចំពោះសេចក្តីព្រាងច្បាប់ទាក់ទងនឹងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដែលរដ្ឋាភិបាលកំពុងតាក់តែងនាពេលបច្ចុប្បន្ន។
ការបារម្ភនេះ បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលកម្ពុជា ថ្លែងជាថ្មីថា កម្ពុជា ត្រូវតែមានច្បាប់គ្រប់គ្រងឧក្រិដ្ឋកម្មព័ត៌មានវិទ្យាត្រឹមត្រូវ ដើម្បីជួយធានាការប្រើប្រាស់អាជីវកម្មព័ត៌មានវិទ្យា ឬហៅជាភាសាអង់គ្លេសថា អ៊ីខំមើស៍ (E-commerce) ឲ្យទូលំទូលាយនៅក្នុងប្រទេសក្រីក្រមួយនេះ។
ក្នុងពេលដែលសង្គមស៊ីវិលក្នុងស្រុក កំពុងតែព្រួយបារម្ភ និងកំពុងធ្វើការតស៊ូមតិប្រឆាំងទៅនឹងសេចក្តីព្រាងច្បាប់គ្រប់គ្រងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដែលពួកគេយល់ថា នឹងរឹតត្បិតទៅលើសេរីភាពបញ្ចេញមតិនៅកម្ពុជា នោះ ស្រាប់តែក្រុមហ៊ុន ម៉ៃក្រូស៊ុស (Microsoft) របស់អាមេរិក រៀបចំសិក្ខាសាលាដើម្បីពិភាក្សាអំពីសន្តិសុខព័ត៌មានវិទ្យា ហើយដែលពេលនោះ មន្ត្រីរដ្ឋាភិបាលបញ្ជាក់ឡើងវិញថា កម្ពុជា ត្រូវតែមានច្បាប់គ្រប់គ្រងឧក្រិដ្ឋកម្មព័ត៌មានវិទ្យានេះ។
ចំពោះការលើកឡើងនេះ អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ថ្លែងនៅថ្ងៃទី១៨ តុលា ថា ការអះអាងរបស់មន្ត្រីរដ្ឋាភិបាល ដែលថា កម្ពុជា ត្រូវតែមានច្បាប់ដើម្បីគ្រប់គ្រងអាជីវកម្មព័ត៌មានវិទ្យា គឺគ្រាន់តែជាលេសមួយ ដើម្បីបង្កើតច្បាប់គ្រប់គ្រងទៅលើការប្រើប្រាស់ព័ត៌មានវិទ្យាទូទៅប៉ុណ្ណោះ។ លោក អំ សំអាត បន្តថា ក្នុងកាលៈទេសៈកម្ពុជា បច្ចុប្បន្ន កម្ពុជា មិនទាន់ចាំបាច់រហូតដល់មានច្បាប់ប្រភេទនេះនៅឡើយទេ។
យ៉ាងណាក៏ដោយ លោក អំ សំអាត ថា បើសិនជារដ្ឋាភិបាលចង់បង្កើតច្បាប់នេះមែន រដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឲ្យច្បាប់នេះក្លាយជាច្បាប់ដែលល្អ មានន័យថា រដ្ឋាភិបាលគួរអនុញ្ញាតឲ្យភាគីពាក់ព័ន្ធ ចូលរួមផ្តល់មតិយោបល់ទូលំទូលាយ ដើម្បីឲ្យមានការធានាថា ច្បាប់នេះផ្តល់ប្រយោជន៍ដល់ការគ្រប់គ្រងអាជីវកម្មព័ត៌មានវិទ្យាផង និងមិនប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិផង៖ «យើងឃើញថា ការព្រួយបារម្ភរបស់ ម៉ៃក្រូស៊ុស ជារឿងមួយ ប៉ុន្តែត្រូវគិតពីកាលៈទេសៈ និងបច្ចុប្បន្នភាពនៅស្រុកខ្មែរ ហើយនិងច្បាប់ដែលបានធ្វើសេចក្តីព្រាងហើយហ្នឹង តើវាស៊ីសង្វាក់ដែរអត់? ពីព្រោះជាធម្មតា ក្រុមហ៊ុនគេរកស៊ី គេតែងគេតែងចង់បានច្បាប់មួយសម្រាប់កិច្ចការពាររបស់គេ ប៉ុន្តែច្បាប់ហ្នឹងឲ្យវាស្របទៅតាមបទដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់ជាតិ ហើយធ្វើយ៉ាងណា កុំឲ្យមានការប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ»។
លោក អំ សំអាត កត់សម្គាល់ដែរថា ប្រសិនបើច្បាប់គ្រប់គ្រងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា មានខ្លឹមសារដូចសេចក្តីព្រាងដែលរដ្ឋាភិបាលបានចែងដូចសព្វថ្ងៃមែននោះ ច្បាប់នេះមិនគួរឲ្យកើតមានឡើយ ព្រោះថា ខ្លឹមសារដែលមានចែងក្នុងសេចក្តីព្រាងច្បាប់នេះ គឺរដ្ឋាភិបាលមានបំណងរឹតបន្តឹងទៅលើសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋតែម្តង។
យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ក្នុងសិក្ខាសាលារបស់ ម៉ៃក្រូស៊ុស ថា ឧក្រិដ្ឋកម្មព័ត៌មានវិទ្យា គឺជាបញ្ហាប្រឈមធំបំផុតសម្រាប់ផ្នែកសន្តិសុខព័ត៌មានវិទ្យាក្នុងវិស័យធនាគារនៅកម្ពុជា ហើយថា កម្ពុជា ត្រូវមានច្បាប់ត្រឹមត្រូវ សមស្រប និងមានសុខដុមនីយកម្មជាមួយប្រទេសក្នុងតំបន់ ជាពិសេសក្នុងពេលមានសមាហរណកម្មអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខ។
ទាក់ទងនឹងសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មព័ត៌មានវិទ្យានេះ កាលពីថ្ងៃទី១០ តុលា ប្រតិភូសង្គមស៊ីវិលអន្តរជាតិ ដែលរួមមានតំណាងបណ្ដាញប្រជាធិបតេយ្យអាស៊ី អង្គការស៊ីវីឃឹស (CIVICUS) អង្គការវេទិកាប្រចាំអាស៊ី និងអង្គការអន្តរជាតិមួយចំនួនផ្សេងទៀត កត់សម្គាល់ថា ច្បាប់ដែលរដ្ឋាភិបាលកម្ពុជា អះអាងថា បង្កើតឡើងក្នុងបំណងរារាំងពលរដ្ឋមិនឲ្យផ្សព្វផ្សាយព័ត៌មានមិនពិតនោះ ក៏នឹងធ្វើឲ្យពលរដ្ឋត្រូវផ្ដន្ទាទោសផងដែរ ព្រោះថា មាត្រា២៨ នៃសេចក្តីព្រាងច្បាប់នេះចែងផាកពិន័យ និងផ្ដន្ទាទោសឲ្យពលរដ្ឋជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ប្រសិនបើពួកគេធ្វើឲ្យអាក់ខានដល់អធិបតេយ្យភាព និងបូរណភាពជាតិ។ លើសពីនេះ ពួកគេថា ច្បាប់នេះ ក៏អាចត្រូវបានរដ្ឋាភិបាលប្រើប្រាស់ចាប់ពលរដ្ឋដាក់គុក នៅពេលការបញ្ចេញមតិរបស់ពលរដ្ឋលើបណ្ដាញព័ត៌មានសង្គមមានលក្ខណៈរិះគន់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។