អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ លើកឡើងពីការទទួលបានយុត្តិធម៌នៅតែរួមតូច និងមិនទាន់ផ្តល់ឲ្យប្រជាពលរដ្ឋក្រីក្រកម្ពុជា បានពេញលេញនៅឡើយ។ ទន្ទឹមគ្នានេះ សង្គមស៊ីវិលជាតិ និងអន្តរជាតិ ចង់ឃើញរដ្ឋាភិបាលពង្រឹងយុត្តិធម៌ក្នុងប្រទេសកម្ពុជា ព្រមទាំងធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ ដើម្បីស្ដារឡើងវិញនូវជំនឿទុកចិត្តពីសាធារណជន។
អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ អះអាងថា កង្វះយុត្តិធម៌នាំឲ្យដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នឹងមិនអាចរីកចម្រើនបានឡើយ។ ការលើកឡើងរបស់អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិនៅពេលនេះ ធ្វើឡើងនៅក្នុងទិវាយុត្តិធម៌អន្តរជាតិ ដែលរៀបចំឡើងនៅថ្ងៃទី១៥ ខែកក្កដា។ ទិវានេះ ក្នុងបំណងលើកកម្ពស់យុត្តិធម៌ប្រកបដោយសមភាព ឯករាជភាព និងតម្លាភាពក្នុងប្រទេសកម្ពុជា។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ចាត់ទុកប្រព័ន្ធយុត្តិធម៌ គឺមានសារសំខាន់ណាស់សម្រាប់ការរស់នៅរបស់មនុស្ស។ ប៉ុន្តែបច្ចុប្បន្ន កម្ពុជា មិនទាន់មានយុត្តិធម៌ល្អប្រសើរនៅឡើយ ជាក់ស្តែងដូចជាការរំលោភបំពានដីធ្លីជាដើម។ ជាងនេះទៀត ជនល្មើសដែលមានអំណាចមួយចំនួន នៅតែរួចខ្លួនចេញពីសំណាញ់ច្បាប់ ឯអ្នកក្រីក្របែរជាមិនទទួលបានយុត្តិធម៌ទៅវិញ។
លោកបន្តថា បញ្ហាប្រឈមទាំងនេះកំពុងតែជំរុញឲ្យប្រព័ន្ធតុលាការកម្ពុជា មានការស៊ីសំណូក និងអំពើពុករលួយកាន់តែច្រើនទាំងផ្នែកហិរញ្ញវត្ថុ ទាំងផ្នែកនយោបាយ ដែលមិនអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា ទទួលបានសិទ្ធិស្មើគ្នា៖ « អ្នកដែល បញ្ចេញមតិ ឬតវ៉ា រឿងដីធ្លីបរិស្ថាន ធនធានធម្មជាតិ គាត់ជារឿយៗ ត្រូវបាន គេចោទ ឬច ាប់ ដាក់ពន្ធនាគារ ឬពេលខ្លះ ដល់បាត់បង ់ ជីវិត ក៏មាន។ ចំណែកឯអ្នកប្រព្រឹត្តិមួយចំនួន បែរជារួចទោស ហើយបើ ជាប់ទោស ក្នុងកម្រិតស្រាល នេះហើយ វា មិនបាន ផ្តល់យុត្តិធម៌ ពិតប្រាកដ នោះឡើយ »។
ទន្ទឹមគ្នានេះដែរ ប្រធានអង្គការគោលដៅយុត្តិធម៌ លោក Rodolphe Prom មានប្រសាសន៍ថា ទិវាយុត្តិធម៌អន្តរជាតិ សបញ្ជាក់ឲ្យឃើញថា តុលាការនៅក្នុងប្រទេសកម្ពុជា ត្រូវតែដើរតួនាទីយ៉ាងសំខាន់ ដើម្បីធានាឲ្យបាននូវនីតិរដ្ឋ ការទទួលបាននូវយុត្តិធម៌សម្រាប់មនុស្សគ្រប់ៗគ្នា។ ប្រធានអង្គការគោលដៅយុត្តិធម៌ រូបនេះ ជំរុញឲ្យរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ ដើម្បីធានាឲ្យបាននូវឯករាជភាព ត្រូវមើលច្បាប់ប្រព័ន្ធយុត្តិធម៌ឡើងវិញ និងធ្វើពិសោធកម្មឲ្យច្បាស់លាស់ ដើម្បីស្ដារឡើងវិញនូវជំនឿទុកចិត្តពីសាធារណជន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ដើម្បីសុំការឆ្លើយតបជុំវិញការលើកឡើងរបស់អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលស្នើឲ្យរដ្ឋាភិបាលពង្រឹងយុត្តិធម៌ក្នុងប្រទេសកម្ពុជា បាននៅឡើយនៅថ្ងៃទី១៥ ខែកក្កដា។
ទិវាយុត្តិធម៌អន្តរជាតិ ដែលរៀបចំឡើងនៅថ្ងៃទី១៥ ខែកក្កដា អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ក៏បានដាក់អនុសាសន៍ជូនរដ្ឋាភិបាលកម្ពុជា ត្រូវតែប្ដេជ្ញាធានាការពារការបែងចែកអំណាចនៅក្នុងប្រទេសកម្ពុជា គោរពឯករាជភាពរបស់ប្រព័ន្ធតុលាការ និងគណៈមេធាវី លុបបំបាត់អំពើពុករលួយក្នុងប្រព័ន្ធតុលាការកម្ពុជា ដើម្បីផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋកម្ពុជា ពិតប្រាកដ។
ជាងនេះ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិមួយចំនួន ក៏សម្ដែងការសោកស្ដាយ និងថ្កោលទោសដល់ការបាញ់សម្លាប់បណ្ឌិត កែម ឡី ព្រមទាំងស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យលើអំពើឃាតកម្ម ដើម្បីផ្តល់ភាពយុត្តិធម៌ជូនរូបលោកផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។