នៅខាងក្រៅបរិវេណជុំវិញអាគារតុលាការកងកម្លាំងអាជ្ញាធរចម្រុះនៅតែបន្តដាក់ពង្រាយបិទច្រកផ្លូវជាច្រើន ដែលអាចចេញចូលទៅកាន់តុលាការ។
អ្នកមានជម្លោះដីធ្លីបឹងកក់ បុរីកីឡា និងព្រះសង្ឃ រួមទាំងសមាជិកសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់លោក វន់ ពៅ សរុបប្រមាណ ១០០នាក់ បានប្រមូលផ្តុំគ្នានៅច្រកធំពីរ ក្បែរផ្លូវចូលតុលាការ។ ក្រុមសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រុមគ្រួសារលោក វន់ ពៅ បានស្រែកទាមទារឲ្យតុលាការដោះលែងលោក វន់ ពៅ នៅក្បែរស្តុបអាងទឹក។ រីឯមួយក្រុមទៀត ដែលមានព្រះសង្ឃចូលរួមផងនោះ តវ៉ានៅក្បែរវត្តព្រះពុទ្ធមានបុណ្យ និងបានដង្ហែក្បួន ធម្មយាត្រាតាមផ្លូវមួយចំនួន ទាមទារឲ្យតុលាការលើកលែងការចោទប្រកាន់មនុស្សទាំង ២៣នាក់ និងដោះលែងមនុស្ស ២១នាក់ចេញពីពន្ធនាគារ។
ក្បួនធម្មយាត្រារបស់ព្រះសង្ឃ និងអ្នកមានជម្លោះដីធ្លី ប្រមាណ ១០០នាក់ បានហែតាមផ្លូវសំខាន់មួយចំនួន នៅក្បែរតុលាការរាជធានីភ្នំពេញ និងកាត់ទីប្រជុំជនមួយចំនួន ដើម្បីទាមទារឲ្យតុលាការលើកលែងការចោទប្រកាន់ទាំងមនុស្ស ២៣នាក់ និងដោះលែងពួកគេឲ្យមានសេរីភាព។
អ្នកហែក្បួនធម្មយាត្រាទាំងនោះ មានកាន់ទង់សាសនា ទង់ជាតិ និងមានកាន់ជញ្ជីងយុត្តិធម៌ កាន់ផ្ទាំងរូបភាពឋាននរក ហើយអ្នកខ្លះកាន់ផ្កាឈូក ដើម្បីសុំសន្តិភាព។ ពួកគេបានធ្វើដំណើរក្រោមកម្ដៅថ្ងៃក្ដៅ គឺចាប់ពីរនាំងដែកនៅក្បែរវត្តព្រះពុទ្ធមានបុណ្យមួយជុំតុលាការ រួចដើរកាត់តាមផ្លូវព្រះសីហនុ និងបត់ត្រង់ស្តុបវត្តមហាមន្ត្រី ឆ្ពោះទៅផ្សារអូរឫស្សី រួចឡើងទៅកាន់វិថីហ្សាលឌឺហ្គោល មុននឹងត្រឡប់មកតវ៉ានៅមុខវត្តព្រះពុទ្ធវិញ។
ព្រះសង្ឃដែលបាននិមន្តក្នុងក្បួនធម្មយាត្រាមានសង្ឃដីកាថា សកម្មជនសិទ្ធិមនុស្ស និងកម្មករដែលអាជ្ញាធរចាប់ខ្លួនកំពុងតែក្លាយជាចំណាប់ខ្មាំងក្នុងការដោះស្រាយវិវាទនយោបាយ ហើយតុលាការដែលស្ថិតក្រោមការគ្រប់គ្រងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំបានផ្តល់យុត្តិធម៌ដល់ពួកគេ៖ «សកម្មជនសិទ្ធិមនុស្ស រួមនឹងកម្មកររោងចក្រ ត្រូវបានតុលាការមិនឯករាជ្យដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលោភសិទ្ធិមនុស្ស ចាប់សកម្មជនសិទ្ធិមនុស្សទាំងអស់ធ្វើជាចំណាប់ខ្មាំងក្នុងការដោះស្រាយវិវាទនយោបាយនៅកម្ពុជា ដូច្នេះអ្នក ២៣រូបនោះមិនមានទោសកំហុសទេ»។
ចំពោះស្ថានភាពទូទៅខាងក្រៅតុលាការវិញ ចរាចរណ៍នៅផ្លូវខាងមុខតុលាការនៅតែបន្តបិទទាំងស្រុង រនាំងដែកជាច្រើនជាន់ត្រូវគេដាក់បណ្ដាក់គ្នា ឡានទឹក ៦គ្រឿង ត្រូវបញ្ឈរចាំនៅចំពោះមុខអ្នកតវ៉ា។
កម្លាំងកងរាជអាវុធហត្ថ សមត្ថកិច្ចប្រដាប់ដោយដំបងឆក់និងខែល ប្រមាណជិត ៣០០នាក់ ត្រូវដាក់ពង្រាយតាមដងផ្លូវ និងឈរជើងក្នុងពហុកីឡាដ្ឋានអូឡាំពិក។ យ៉ាងណានៅថ្ងៃទី២១ ឧសភា គឺមិនឃើញកម្លាំងសន្តិសុខ ដែលគេចំណាំថា ជាក្រុមវាយឥតរើសមុខនោះ មកឈរត្រៀមត្រាឆ្វៀលឆ្វាត់នៅក្បែរអ្នកតវ៉ា។
ប៉ុន្តែក្រុមសន្តិសុខទាំងនោះ បែរជាធ្វើសកម្មភាពចាំឆ្មក់នៅស្ថានីយសាំងមួយ នៅក្បែរស្ថានីយរថភ្លើង ចាំស្ទាក់ចាប់យកមេក្រូ ៤គ្រឿង អាគុយមួយគ្រឿង និងផ្កាឈូកស ៤០០ទង ពីសហគមន៍បឹងកក់ អស់គ្មានសល់ នៅពេលដែលពួកគេធ្វើដំណើរដោយម៉ូតូកង់បីសំដៅមកកន្លែងតវ៉ាកាលពីម៉ោង ៨ព្រឹក។ យ៉ាងណាមិនមានអំពើហិង្សាណាមួយ បង្កឲ្យមនុស្សរបួសក្នុងការប្រទាញប្រទង់ដណ្ដើមយកមេក្រូ និងអាគុយនោះទេ។
តំណាងអ្នកបឹងកក់ កញ្ញា សុង ស្រីលាភ ឲ្យដឹងថា សម្ភារៈសម្រាប់តវ៉ាទាមទារឲ្យដោះលែងអ្នកទាំង ២៣នាក់ត្រូវបានអាជ្ញាធរដណ្ដើមយក។ ប៉ុន្តែមិនមែនមានន័យថា ពួកគាត់មិនអាចស្រែកតវ៉ាបាននៅមុខតុលាការទេ។ ពួកគាត់មានគម្រោងទៅអាជ្ញាធរខណ្ឌដើម្បីយកសម្ភារៈនេះមកវិញ នៅក្រោយសវនាការករណីមនុស្ស ២៣នាក់ត្រូវបញ្ចប់៖ «ទីបំផុតគាត់ឈ្នះដោយបានជេរស្ត្រីតំបន់បឹងកក់ ដោយសារតែគាត់ខ្លាចមេក្រូស្ត្រីបឹងកក់ គាត់ខ្លាចរូបទីងមោងពីម្សិលមិញ បានថ្ងៃនេះគាត់ឲ្យគេចាប់មេក្រី ផ្កាឈូកអ្នកបឹងកក់»។
ក្រៅពីដង្ហែក្បួនធម្មយាត្រា ក្រុមអ្នកតវ៉ា មិនមានកម្មវិធីអ្វីប្លែកគួរឲ្យចាំអារម្មណ៍ទេ ក្រៅតែពីស្រែកច្រៀងនិងរាំលេងកម្សាន្តខ្លះ នៅមុខរនាំងដែកនៅពេលរសៀល ដើម្បីរង់ចាំលទ្ធផលនៃសវនាការ ហើយសមត្ថកិច្ចដែលទំនងជាអស់កម្លាំងដែរនោះ ក៏បានដកឃ្លាទៅជ្រកម្លប់ខ្លះ នៅពេលដែលស្ថានភាពតវ៉ាមិនពុះកញ្ជ្រោល។
យ៉ាងណាក្រុមអ្នកតវ៉ាហាក់អស់សង្ឃឹមនិងខកចិត្ត នៅពេលដែលទទួលដំណឹងថា ករណីលោក វន់ ពៅ ត្រូវបានតុលាការពន្យារពេលសវនាការ ទៅថ្ងៃទី២២ ឧសភា ដោយបញ្ហាសុខភាពរបស់គាត់។ អ្នកតវ៉ាខ្លះនិយាយថា ទាំងអ្នកតវ៉ាក៏ហត់ ទាំងសមត្ថកិច្ចក៏អស់កម្លាំង ដោយសារតែពួកគាត់ត្រូវឈរពេញមួយថ្ងៃនៅក្រោមកម្ដៅថ្ងៃ។ យ៉ាងណាពួកគេណាត់គ្នា ថានឹងមកជួបជុំជាថ្មីទៀត នៅព្រឹកថ្ងៃទី២២ ឧសភា បន្តទៀត ដើម្បីទាមទាររកសេរីភាពដល់ជនជាប់ចោទទាំង ២៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។