មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ និយាយថា ក្រសួងយុត្តិធម៌ ចង់ឱ្យរដ្ឋាភិបាលដំឡើងប្រាក់ខែឱ្យចៅក្រម ក្រឡាបញ្ជី និងព្រះរាជអាជ្ញា និងមន្ត្រីបម្រើការងារផ្នែកយុត្តិធម៌ដទៃផ្សេងទៀត ដើម្បីអាចកាត់បន្ថយការប្រព្រឹត្តអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការ។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការប្រព្រឹត្តអំពើពុករលួយក្នុងប្រព័ន្ធតុលាការ មិនមែនមកពីប្រាក់ខែតិចតែម្យ៉ាងនោះទេ ប៉ុន្តែមកពីភាពលោភលន់របស់មន្ត្រីមួយចំនួន និងស្ថាប័នតុលាការស្ថិតនៅក្រោមសម្ពាធរបស់គណបក្សកាន់អំណាច។
ប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ លើកឡើងថា ការដំឡើងប្រាក់ខែឱ្យចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីជាដើម មិនមែនជាយន្តការត្រឹមត្រូវដែលអាចលុបបំបាត់ការប្រព្រឹត្តអំពើពុលរលួយក្នុងប្រព័ន្ធតុលាការនៅកម្ពុជា នោះឡើយ ប៉ុន្តែអាចជាការលើកទឹកចិត្តសម្រាប់យុវជនជំនាន់ក្រោយដែលចង់ក្លាយជាចៅក្រម មេធាវី ក្រឡាបញ្ជី និងព្រះរាជអាជ្ញា ជាដើម។
ការទទួលស្គាល់របស់ក្រសួងយុត្តិធម៌ ថាមានការប្រព្រឹត្តអំពើពុករលួយក្នុងប្រព័ន្ធតុលាការ គឺរឿងជាល្អ និងអាចឈានទៅរកកំណែទម្រង់ត្រឹមត្រូវមួយនៅពេលអនាគត៖ «ប៉ុន្តែមិនមែនយកតែកត្តាប្រាក់ហ្នឹងតែមួយមុខទេ គឺមានកត្តារួមផ្សំដទៃផ្សេងទៀត។ ការអនុវត្តច្បាប់ម៉ឺងម៉ាត់ ការពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងការទទួលខុសត្រូវរបស់មន្ត្រីផ្នែកយុត្តិធម៌យើង គឺត្រូវមានការរួមផ្សំ»។
លោក អ៊ូ វីរៈ បន្ថែមថា ការប្រព្រឹត្តអំពើពុករលួយក្នុងប្រព័ន្ធតុលាការកម្ពុជា បច្ចុប្បន្ន គឺកើតចេញពីភាពលោភលន់របស់មន្ត្រីក្នុងតុលាការ។ ទន្ទឹមនឹងនេះដែរ នៅពេលមានការប្ដឹងផ្ដល់ផ្សេងៗ មិនថាដើមចោទ ឬចុងចោទនោះទេ គឺសុទ្ធតែត្រូវឱ្យលុយទៅឱ្យមេធាវី ចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីជាដើម ដើម្បីអាចគេចផុតពីការទទួលខុសត្រូវចំពោះច្បាប់។
នៅកម្ពុជា ការប្រព្រឹត្តអំពើពុករលួយមានច្រើនរូបភាព ដូចជា ការស៊ីសំណូកសូកប៉ាន់ ការកេងប្រវ័ញ្ច ការលួចបន្លំ ការសម្លុតគំរាម បញ្ហាបក្សពួក ឬគ្រួសារនិយម និងអំពើពុករលួយផ្នែកនយោបាយជាដើម។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា គណៈកម្មការកែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ នៅក្រសួងយុត្តិធម៌ ចង់ឱ្យរដ្ឋាភិបាលដំឡើងប្រាក់ខែឱ្យមន្ត្រីដែលធ្វើការលើប្រព័ន្ធយុត្តិធម៌គ្រប់រូប ពិសេសចៅក្រម ក្រឡាបញ្ជី និងព្រះរាជអាជ្ញា។ ការដំឡើងប្រាក់ខែដល់មន្ត្រីបម្រើការងារផ្នែកយុត្តិធម៌ គឺដើម្បីលើកទឹកចិត្តឱ្យមន្ត្រីទាំងនោះមានឆន្ទៈក្នុងការងារ និងធ្វើឱ្យការងារមានប្រសិទ្ធភាពខ្ពស់ប្រកបដោយការទទួលខុសត្រូវ និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យមានភាពសមរម្យ។ ប៉ុន្តែលោកថា រហូតមកទល់នឹងនេះ ពុំមានភាពច្បាស់លាស់នៅឡើយទេ ជុំវិញការដំឡើងប្រាក់ខែឱ្យមន្ត្រីផ្នែកយុត្តិធម៌នេះ៖ «ប្រព័ន្ធតុលាការយើងបច្ចុប្បន្នដូចពាក្យខ្មែរថា ចុះទឹកក្រពើ ឡើងលើខ្លាអ៊ីចឹង។ បើមិនស៊ើបអង្កេត ពុករលួយកាន់តែកើន ហើយបើស៊ើបអង្កេត ការកាន់កាប់ប្រព័ន្ធតុលាការដោយបក្សកាន់អំណាច កាន់តែខ្លាំង។ យល់ល្អត្រូវប្ដូរច្បាប់ហ្នឹងចេញ ហើយបង្កើតច្បាប់មួយឱ្យស្ថិតនៅក្រោមឧត្ដមក្រុមប្រឹក្សាមួយដែល ឯករាជ្យពិតប្រាកដ នោះទើបមានប្រសិទ្ធភាព»។
របាយការណ៍សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៥ របស់អង្គការតម្លាភាពអន្តរជាតិ បង្ហាញថា កម្ពុជា ទទួលបានពិន្ទុ ២១ ស្ថិតនៅលេខរៀងទី១៥០ ក្នុងចំណោមប្រទេស ១៦៨។ ចំណាត់ថ្នាក់នេះបង្ហាញថា កម្ពុជា មានស្ថានភាពអំពើពុករលួយខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍ គឺស្ថិតនៅក្រោមមីយ៉ាន់ម៉ា និងឡាវ ទៅទៀត។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល លើកឡើងថា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមេធាវីដែលធ្វើកិច្ចការងារក្នុងប្រព័ន្ធយុត្តិធម៌ ត្រូវតែជាបុគ្គលឯករាជ្យ មានសិទ្ធិសេរីភាពពេញលេញក្នុងការបំពេញមុខងារជាមន្ត្រីយុត្តិធម៌ មិនពាក់នឹងស្ថាប័ននយោបាយសាធារណៈ ហើយមិនត្រូវស្ថិតនៅក្រោមសម្ពាធរបស់អ្នកនយោបាយ ឬបក្សកាន់អំណាច៖ «ត្រូវមានការចូលរួមពីមហាជន ត្រូវបើកសវនាការជាចំហ ហើយពេលសម្រេចចេញជាសាលក្រមហ្នឹងត្រូវផ្សព្វផ្សាយ និងត្រូវមានតម្លាភាព និងការអប់រំផ្សព្វផ្សាយផ្សេងទៀតពីនីតិវិធីដល់មន្ត្រីសាធារណៈ ពិសេសមន្ត្រីជាន់ក្រោម។ កុំឱ្យនៅពេលពលរដ្ឋទៅដាក់ពាក្យប្ដឹងហ្នឹង ពាក់ព័ន្ធនឹងការបង់លុយ បង់តាមការប្រកាសរបស់រដ្ឋមិនអីទេ កុំឱ្យតែបង់លុយខុសច្បាប់ ហើយកៀបស៊ីទៀត។ អ្នកដាក់ពាក្យប្ដឹង និងអ្នករងគ្រោះហ្នឹង កន្លងមកធ្លាប់រងគ្រោះដោយអ្នកច្បាប់កៀបស៊ីលុយតែម្ដង»។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា តុលាការត្រូវតែជាស្ថាប័នមួយដែលមានអភ័យឯកសិទ្ធិពេញលេញ មានឯករាជភាព និងមិនត្រូវមានការរំលោភបំពានពីស្ថាប័នផ្សេង និងអ្នកនយោបាយជាដាច់ខាត ក្នុងការស្វែងរកយុត្តិធម៌សម្រាប់ពលរដ្ឋក្នុងសង្គមកម្ពុជា។ បន្ថែមពីលើនេះ មន្ត្រីផ្នែកយុត្តិធម៌ ត្រូវតែមានសិទ្ធិសេរីភាព មានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ត្រូវតែមានបុព្វសិទ្ធិ និងមានភាពឯករាជ្យក្នុងនាមជាអ្នកស្វែងរកសុចរិតភាព និងមិនគួរឱ្យលុយទិញយុត្តិធម៌ក្នុងសង្គមបាននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។