តុលាការសាលាឧទ្ធរណ៍បានសម្រេចឃុំខ្លួន លោក វន់ ពៅ អតីតប្រធានសមាគមប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នក ២០នាក់ទៀត តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដដែល។ លោកចៅក្រមសាលាឧទ្ធរណ៍បានលើកហេតុផលថា ការដោះលែងមិនអាចធ្វើទៅបានទេ ព្រោះប៉ះពាល់ដល់នីតិវិធីច្បាប់។
បន្ទាប់ពីបើកសវនាការមិនឲ្យសាធារណជនចូលស្ដាប់អស់រយៈពេលប្រហែលពីរម៉ោងរួចមក ប្រធានក្រុមជំនុំជម្រះសាលាឧទ្ធរណ៍ គឺលោកចៅក្រម សេង ស៊ីវត្ថា បានសម្រេចប្រកាសឃុំខ្លួន លោក វន់ ពៅ និងអ្នក ២០នាក់បន្តទៅទៀត។
មេធាវីនៃសហភាពការងារកម្ពុជា លោក គីម សុជាតិ ដែលការពារក្ដី លោក វន់ ពៅ បានប្រាប់អ្នកកាសែតក្រោយសវនាការនោះថា លោកបានលើកហេតុផលជាច្រើន ដើម្បីសុំឲ្យ លោក វន់ ពៅ បាននៅក្រៅឃុំ។ ក៏ប៉ុន្តែ ចៅក្រមនៅតែសំអាងហេតុផលនីតិច្បាប់ដដែល៖ «យើងមេធាហ្នឹងបានលើកឡើង ៥ (ទៅ) ៦ចំណុច ពាក់ព័ន្ធមូលហេតុដែលយើងឲ្យគាត់នៅក្រៅឃុំ។ ទី១ ប៉ះពាល់ដល់សិទ្ធិសេរីភាព។ ទី២ ប៉ះពាល់ដល់សុខភាពរបស់គាត់។ ទី៣ ប៉ះពាល់ដល់កូនរបស់គាត់ជាអនីតិជន ដែលគាត់ចាំបាច់គាត់ថែរក្សា។ ទី៤ ក្នុងនាមយើងសហភាពការងារកម្ពុជា ស៊ី.អិល.ស៊ី នឹងដាក់ប្រាក់តម្កល់ ៥លាន ដើម្បីធានាខ្លួន។ អាហ្នឹង! ជាចំណុចសំខាន់ៗដែលយើងបានលើក។ ប៉ុន្តែ តុលាការគាត់យកទៅពិចារណាដែរ ប៉ុន្តែគាត់សំអាងហេតុរបស់គាត់ចៅក្រមយល់ថា ការអនុញ្ញាតនៅក្រៅឃុំ វាអាចប៉ះពាល់នីតិវិធីតុលាការ។ អ៊ីចឹង បានគាត់រក្សាទុកជនជាប់ចោទហ្នឹង»។
សវនាការជំនុំជម្រះនេះមិនមានវត្តមានជនជាប់ចោទទេ។ ចំណែកក្រុមគ្រួសារជនជាប់ចោទ ក៏មិនឃើញដែរ។
នៅក្នុងសវនាការថ្ងៃទី២៤ មីនា នេះដែរ សាលាឧទ្ធរណ៍ក៏បានសម្រេចរក្សាទុកវត្ថុតាងមួយចំនួន ដែលរឹបអូសបានពេលចាប់ខ្លួន លោក វន់ ពៅ ដូចជា រ៉ឺម៉កម៉ូតូកង់បី ២គ្រឿង មេក្រូ អាំភ្លី ធុងបាស ដែលប្រើជាឧបករណ៍ឃោសនាពេល លោក វន់ ពៅ ធ្វើបាតុកម្ម។
នេះជាលើកទីពីរហើយដែលសាលាឧទ្ធរណ៍សម្រេចបន្តឃុំខ្លួន លោក វន់ ពៅ។ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ សាលាឧទ្ធរណ៍បានសម្រេចឃុំ លោក វន់ ពៅ មិនឲ្យនៅក្រៅឃុំម្ដងរួចមកហើយ។
ស្របពេលដែលសាលាឧទ្ធរណ៍កំពុងជំនុំជម្រះក្ដី លោក វន់ ពៅ អ្នកតវ៉ាជិត ១០០នាក់ បានស្រែកនៅខាងក្រៅសាលាឧទ្ធរណ៍ទាមទារឲ្យដោះលែង លោក វន់ ពៅ ដែលសម្រែកទាមទារទាំងនោះឮដល់ក្នុងបរិវេណសាលាឧទ្ធរណ៍។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ ដែលចូលរួមតវ៉ានោះដែរបានប្រកាសថា កម្មករនឹងបន្តធ្វើមហាបាតុកម្មបន្តទៅទៀត ដើម្បីទាមទារយុត្តិធម៌ បើតុលាការនៅតែមិនដោះលែង លោក វន់ ពៅ និងអ្នក ២០នាក់ទៀតនោះទេ។
ចំណែកមេធាវី លោក វន់ ពៅ គឺលោក គីម សុជាតិ បានអះអាងថា លោកនឹងបន្តប្ដឹងទៅតុលាការកំពូលទៀតនៅដើមខែក្រោយនេះ។
គិតមកដល់ពេលនេះ លោក វន់ ពៅ និងកម្មករ រួមទាំងសកម្មជនដីធ្លី ២០នាក់ទៀតនោះ បានជាប់ឃុំជាង ២ខែហើយ។ អ្នកទាំង ២១នាក់នោះ ជាប់ចោទពីបទពាក់ព័ន្ធអំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិនៅពេលពួកគេធ្វើបាតុកម្មជាមួយកម្មករ នៅថ្ងៃទី២ មករា ឆ្នាំ២០១៤ នៅជាយរាជធានីភ្នំពេញ ទាមទារប្រាក់ខែគោល ១៦០ដុល្លារ មិនបានសម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។