ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាអតីតមេទ័ពកំពូលរបស់គណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ ដើម្បីចៅក្រមបន្តនីតិវិធីបន្ថែមទៀតពាក់ព័ន្ធនឹងរឿងគ្រឿងញៀនកាលពី ១០ឆ្នាំមុន។ ការឃុំខ្លួននេះ ក្រោយពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក ញឹក ប៊ុនឆៃ ពីបទសមគំនិតផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាមសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៦ សីហា ថា ការសម្រេចចោទប្រកាន់លោក ញឹក ប៊ុនឆៃ នេះ ដោយសារមានលិខិតចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ របស់ទណ្ឌិតជាជនជាតិចិន និងធ្លាប់ជាទីប្រឹក្សារបស់លោក ញឹក ប៊ុនឆៃ ឈ្មោះ ជា ជុង បានបរិហាររៀបរាប់ពីមេខ្លោងផលិតគ្រឿងញៀនជាជនជាតិចិន មួយចំនួនទៀត និងមានចំណុចដែលពាក់ព័ន្ធដល់លោក ញឹក ប៊ុនឆៃ ក្នុងសំណុំរឿងគ្រឿងញៀនកាលពីឆ្នាំ២០០៧ កន្លងទៅ។
កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ សមត្ថកិច្ចបានឆែកឆេរទីតាំងកសិដ្ឋានចិញ្ចឹមគោមួយកន្លែងស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គឺបានរកឃើញឧបករណ៍ផលិតគ្រឿងញៀន និងសារធាតុផលិតគ្រឿងញៀន ព្រមទាំងបានឃាត់ខ្លួនជនល្មើសជនជាតិខ្មែរ ចិន និងថៃ ចំនួន ៧នាក់។ ក្រោយពីមានការស៊ើបអង្កេត តុលាការសម្រេចផ្ដន្ទាទោសឈ្មោះ ជា ជុង និងមនុស្ស ៦នាក់ផ្សេងទៀតដាក់ពន្ធនាគារចាប់ពី ២៥ឆ្នាំ និងដល់មួយជីវិតក្នុងសំណុំរឿងគ្រឿងញៀននេះ តាមមាត្រា៣២.២ថ្មី និងមាត្រា៣៨.១ថ្មី នៃច្បាប់វិសោធនកម្មច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
រហូតមកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ថ្មីៗនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញតាមរយៈអគ្គនាយកដ្ឋានពន្ធនាគារ បានទទួលលិខិតរបស់ទណ្ឌិតឈ្មោះ ជា ជុង ដែលបានសុំស្វែងរកយុត្តិធម៌ និងបរិហារឡើងវិញអំពីសំណុំរឿងគ្រឿងញៀននេះ និងបានទាំងបង្ហាញអំពីជនជាប់ពាក់ព័ន្ធផ្សេងទៀត ដោយក្នុងនោះមានទាំងលោក ញឹក ប៊ុនឆៃ ផង។
ការចុះឆែកឆេរកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ ទៅលើទីតាំងកសិដ្ឋានចិញ្ចឹមគោ ដែលអាជ្ញាធររកឃើញមានការជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន គឺគ្រប់គ្រងផ្ទាល់ដោយទណ្ឌិតឈ្មោះ ជា ជុង។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធររកឃើញរថយន្តម៉ាកកាម៉េរីស៊េរីឆ្នាំ២០០៣ (Camry)មួយគ្រឿង ដែលជារថយន្តសម្រាប់បើកនាំផ្លូវរបស់អតីតឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ។
ផ្អែកលើភស្តុតាងទាំងនេះ និងការស្រាវជ្រាវបន្ថែមទៀត អយ្យការសម្រេចចោទប្រកាន់លោក ញឹក ប៊ុនឆៃ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀនតាមបញ្ញត្តិមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨.១ថ្មីចំណុចទី៤ និងមាត្រា៣២.១ថ្មីចំណុចទី៤-ង នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០០៥ និងបានបញ្ជូនសំណុំរឿងនេះឲ្យទៅចៅក្រម ដើម្បីបន្តនីតិវិធីស៊ើបសួរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។