លោក វន់ ពៅ ដួលសន្លប់ក្នុងសវនាការប្រហែលម៉ោង ១០ កន្លះព្រឹក ថ្ងៃទី ២២ ខែ ឧសភានេះ។ មេធាវីរបស់លោកបានសុំឲ្យចៅក្រមពន្យារពេលសវនាការនេះ ទៅថ្ងៃក្រោយ។ ប៉ុន្តែលោកចៅក្រមមិនព្រម រួចបានឲ្យគ្រូពេទ្យប្រចាំពន្ធនាគារព្រៃស ពិនិត្យសុខភាពលោក វន់ ពៅ ហើយជាលទ្ធផលឃើញថា សុខភាពលោក វន់ ពៅ មិនមានបញ្ហាអ្វីទេ មានសម្ពាធឈាមធ្មតា តែលោក វន់ ពៅ អាចមានបញ្ហាផ្លូវអារម្មណ៍។
ក្នុងសវនាការ កាលពីរសៀលម្សិលមិញគឺថ្ងៃទី២១ ឧសភា លោក វន់ ពៅ មានអាការៈឈឺក្បាលខ្លាំង មិនអាចឆ្លើយតបសំណួរលោកចៅក្រម និង មេធាវីម្ដងរួចមកហើយ ហើយបានសុំចៅក្រម លើកពេលសវនាការមកថ្ងៃនេះវិញ ដែលជាថ្ងៃលោកត្រូវដួលសន្លប់តែម្ដង។
ស្របពេលនេះដែរ សវនាការសាកសួរជនជាប់ចោទ ដែលរដ្ឋាភិបាលបានចាប់ខ្លួននៅផ្លូវវ៉េងស្រេងចំនួន ១៣ នាក់ ត្រូវបានបញ្ចប់នៅថ្ងៃទី២២ ឧសភា នេះ ហើយ តុលាការគ្រោងប្រកាសសាលក្រមនេះ នៅថ្ងៃទី៣០ ឧសភា។
ចំណែកសវនាការក្រុមជនជាប់ចោទលោក វន់ ពៅ ក៏ត្រូវគេរំពឹងថា នឹងត្រូវបានបញ្ចប់ដំណាលគ្នាដែរ បើសិនជាលោក វន់ ពៅ មិនមានបញ្ហាសុខភាព។
ទោះយ៉ាងណា សវនាការលោក វន់ ពៅ នឹងត្រូវបន្តនៅរសៀលថ្ងៃនេះទៀត។
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី ទេព សុរ៉ាវី ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។