គណបក្សប្រឆាំង និងអ្នកច្បាប់ថា ពាក្យស្លោក "ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ" មិនមានចរិតញុះញង់ បង្កហេតុ និងប្រមាថនោះទេ។ ការលើកឡើងនេះ បន្ទាប់ពីគណបក្សកាន់អំណាចព្រមានប្ដឹងគណបក្សប្រឆាំង បើមិនព្រមកែតម្រូវខ្លឹមសារថា "ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ" ទេនោះ។
ពាក្យស្លោក "ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ" ដែលបានរំលេចនៅខាងលើគោលនយោបាយអាទិភាព ៥ចំណុច របស់គណបក្សសង្គ្រោះជាតិ បានក្លាយជាផ្ទាំងស៊ីបថ្មីរបស់គណបក្សប្រជាជនកម្ពុជា។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ពាក្យស្លោក "ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ" នេះ គ្មានន័យអាក្រក់នោះទេ ពោលគឺជាការជំរុញ និងលើកទឹកចិត្តឲ្យមេឃុំដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅពេលបោះឆ្នោត ធ្វើការងារបម្រើប្រជាពលរដ្ឋ កុំឲ្យបម្រើបក្សតែប៉ុណ្ណោះ។
លោក អេង ឆៃអ៊ាង បន្តថា ពាក្យស្លោកនេះ គេអាចហាមមិនឲ្យគណបក្សសង្គ្រោះជាតិ យកមកប្រើបាន តែគេក៏មិនអាចហាមប្រជាពលរដ្ឋមិនឲ្យយកមកប្រើបានទេ ព្រោះពាក្យស្លោកនេះ កើតចេញពីប្រជាពលរដ្ឋ៖ «ពាក្យនេះមិនមែនគណបក្សសង្គ្រោះជាតិ ប្រើទេ គឺប្រជាពលរដ្ឋអ្នកប្រើ។ ឥឡូវក្នុងបណ្ដាញសង្គមហ្វេសប៊ុក ទាំងអស់ គឺគេយកមកប្រើ គេយកមកនិយាយគ្រប់ៗគ្នា អ៊ីចឹងហើយសូមអោយគណបក្សប្រជាជនកម្ពុជា លោកយល់បញ្ហានេះ។ ពាក្យនេះអត់មានច្បាប់ណាហាមឃាត់មិនអោយគេយកមកប្រើប្រាស់ដែរ ព្រោះពាក្យនេះមិនមែនជាពាក្យជេរប្រមាថ និងពាក្យអសុរោះអីនោះទេ»។
ការលើកឡើងនេះ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា តាមរយៈអ្នកនាំពាក្យរបស់ខ្លួនបានចេញសេចក្ដីថ្លែងការណ៍ទាមទារឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កែតម្រូវជាបន្ទាន់នូវខ្លឹមសារ "ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ" ដែលស្ថិតនៅក្នុងគោលនយោបាយអាទិភាព ៥ចំណុចរបស់បក្សប្រឆាំងដែលត្រូវបានដាក់ចេញក្នុងសមាជកាលពីថ្ងៃទី២ ខែមីនា កន្លងមក។
សេចក្ដីថ្លែងការណ៍នោះ បានចាត់ទុកខ្លឹមសារ "ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ" របស់បក្សប្រឆាំងថា មានចរិតញុះញង់ បង្កហេតុ និងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីឃុំ-សង្កាត់ទូទាំងប្រទេស ហើយបក្សកាន់អំណាចថា មន្ត្រីមូលដ្ឋានទាំងនោះបានខិតខំបម្រើរាស្ត្រ ស្របតាមតួនាទីរបស់ខ្លួន ដោយមិនមានការរើសអើងនិន្នាការនយោបាយសោះឡើយ។ បន្ថែមពីនេះ បក្សកាន់អំណាចទាមទារឲ្យបក្សប្រឆាំងកែតម្រូវខ្លឹមសារនោះជាបន្ទាន់ ដើម្បីរក្សាបរិយាកាសល្អ និងសន្តិសុខរបស់ប្រទេស។ ក្នុងករណីដែលគណបក្សសង្គ្រោះជាតិ មិនកែតម្រូវសារនយោបាយដែលមានខ្លឹមសារថា "ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ" ទេនោះ គណបក្សប្រជាជនកម្ពុជា នឹងប្ដឹងគណបក្សសង្គ្រោះជាតិ។
លិខិតថ្លែងការណ៍នេះ បានចេញផ្សព្វផ្សាយកាលពីយប់ថ្ងៃទី៦ ខែមីនា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតដោយឌឺដងចំពោះខ្លឹមសារសារនយោបាយរបស់គណបក្សសង្គ្រោះជាតិ។
ទន្ទឹមគ្នានេះដែរ ចៅសង្កាត់តាខ្មៅ លោក ជៀម ខូយ មកពីខាងគណបក្សប្រជាជនកម្ពុជា ក៏បានធ្វើញត្តិបង្ហោះលើទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួនដោយថ្កោលទោស និងបដិសេធដាច់អហង្ការចំពោះគណបក្សប្រឆាំង ដែលប្រើពាក្យមេឃុំបម្រើបក្ស។ ក្នុងញត្តិនោះបន្តថា ការចោទប្រកាន់នេះ ធ្វើឡើងទាំងងងឹតងងល់ គ្មានមូលដ្ឋានគតិយុត្តិ គ្មានសច្ចធម៌ ផ្ទុយពីការពិតទាំងស្រុង។ ចៅសង្កាត់រូបនេះស្នើឲ្យបក្សប្រឆាំងកែតម្រូវ និងដកចេញនូវពាក្យស្លោកនោះជាបន្ទាន់។
ទោះបីជាយ៉ាងនេះក្ដី ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន យល់ឃើញថា ពាក្យស្លោកនេះ បើតាមផ្លូវច្បាប់ដូចជាគ្មានបញ្ហាអ្វីនោះទេ ព្រោះជារឿងធម្មតាសម្រាប់ការឃោសនានយោបាយ។
ទាក់ទងបញ្ហានេះ នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅថា និចហ្វិក (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា បើតាមច្បាប់បោះឆ្នោត គណបក្សនយោបាយមានសេរីភាពអាចបង្កើតសារនយោបាយបាន លើកលែងតែពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ឬស្ថិរភាពជាតិ។ លោកបន្តថា ពាក្យ "ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ" គឺដូចជាមិនមានន័យធ្ងន់ធ្ងរ៖ «វាប៉ះពាល់ដល់មេឃុំមេអី ធម្មតាតិចតួចហើយជៀសមិនរួចទេ ប៉ះពាល់ដោយសារមេឃុំបច្ចុប្បន្ននេះ វាលក្ខណៈរបៀបអ៊ីចឹងណា! ក្នុងសារហ្នឹង ប៉ុន្តែគ្រាន់តែថា ពាក់ព័ន្ធទៅដល់ស្ថិរភាពនយោបាយ ស្ថិរភាពសន្តិសុខជាតិ ខ្ញុំមើលទៅដូចជាមិនធ្ងន់ធ្ងរពេកប៉ុន្មានទេ»។
លោក អេង ឆៃអ៊ាង ឲ្យដឹងដែរថា ប្រសិនបើពាក្យស្លោកណាដែលមិនឆ្លុះបញ្ចាំងពីការពិតនៃសង្គមនោះ នឹងរលាយសាបសូន្យទៅវិញ ប៉ុន្តែបើពាក្យស្លោកណាដែលឆ្លុះបញ្ចាំងពីការពិតនៃសង្គមនោះ គឺឋិតថេររស់រវើកជារៀងរហូត។ ទោះបីជាំយ៉ាងណាក៏ដោយចុះ លោក អេង ឆៃអ៊ាង មិនបញ្ជាក់ថា តើគណបក្សសង្គ្រោះជាតិ នឹងសម្រេចកែតម្រូវ ឬដកពាក្យស្លោក "ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ" នេះចេញ ឬយ៉ាងណានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។