បញ្ជូន​ជន​សង្ស័យ​៦​នាក់​ទៅ​ពន្ធនាគារ​ចោទ​ប្រឆាំង​រដ្ឋាភិបាល

0:00 / 0:00

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជន​ភៀស​ខ្លួន ៦​នាក់ ដែល​ភាគ​ច្រើន​ជា​ខ្មែរ​កម្ពុជា​ក្រោម ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស បន្ទាប់​ពី​បាន​សាកសួរ​រួច​មក។ អាជ្ញាធរ​ថៃ សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា បាន​ចាប់​ខ្លួន​អ្នក​ទាំង ៦​នោះ បញ្ជូន​មក​ប្រទេស​កម្ពុជា ភ្លាមៗ ដោយ​សង្ស័យ​ថា​ពួក​គេ​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​បង្កើត​ក្រុម​ភេរវកម្ម និង​រៀបចំ​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។

អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៩ មីនា ថា សមត្ថកិច្ច​កម្ពុជា កំពុង​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​បន្ថែម​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​រឿង​បង្កើត​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​ប្រឆាំង​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធិ បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា មាន​ភស្តុតាង​គ្រប់គ្រាន់​ចំពោះ​ការ​ចាប់​ខ្លួន​មុខ​សញ្ញា​មួយ​ចំនួន​ទៀត៖ «យើង​នឹង​បន្ត​ស៊ើប​អង្កេត​បន្ថែម ពាក់ព័ន្ធ​នឹង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ហ្នឹង។ យើង​មាន​បញ្ជី​ឈ្មោះ​មុខ​សញ្ញា​ផ្សេងៗ​ទៀត យើង​មាន​ឯកសារ​មុខ​សញ្ញា​មួយ​ចំនួន​ទៀត យើង​នឹង​បន្ត​ធ្វើ​ការងារ​ហ្នឹង​បន្ត​ទៀត»

ការ​បន្ត​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​បន្ថែម​ទៀត​នេះ បន្ទាប់​ពី​សមត្ថកិច្ច​កម្ពុជា បាន​សហការ​គ្នា​ជាមួយ​សមត្ថកិច្ច​ថៃ បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ៦​នាក់ បញ្ជូន​មក​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៤ មីនា តាម​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ភេរវកម្ម បាច​ខិត្តប័ណ្ណ ហើយ​និង​ពាក់ព័ន្ធ​ការ​ដាក់​គ្រឿង​ផ្ទុះ​កសាង​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់ និង​បង្កើត​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។ អ្នក​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ សាកសួរ កាល​ពី​ថ្ងៃ​ទី១៥ និង​ថ្ងៃ​ទី១៦ មីនា។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ​ទាក់ទង​ទៅ​នឹង​ការ​ចាប់​ខ្លួន​នេះ​បាន​ទេ នៅ​ថ្ងៃ​អង្គារ ទី១៩ មីនា។

ជន​សង្ស័យ​ទាំង ៦​នាក់ មាន​ព្រះសង្ឃ ៣​អង្គ និង​គ្រហស្ថ ៣​នាក់ ត្រូវ​អាជ្ញាធរ​ថៃ ចាប់ រួម​មាន​ឈ្មោះ យ៉ន គឹមស្រ៊ុន ហៅ យ៉ាញ់ គឹមស្រ៊ុន និង​ហៅ កែវ យ៉ាន អាយុ ២៧​ឆ្នាំ ឈ្មោះ យ៉ាញ់ យឿប ហៅ តក់ អាយុ ២៥​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ឈ្មោះ ថាច់ កុងភួង ហៅ ថាច់ វ៉ាង និង​ហៅ ថាច់ កុសល្យ អាយុ ៣៧​ឆ្នាំ មាន​កំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម និង ៣​នាក់​ទៀត មាន​ឈ្មោះ ខេមា ហៅ ខេមរា អាយុ ២៨​ឆ្នាំ ជា​ពលរដ្ឋ​ខ្មែរ ចំណែក​ឈ្មោះ យិន យ៉ាវ អាយុ ៣៤​ឆ្នាំ និង​ឈ្មោះ ថាច់ ទឺ ជា​ខ្មែរ​កម្ពុជា​ក្រោម។

ទាក់ទង​បញ្ហា​នេះ ភរិយា​របស់​ជន​សង្ស័យ​ឈ្មោះ ថាច់ ទឺ គឺ​លោកស្រី ថាច់ ថា បាន​ថ្លែង​ថា ស្វាមី​គាត់​ត្រូវ​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី៨ មីនា។ ស្វាមី​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់ និង​ចូល​រួម​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​នោះ​ទេ។ លោកស្រី​បន្ត​ថា ក្រុម​គ្រួសារ​គាត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ដើម្បី​ជីវភាព​គ្រួសារ និង​ដើម្បី​គេច​ពី​ការ​ធ្វើ​បាប​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។

ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ប្រចាំ​នៅ​កម្ពុជា លោក តាំង សារៈ មាន​ប្រសាសន៍​ថា ជន​សង្ស័យ​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ចាប់​ខ្លួន គឺ​មិន​បាន​ផ្ដល់​ដំណឹង​ពី​គំនិត​ផ្ដួចផ្ដើម​ណា​មួយ​ដល់​សហព័ន្ធ ឬ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ទេ។ ទន្ទឹម​នឹង​គ្នា​នេះ សុំ​ឲ្យ​តុលាការ​ធ្វើ​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌។

លោក តាំង សារៈ៖ «អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ហើយ​និង​សហព័ន្ធ​ចាំ​តាម​ដាន​មើល ថា​តើ​ពួក​គាត់​វា​មាន​ធ្វើ​អ៊ីចឹង​មែន ឬ​យ៉ាង​ម៉េច? បើ​ធ្វើ​មែន មាន​តែ​ឲ្យ​ច្បាប់​គេ​ចាត់​ការ។ បើ​សិន​ជា​គ្មាន​ទេ ទទួល​ការ​ចោទ​មួល​បង្កាច់​អ៊ីចឹង ក៏​សុំ​ឲ្យ​មាន​ការ​ផ្ដល់​យុត្តិធម៌​ឲ្យ​ពួក​គាត់​ទៅ​តាម​ហ្នឹង។ ទី​៣ បើ​គាត់​មាន​ដែរ គ្រាន់​ជា​អ្នក​រងគ្រោះ​ដោយសារ​ការ​ទាក់ទាញ​ពី​មេ​ខ្លោង ក៏​សុំ​ឲ្យ​អាជ្ញាធរ គឺ​ជួយ​សម្រាល​ទោស​ទៅ​តាម​ស្ថានភាព​ទោស»

យ៉ាង​ណា​ក៏​ដោយ ម្នាក់​ក្នុង​ចំណោម ៦​នាក់​នោះ គឺ​មាន​ឈ្មោះ ខេមា ហៅ ខេមរា ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​តាកែវ ចំនួន ២​ឆ្នាំ ពាក់ព័ន្ធ​ក្នុង​រឿង​បាច​ខិត្តប័ណ្ណ​ប្រឆាំង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ទើប​ចេញ​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី២៩ មករា ឆ្នាំ​២០១៣ ក៏​ត្រូវ​ចាប់​ខ្លួន​នៅ​ប្រទេស​ថៃ ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។